ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនឹងស្វះស្វែងរកជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ពីសហគមន៍អន្តរជាតិសម្រាប់ដំណើររការអនុវត្តឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រ។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
រដ្ឋសភាកម្ពុជានៅថ្ងៃច័ន្ទនេះ បានអនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំដែល មានតម្លៃទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិក សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងការកាត់ បន្ថយភាពក្រីក្រ។ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០០៩-២០១៣ត្រូវការចំណាយជាង៦,២៧៨លានដុល្លារអាមេរិក ដែលនឹងទទួលបានមកពីប្រភពធនធានទាំងក្នុងស្រុក និងក្រៅប្រទេស។
ផែនការនេះបានផ្តោតទៅលើការពង្រឹងស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស អភិបាលកិច្ចល្អ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការស្តារ និងកសាងបណ្តាញផ្លូវជាតិសំខាន់ៗ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ សមត្ថភាពស្ថាប័ន និងសមត្ថភាពធនធានមនុស្ស។
លោកទួន ថាវរៈ អគ្គនាយកនៃក្រសួងផែនការ បានបញ្ជាក់ថា យើងត្រូវការទឹកប្រាក់ជាង៦២៧៨លានដុល្លារអាមេរិកដែលបានមកពីការផ្តល់ជំនួយអភិវឌ្ឍន៍ដោយដៃគូអភិវឌ្ឍន៍ និងធនធានរបស់រដ្ឋាភិបាលសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០០៩-២០១៣។
លោកទួន ថាវរៈ បានបន្តថា ក្នុង១ឆ្នាំយើងត្រូវការប្រាក់ជាមធ្យម១២០០លានដុល្លារអាមេរិក ដោយរដ្ឋាភិបាលមានជាង២០០លានដុល្លារអាមេរិក និងត្រូវការជំនួយពីដៃគូអភិវឌ្ឍន៍ជាង១០០០លានដុល្លារអាមេរិក។
លោកទួន ថាវរៈបានថ្លែងថា យើងត្រូវការវិនិយោគ១៥.១២៧ពាន់លានដុល្លារអាមេរិក ដែល ក្នុងនោះវិនិយោគវិស័យឯកជនអាចមាន១០.៨៤៨ពាន់លានដុល្លារអាមេរិកដើម្បីជំរុញកំណើន សេដ្ឋកិច្ចប្រមាណ៦%សម្រាប់ឆ្នាំ២០០៩-២០១៣។
ដៃគូអភិវឌ្ឍន៍បានផ្តល់ជំនួយប្រមាណ១០០០លានដុល្លារអាមេរិកដល់ការអភិវឌ្ឍកម្ពុជា នៅក្នុងឆ្នាំ ២០០៩។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០០៣-២០០៨មានទឹកប្រាក់ជាង៥០០០លានដុល្លារអាមេរិក។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា បើស្ថានភាពបច្ចុប្បន្ន ដូចជាអំណាចរបស់រដ្ឋសភានៅមានកម្រិត អំពើពុករលួយមិនទាន់កម្ចាត់ តុលាការមិនឯករាជ្យ និងគ្មានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មិនត្រូវបានផ្លាស់ប្តូរ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិនេះមិនអាចទៅរួចទេ។
«យើងត្រូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ហើយយើងក៏ត្រូវការធនធានយ៉ាងច្រើន ដើម្បីយកមកអភិវឌ្ឍ ប៉ុន្តែសំខាន់បំផុត ខ្ញុំមានសង្ឃឹមតិចតួចណាស់ថា ផែនការនេះអាចនឹង មានការប្រសើរឡើង»។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា លោកប្តេជ្ញាចិត្តអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិនេះស្របតាមគោលដៅ និងនីតិវិធីដើម្បីផលប្រយោជន៍ដល់ដំណើររការអភិវឌ្ឍន៍ជាតិ។
"តាមនាមរាជរដ្ឋាភិបាល ខ្ញុំសូមតេជ្ញាថា នឹងខិតខំធ្វើយ៉ាងណាឱ្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិរបស់យើងហ្នឹងដំណើររការតាមនីតិវិធី នៅពេលខាងមុខនេះ ដើម្បីជាគុណប្រយោជន៍ដល់ ដំណើររការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង"។
លោករដ្ឋមន្ត្រី ឆាយ ថន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះនឹងដាក់ជូនវេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី៣ដែលនឹងធ្វើឡើងនៅថ្ងៃទី២-៣ ខែមិថុនានេះ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕