មានជនរងគ្រោះខ្មែរជាងពីរសែននាក់ ត្រូវបានរបបខ្មែរក្រហមចាប់បង្ខំឱ្យរៀបការជាមួយគូស្រករខុសនឹងទំនៀមទម្លាប់ខ្មែរ និងមិនមានការស្ម័គ្រចិត្តរបស់ពួកគេ។ ក្រុមអ្នកច្បាប់ចាត់ទុកថា នេះគឺជាបទឧក្រិដ្ឋរំលោភផ្លូវភេទ ហើយបច្ចុប្បន្នមានជនរងគ្រោះខ្លះបានប្តឹងមកសាលាក្តីខ្មែរក្រហមដើម្បីទាមទារសំណងខូចខាតចំពោះពួកគេ។
ក្នុងអំឡុងពេលកាន់អំណាច របបខ្មែរក្រហមបានបង្កើតនូវរបៀបរៀបចំអាពាហ៍ពិពាហ៍មួយដែលមិនធ្លាប់មានពីមុនមកក្នុងសង្គមកម្ពុជានោះ គឺការចាប់បង្ខំមនុស្សឱ្យរៀបការជាសមូហភាពនៅក្នុងពិធីដែលមានលក្ខណៈជាការប្រជុំច្រើនជាងពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។
ក្នុងការរៀបការម្តងៗ មានចាប់ពីបីគូរហូតដល់ទៅ១៦០គូ។ ពួកគេគ្មានសិទ្ធិប្រកែកមិនទទួលយកអ្នកដែលអង្គការតម្រូវឱ្យរៀបការទេ។ បើសាកល្បងប្រកែកនឹងត្រូវចោទប្រកាន់ថា មិនស្មោះត្រង់ជាមួយអង្គការ ហើយអាចត្រូវយកទៅសម្លាប់ ឬទទួលទារុណកម្ម។
កញ្ញាម៉ម កល្យាណី ដែលបានសិក្សាស្រាវជ្រាវលើករណីនៃការបង្ខំឱ្យរៀបការក្នុងរបបខ្មែរក្រហម បានបញ្ជាក់ប្រាប់ វីអូអេ ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា៖
«បើយើងអត់រៀបការទេ គេថា យើងខូចសីលធម៌ យើងមានសង្សារផ្សេង យើងអត់មានស្មោះត្រង់ទៅលើអង្គការ។ អញ្ចឹងបានជាប្រជាជនទាំងអស់គ្នាត្រូវតែរៀបការ។ មានអ្នកខ្លះដែលគេបង្ខំ ហើយបានប្រកែកថា មិនព្រម ហើយថា អត់រៀបការបានទេ។ អ្នកនោះអាចរួចខ្លួនចេញពីការរៀបការនោះ ប៉ុន្តែភាគច្រើនត្រូវតែព្រមត្រូវតែរៀបការ។ បើអត់ព្រមទេ គេយកដាក់គុក ឬក៏ត្រូវសម្លាប់ចោល»។
កញ្ញាម៉ម កល្យាណីបានបន្ថែមទៀតថា មានអ្នកខ្លះដឹងថា ខ្លួនត្រូវរៀបការ មុនពេលពិធីបន្តិចតែប៉ុណ្ណោះ។ មានគូស្រករខ្លះមានឱកាសមើលមុខអនាគតស្វាមី ឬភរិយារបស់គាត់តែនៅពេលដែលត្រូវរៀបការប៉ុណ្ណោះ៖
«ហើយខ្លះណាគេអាចបង្ខំឱ្យរៀបការ។ ហើយគេបង្ខំឱ្យរៀបការជាមួយអ្នកដែលអត់មានដៃ អត់មានជើង អត់មានអី។ គេឱ្យអ្នកថ្មីរៀបការជាមួយអ្នកចាស់ ហើយអ្នកចាស់អាចអត់មានភ្នែក អត់មានដៃ អត់មានជើង ព្រោះការហ្នឹងមានដូចជា១០០គូ ហើយពេលការនោះអត់មានពេលវេលាមើលគ្នាទេ។ យើងមើលតែមុខ ហើយមើលដៃជើងភ្លាមៗ ហើយគេការឱ្យយើងទៅ»។
យោងតាមការស្រាវជ្រាវមួយឱ្យដឹងថា យ៉ាងហោចណាស់មានជនរងគ្រោះចំនួនជាង២០០.០០០នាក់ត្រូវបានរបបខ្មែរក្រហមបង្ខំឱ្យរៀបការក្នុងអំឡុងពេលកាន់អំណាចរបស់ពួកគេ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
នៅក្នុងបទសម្ភាសន៍កន្លងមកជាមួយអ្នកសារព័ត៌មានបរទេស លោកនួន ជា អតីតមេមនោគមវិជ្ជាខ្មែរក្រហម ធ្លាប់បានឆ្លើយការពារគោលនយោបាយរបស់របបខ្មែរក្រហមថា រដ្ឋាភិបាលចង់ឱ្យប្រជាជនមានគូស្រករដើម្បីបង្កើតកូនចៅឱ្យអង្គការ ព្រោះអង្គការត្រូវការមនុស្ស ហើយបើទុកឱ្យប្រជាជនជ្រើសរើសគូទៅតាមការពេញចិត្តគឺអាចមានអ្នកខ្លះដែលរបួសពិការក្នុងពេលសង្គ្រាមរំដោះប្រទេសជាតិ មិនអាចរកគូស្រករបានទេ។
យោងតាមការស្រាវជ្រាវរបស់កញ្ញា Natalae Anderson និស្សិតច្បាប់នៃសាកលវិទ្យាល័យ Rutgers ឱ្យដឹងថា ក្រោយពីការដួលរលំនៃរបបនេះមានគូស្រករខ្លះនៅបន្តរស់នៅជាមួយគ្នា ដោយសារពួកគេមានកូនជាមួយគ្នា ហើយគូខ្លះទៀតក៏បានលែងលះគ្នា។
ការស្រាវជ្រាវនោះក៏រកឃើញថា ការបង្ខំឱ្យរៀបការមានផលប៉ះពាល់ខាងរាងកាយនិងផ្លូវអារម្មណ៍របស់ជនរងគ្រោះទាំងនោះ ដូចជាការបាត់បង់នូវឱកាសរើសគូស្រករតាមការពេញចិត្តរបស់ខ្លួន ទទួលរងនូវការបង្ខំដោយហិង្សាដើម្បីឱ្យបានរៀបការ ត្រូវទទួលខុសត្រូវចិញ្ចឹមកូនដែលកើតមកពីអាពាហ៍ពិពាហ៍នេះ និងត្រូវបង្ខំបន្តនូវទំនាក់ទំនងជាមួយអតីតប្តី ឬប្រពន្ធដែលបានរៀបការក្នុងសម័យខ្មែរក្រហម បើទោះបីជាពួកគេបានលែងលះគ្នាហើយក៏ដោយដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់ពួកគេ។
ចំណែកកញ្ញា Beini Ye ទីប្រឹក្សាផ្នែកច្បាប់នៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ប្រាប់ វីអូអេ ថា ការរៀបការដោយមិនស្ម័គ្រចិត្ត និងព្រមព្រៀងគ្នាជាមុនគឺជាបទល្មើសមួយ។
«នេះជាបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពីព្រោះជនរងគ្រោះដែលត្រូវបានបង្ខំឱ្យរៀបការ អត់មានសិទ្ធិជ្រើសរើសប្រពន្ធ ឬប្តី ហើយពេលយប់ គេបង្ខំជនរងគ្រោះរួមភេទជាមួយគ្នា។ នោះជាការរំលោភ គឺការរំលោភលើអ្នកទាំងពីរ។ សម្រាប់បុរសគឺជាការរំលោភចំពោះបុរស ហើយការរំលោភចំពោះស្រ្តីដែរ ហើយការរំលោភជាបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែរ។ ហេតុនេះ ការបង្ខំឱ្យរៀបការត្រូវតែបានស៊ើបអង្កេត ហើយត្រូវបានចោទប្រកាន់នៅក្នុងតុលាការអន្តរជាតិ ដូចជានៅក្នុងតុលាការខ្មែរក្រហម»។
មានជនរងគ្រោះខ្លះបានដាក់ពាក្យប្តឹងទៅតុលាការខ្មែរក្រហមទាមទារសំណងចំពោះការធ្វើបាបមកលើពួកគេ។
លោកស្រីស៊ឹន សូវ៉ន មេធាវីនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានប្រាប់ វីអូអេ ថាមានអតីជនរងគ្រោះពីការបង្ខំឱ្យរៀបការ និងការរំលោភផ្លូវភេទចំនួន១៣៨នាក់បានដាក់ពាក្យបណ្តឹងទៅសាលាក្តីខ្មែរក្រហមតាមរយៈអង្គការរបស់លោកស្រី។
«យើងឃើញថា អាពាហ៍ពិពាហ៍ដោយបង្ខំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ យើងឃើញថា ជនរងគ្រោះមិនមែនសុទ្ធតែជានារីទេ។ យើងឃើញថា មានបុរសជាជនរងគ្រោះដែរ ពីព្រោះអាពាហ៍ពិពាហ៍ហ្នឹងកើតឡើងដោយការគ្រោងទុករបស់គេហ្នឹង កើតឡើងដោយការបង្ខំ មិនមានការព្រមព្រៀងពីគូភាគី។ ឃើញថា ភាគីប្រុស ភាគីស្រី សុទ្ធតែកើតឡើងដោយការបង្ខំ។ ហេតុនេះ ពួកគាត់ទាំងពីរនាក់គឺជាជនរងគ្រោះ។ យើងមិនសំដៅតែលើស្រ្តីដែលជាជនរងគ្រោះទេគឺបុរសគាត់ក៏ជាជនរងគ្រោះដែរក្នុងសម័យហ្នឹង»។
លោកស្រីស៊ឹន សូវ៉នបានបន្ថែមទៀតថា ក្នុងចំណោមកូនក្តីរបស់លោកស្រីគឺមានបុរសចំនួន២៨នាក់ផងដែរ ហើយទាំងជនរងគ្រោះជាបុរស និងស្រ្តីបានប្តឹងទាមទារដោយសារពួកគាត់បានតូចចិត្តដោយសារគ្មានសិទ្ធិរើសគូស្រករនាសម័យនោះ។
«គាត់គិតតូចចិត្តខ្លួនគាត់ថា ជាមនុស្ស គាត់ជាកូនស្រីដូចគេដូចឯង គាត់មិនបានរៀបការដោយស្របច្បាប់ ដោយម៉ែឪ ឬក៏ចាស់ទុំចងដៃ មានលោកមានអាចារ្យឱ្យពរឱ្យជ័យ។ អញ្ចឹងដល់គាត់ឃើញសម័យហ្នឹងមានការរៀបការអញ្ចឹង គាត់មានការតូចចិត្ត។ គាត់មានការសោកស្តាយ។ គាត់យល់ថា កម្មរបស់គាត់ក្នុងសម័យហ្នឹងដែលគាត់មិនបានរៀបការដូចគេដូចឯង មិនបានរៀបការធ្វើជាពិធីមានការលាបមុខ លាបមាត់ស្អាតបាត ស្លៀកពាក់ប្រពៃណី គឺគាត់មានការតូចចិត្តនឹងបញ្ហាហ្នឹង នេះទីមួយ។ ទីពីរទៀត គាត់មានការតូចចិត្តថា សម័យឥឡូវរៀបការគឺគូរភាគីទាំងពីរមានការស្គាល់គ្នាមុន មានការព្រមព្រៀងគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ហើយឳពុកម្តាយទាំងសងខាងមានការព្រមព្រៀង។ ហើយក្នុងសម័យហ្នឹង អង្គការគេហ្នឹង គេមិនចាំបាច់សួរយោបល់ពីឳពុកម្តាយទេ ពីព្រោះអង្គការគេចាត់ទុកថា ពួកគេជាឳពុកម្តាយហើយ»។
មានអ្នកជំនាញការច្បាប់មកពីប្រទេសជាច្រើន ក្នុងនោះ ដូចជាមកពីសហរដ្ឋអាមរិក បារាំង អាល្លឺម៉ង់ និង Rwanda ជាដើម បានចូលរួមក្នុងសន្និសីទអន្ដរជាតិស្ដីពីយុត្តិធម៌ ដែលរៀបចំដោយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាកាលពីថ្ងៃទី៣ និង៤ ខែវិច្ឆិកាកន្លងមកនេះ ដើម្បីផ្ដោតជាសំខាន់ទៅលើការរំលោភផ្លូវភេទដល់ជនរងគ្រោះក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
កញ្ញា Beini Ye បានបញ្ជាក់ប្រាប់ វីអូអេ ថា ការជួបជុំនេះគឺដើម្បីឱ្យអ្នកច្បាប់មកពី បរទេសបានចែករំលែកបទពិសោធន៍របស់ពួកគេ ហើយក៏ដើម្បីជួយជាទុនដល់ការតស៊ូមតិឱ្យតុលាការខ្មែរក្រហមយកចិត្តទុកដាក់លើបញ្ហាការរំលោភផ្លូវភេទ ដូចជាការរំលោភអ្នកទោស ការរួមភេទជាមួយកម្មាភិបាលខ្មែរក្រហមដើម្បីជាថ្នូរនឹងស្បៀងអាហារ និងថ្នាំសង្កូវ និងការបង្ខំឱ្យមានការរៀបការក្នុងរបបខ្មែរក្រហម។ នេះជាបទល្មើសឧក្រិដ្ឋមួយ។
«យើងចង់តស៊ូមតិដើម្បីឲ្យតុលាការខ្មែរក្រហមនិយាយអំពីប្រធានបទការបង្ខំរៀបការ និយាយអំពីរឿងការរំលោភផ្លូវភេទដែរ ពីព្រោះឥឡូវនេះតុលាការគេអត់សូវផ្តោតទៅលើរឿងនោះ ហេតុនេះយើងសុំវាគ្មិនមកពីបរទេស មកពីតុលាការអន្តរជាតិផ្សេងៗដើម្បីឱ្យគាត់និយាយអំពីតុលាការអន្តរជាតិផ្សេង អំពីការស៊ើបអង្កេតលើការរំលោភឬក៏ការបង្ខំឱ្យរៀបការនៅក្នុងតុលាការ ឧទាហរណ៍នៅក្នុងតុលាការនៅ Rwanda ឬក៏នៅក្នុងតុលាការនៅក្នុងយូហ្គោស្លាវី»។
តុលាការខ្មែរក្រហមបានចាត់ទុកថា ការបង្ខំឱ្យរៀបការជាបទល្មើសមួយក្នុងបទល្មើសនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប៉ុន្តែមិនបញ្ចូលការរំលោភផ្លូវភេទផ្សេងទៀតដូចជាការរំលោភអ្នកទោស ចូលទៅក្នុងបទចោទប្រកាន់នៅឡើយទេ។
បច្ចុប្បន្នមានមេដឹកនាំនៃរបបខ្មែរក្រហមប្រាំរូបត្រូវបានឃុំខ្លួនរង់ចាំការកាត់ទោសក្នុងតុលាការខ្មែរក្រហម ក្នុងនោះរួមមានឌុច អតីតមេគុកទួលស្លែង ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ៕