រដ្ឋសភារបស់ប្រទេសកម្ពុជាបានប្រកាសថាលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដ៏ធំមួយ បានបាត់បង់សមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាមនីតិកាលទី៤នេះ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីតុលាការកំពូលបានប្រកាសសាលដីកាព្រហ្មទណ្ឌមួយឱ្យលោកសម រង្ស៊ី ជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងវៀតណាម។
ការប្រកាសលុបចោលសមាជិកសភាតំណាងរាស្រ្តរបស់លោកសម រង្ស៊ី នេះ បានបង្កឲ្យមានការរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងធាក់ថយក្រោយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍បានឲ្យដឹងថាដោយយោងទៅលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ច្បាប់ស្តីពីលក្ខន្តិកៈអ្នកតំណាងរាស្រ្ត និងសាលដីកាព្រហ្មទណ្ឌលេខ៣២ ចុះនៅថ្ងៃទី០១ខែមិនា របស់តុលាការកំពូលលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានបាត់បង់ទាំងស្រុងនៅសិទ្ធិ បុព្វសិទ្ធិនិង សមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាមនីតិកាលទី៤នេះ។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថាវិធានការនេះ នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះ។ លោកយឹម សុវណ្ណ បានមានប្រសាសន៍ទៀតថា រដ្ឋសភាកម្ពុជាទទួលឥទ្ធិពលពីប្រទេសជិតខាង។
លោកសុវណ្ណមានប្រសាសន៍បន្ថែមថា៖ «ជាទង្វើមួយ ដែលមានការមន្ទិលសង្ស័យហើយជាកំហុសឆ្គងមួយ ដែលយើងជាខ្មែរដូចគ្នា គួរណាមានឯកភាព សាមគ្គីក្នុងកាលៈទេសៈ ដែលប្រទេសយើងកំពុងទទួលរងការគំរាមកំហែងឈ្លានពានពីបណ្តាប្រទេសជិតខាង។ នេះមិនមែនជាគំរូល្អសម្រាប់ដាស់ស្មារតីស្នេហាជាតិបណ្តុះស្មារតីស្នេហាជាតិចំពោះយុវជនជំនាន់ក្រោយទេ»។
លោកស្រីឃួន សុដារី ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាបានមានប្រសាសន៍ថាតាមច្បាប់ស្តីពីលក្ខន្តិកៈរបស់រដ្ឋសភា លោកសម រង្ស៊ី ត្រូវដកហូត ពីសមាជិកភាពជាអ្នកតំណាងរាស្រ្តដោយស្វ័យប្រវត្តិ។
លោកស្រី បានមានប្រសាសន៍ទៀតថា រដ្ឋសភាកម្ពុជាមិនទទួលឥទ្ធិពលពីបរទេសទេ។
«ខ្ញុំអត់ដឹងដែរពីព្រោះចម្លែកអ្វីនៅក្នុងស្រុកខ្មែរយើងអនុវត្តច្បាប់ស្រុកខ្មែរមានទទួលឥទ្ធិពលពីអ្នកណា។ ឥឡូវយើងនៅក្នុងស្រុកខ្មែរយើងមិននៅក្នុងការអនុវត្តច្បាប់នៅស្រុកខ្មែរ។ ប្រទេសណាក៏ដូចគ្នាដែរ មានអ្វីចម្លែកទេ។ យើងប្រជាពលរដ្ឋខ្មែរ ទៅអនុវត្តច្បាប់អាមេរិកម៉េច?»
តុលាការកំពូលកាលពីថ្ងៃទី០១ខែមីនាកន្លងទៅនេះបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលបានកាត់ទោសលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
លោកកុល បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ ដែលមានឈ្មោះថា Comfrel បានមានប្រសាសន៍ថាការបាត់បង់សមាជិកភាពសភាតំណាងរាស្រ្តរបស់លោកសម រង្ស៊ី នេះអាចធ្វើឲ្យការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅមិនល្អមើលទេ។
លោកបានមានប្រសាសន៍ទៀតថា លោកសម រង្ស៊ី មិនបានប្រព្រឹត្តទោសកំហុសឧក្រិដ្ឋធ្ងន់ធ្ងរទេដែលករណីនេះគួរតែទុកឲ្យអ្នកបោះឆ្នោតជាអ្នកកាត់ក្តីល្អជាជាងតុលាការ។
«វាមិនមែនជាបទឧក្រិដ្ឋធ្ងន់ធ្ងររហូតដល់មានការធ្វើឲ្យមានមនុស្សស្លាប់អីណា។ នេះគ្រាន់តែជាការបញ្ចេញមតិខាងនយោបាយនៅពេលធ្វើសកម្មភាពបញ្ចេញមតិវាជ្រុលជ្រោះខ្លះអញ្ចឹង។ អាហ្នឹងទុកឲ្យអ្នកបោះឆ្នោតសម្រេចវិញ ថាតើបញ្ហាហ្នឹងមួយ អ្នកបោះឆ្នោតគេកាត់សេចក្តីយ៉ាងម៉េចពីព្រោះរឿងហ្នឹងយើងអាចយកមកជជែកគ្នាឃោសនាបោះឆ្នោត»។
លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូប បានយល់ឃើញថានៅក្នុងរយៈពេលខ្លីជីវិតនយោបាយរបស់លោកសម រង្ស៊ី នឹងមានការលំបាក។ ក៏ប៉ុន្តែលោកស្រីមានជំនឿថា នៅថ្ងៃអនាគតករណីរបស់លោកសម រង្ស៊ីអាចនឹងមានការសម្របសម្រួលផ្នែកនយោបាយ។
«នៅពេលខ្លីឬអនាគតវែង ប្រសិនណាបើមានការសម្របសម្រួលផ្នែកនយោបាយណាមួយរវាងតួអង្គឯកឧត្តមសម រង្ស៊ី ហើយនឹងអ្នកដឹកនាំគណបក្សប្រជាជនអាចប្រែស្ថានភាពមកឲ្យបានធូរស្រាលវិញ»។
លោកសម រង្ស៊ី បច្ចុប្បន្ននេះកំពុងស្នាក់នៅឯប្រទេសបារាំងត្រូវបានតុលាការនៃប្រទេសកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំនៅក្នុងសំណុំរឿងពីរដាច់ដោយឡែកៗពីគ្នា គឺពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម និងក្លែងឯកសារសាធារណៈ។
ការកាត់ទោសលោកសម រង្ស៊ី ឲ្យជាប់ពន្ធនាគារត្រូវបានលោកកុល បញ្ញា មើលឃើញថាអាចនឹងធ្វើឲ្យជីវិតនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងនេះទទួលរងនូវផលប៉ះពាល់៕