ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សម្រច​កាត់​ប្រាក់​ខែ​លោកស្រី​ មូរ សុខហ៊ួរ ​សងក្តី​លោក​ហ៊ុន សែន


ភ្នំពេញ៖ ក្រុម​មេដឹកនាំ​រដ្ឋសភា​បាន​សម្រេច​ឱ្យ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​របស់​រដ្ឋសភា​កាត់​ប្រាក់​ខែ​របស់​លោកស្រី​មួរ សុខហួរ ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ចំនួន​៨០០០​០០០​រៀល​ក្នុង​រយៈ​ពេល​ពីរ​ខែ​ ដោយ​ចាប់ផ្តើម​ពី​ខែ​កក្កដា​នេះ​ ​សម្រាប់​បង់​ជម្ងឺ​ចិត្ត​ដល់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ ប៉ុន្តែ​លោក​ស្រី​ ​មួរ សុខហួរ ​បាន​និយាយថា​ ​លោកស្រី​ជា​ជន​រងគ្រោះ។​ លោក​ស្រី​មិនអាច​ទទួល​យក​នូវ​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា​នោះ​បានទេ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍របស់​រដ្ឋសភា ​បាន​យល់ព្រម​កាត់​ប្រាក់ខែ​របស់ ​លោក​ស្រី​មួរ សុខហួរ ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន៨​០០០​០០០​រៀល​តាម​សំណើ​របស់​រដ្ឋ មន្ត្រី​ក្រសួង​យុត្តិធម៌​ សម្រាប់​បង់​សំណង​ជម្ងឺ​ចិត្ត​ដល់លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

នៅថ្ងៃ​ទី៤​ ​ខែសីហា​ឆ្នាំ​២០០៩​ ​តុលាការ​បាន​ពិន័យ​លោកស្រី​មួរ សុខហួរ​ចំនួន​១៦,៥​លាន​រៀល​ ដែល​ក្នុង​នោះ​មាន​៨​០០០​០០០​រៀល​ ​ស្មើនឹង​២០០០​ដុល្លារ​អាមេរិក​ សម្រាប់​សំណង​ជម្ងឺ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​៨​៥០០​០០០​រៀល​ ស្មើនឹង ២១២៥ ​ដុល្លារ​អាមេរិក​ សម្រាប់​បង់​ចូល​ថវិកា​រដ្ឋ។ ​សាលា​ឧទ្ធរណ៍​នៅថ្ងៃ​ទី២៨ ​ខែ​តុលា ​ឆ្នាំ២០០៩ ​និង​តុលាការ​កំពូល​នៅថ្ងៃ​ទី២ ​ខែមិថុនា ​ឆ្នាំ២០១០​ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​ស្មាន ទៀត ​អនុ​ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​សភា ​បាន​ថ្លែងថា​ ​គណៈ កម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​បាន​សម្រេច​កាត់​ប្រាក់​ខែ​របស់​លោកស្រី​មួរ សុខហួរ​ចំនួន​៨​០០០​ ០០០​រៀល​ស្មើនឹង​២០០០​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​ពីរខែ​ចាប់​ពី​ខែកក្កដា​ ​បើ​លោកស្រី​មិន​ទាន់​បាន​បើក​ប្រាក់ខែ​សម្រាប់​ខែ​កក្កដា​នេះ។

«គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​បាន​ពិនិត្យ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លើ​សាល ក្រម​របស់​សាលា​ដំបូង។​ ក្នុង​ករណី​នេះ ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេច​ឱ្យ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​របស់​រដ្ឋ​សភា​អនុវត្ត​តាម​សាល​ដីកា​របស់​តុលាការ​នោះ​ហើយ​ គឺ​កាត់​ប្រាក់ខែ​របស់​លោក​ជំទាវ​មួរ សុខហួរ ​ដែល​មិន​ប៉ះពាល់​ដល់​មន្ត្រី​ ដែល​ជា​អ្នក​បីកបរ​ ​និង​ជំនួយ​ការ​របស់​លោក​ជំទាវ​ គឺ​កាត់​ប្រាក់ខែ​ជាពីរ​តំណាក់​កាល​ ​ក្នុង​ខែ​ទី​មួយ​ជាង​៤​០០០​០០០​រៀល​និង​ខែ​ទីពីរ​ជាង​៣​០០០​០០០​រៀល​ សរុប​៨​០០០​០០០រៀល»។

លោក​ស្មាន ទៀត​ បាន​បញ្ជាក់​ថា​ ​ប្រាក់ខែ​របស់​លោក​ស្រី​មួរ សុខហួរ​ មាន​ចំនួន​ក្រោម​១១​០០០​០០០​រៀល​ ​ហើយ​ការសម្រេច​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​អំពី​ការ​កាត់​ប្រាក់​ខែនេះ​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​លោកស្រី ​អ្នក​ជំនួយ​ការ ​និង​អ្នក​បើកបរ​របស់​លោកស្រីទេ។

លោកស្រី​មួរ សុខហួរ ​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ​បាន​ថ្លែងថា​ សេចក្តី​សម្រេច​របស់​គណៈ​ កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​នេះ ​ជា​ការ​រំលោភ​បន្ថែម​ទៀត​លើ​ឆន្ទៈ​របស់​លោកស្រី​ និង​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈរបស់​លោកស្រី។

«ខ្ញុំ​ជា​ជន​រងគ្រោះ​ ​ហេតុអ្វី​ខ្ញុំ​ទៅ​ពេញចិត្ត​នឹង​សេចក្តី​សម្រេច​នេះ​កើត? ខ្ញុំ​ជា​ជន​រងគ្រោះ។ ​ខ្ញុំ​ពុំអាច ​ទទួល​យក​នូវ​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​បាន​ទេ»។

លោក​ស្មាន ទៀត​ បាន​ថ្លែង​ថា​ ​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ​បាន​ធ្វើ​ឡើង​ស្រប​តាម​នីតិ​វិធី​ត្រឹម​ត្រូវ។

«នេះ​ជា​ការ​អនុវត្ត​ត្រឹមត្រូវ​ ដោយ​សភា​មិន​ជ្រៀត​ជ្រែក​ទៅ​លើ​សិទ្ធិ​របស់​តុលាការ​ទេ។​ គ្រាន់​តែ​សភា​មាន​សិទ្ធិ​សម្រេច​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ដោយ​ឃើញ​ថា​ ​ត្រឹម​ត្រូវ​ ​ហើយ​បាន​យល់​ព្រម ​និង​ឯកភាព​ឱ្យ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​អនុវត្ត​តាម​សាល​ដីកា​នេះ​ ​ហើយ​ជា​យោបល់​របស់​ខ្ញុំ​ ​ខ្ញុំ​យល់ថា​ ​វា​សមស្រប​ហើយ​ ​ដោយសារ​ការ​សម្រច​របស់​តុលាការ ​គឺ​ឱ្យ​លោក​ជំទាវ​បង់​ជម្ងឺ​ចិត្ត​ទៅ​លោក​គី តិច ​ដែល​ជា​មេធាវី​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី»។

នៅ​ក្នុង​ឆ្នាំ២០០៩ ​លោកស្រី​មួរ សុខហួរ​បាន​ប្តឹង​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​អំពី​បទ​បរិហារ​កេរ្តិ៍​របស់​លោកស្រី​ ​ប៉ុន្តែ​តុលាការ​បាន​បដិសេធ​ ​ហើយ​លោក​នាយក​រដ្ឋ​ម​ន្ត្រីហ៊ុន សែន​ បានប្តឹង​បក​ប្រឆាំង​នឹង​លោកស្រី​មួរ សុខហួរវិញ​ អំពី​បទ​បរិហារ​កេរ្តិ៍​របស់​លោក​ ដែល​តុលាការ​បាន​រក​ឃើញ​ទោស​របស់​លោក​ស្រី​មួរ សុខហួរ៕

XS
SM
MD
LG