លោកស្រីមួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងបានប្រកាសថា លោកស្រីបានត្រៀមខ្លួនជាស្រេច ដើម្បីចូលពន្ឋនាគារប្រសិនបើមានការចាប់ខ្លួនពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ ក៏ប៉ុន្តែលោកស្រីបានព្រមានថា រដ្ឋាភិបាលអាចនឹងទទួលរងសម្ពាធពីអន្តរជាតិ ប្រសិនបើលោកស្រីត្រូវបានចាប់ខ្លួនពិតមែន។ ការប្រកាសរបស់លោកស្រីមូរ សុខហួរ បានធើ្វឡើងប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកស្រីបានវិលមកកាន់មាតុប្រទេសវិញ។ លោកស្រីមានប្រសាសន៍ថា៖
«ចាប់ខ្ញុំពេលណាចាប់ទៅ តែចាប់ហើយប្រយ័ត្នលំបាកទៅវិញទេ លំបាកខ្វល់ថាតើបញ្ហារបស់មូរ សុខហួរ ដែលនៅពន្ឋនាគារព្រៃសដោះស្រាយយ៉ាងម៉េច។ ខ្ញុំអត់មានបារម្ភនឹងចូលព្រៃសទេ តែសូមឲ្យសម្តេចនាយកដោះទៅនៅចំពោះមុខជាតិ១៦លាននាក់ និងសហគមន៍អន្តរជាតិ»។
តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅនេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ឋរណ៍ឲ្យនៅដដែល ដោយសម្រេចឲ្យលោកស្រីមូរ សុខហួរ ចាញ់ក្តីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ពីបទបរិហាកេរ្តិ៍។
តុលាការបានបង្គាប់ឲ្យលោកស្រីមូរ សុខហួរ បង់ប្រាក់សំណងសរុបចំនួន ១៦,៥ លានរៀលគឹ ស្មើនឹងជាង៤.០០០ដុល្លាសហរដ្ឋអាមេរិក។ ប្រាក់ទាំងនេះ លោកស្រីមូរ សុខហួរ ត្រូវបង់៨.៥លានរៀល ជាប្រាក់ពិន័យរបស់រដ្ឋាភិបាល និង៨លានរៀលទៀត ជាប្រាក់សំណងជម្ងឺចិត្តលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
មានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅឯក្រៅប្រទេស នៅថ្ងៃច័ន្ទនេះ លោកស្រីមូរ សុខហួរ បានប្រកាន់ជំហរថា លោកស្រីនឹងមិនបង់ប្រាក់ពិន័យអ្វីទាំងអស់។
លោកស្រីមូរ សុខហួរ បានបញ្ជាក់ទៀតថា រឿងក្តីរបស់លោកស្រីនេះ វាហាក់បីដូចជាលឿនពេក ចំណែកឯរឿងក្តីសំខាន់ៗដូចជា ករណីបាញ់សម្លាប់លោកជា វិជ្ជា ការបាញ់សម្លាប់តារាភាពយន្តពិសិដ្ឋ ពីលីកា ការបាញ់ប្រហារតារាចំរៀង ទូច ស្រីនិច និងករណីជះទឹកអាស៊ីតទៅលើកញ្ញាតាត ម៉ារីណា សមត្ថកិច្ចរដ្ឋាភិបាលពុំទាន់មានវិធានការនៅឡើយទេ។ លោកស្រីបន្តថា៖
«អ្វីដែលជាជំហររបស់ខ្ញុំ រហូតដល់ពេលនេះ គឺខ្ញុំចង់ឲ្យមានតុលាការមួយ ដែលការពារប្រជាពលរដ្ឋខ្មែរ១៤លាននាក់។ ប្រទេសមួយ បើសិនជាអត់មានតុលាការស្អាតស្អំទេនោះ ប្រជាពលរដ្ឋមិនអាចរស់នៅដោយមានសង្ឃឹម និងមានសុភមង្គលទេ»។
លោក រ៉ុង ឈុន ប្រធានក្រុមឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានប្រកាសគាំទ្រជំហរលោកស្រីមូរ សុខហួរ។ លោករ៉ុង ឈុន បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិដែរថា ការមិនបង់ប្រាក់ពិន័យ និងប្រាក់សំណងជម្ងឺចិត្តរបស់លោកស្រី មូរ សុខហួរនេះ បានបង្ហាញឲ្យឃើញពីរបត់ថ្មីមួយទៀត ដើម្បីឲ្យប្រព័ន្ឋតុលាការខ្មែរដើរឆ្ពោះទៅកាន់នីតិរដ្ឋ។ លោករ៉ុង ឈុនថ្លែងដូច្នេះថា៖
«គាត់ជាស្រ្តី ដែលមានសេចក្តីក្លាហាន ហើយការសម្រេចចិត្តរបស់គាត់ជារឿងមួយត្រឹមត្រូវ ដូច្នេះហើយបានជាយើងគាំទ្រនូវជំហររបស់គាត់»។
លោក ជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ ពុំអាចទាក់ទងបានទេ ក៏ប៉ុន្តែលោកជា សុខហៀងបានប្រាប់អ្នកកាសែតឲ្យរងចាំមើលចំណាត់វិធានការរបស់តុលាការតទៅទៀត។
ការកំណត់របស់រតនាគារក្រុងភ្នំពេញដែលបានដាក់ឲ្យលោកស្រីមូរ សុខហួរ បង់ប្រាក់ពិន័យចំនួន៨.៥ លានរៀល បានផុតកំណត់ទៅហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។ ចំណែកឯប្រាក់សំណងជម្ងឺចិត្តចំនួន ៨ លានផ្សេងទៀតជូនលោកនាយករដ្ឋ មន្រ្តីហ៊ុន សែន នឹងត្រូវផុតកំណត់នៅថ្ងៃសៅរ៍សប្តាហ៍នេះ។
លោក កែ ប៊ុនឡេង ប្រធានរតនាគារក្រុងភ្នំពេញ បានមានប្រសាសន៍ថា លោកបានផ្ញើរបាយការណ៍ទៅតុលាការហើយអំពីការមិនបង់ប្រាក់ពិន័យរបស់លោកស្រីមូរ សុខហួរ។