ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​កំណត់​ឲ្យ​លោក​ស្រី​មូរ សុខហួរ​បង់​ប្រាក់​ពិន័យ​យ៉ាង​យូរ​១០​ថ្ងៃទៀត


តុលាការ​ក្រុង​ភ្នំពេញ​ទុក​រយៈ​ពេល​១០​ថ្ងៃ​ជូន​លោក​ស្រី​មូរ សុខហួរ​ ដើម្បី​បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​លោក​ស្រី​មូរ សុខហួរ​បាន​បញ្ជាក់​ថា លោក​ស្រី​នៅ​តែ​ប្រកាន់​ជំហរ​មិន​បង់​ប្រាក់​ពិន័យ​ទាំង​អស់​នេះ​ ហើយ​លោក​ស្រី​គ្រោង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៥​ ខែ​កក្កដា​ខាង​មុខ​នេះ។

លោក ​ជា សុខហៀង ចៅ​ក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង មួយ​ស្តី​អំពី​ការ​អនុវត្ត​ដោយ​បង្ខំ​ចំពោះ​លោកស្រី​មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដោយ​ទុក​រយៈ​ពេល​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​ ឲ្យ​លោកស្រីបង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ចំនួន​ប្រាំបី​លាន​រៀល គឺ​ស្មើ​នឹង​ជាង ​១.៩០០ ដុល្លារអាមេរិក​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។

យោងតាម​លិខិត​មួយ​ច្បាប់​ ដែល​មាន​ចុះ​ហត្ថ​លេខា​ដោយ​លោក​ជា សុខហៀង ចៅ​ក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​បង្គាប់​ឲ្យ​លោក​ស្រីមូរ សុខហួរ យក​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​នេះ មក​តម្កល់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ ដើម្បី​ទូទាត់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ឲ្យ​លោកគី តិច មេធាវី​រដ្ឋាភិបាល​តំណាង​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែនដែល​ជា​ម្ចាស់​បំណុល​។

លោកស្រី ​មូរ សុខហួរ ដែល​ពេល​នេះ កំពុង​ជាប់​បេសកកម្ម​នៅ​ឯ​ក្រៅ​ប្រទេស​បាន​បញ្ជាក់​ប្រាប់ វីអូអេ​សម្លេង​សហ​រដ្ឋអាមេរិក តាម​រយៈ​សារ​អេឡិច​ត្រូនិច​មក​ថា លោក​ស្រី​នៅ​តែ​ប្រកាន់​ជំហរ​មិន​បង់​ប្រាក់​ទាំង​នេះ​ទេ។ លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា លោកស្រី​នឹង​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃ​ទី៥ ខែកក្កដា ខាង​មុខ​នេះ។

លោកស្រី​មូរ សុខហួរ ត្រូវ​បាន​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី២ ខែមិថុនា កន្លង​ទៅ​នេះ តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ឋរណ៍ ដោយតម្រូវ​ឲ្យ​លោក​ស្រី​បង់​ប្រាក់​សរុប​ចំនួន​ ១៦ ​លាន​ និង​ប្រាំសែន​រៀល បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា លោកស្រី​បាន​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ក្នុង​អង្គ​សន្និសិទ​កាសែត​មួយ​កាល​ពី​ខែមេសា។

រតនាគារ​ក្រុង​ភ្នំពេញ​កាល​ពី​ពីរ​សប្តាហ៍​មុន បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ជូន​លោកស្រី​មូរ សុខ ហួរ ដោយ​ទុក​រយៈ​ពេល​តែ​ពីរ​សប្តាហ៍ ដើម្បី​ឲ្យ​លោក​ស្រី​បង់​ប្រាក់​ពិន័យ​ជូន​រដ្ឋាភិបាល​ចំនួន​ប្រាំបី​លាន​ និង​ប្រាំ​សែន​រៀល ​គឺ​ស្មើ​នឹង​ជាង​២.០០០ដុល្លា​សហរដ្ឋអាមេរិក។

លោក ​កែ ប៊ុនឡេង ប្រធាន​រតនាគារ​ក្រុងភ្នំពេញ បាន​និយាយ​ថា ការ​កំណត់​ប្រាក់​ពិន័យ​របស់​លោក​ស្រីមូរ សុខហួរ នេះ នឹង​ផុត​កំណត់នៅ​ថ្ងៃសៅរ៍​ខាង​មុខ​នេះ។ លោក​កែ ប៊ុនឡេង បន្ត​ទៀត​ថា៖

«ផុត​កំណត់​នៅ​ថ្ងៃសៅរ៍ ម៉ោង​១១ គឺ១៤​ថ្ងៃ​ហ្នឹង​បាទ»។

លោក​កែ ប៊ុនឡេង បាន​បដិសេធ​ពុំ​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ពាក់​ព័ន្ឋ​ទៅនឹង​នីតិ​វិធី​បន្ត​របស់​រតនា គារ​ទេ។

លោក ​សុខ រឿង ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ ធ្លាប់​បាន​ប្រាប់ វីអូអេ សម្លេង​សហ​រដ្ឋ អាមេរិក​ថា នៅ​ពេល​ដែល​កាល​កំណត់​បង់​ប្រាក់​ពិន័យ​បាន​ផុត​កំណត់ តុលាការ​នឹង​ទុក​រយៈ​ពេល​១០​ថ្ងៃ​ទៀត​សម្រាប់​លោកស្រី​មូរ សុខហួរ។ ក៏ប៉ុន្តែ​ប្រសិន​ណាបើ​លោកស្រី​មូរ សុខហួរ នៅ​តែ​មិន​បង់​ប្រាក់​ពិន័យ​ទាំង​នោះ​ទេ លោកស្រី​នឹង​ប្រឈម​មុខការដាក់​ពន្ឋនាគារ​បង្ខំ​រាងកាយ ។

សហជីព​សេរី​កម្មករ​របស់​លោកជា មុនី្ន បាន​ចាប់​ផ្តើម​រៃ​អង្គាស​ប្រាក់​ពី​ក្រុម​កម្មករ​ជាង​ប្រាំបី​ម៉ឺន នាក់ ដើម្បី​បង់ប្រាក់​ពិន័យ និង​ប្រាក់​សំណង​ជម្ងឺ​ចិត្តជំនួស​លោកស្រី​មួរ សុខហួរ។

XS
SM
MD
LG