ជាថ្មីម្តងទៀត លោកស្រី មួរ សុខហួរ បានចាញ់ក្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅតុលាការកំពូល បន្ទាប់ពីសវនាការអស់រយៈពេលជាងបីម៉ោងនៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែលោកស្រីមួរ សុខហួរ បាននិយាយថា លោកស្រី និងមិនបង់សំណងរដ្ឋប្បវេណីក្នុងរឿងក្តីនេះទេ ដោយលោកស្រីសច្ចាថា នឹងចូលខ្លួនទៅពន្ធនាគារ បើមានការចាប់ខ្លួន។
លោក ហេង រស្មី ជូនសេចក្តីរាយការណ៍ពិស្ដារដូចតទៅ៖
បន្ទាប់ពីបានបើកសវនាការអស់រយៈពេលជាង៣ម៉ោង នៅថ្ងៃពុធនេះ ក្រោមការតាមឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋជាច្រើនរាប់សិបនាក់។
លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតម្កល់សាលដីកា របស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ឲ្យនៅដដែល និងប្រកាសបិទផ្លូវតវ៉ាចំពោះរឿងក្តីបរិហាររ កេរ្តិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដ៏រសើបមួយនេះ។
លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី មណ្ឌលខេត្តកំពត ត្រូវបានតុលាការ ក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍របស់ប្រទេសកម្ពុជា បានសម្រេចផ្តន្ទាទោសដោយពិន័យជាប្រាក់ចំនួន១៦,៥លានរៀល គឺស្មើនឹងប្រមាណជាង៤០០០ដុល្លារសហរដ្ឋអាមេរិកពីបទថា បានបរិហារ កេរ្តិ៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងអង្គសន្និសីទកាសែតមួយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០០៩។
លោកស្រី មួរ សុខហួរ បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅខាងក្រៅរបងតុលាការកំពូលថា សាលក្រមរបស់តុលាការនេះគឺអយុត្តិធម៌ និងមានចរិតជាលក្ខណៈនយោបាយ។
"តុលាការសាលាដំបូង តុលាការឧទ្ធរណ៍ តុលាការកំពូល អត់មានយកធាតុផ្សំទាំងអស់នោះមក ពិចារណាទាល់តែសោះ។ ដូច្នេះកាត់ឲ្យខ្ញុំចាញ់គ្រប់ជាន់ទាំងអស់នេះ បង្ហាញឲ្យឃើញថា ជាការសោកស្តាយណាស់ ឲ្យយើងប្រជាពលរដ្ឋខ្មែរ ឲ្យដឹងថា ប្រព័ន្ធតុលាការមិនមែនជាប្រព័ន្ធតុលាការមួយ ដែលយើងអាចសង្ឃឹមបានទេ"។
លោកស្រី មួរ សុខហួរបានមានប្រសាសន៍ទៀតថា លោកស្រីនឹងមិនបង់សំណងរដ្ឋប្បវេណីនេះទេ ដោយលោកស្រីបានសច្ចាថា នឹងប្រគល់ខ្លួនចូលទៅក្នុងពន្ធនាគារ ប្រសិនណាបើមានការចាប់ខ្លួន ពីរដ្ឋាភិបាល។
"ខ្ញុំមិនបង់ជាដាច់ខាត។ សម្បជញ្ញៈរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំបង់មួយកាក់មួយសេនទេ។ ជំហរខ្ញុំនៅដដែល អត់បង់ទេ"។
លោកគី តិច មេធាវីរដ្ឋាភិបាល បាននិយាយថា សាលក្រមរបស់តុលាការកំពូលនេះ លោកអាច ទទួលយកបាន និងបានផ្តល់យុត្តិធម៌ចំពោះកូនក្តីរបស់លោក គឺលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
"ខ្ញុំគិតថា ការសម្រេចនេះ វាយុត្តិធម៌ណាស់ ពីព្រោះបើយើងគិតពីដំណើរការនៃរឿងក្តីហ្នឹង តាំងពីសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាសាលាឧទ្ធរណ៍ ហើយមកដល់តុលាការកំពូលនេះ គឺការ សម្រេចដូចគ្នា"។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា បើតាមធាតុផ្សំនៃ បទល្មើសបរិហារកេរ្តិ៍ ចំពោះរឿងក្តីនេះ មិនគ្រប់គ្រាន់ទេ។
លោកបានមានប្រសាសន៍ថា ការសម្រេចរបស់តុលាការកំពូលមិនត្រឹមត្រូវទេ។
"វាអត់យុត្តិធម៌ទេ ដោយសារការវិភាគរបស់យើងតាមផ្លូវច្បាប់ គឺរកឃើញនូវចំណុចខ្វះខាតជាច្រើន ជាពិសេសធាតុផ្សំទាំងបីនៃបទបរិហារកេរ្តិ៍ ដែលមិនបានយកវិភាគនៅក្នុងសាលាដំបូង"។
លោកស្រី មួរ សុខហួរ ព្រមទាំងអ្នកតំណាងរាស្រ្ត និងអ្នកគាំទ្រគណបក្សប្រឆំាងមួយចំនួន បាន ដើរកាន់ទៀនចេញពីអគារនៃតុលាការកំពូលឆ្ពោះទៅព្រះបរមរាជវាំង ក្រោយពីការប្រកាសសាលក្រម នេះបានចប់។ ក៏ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយខែល ដំបងឆក់ និងកាំភ្លើង ស្វ័យប្រវត្តិ បានរារំាងក្បួនដំណើរនេះមួយរយៈ ហើយក្រោយមកសមត្ថកិច្ច បានបើកផ្លូវឲ្យក្បួនដំណើរនេះបន្តឆ្ពោះទៅព្រះអង្គដងកើ។
លោកសុខ សម្បត្តិ អភិបាលខ័ណ្ឌដូនពេញ បានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថា អាជ្ញាធរមិនអនុញ្ញាតក្បួនដង្ហែរនេះទេ ពីព្រោះលោកស្រីមួរ សុខហួរ ពុំបានសុំច្បាប់អនុញ្ញាតពី អាជ្ញាធរក្រុងភ្នំពេញ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សំឡេងសហរដ្ឋអាមេរិក៕