សកម្មជនខាងការពារសិទ្ធិរបស់ស្រ្តីបានមកជួបជុំគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារដើម្បីប្រារព្ធខួបលើកទី១០នៃការបង្កើតអង្គការ Vital Voices និងដើម្បីជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ស្រ្តីនៅជុំវិញពិភពលោក។ ក្នុងចំណោមអ្នកសំខាន់ៗទាំងនោះរួមមានលោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីផងដែរ។
អង្គការ Vital Voices ដែលបានរៀបចំពិធីជួបជុំគ្នានេះ គឺជាអង្គការមួយលំដាប់កំពូលសម្រាប់ផ្តល់ភាពជាអ្នកដឹកនាំដល់ស្រ្តីនៅក្នុងពិភពលោក។
ក្នុងឆ្នាំនេះមានជ័យលាភីចំនួន៧នាក់ដែលអង្គការនេះបានផ្តល់ពានរង្វាន់សម្រាប់ការងារលើកកម្ពស់ដល់សិទ្ធិស្រី្ត ក្នុងនោះមានស្រ្តីក្នុងជួរនយោយបាយ ស្រ្តីក្នុងការងារសង្គមស៊ីវិល និងស្ត្រីក្នុងអាជីវកម្មជំនួញ មកពីសហរដ្ឋអាមេរិក អាហ្វហ្កានីស្ថាន អ៊ីស្រាអែល ប៉ាឡេស្ទីន ឥណ្ឌា និងកាមេរូន ហើយអ្នកនយោបាយដែលមានឈ្មោះល្បីល្បាញដែលទទួលបានរង្វាន់នៅពេលនេះគឺលោកស្រីអង់សាន ស៊ូជីនៃប្រទេសភូមា។
លោកស្រីរដ្ឋមន្រ្តីការបរទេសហ៊ីលឡារី គ្លីនតុនបានមានប្រសាសន៍ក្នុងពិធីនោះថា៖
«អ្នកទាំងនេះមកពីវប្បធម៌ខុសៗគ្នានិងផ្នែកផ្សេងៗនៃពិភពលោក ប៉ុន្តែពួកគេបានចែករំលែកនូវគុណតម្លៃដ៏សំខាន់។ ពួកគេស្វះស្វែងឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីឱ្យមនុស្សរាប់ម៉ឺននាក់និងរហូតដល់រាប់លាននាក់ មានជីវិតរស់នៅប្រសើរឡើង។ អ្នកទាំងនោះបានប្តូរផ្តាច់ចំពោះការងាររបស់ពួកគេ ដោយត្រូវគេចាប់ចង ធ្វើទុក្ខបុកម្នេញ ត្រូវគេសើចចម្អកដាក់ គេប្រមាថមាក់ងាយ និងដាក់ឱ្យនៅឯកោ»។
លោកស្រីមូរ សុខហួរក៏ជាស្ត្រីម្នាក់ ដែលលោកស្រីរដ្ឋមន្រ្តីការបរទេសហ៊ីលឡារី គ្លីនតុនបានជ្រើសរើសផ្តល់ពានរង្វាន់កិត្តិយសក្នុងឆ្នាំ២០០៥។ លោកស្រីមូរ សុខហួរបានលើកទឹកចិត្តស្រ្តីកម្ពុជាឱ្យចូលរួមក្នុងនយោបាយ ដោយលោកស្រីបានជួយបង្ហាត់ណែនាំពួកគេដោយផ្ទាល់និងក្នុងនាមជាអ្នកដឹកនាំនយោបាយមួយរូប។ ចាប់តាំងពីបានទទួលរង្វាន់មក សន្ទុះទឹកចិត្តរបស់លោកស្រីក្នុងការការពារស្រ្តីកើនឡើងកាន់តែច្រើន។
«យើងជាស្ត្រីបានប្តេជ្ញាចិត្តថាបម្រើស្រ្តីនៅក្នុងឆាកនយោបាយ យកអ្វីដែលជាតួនាទីរបស់យើងដែលបានមកពីសន្លឹកឆ្នោតរបស់ស្រ្តីនេះ ដើម្បីយកការឈឺចាប់របស់ស្ត្រីយកមកក្នុងឆាកនយោបាយដោះស្រាយបញ្ហានេះដោយពិតប្រាកដគឺឈរនៅជាមួយស្រ្តី ដើម្បីដោះស្រាយបញ្ហាស្រ្តី»។
ខណៈពេលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកស្រីមូរ សុខហួរបានចំណាយពេលជាច្រើនថ្ងៃជួបជាមួយអង្គការនយោបាយនានា ប្រមូលផ្តុំការគាំទ្រសម្រាប់ស្រ្តីកម្ពុជា ដើម្បីឱ្យពួកគេអាចប្រើប្រាស់នូវសិទ្ធិខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។
នៅឯវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) លោកស្រីបានជម្រាបដល់ក្រុមអ្នកដឹកនាំអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការជួយស្ត្រី ដើម្បីរារាំងពីការចាប់រឹបអូសដីធ្លី និងការបណ្តេញមនុស្សចេញពីលំនៅដ្ឋានដោយបង្ខំ។ លោកស្រីក៏បានលើកឡើងពីការលំបាករបស់ស្រ្តីដែលទទួលរងការជួញដូរផ្លូវភេទនិងពលកម្មផងដែរ។
«ជាការណ៍សំខាន់ណាស់នៅពេលដែលអង្គការមួយដ៏សំខាន់ស្គាល់ហើយនឹងដឹងឮអ្វីដែលជាការតស៊ូរបស់ស្ត្រីយើង ដើម្បីឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិត ដើម្បីកសាងឱ្យមានលទ្ធិប្រជាធិបតេយ្យ។ ហើយវាជាការណ៍សំខាន់ ពីព្រោះ NDI ក៏ជាប្រភពនៃថវិកាដើម្បីជួយ ហើយក៏ជាប្រភពនៃការផ្តល់ព័ត៌មានជូនទៅដល់អ្នកតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក»។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិក លោកស្រីមូរ សុខហួរបានអំពាវនាវឱ្យតំណាងរាស្ត្រស្ត្រីនៅកម្ពុជាចូលរួមក្នុងការតស៊ូដើម្បីសិទ្ធិរបស់ស្ត្រី។
«សូមឱ្យតំណាងរាស្ត្រទាំងអស់គ្នា ជាពិសេសតំណាងរាស្រ្តទាំង៩០រូបមកពីគណបក្សប្រជាជនកម្ពុជា ការពារអ្វីដែលជាអំណាចសភា។ កុំការពារអ្វីដែលជាគោលការណ៍នៃគណបក្សរបស់ខ្លួន។ ឈប់ទៅ ព្រោះយើងមកដល់សភា យើងបម្រើរាស្ត្រ។ យើងមិនបម្រើគណបក្សរបស់ខ្លួនទេ»។
របាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១០ ចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា អំពើហិង្សាលើស្រ្តីនិងការជួញដូរស្រ្តី និងកុមារនៅតែកើតមាន។
លោកស្រីមូរ សុខហួរជឿថា ការកសាងបណ្តាញទូលំទូលាយសម្រាប់ក្រុមការពារសិទ្ធិស្រ្តីនៅក្រៅប្រទេសកម្ពុជានឹងផ្តល់នូវជីវភាពប្រសើរឡើងដល់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដោយសារតែសំឡេងរបស់ពួកគេនឹងត្រូវបានគេស្តាប់ឮជាអន្តរជាតិ៕