ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​អនុម័ត​បទ​បញ្ជា​ផ្ទៃក្នុង​សមាជ


កិច្ច​ប្រជុំ​មួយ​របស់​រដ្ឋសភា​​កម្ពុជា​
កិច្ច​ប្រជុំ​មួយ​របស់​រដ្ឋសភា​​កម្ពុជា​

សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ភាគី​ច្រើន​បាន​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង​សម្រាប់​ដំណើរ​សមាជ​របស់​ខ្លួន​នៅថ្ងៃ​អង្គារ៍នេះ​ ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ។

សមាជ​ប្រជុំ​លើក​ដំបូង​របស់​រដ្ឋសភា​និង​ព្រឹទ្ធសភា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​៦០ថ្ងៃ​យ៉ាងយូរ​ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជាធរមាន​ ដើម្បី​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន។

ច្បាប់​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១០ហើយ​ព្រះមហាក្សត្រ​បាន​ឡាយព្រហស្ថ​លេខា​ឱ្យ​ប្រើ​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១១។

បទបញ្ជា​ផ្ទៃក្នុង​នៃ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​នេះ​បាន​ចែងថា​ សមាជិក​សភា​ម្នាក់ៗ​ក្នុង​ក្រុម​ដែល​មាន​សមាជិក​យ៉ាងតិច​១៥​រូប​មាន​សិទ្ធិ​បញ្ចោញ​មតិ​១០​នាទី​យ៉ាងយូរ។

បទបញ្ជា​ផ្ទៃក្នុង​នេះ​បាន​បញ្ជាក់​ថា​សមាជ​នេះ​ហាម​ការ​និយាយ​កាត់​ពាក្យ​អ្នកដទៃ​ការ​និយាយ​វាយ​ប្រហារ​លើ​បុគ្គលការ​សម្តែង​អាការៈ​ផ្សេងៗ​ ដែល​នាំឱ្យ​ខូច​សណ្តាប់​ធ្នាប់។​ ប្រធាន​សមាជ​អាច​សុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ឬ​កម្លាំង​ទ័ព​ដើម្បី​រក្សា​ការពារ​មិន​ឱ្យ​មាន​ភាព​ជ្រួល​ច្របល់ ​និង​ភយន្តរាយ​ដល់​សមាជ។

លោក​ ជាម ច័ន្ទនី ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ បាន​ថ្លែងថា​ សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​នេះ​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ​ប៉ុន្តែ​បទបញ្ជា​ផ្ទៃក្នុង​នេះ​បាន​រឹត​បន្តឹង​សិទ្ធិ​បញ្ចញមតិ​និង​ដាក់​ទណ្ឌកម្ម​លើ​តំណាងរាស្ត្រ​ក្នុង​គណបក្ស​តូចៗ។

លោកស្រី​ មូរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​បាន​ថ្លែងថា​គណបក្ស​សម រង្ស៊ី​ បាន​ចាត់ទុក​បញ្ហា​បូរណភាព​ទឹក​ដី​ និង​ការ​បាត់បង់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​២៥០.០០០​គ្រួសារ​ស្មើ​នឹង​ជិត​១លាននាក់​ជា​បញ្ហា​សំខាន់។ លោក​ស្រី​បន្ត​ថា៖

«តាម​បទ​បញ្ជា​ផ្ទៃក្នុង​នេះ​ យើង​ឃើញ​ថាប្រជាពលរដ្ឋ​អត់មាន​យន្តការ​ណា​ឬ​ឱកាស​ណា​យក​រឿង​ទុក្ខ​វេទនា​របស់​ខ្លួន​មក​ដាក់​ក្នុង​សមាជ​រដ្ឋសភា ​និង​ព្រឹទ្ធសភា​នេះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​សម រង្ស៊ី មិន​លើក​ដៃ​គាំទ្រ​នូវ​បទបញ្ជា​ផ្ទៃក្នុង​នៃ​សមាជ​រដ្ឋសភា ​និង​ព្រឹទ្ធសភា​នៅ​ថ្ងៃ​នេះ​ទេ»។

គណបក្ស​សិទ្ធិមនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះគន់​បទបញ្ជា​ផ្ទៃក្នុង​នៃ​សមាជ​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​ដោយ​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​បាន​បិទសិទ្ធិ​មិនឱ្យ​ចូលរួមប​ញ្ចញ​មតិ​នៅក្នុង​សមាជ​នោះ​ និង​មិន​គាំទ្រ​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នេះ​ទេ ​ហើយ​បទ​បញ្ជា​ផ្ទៃក្នុង​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ការ​កម្រិត​សិទ្ធិ​សម្តែង​មតិ​របស់​អ្នក​តំណាង​រាស្ត្រ។

លោក​ប៉ែន បញ្ញា​ ប្រធាន​គណៈកម្មការ​នីតិ​ និង​យុត្តិធម៌​នៃ​រដ្ឋសភា ​បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ថា​បទបញ្ជា​ផ្ទៃ​ក្នុង​នេះ​មិន​បាន​បិទ​សិទ្ធិ​បញ្ចញ​មតិ​ និង​ការ​រើសអើង​ប្រឆាំង​នឹង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នោះ​ទេ។

ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​សមាជ​រដ្ឋសភា ​និង​ព្រឹទ្ធសភា ​បាន​ចែង​ថា សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធ​សភា​ គឺជា​ការប្រជុំ​រួម​គ្នា​នៃ​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា ​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ ​ក្នុង​ករណី​ចាំបាច់។

លោកគង់ សារាជ ប្រធាន​គណៈកម្មការ​កិច្ចការ​មហាផ្ទៃ​នៃ​ព្រឹទ្ធសភា​ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិមាន​ការ​គំរាម​កំហែង ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យ ​អធិបតេយ្យ ​និង​បូរណភាព​ទឹកដី ​ឬ​ករណី​ប្រធាន​សក្តិ​បណ្តាល​ឱ្យ​មាន​វិនាសកម្ម​ យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជាតិ ​និង​ប្រជាជន​ ឬ ​ករណី​ផ្សេងៗ​ទៀត​ដែល​គណៈកម្មាធិការ​សមាជ​យល់​ឃើញ​ ថា​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ជាតិ»។

ច្បាប់​នេះបាន​បញ្ជាក់​ថា​ព្រះ​មហាក្សត្រ​ ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា ​នាយក​រដ្ឋមន្ត្រី ​អាច​ផ្តួច​ផ្តើម​ឱ្យ​មាន​ការ​ប្រជុំ​សមាជ​បាន។ ប្រធាន​សមាជ​អញ្ជើញ​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ឱ្យ​ចូលរួម​ ប្រជុំ​សមាជ៕

XS
SM
MD
LG