មន្ត្រីនគរបាលប្រមាណ៦០នាក់ត្រូវបានបណ្តុះបណ្តាលសម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើរត់ពន្ធមនុស្សនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ដើម្បីពង្រីកការយល់ដឹង និងសមត្ថភាពជំនាញក្នុងការកំណត់ និងដោះស្រាយបញ្ហារត់ពន្ធជនទេសន្តរប្រវេសន៍ឲ្យមានប្រសិទ្ធភាព និងប្រើប្រាស់ច្បាប់ពាក់ព័ន្ធឲ្យចំប្រភេទនៃបទល្មើស ហើយស្ទង់មើលពីសមត្ថភាព កំណត់បញ្ហាប្រឈម និងទប់ស្កាត់បទល្មើសរត់ពន្ធទេសន្តរប្រវេសន៍នៅពេល អនាគត។
លោកស្រី ជូន ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់សម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលកំពុងមាននៅកម្ពុជា និងពិភពលោក។ លោកបន្តថា៖
«ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស គឺមានភាពប្រឈមច្រើន ដោយហេតុថាសកម្មភាពជាច្រើន យើងមិនទាន់អាចសន្និដ្ឋានជាការជួញដូរទេ។ ប៉ុន្តែ សកម្មភាពដែលដឹកនាំមនុស្សពីកន្លែងមួយទៅកន្លែងមួយ យើងបានមើលឃើញច្បាស់»។
រដ្ឋាភិបាល បានចេញអនុក្រឹត្យថ្មីមួយសម្រាប់គ្រប់គ្រងពលករទេសន្តរប្រវេសន៍ខ្មែរ និងទីភ្នាក់ងារជ្រើសរើសពលករទាំងអស់នៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែសីហា នេះថា ក្រសួងការងារមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស ដោយសហការជាមួយក្រសួងការបរទេស និងក្រសួងមហាផ្ទៃ។ អង្គការសង្គមស៊ីវិលបានស្វាគមន៍បណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សដែលជាសញ្ញាមួយវិជ្ជមានសម្រាប់បង្កើនសមត្ថភាពយល់ដឹង។
លោកស្រី សាវតា ច័ន្ទគ្រឹស្នា ប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា រយៈពេលប្រាំខែដើមឆ្នាំ២០១១ សមាគមសិទ្ធិមនុស្សអាដហុកទទួលបានពាក្យបណ្តឹងជួញដូរមនុស្សចំនួន ២៨ករណី។ លោកស្រីបានប្រាប់វីអូអេខ្មែរថា៖
«យើង នៅមានការព្រួយបារម្ភនៅឡើយ ពីព្រោះស្ថានភាពជួញដូរមនុស្សក្នុងលក្ខណៈខុសច្បាប់ យើង មិនសូវព្រួយបារម្ភប៉ុន្មានទេ តែយើងព្រួយបារម្ភបំផុតតាមរយៈស្របច្បាប់ ដូចជាតាមក្រុមហ៊ុន។ ករណីជួញដូរមនុស្សជាង២០ករណីនេះ មានទាំងតាមក្រុមហ៊ុនមានទាំងមិនស្របច្បាប់ ដូចជាឆ្លងដែន»។
លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា បានថ្លែងថាអង្គការរបស់លោកទទួលបានពាក្យបណ្តឹងអំពីការជួញដូរមនុស្សប្រមាណ ២០ករណី ក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំ២០១១ នេះ។ លោកនិយាយថា៖
«ការបណ្តុះបណ្តាលមន្ត្រីអនុវត្តន៍ច្បាប់ ជារឿងមួយល្អហើយ ដើម្បីធ្វើឲ្យការអនុវត្តមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអំពើជួញដូរមនុស្ស និងផលប៉ះពាល់ជុំវិញការជួញដូរមនុស្សនោះ»។
សហរដ្ឋអាមេរិក បានឲ្យចំណាត់ថ្នាក់ទី២ ដល់កម្ពុជាដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តន៍ឲ្យបានពេញលេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលប់បំបាត់ នៃអំពើជួញដូរមនុស្ស ហើយរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តន៍ច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងអំឡុងឆ្នាំ២០១០ និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ៕