នៅថ្ងៃសុក្រនេះ រដ្ឋសភាកម្ពុជា បានអនុម័តថវិកាជាតិចំនួនជាង ២.៤០០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១១ដែល បានកើនឡើងជាង៥០០លានដុល្លារលើសថវិកាជាតិឆ្នាំ២០១០។
សមាជិកសភាភាគច្រើន បានយល់ព្រមលើកញ្ចប់ថវិកានេះដែលប្រើប្រាស់សម្រាប់បង្កើនចំណាយលើវិស័យអប់រំ សុខាភិបាល និងការពារជាតិ។ ប៉ុន្តែសមាជិកសភា គណបក្សប្រឆាំងបាននិយាយថា ច្បាប់ថវិកាជាតិនេះមិនបានបម្រើគោលនយោបាយអាទិភាពរបស់ រដ្ឋាភិបាលទេ ដោយការបែងចែកថវិកាមិនសមស្រប។
មានសមាជិកសភាចំនួន៧៦រូបក្នុងចំណោមវត្តមាន៩៨រូបបានអនុម័តថវិកាជាតិនេះ។
រដ្ឋសភា បានយល់ព្រមលើការចំណាយជាង៣០៤លានដុល្លារអាមេរិក សម្រាប់ការពារជាតិនិងសន្តិសុខ ដែលរួមមានជាង១៩០លានដុល្លារអាមេរិកសម្រាប់ក្រសួងការពារជាតិ។
ក្រសួងមហាផ្ទៃបានទទួលថវិកាចំនួនជាង១១៤លានដុល្លារអាមេរិក ក្រសួងសុខាភិបាលចំនួនជាង ១៦៩លានដុល្លាអាមេរិក និងក្រសួងអប់រំចំនួនជាង២២៣លានដុល្លារអាមេរិក។
ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃបានឆ្លុះបញ្ចាំងពីការកើនឡើងចំនួន២៨លានដុល្លារអាមេរិក លើសថវិកាឆ្នាំ២០១០ ដែលជាការកើនឡើងសរុបដ៏ធំ។
ចំណាយសម្រាប់ក្រសួងការពារជាតិបានកើនឡើង៣០លានដុល្លារអាមេរិក និងក្រសួងមហាផ្ទៃ បាន កើនឡើង៤លានដុល្លារអាមេរិក ខណៈដែលក្រសួងសុខាភិបាល បានកើនឡើង២៥លានដុល្លារ អាមេរិក និង ក្រសួងអប់រំបានកើនឡើង២៥លានដុល្លារអាមេរិក។
លោកអ៊ុក រ៉ាប៊ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋសភាចំពោះការយល់ព្រមលើការចំណាយនៅក្នុងថវិកាជាតិឆ្នាំ២០១១ហើយលោកបញ្ជាក់ថាថវិកានេះនឹងរួមវិភាគទានដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។
«យើងខ្ញុំនឹងទទួលយកនូវអនុសាសន៍ទាំងឡាយទៅធ្វើការពិចារណា ដើម្បីកែសម្រួល និងធ្វើឱ្យកាន់ តែល្អប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងសេចក្តីថ្លែងហេតុភ្ជាប់ជាមួយសេចក្តីព្រាងច្បាប់ថវិកាថា ថវិកាជាតិ ឆ្នាំ២០១១នេះ ត្រូវបានធ្វើឡើងអាស្រ័យទៅលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលសំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់ បន្ថយភាពក្រីក្រ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា គណបក្សសម រង្ស៊ី មិនបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១១នេះទេ ពីព្រោះវាមានការបែងចែកថវិកាមិនសមរម្យ។
«ការចំណាយទៅលើគណៈរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ច្រើនលើសលប់។ ប៉ុន្តែ វិស័យដែលរដ្ឋាភិបាលចាត់ទុកជាអាទិភាពនោះ ទទួលបានថវិកាតិចបំផុត ដូចជាក្រសួងកសិកម្មទទួលបានតែ១,៨ភាគរយនៃថវិកាចរន្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានតែជាង១ភាគរយ ក្រសួងដែនដី នគររូបនីយកម្មបានតែជាង១ភាគរយ និងក្រសួងធនធានទឹក បានមិនដល់១ភាគរយ ហើយក្រសួងសុខាភិបាល បូកជាមួយក្រសួងអប់រំទទួលបានតែជាង៣០ភាគរយ»។
ការចំណាយសម្រាប់ក្រសួងកសិកម្មទទួលបានជាង២៤លានដុល្លារអាមេរិក ក្រសួងអភិវឌ្ឍន៍ជនបទ ប្រមាណ២១លានដុល្លារអាមេរិក ក្រសួងដែនដីនគររូបនីយកម្មជាង១៤លានដុល្លារអាមេរិក និងក្រសួង ធនធានទឹកជាង១០លានដុល្លារអាមេរិក៕