ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាជាតិកម្ពុជា​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន-ឥណ្ឌា


សមាជិក​រដ្ឋសភា​ខ្មែរ​លើកដៃ​អនុម័តច្បាប់។
សមាជិក​រដ្ឋសភា​ខ្មែរ​លើកដៃ​អនុម័តច្បាប់។

ភ្នំពេញ៖ នៅ​ថ្ងៃអង្គារ៍​នេះ​ រដ្ឋសភា​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​រវាង​សមាគម​អាស៊ាន​និង​ប្រទេស​ឥណ្ឌា​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ផល​ចំណេញ​ពី​លំហូរវិនិយោគ​ កំណើន​សេដ្ឋកិច្ច​និង​ការពង្រីក​ទីផ្សារ​ដ៏​ធំ។

សមាជិក​សភា​ចំនួន​៨២​រូប​នៃ​សមាជិក​វត្តមាន​ចំនួន​៩៦រូប​បាន​លើកដៃ​យល់​ព្រម​លើ​កិច្ចព្រមព្រៀង ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​និង​ការដោះស្រាយ​ជម្លោះ​រវាង​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​ឥណ្ឌា​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​ការធ្វើកិច្ចការ​ឱ្យឆ្ពោះ​ទៅរក​តំបន់​ពាណិជ្ជកម្ម ​និង​វិនិយោគ​អាស៊ាន​និង​ឥណ្ឌា​យូរ​អង្វែង។

លោក​គង់ វិបុល​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​លំហូរ​វិនិយោគ​ ការពង្រីក​ទីផ្សារ ពាណិជ្ជកម្ម ​និង​កំណើន​សេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​កិច្ចព្រម​ព្រៀង​នេះ។

«កិច្ច​ព្រមព្រៀង​នេះ​មាន​សារៈសំខា​ន់​សម្រាប់​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​តំបន់​អាស៊ាន​ទាំងមូល​ ដែល​យើង​រំពឹងថា​បន្ទាប់ពី​កិច្ចព្រម​ព្រៀងនេះ​ត្រូវបាន​ផ្តល់​សច្ចាប័ន​ដល់​ព្រះរាជា​ណាចក្រ​កម្ពុជា​ យើង​នឹង​មាន​ទីផ្សារ​ដ៏ធំ​មួយ​ទៀត​និង​មាន​លំហូរ​នៃ​វិនិយោគ​ចូលមក​ប្រទេស​កម្ពុជា​ទៀត​ដើម្បី​ផ្តល់ ការងារ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិ​បាល​និង​ព្រះរាជា​ណាចក្រ ទាំង​មូល​ថែមទៀត​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច»។

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងហេតុ​ជូន​រដ្ឋសភា​ថា​ប្រទេស​កម្ពុជា បាន​នាំចេញ​ប្រេង​ដូង ​រមៀត ​គ្រាប់​ធញ្ញជាតិ​មាន​ជាតិ​ប្រេង ​និង​សម្លៀក​បំពាក់​ទៅ​ប្រទេស​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​បាន​នាំចូល​ភាគច្រើន​ថ្នាំពេទ្យ ​និង​គ្រឿង​វាយនភ័ណ្ឌ​មកកាន់​ប្រទេស​កម្ពុជា។ ​ការ នាំចូល​ថ្នាំពេទ្យ​របស់​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​លើកលែង​ពន្ធ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បន្តថា​ការនាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌា​ទាបជាង​ការនាំចូល​ពី​ឥណ្ឌា​ប្រមាណ​២០​ទៅ​៣០​ដង។

នៅ​ក្នុង​ឆ្នាំ២០០៨​ ការនាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌា​មាន​តម្លៃ​ទឹកប្រាក់​៤,២១​លាន​ដុល្លារ​អាមេរិក និង​ការនាំចូល​របស់​ឥណ្ឌា​មក​កម្ពុជា​មាន​ទឹកប្រាក់​៨៨,៦៦​លាន​ដុល្លារ​អាមេរិក។

លោក​យឹម សុវណ្ណ ​សមាជិក​សភា​គណបក្ស​សម រង្ស៊ី​ បាន​ថ្លែងថាលោក​គាំទ្រ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា​នេះ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធ្វើឱ្យ​កិច្ចព្រម ព្រៀង​នេះ​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា។

លោក​យឹម សុវណ្ណ ​បាន​បន្ថែមថាកម្ពុជា​ត្រូវ​កែប្រែ​ប្រទេស​ឱ្យ​ទៅជា​កន្លែង​ផលិត​ដោយ​ត្រូវរក​អ្នក​វិនិយោគទុន​ល្អៗ​ហើយ​ត្រូវ​ចេះ​ការពារ​អ្នក​វិនិយោគ​ពី​ការគំរាម​កំហែង​នៃ​អំពើ​ពុករលួយ​ និងការ​ស៊ី​សំណូក។

«ការប្រណាំង​ប្រជែង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ យើង​មិន​ទាន់​ប្រណាំង​ប្រជែង​ជាមួយ​គេ​បាន​ទេ។តួលេខ​នាំចូល​ពី​ប្រទេស​ថៃ​២.០០០លាន​ដុល្លារអា​មេរិក ​និង​ពី​ប្រទេស​វៀតណាម​២.០០០​លាន ដុល្លារ​អាមេរិក។ ប៉ុន្តែ​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ថៃ​និ​ង​ប្រទេស​វៀតណាម​៦០-៧០​លាន​ដុល្លារ អាមេរិក។ យើង​ជា​ទីផ្សារ​របស់​គេ។ ប្រទេស​កម្ពុជា​ត្រូវ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​បាន​ខ្លាំង​ទាល់ តែ​យើង​កែប្រែ​ទឹកដី​កម្ពុជា​ជាកន្លែង​ផលិត ​និង​កែប្រែ​ប្រទេស​ថៃ ​ប្រទេស​វៀតណាម​ សហគមន៍ អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​របស់​យើង»។

លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​ការបរទេស​នៃ​រដ្ឋសភា​ បាន​ថ្លែងថា​រាជរដ្ឋាភិបាល​មាន​គោល នយោបាយ​ជំរុញ​ និង​លើកទឹក​ចិត្តដល់​អ្នក​វិនិយោគទុន​ជាតិ​ និង​បរទេស​ឱ្យមាន​ការផលិត​សម្រាប់ ការនាំចេញ​ទៅកាន់​ទីផ្សារ​តំបន់​និង​ពិភពលោក។

«រាជរដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ​ហ៊ុន សែន ​កំពុង​ជំរុញ​ការផលិត​នេះ។​ ការផលិត​ឱ្យ​មាន​ស្តង់ដា​និង​ឱ្យបាន​ត្រឹមត្រូវ​អាច​នាំ​ទៅ​លក់​នៅ​ស្រុក​ក្រៅ​បាន។ ការផលិត​ដែល​យើង​ជាម្ចាស់​លើ​ទំនិញ​ដែល​យើង​ប្រើប្រាស់​ក្នុង​ស្រុក។ យើងត្រូវ​បង្ក​លក្ខណៈ​ឱ្យ​តម្លៃ ​សេវា ​ជុំវិញ​ការផលិត​ឱ្យ​ថោក»។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​និយាយថា​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​សញ្ញា​វិជ្ជមាន​ដល់​កំណើន​សេដ្ឋ កិច្ច​របស់​ប្រទេសកម្ពុជា៕

XS
SM
MD
LG