ក្នុងពេលផ្តល់បទសម្ភាស៍ជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរៈភាសាតាមរយៈប្រព័ន្ធ អ៊ីនធឺណិត កាលពីដើមសប្តាហ៍នេះអស់រយៈពេលជាងមួយម៉ោង លោកណាន់ស៊ី អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ បានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធការធ្វើឲ្យបាត់បង់ថវិកាជាតិទេ។ ការលើកឡើងរបស់លោកណាន់ស៊ី បានធ្វើឡើងក្រោយពីតុលាការក្រុងភ្នំពេញ បានកាត់ទោសកំបាំងមុខលោកពីបទប្រព្រឹត្តិអំពើពុករលួយដែលបានធ្វើឲ្យបាត់បង់ថវិកាក្រសួងការបរទេសពាក់ព័ន្ធនឹងការសាងសង់ស្ថានទូតកម្ពុជាប្រចាំប្រ៊ុយណេនូវទឹកប្រាក់ចំនួនជាង៤៣ម៉ឺនដុល្លារអាមេរិក។
លោកណាន់ស៊ី បានមានប្រសាសន៍ថា លោកបានទូទាត់ថវិកាសម្រាប់សាងសង់ស្ថានទូតកម្ពុជាប្រចាំប្រ៊ុយណេឲ្យក្រុមហ៊ុនចិនទាំងប្រាំដំណាក់កាលរួចមកហើយ ព្រមទាំងមានវិក័យបត្រត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា ការចោទប្រកាន់ថា លោកបានធ្វើឲ្យបាត់បង់ថវិការបស់ក្រសួងការបរទេសនេះគឺមិនត្រឹមត្រូវទេ ហើយលោកបានអះអាងថា ការចោទប្រកាន់នេះធ្វើឡើងជាការសងសឹកពីមន្ត្រីមួយរូបនៅក្រសួងការបរទេស។
«សរុបទាំងអស់ប្រាំដំណាក់កាល ឈ្នួលនៃការសាងសង់អស់ទឹកប្រាក់ ១.៧៩៦.២០៧,៣០ដុលា្លរសហរដ្ឋអាមេរិក។ ឯកសារនៃទូទាត់ទាំងប្រាំសន្លឹក នៅក្នុងដំណាក់កាលនេះនៅនឹងខ្ញុំ។ តើតុលាការបានទទួលឯកសារពីខ្ញុំទេ? មានយកឯកសារខ្ញុំទៅពិនិត្យមើលទេ ដែលក្រុមហ៊ុនសំណង់ លោកបានបិទទទួលប្រាក់នេះ។ ចុះហត្ថលេខា នឹងវាយត្រាក្រុមហ៊ុន»។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស គឺលោកកុយ គួង នៅពេលដែលព្យាយាមទាក់ទងទូរស័ព្ទជាច្រើនលើកមិនអាចសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបាន។
លោក គី ទិច មេធាវីការពារក្តីរបស់រដ្ឋាភិបាលបាននិយាយថា ប្រាក់ចុងក្រោយសម្រាប់ទូទាត់សាងសង់ស្ថានទូតកម្ពុជា ប្រចាំប្រ៊ុយណេនោះ លោកណាន់ស៊ី មិនបានទូទាត់ដល់ក្រុមហ៊ុនសំណង់ទេ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានមកទាមទារប្រាក់សំណងចុងក្រោយនេះ នៅក្រសួងការបរទេស ទើបក្រសួងការបរទេស សម្រេចប្តឹងលោកណាន់ស៊ីតែម្តង។
«ក្រសួងការបរទេសហ្នឹងក៏បានឲ្យចុះធ្វើអធិការកិច្ចជាបន្ទាន់។ ដោយចុះទៅឃើញថា លោកណាន់ស៊ីបានយកថវិកាដែលត្រូវប្រគល់ឲ្យក្រុមហ៊ុនសាងសង់ហ្នឹងត្រៀមទុកឲ្យក្រុមហ៊ុនសំណង់
ហ្នឹង ហើយគាត់យកទៅចាយវាយក្រៅផ្លូវការជាលក្ខណៈឯកជនផ្ទាល់ខ្លួនហ្នឹង ហើយអត់មានប្រាក់ទូទាត់ឲ្យគេ»។
លោក គី ទិច បានមានប្រសាសន៍ថា ក្រសួងការបរទេស បានទាមទារឲ្យលោកណាន់ស៊ី សងប្រាក់ជាងសែសិបបីម៉ឺនដុល្លារអាមេរិក និងផ្តល់សំណងជាការខាតបង់និងពិន័យទាំងអស់ជាងមួយរយលានរៀលគឺស្មើជាងពីរម៉ីនដុល្លារ។
តុលាការក្រុងភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី២៥ខាងមុខនេះ។ ក្រសួងការបរទេសបានផ្តឹងលោកណាន់ស៊ីចំនួនពីរករណីផ្សេងគ្នា។ ករណីទី១ពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការកេងបំបាត់ថវិការដ្ឋ និងបណ្តឹងរដ្ឋប្បវេណីដោយទាមទារសំណងជាងមួយរយលាន រៀល។
លោក គី ទិច មេធាវីរបស់រដ្ឋាភិបាល បានមានប្រសាសន៍ថា លោកបានជូនដំណឹង ចំពោះសវនាការនេះដែរ ប៉ុន្តែលោកណាន់ស៊ី បានគេចខ្លួនហើយចុងក្រោយនេះ តុលាការបានចេញដីកា បង្គាប់ឲ្យចាប់ខ្លួ។
លោក ណាន់ស៊ី អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រ៊ុយណេបានមានប្រសាសន៍ថា តុលាការក្រុងភ្នំពេញបានបើកសវនាការកន្លងមកនេះ លោកមិនបានដឹងអ្វីទាំងអស់។ លោកបានមានប្រសាសន៍ថា នៅពេលដែលលោកធ្វើដំណើរមកកាន់មាតុប្រទេសវិញ បានពាក់កណ្តាលផ្លូវត្រូវក្រសួងការបរទេស ចេញលិខិតនារាការណ៍លិខិតឆ្លងដែនរបស់លោក៕