រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណង ដល់រដ្ឋាភិបាលកម្ពុជាចំនួនជាង១០០លានដូល្លារអាមេរិកសម្រាប់សាងសង់ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គ។ ការសាងសង់ស្ពាននេះគ្រោងនឹងចាប់ផ្តើមនៅត្រឹមឆ្នាំ២០១០នេះ ហើយនឹងបញ្ចប់នៅដើមឆ្នាំ២០១៥។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ និងទទួលជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនដែលបានសម្រេចផ្តល់ប្រាក់ចំនួន ១១៩៤០ លានយ៉េន ឬស្មើនឹងប្រមាណ ១៣១ លានដូល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងសាងសង់ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធកន្លងទៅនេះដោយមានលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ម៉ាសាហ្វ៊ូមី គូរ៉ូគី ( Masafumi KUROKI ) ឯក អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលរួម។ លោកទាំងពីរគឺជាតំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយបានគូសបញ្ជាក់ថាស្ពានអ្នកលឿងនេះនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងនៅក្នុងតំបន់ទាំងមួលតែម្តងដោយសារការភ្ជាប់បណ្តាញគមនាគមន៍ដ៏សំខាន់នេះរវាងតំបន់ភាគខាងកើត និងតំនប់ភាគខាងលិច ពោលគឺពីប្រទេសវៀតណាមឆ្លងកាត់តាមកម្ពុជារួចបន្តរហូតដល់ប្រទេសថៃ។
ជាមួយគ្នានេះដែរ ស្ពានអ្នកលឿងនេះ ក៏នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងការដឹកទំនិញរវាងខេត្តព្រៃវែង និងខេត្តកណ្តាល ហើយរវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីម៉ិញផងដែរ តាមរយៈផ្លូវជាតិលេខ១ដែលភ្ជាប់ទីក្រុងទាំងពីរនេះតាមផ្លូវគោក។
បច្ចុប្បន្នប្រជាពលរដ្ឋត្រូវពឹងផ្អែកលើសាឡាងអ្នកលឿងដើម្បីដឹកចម្លងពួកគេពីត្រើយម្ខាងទៅត្រើយម្ខាងទៀត។
យ៉ាងហោចណាស់ ក៏មានប្រជាពលរដ្ឋជាច្រើនពាន់នាក់ដែរក្នុងមួយថ្ងៃៗបានឆ្លងសាឡាងអ្នកលឿង ហើយពួកគេត្រូវចំណាយថវិកា និងត្រូវរង់ចាំរយៈពេលយូរទំរាំបានឆ្លងសាឡាងជាពិសេសគឺនៅក្នុងរដូវបុណ្យទានតែម្តង។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនកន្លងមកបានជួយសាងសង់ស្ពានចំនួនពីរហើយឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គគឺស្ពាន មិត្តភាពកម្ពុជា -ជប៉ុនជ្រោយចង្វារនៅក្នុងទីក្រុងភ្នំពេញ និងស្ពានគីហ្សូណានៅក្នុងខេត្តកំពង់ចាម។
ចំណែកឯស្ពានអ្នកលឿងដែលមានប្រវែងជាង ២គីឡូម៉ែត្រ និងទទឹងជាង ១៣ ម៉ែត្រនេះនឹងក្លាយជាស្ពានដែលវែងជាងគេឆ្លងកាត់ ទន្លេមេគង្គក្នុងប្រទេសកម្ពុជានៅពេលដែលស្ពាននេះត្រូវបានសាងសង់រួចរាល់នៅដើមឆ្នាំ ២០១៥ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា JICA បានឱ្យដឹងថា ដំណើរការសាងសង់ស្ពានអ្នកលឿងនេះត្រូវបានរំពឹងថា នឹងអាចចាប់ផ្តើមធ្វើនៅក្នុងឆ្នាំ២០១០នេះ៕