ប្រែសម្រួលដោយ ជឹង ប៉ូជីន
រង៉ហ្គូន៖ លោកស្រីអង់ សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សប្រឆាំងបានចុះពិនិត្យតំបន់ភ្នំ ឡេតផាដួង (Letpadaung) នៅតំបន់ខ្ពង់រាបនៃប្រទេសភូមាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីនិយាយជាមួយអ្នកភូមិ ដែលនៅទីនោះ អណ្តូងរ៉ែទង់ដែងចិនមួយបានបង្កឲ្យមានជម្លោះសិទ្ធិដីធ្លីរវាងកសិករ និងរដ្ឋាភិបាលភូមា។ រដ្ឋាភិបាលបានវាយប្រហារក្រុមបាតុករនៅតំបន់ដែលគេស្នើឲ្យមានការពង្រីកអណ្តូងរ៉ែដោយធ្វើឲ្យព្រះសង្ឃរាប់សឹបអង្គរងរបួស។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នគរបាលប្រឆាំងកុប្បកម្ម បានចូលបំបែកក្រុមបាតុករក្នុងជំរំបីនៅការដ្ឋានអណ្តូងរ៉ែទង់ដែងឡេតផាដួង នៅជិតទីក្រុង ម៉ានដាឡៃ (Mandalay) ក្នុងតំបន់ខ្ពស់នៃប្រទេសភូមា។
ព្រះសង្ឃ និងអ្នកភូមិដែលរងរបួសនិងដែលបានដកខ្លួនទៅកាន់វត្តអារ៉ាមនៅក្បែនោះ។ នៅព្រឹកបន្ទាប់គេឃើញស្បង់ជីពរឆេះនិងស្បែករលាក។ ប៉ុន្តែ ការិយាល័យរបស់ប្រធានាធិបតី បានចេញសេចក្តីថ្លែងការណ៍ដែលបដិសេធថា ខ្លួនមិនបានប្រើអាវុធគីមីទេ។
ព្រះសង្ឃ និងអ្នកភូមិដែលរងរបួសនិងដែលបានដកខ្លួនទៅកាន់វត្តអារ៉ាមនៅក្បែនោះ។ នៅព្រឹកបន្ទាប់គេឃើញស្បង់ជីពរឆេះនិងស្បែករលាក។ ប៉ុន្តែ ការិយាល័យរបស់ប្រធានាធិបតី បានចេញសេចក្តីថ្លែងការណ៍ដែលបដិសេធថា ខ្លួនមិនបានប្រើអាវុធគីមីទេ។
លោក ថេន ហ្ទិកេ អូ (Thein Htike Oo) ដែលជាអ្នករាយការណ៍ព័ត៌មានរបស់ វីអូអេផ្នែកភាសាភូមា បាននៅកន្លែងកើតហេតុនោះ ហើយនិយាយថា ព្រះសង្ឃយ៉ាងហោចណាស់២៣អង្គបានរងរបួស ដែលក្នុងនោះព្រះសង្ឃមួយអង្គមានស្ថានភាពធ្ងន់ធ្ងរ ១០អង្គទៀតកំពុងបាត់ខ្លួនហើយប្រាំមួយអង្គទៀតបានត្រូវចាប់ខ្លួន។
«កងកម្លាំងសន្តិសុខ បានវាយសម្រុកចូលក្នុងជំរំនោះ។ មុនដំបូង ពួកគេបានប្រើកាណុងបាញ់ទឹកលើព្រះសង្ឃជាច្រើនអង្គ ហើយបន្ទាប់មកពួកគេបានចោលគ្រាប់បែកផ្សែង។ ហើយពួកគេបានដុតចោលជំរំនោះទាំងមូល ជំរំទាំងអស់ប្រាំមួយ ហើយព្រះសង្ឃនិងក្រុមសកម្មជនមូលដ្ឋានផ្សេងទៀត បានបំបែកហ្វូង»។
លោកស្រី អង់ សាន ស៊ូជី ជាសមាជិកសភានៃគណៈកម្មាធិការនីតិរដ្ឋរបស់សភា មានផែនការទៅមើលអណ្តូងរ៉ែបន្ទាប់ពីសភាបានអនុម័តញត្តិមួយដើម្បីស៊ើបអង្កេតផលប៉ះពាល់របស់អណ្តូងរ៉ែលើពួកអ្នកភូមិ។
លោក អុន គិយ៉ាង (Ohn Kyaing) អ្នកនាំពាក្យរបស់លោកស្រី និយាយថា លោកស្រី ក៏មានផែនការជួបជាមួយអ្នករៀបចំការតវ៉ាប្រឆាំងដែរ។
«ពួកគេរងផលប៉ះពាល់ទាំងគ្រោះមហន្តរាយខាងសេដ្ឋកិច្ច សង្គម និងបរិស្ថានចំពោះគម្រោងនេះ។ ដូច្នេះមេដឹកនាំរបស់យើងចង់ឃើញពីជម្រៅនៃផលប៉ះពាល់នេះហើយលោកស្រីចង់ស្តាប់អ្នកភូមិពីស្ថានភាពជាក់ស្តែង លោកស្រី ជាប្រធានគណៈកម្មាធិការនីតិរដ្ឋ និងសន្តិភាព។ លោកស្រីនឹងធ្វើអនុសាសន៍ខ្លះទៅគណៈកម្មាធិការនោះពីអ្វីដែលត្រូវធ្វើ»។
លោក មីយីន្ត ទ្វីន (Myint Twin) មេធាវីដែលបានធ្វើការជាមួយពួកអ្នកភូមិក្នុងតំបន់ ម៉ុនីវ៉ាដើម្បីស្ទង់មើលការទាមទាររបស់ពួកគេតាមរយៈតុលាការ។ លោកនិយាយថា រាល់សមាជិកសភា ត្រូវតែដឹងពីភាពលំបាករបស់ជនស៊ីវិល។ ធ្វើដូច្នេះ ពួកគេអាចនាំរឿងក្តីនេះទៅកាន់សភាដែលនៅទីនោះមានសេចក្តីសង្ឃឹមដើម្បីស្វះស្វែងរកដំណោះស្រាយពេញចិត្តខ្លះ។
កាលពីអតីតកាល កិច្ចខិតខំប្រឹងប្រែងថ្នាក់មូលដ្ឋានបានបញ្ឈប់ដោយជោគជ័យនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធរកស៊ីរួមគ្នារបស់ចិនដូចជាទំនប់វារីអគ្គីសនីយ មីយីតសូន (Myitsone) ។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់គំនាបលើគម្រោងនោះ ទោះបីមានការតវ៉ាប្រឆាំងនៅស្ថានទូតរបស់ខ្លួនក្នុងទីក្រុង រ៉ង់ហ្គូន ក៏ដោយ។ ក្នុងការថ្លែងព័ត៌មានត្រួសៗនៅសប្តាហ៍នេះ លោក ហុង ឡេ (Hong Lei) អ្នកនាំពាក្យការបរទេសចិនបានបញ្ជាក់ថា រដ្ឋាភិបាលគ្មានផែនការបញ្ឈប់ការពង្រីកអណ្តូងរ៉ែនោះទេ។
លោកនិយាយថា អណ្តូងរ៉ែទង់ដែងដែលទាក់ទងគ្នានេះជាគម្រោងនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទាំងសងខាងរវាងចិននិងភូមា។ សំណងសម្រាប់រើទីកន្លែងរស់នៅ ការបែងចែកផលប្រយោជន៍ និងកិច្ចការពារបរិស្ថានដែលទាក់ទិនក្នុងគម្រោងនេះបានត្រូវសម្រេចរួមគ្នាដោយភាគីទាំងពីរ។
លោកនិយាយទៀតថា សេចក្តីសម្រេចនេះក៏អនុវត្តទៅតាមច្បាប់ និងបទបញ្ញត្តិរបស់ភូមាដែរ។ លោកសង្ឃឹមថា គ្រប់វិស័យនៅភូមានឹងបង្កើតស្ថានភាពលំណោយផលមួយដើម្បីឲ្យកិច្ចប្រតិបត្តិការនៃគម្រោងនោះបានទទួលជោគជ័យ។
បាតុករផ្សេងទៀតដែលបានជាប់ទាក់ទងនឹងការតវ៉ាប្រឆាំងអណ្តូងរ៉ៃបានត្រូវចាប់ខ្លួននៅសប្តាហ៍នេះ ហើយកំពុងរង់ចាំការកាត់ទោស៕