កាលពីថ្ងៃសុក្រ តុលាការក្រុងភ្នំពេញបានសម្រេចផ្តទ្ទាទោសលោកណាន់ស៊ី អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយនេឲ្យជាប់ពន្ធនាគារអស់រយៈពេលបួនឆ្នាំ និងពិន័យជាប្រាក់ចំនួនប្រាំបីលានរៀលគឺស្មើជាងពីរពាន់ដុល្លារសហរដ្ឋអាមេរិក។ លោកណាន់ ស៊ីត្រូវផ្តន្ទាទោសកំបាំងមុខពីបទថា បានកេងបំបាត់ថវិកាជាតិ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តីរបស់រដ្ឋាភិបាល។
លោកគី ទិច មេធាវីការពារក្តីឲ្យក្រសួងការបរទេស បាននិយាយថា តុលាការក៏បានចេញបង្គាប់ឲ្យចាប់ខ្លួនលោកណាន់ ស៊ីឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ បន្ទាប់ពីតុលាការបានរកឃើញថា លោកមានទោសកំហុស។
លោកណាន់ ស៊ី អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេត្រូវបានតុលាការក្រុងភ្នំពេញបើកសវនាការកំបាំងមុខកាត់ទោសរូបលោកលើបណ្តឹងព្រហ្មទណ្ឌមួយកាលពីថ្ងៃទី២ ដើមខែវិច្ឆិកានេះ ពីបទថា បានកេងបំបាត់ថវិការបស់ក្រសួងការបរទេសក្នុងការសាងសង់ស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយនេ ដែលមានចំនួនទឹកប្រាក់ជាង៤៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្រសួងការបរទេសបានប្តឹងលោកណាន់ស៊ីចំនួនពីរករណីគឺករណីព្រហ្មទណ្ឌ និងករណីសំណងរដ្ឋប្បវេណី ក៏ប៉ុន្តែតុលាការទើបតែបានបើកសវនាការជំនុំជម្រះរឿងករណីព្រហ្មទណ្ឌតែប៉ុណ្ណោះ ចំណែកឯសំណងរដ្ឋប្បវេណី តុលាការពុំទាន់បានកំណត់កាលបរិច្ឆេទបើកសវនាការជំនុំជម្រះនៅឡើយទេ។
នៅក្នុងករណីសំណងរដ្ឋប្បវេណី ក្រសួងការបរទេសបានទាមទារឲ្យលោកណាន់ស៊ីសងប្រាក់ចំនួនជាង៤៣ម៉ឺនដុលា្លរសហរដ្ឋអាមេរិក ដែលបានបាត់បង់ និងសំណងជម្ងឺចិត្តបន្ថែមទៀតចំនួន២០០លានរៀលគឺស្មើនឹងជាងប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកគី ទិច មេធាវីការពារក្តីរបស់ក្រសួងការបរទេស បានហៅសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញថា បានផ្តល់យុត្តិធម៌ ហើយលោកអាចទទួលយកបាន។
«ពីព្រោះទីមួយគឺឯកសារភស្តុតាងទាំងអស់បានបញ្ជាក់អំពើកិបកេងរបស់លោកណាន់ ស៊ី ហើយអំពើហ្នឹង វាផ្ទុយទៅនឹងមាត្រាច្បាប់»។
វីអូអេបានព្យាយាមសុំសេចក្តីបំភ្លឺពីលោកកែវ យ៉ាន តែទាក់ទងមិនបាន។ លោកកែវ យ៉ានគឺជាមេធាវីតែងតាំងដោយគណៈមេធាវីឲ្យការពារក្តីលោកណាន់ ស៊ី។
លោកណាន់ ស៊ី អតីតឯកអគ្គរដ្ឋទូតប្រទេសកម្ពុជា ប្រចាំប្រទេសប្រ៊ុយនេធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយនឹងវីអូអេសម្លេងសហរដ្ឋអាមេរិកថា លោកមិនបានកិបកេងថវិកាក្រសួងការបរទេសដូចការចោទប្រកាន់ទេ។
លោកបានមានប្រសាសន៍ថា ការចំណាយប្រាក់ដើម្បីសាងសង់ស្ថានទូតប្រចាំប្រទេសប្រ៊ុយនេ ដែលមានតម្លៃជាង១លានដុល្លារសហរដ្ឋអាមេរិកនេះមានការចំណាយចំនួនប្រាំដំណាក់កាល ហើយរាល់ការចំណាយនីមួយៗ លោកមានវិក័្កយប័ត្រត្រឹមត្រូវ ហើយលោកបានទូទាត់គ្រប់ចំនួនអស់ហើយ។ លោកបានមានប្រសាសន៍ថា លោកមិនមានឈ្មោះនៅក្នុងគណៈកម្មាធិការសាងសង់ស្ថានទូតទេ។
វីអូអេទូរស័ព្ទទៅមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គឺលោកគុយ គួង តែទូរសព្ទរបស់លោកពុំមានអ្នកទទួល៕