តុលាការកំពូលនឹងបើកសវនាការករណីលោកស្រីមូរ សុខហ៊ួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ពាក់ព័ន្ធបណ្តឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅដើមខែក្រោយនេះ។ លោកស្រី មូរ សុខហ៊ួរមានសង្ឃឹមតិចតួចថា តុលាការនឹងផ្តល់យុត្តិធម៌ដល់លោកស្រីក្នុងរឿងក្តីចុងក្រោយនេះ។
យោងតាមដីការកោះអញ្ជើញរបស់លោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា តុលាការកំពូលគ្រោង នឹងបើកសវនាការជំនុំជម្រះក្តី លើករណីលោកស្រីមូរ សុខហ៊ួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ពាក់ព័ន្ធទៅនឹងបណ្តឹងបរិហារកេរ្តិ៍ជាមួយនិងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២ខែមិថុនា ខាងមុខនេះ។
យោងតាមការកោះអញ្ជើញលើកទី២នេះបានកើតមានឡើង ក្រោយពីថ្ងៃទី០៧ខែមេសា កន្លងទៅនេះ តុលាការកំពូលបានលើកពេលសវនាការជំនុំជម្រះម្តងដោយសារតែមានលិខិតស្នើសុំពន្យារពេលពីលោកស្រីមូរ សុខហ៊ួរ ដោយសារតែលោកស្រីជាប់បំពេញបេសកកម្មនៅឯក្រៅប្រទេស។
លោកស្រីមូរ សុខហ៊ួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីទើបតែទទួលបានដីការកោះអញ្ជើញនេះ ពីតុលាការកំពូលកាលពីថ្ងៃពុធម្សិលមិញនេះ ហើយលោកស្រីបានអះអាងថា លោកស្រីនិងបង្ហាញមុខនៅថ្ងៃបើកសវនាការនាពេលខាងមុខនេះ ។
លោកស្រីមូរ សុខហ៊ួរ បានមានប្រសាសន៍ថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ចំពោះលោកស្រី។
“សង្ឃឹមថា តុលាការកំពូលនឹងពិចារណា យកហេតុផលទាំងអស់ថា តើក្នុងការកាត់ទោសនោះ តើឈរលើអ្វី ហើយខ្ញុំមានហេតុផលគ្រប់គ្រាន់ទាំងអស់ ហើយយកហេតុផលទាំងអស់នេះ យកភស្ថុតាងទាំងអស់នេះយកមកគិតពិចារណាវិនិច្ឆ័យឲ្យបានត្រឹមត្រូវ”។
លោកគី តិច មេធាវីរដ្ឋាភិបាលបានប្រសាសន៍ថា ការកោះអញ្ជើញលើកទី២នេះ មិនមានការអាក់ខានទៀតទេ ហើយភាគីទាំងពីរនឹងបង្ហាញមុខចំពោះមុខតុលាការ។
“ចំពោះខ្ញុំ ខ្ញុំគិតថា ដោយសារខ្ញុំមានភស្ថុតាងគ្រប់គ្រាន់ ខ្ញុំសង្ឃឹមថា នៅថ្ងៃហ្នឹងច្បាស់ជាតុលាការកំពូលអាចសម្រេចដូចសាលាក្តីថ្នាក់ក្រោម”។
កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០០៩កន្លងទៅនេះ តុលាការក្រុងភ្នំពេញបានកាត់ទោសលោកស្រីមូរ សុខហ៊ួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងឲ្យបង់ប្រាក់ពិន័យចំនួន១៦លាននិង៥សែនរៀល គឺស្មើជាង៤០០០ដុលា្លរសហរដ្ឋអាមេរិក ពីបទថា បានបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោកគី តិច មេធាវីរដ្ឋាភិបាលបានប្តឹងលោកស្រីមូរ សុខហ៊ួរ ពីបទថា បានបរិហារកេរ្តិ៍លោកនាយក រដ្ឋមន្រ្តីហ៊ុន សែនបន្ទាប់ពីលោកស្រីមូរ សុខហ៊ួរ បានរៀបចំសន្និសីទកាសែតមួយកាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០០៩។ លោកស្រីមូរ សុខហ៊ួរ នៅក្នុងអង្គសន្និសីទកាសែតនោះ បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថា បានមាក់ងាយនិងប៉ះពាល់កិត្តិយសដល់ស្រ្តីខ្មែរទាំងមូល។
ពីឃុំតាកែនកោះស្លា ខេត្តកំពតកាលពីថ្ងៃទី៤ ខែមេសា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បាននិយាយបរិហាររិះគន់ ដោយមិនចំឈ្មោះទៅលើស្រ្តីខ្មែរមួយរូបមកពីគណបក្សប្រឆាំងយ៉ាងដូច្នេះថា ៖
“នៅកំពត មានជើងខ្លាំងមួយជាស្រ្តី ដែលខ្ញុំមិនចាំបាច់ចេញឈ្មោះទេ ជើងខ្លាំង។ ហើយខ្លាំងហ្នឹង មិនមែនខ្លាំងរឿងអីទេ ខ្លាំងខាងរករឿង បង្ករឿងជាប់ ញុះញ៉ង់បង្កហេតុ សូម្បីតែឃោសនាបោះឆ្នោត ទៅឱបគេសោះ ថា គេប្រឡេះឡេវអាវ ទៅឡាំប៉ាប្តឹងផ្តល់គ្នា ពូកែណាស់។ អានេះបានគេហៅថា ពួកប្រឆាំង មុខគ្រាស់ កាប់២០ ឬ១០០តាំងតោក៏វាមិនមុតដែរ។ មិនថា ស្រី ថា ប្រុសទេ។ ដូចគ្នាហើយ មេម៉េច កូនអញ្ចឹង”។
លោកស្រីមូរ សុខហ៊ួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង មណ្ឌលខេត្តកំពត បានដាក់ពាក្យបណ្តឹង មួយទៅតុលាការក្រុងភ្នំពេញ តាមរយៈមេធាវីលោកគង់ សំអុន ដោយបានចោទប្រកាន់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា បានបរិហារកេរ្តិ៍ដល់លោកស្រី ក៏ប៉ុន្តែក្រោយមកតុលាការក្រុងភ្នំពេញ បានទម្លាក់ចោលពាក្យបណ្តឹងនេះ ពុំចាត់ការដោយអះអាងថា ពុំមានភស្ថុតាងគ្រប់គ្រាន់។
លោកគង់ សំអុន មេធាវីការពារក្តីលោកស្រីមូរ សុខហ៊ួរបានសម្រេចលាឈប់ចេញពីមេធាវីការពារ ក្តី ក្រោយពីមានពាក្យបណ្តឹងបកមួយទៀតពីមេធាវីរដ្ឋាភិបាល ដោយបានចោទប្រកាន់លោកគង់ សំអុនថា បានប្រព្រឹត្តខុសពីវិជ្ជាជីវៈជាមេធាវី។
លោកស្រីមូរ សុខហ៊ួរ រហូតមកដល់ពេលនេះ គ្មានមេធាវីការពារក្តីទេ ដោយសារតែគ្មានមេធាវី ណាមួយស្ម័គ្រចិត្តការពារក្តីនៅក្នុងរឿងក្តីក្តាំដ៏រស៊ើបមួយនេះ។