ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ភ្លើតភ្លើន​ជំរុញ​ឲ្យ​សិស្ស​ និង​និស្សិតមួយ​ចំនួន​លក់​ខ្លួន


នារី​​រកស៊ី​​ផ្លូវភេទ​អង្គុយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​
នារី​​រកស៊ី​​ផ្លូវភេទ​អង្គុយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​

ភ្នំពេញ៖ ភាព​ភ្លើតភ្លើន​សប្បាយ​ហួស​ព្រំដែន​បាន​ជំរុញ​ឲ្យ​សិស្ស​ និង​និស្សិត​មួយ​ចំនួន ​នៅក្នុងប្រទេស​កម្ពុជា​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​បណ្ដាញ​នៃ​មុខ​របរ​លក់ខ្លួន​ឬ​ការ​រកស៊ី​ផ្លូវភេទ ដើម្បី​យក​ប្រាក់​មក​ចាយវាយ​តាម​របៀប​សប្បាយ​របស់​យុវវ័យ​បែប​សម័យ​ទំនើប។

មាន​សក់ខ្មៅ​វែង​ត្រង់​រលោង​រលើប​ ម៉ានី​អង្គុយ​លើ​កៅអី​ជ័រ នៅ​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​មួយ​ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។​ នាង​មាន​រាង​តូច​ ​ខ្ពស់ ​ស្រឡូន​ ​សាច់ស​ ​ម៉ត់​ខ្ចី​ និង​និយាយ​ដោយ​សំដី​មួយៗ​ ​យ៉ាង​សុភាព​រាបសារ។

ម៉ានី​គឺជា​ឈ្មោះ​ដែល​អ្នកនិពន្ធ​ដាក់​ឲ្យ។ ​ក្នុង​វ័យ​១៩ឆ្នាំ​ ​ម៉ានី​ ​ឆ្នាំ​នេះ​រៀន​នៅ​ថ្នាក់​ទី៩ ​នៃ​វិទ្យាល័យមួយ​របស់​រាជធានី​ភ្នំពេញ។

កាល​ពី​បី​ឆ្នាំ​មុន​ ​យុវតី​ដ៏​ស្រស់​សោភា​រូប​នេះ​បាន​សេព​គប់​មិត្តភ័ក្រ​ស្រី​ប្រុស​មួយ​ចំនួន។​ ពួក​គេ​បាន​នាំ​ម៉ានី​ទៅ​ដើរលេង​ ​ដូច​ជា​ទៅ​ច្រៀង​ខារ៉ាអូខេ ​ទៅ​រាំ​នៅ​ក្លឹប​ឌីស្គូ ​និង​កន្លែង​កម្សាន្តផ្សេងៗទៀត​ជាដើម។

ដោយ​សារតែ​លង់​នឹង​ភាព​សប្បាយ​ដ៏អស្ចារ្យ​នេះ​ ម៉ានី​ បាន​គេច​សាលា​ជា​ញឹកញាប់​ ហើយ​មាន​ថ្ងៃ​មួយ​នាង​ក៏បាន​ស្គាល់​យុវជន​ម្នាក់​ដែល​មាន​អាយុ​ប្រមាណ​ជា​២១ឆ្នាំ។

ក្ដីស្នេហា​ក៏បាន​ចាប់ផ្ដើម​ក្នុង​ភាព​យុវវ័យ​របស់​នាង​ ហើយ​នាង​ក៏បាន​ជ្រុល​ជ្រួស​ខ្លួនប្រាណ​ រួចក៏បាន​សម្រេច​ចិត្ត​រស់នៅ​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ ដោយ​លាក់​លៀម​ ​មិន​ឲ្យ​ឪពុកម្តាយ​ដឹង​ឡើយ។

លុះដល់​បែក​ការណ៍​ ​យុវតី​រូប​នោះ​ទទួល​រង​ការ​ស្តីបន្ទោស​ពី​ម្តាយ​ជា​ញឹកញាប់​រហូត​ធ្វើ​ឲ្យ​គេធុញ​ទ្រាន់​ ​ហើយ​ក៏​សម្រេច​ចាកចេញពី​ផ្ទះ​មួយ​រយៈ​ ​ទីបំផុត​សង្សារ​របស់​នាង​ដែល​រួមរស់​ជាមួយ​គ្នា​នោះ​ បាន​បោះបង់​រូបនាង​ចោល។​ ម៉ានី​ខូច​ចិត្ត​ជាខ្លាំង។​ ហើយ​នៅ​ទីបំផុត​ ​នាងបានធ្លាក់​ខ្លួន​ ​ជួប​វិបត្តិ​អស់​លុយចាយ។

លុះ​ដល់​ថ្ងៃមួយ​ ​នាង​មាន​មិត្តភ័ក្រ្ក​ស្រី​ម្នាក់​ដែល​រៀន​ថ្នាក់​ជាមួយ​ដែរ​ ​បាន​បបួល​ទៅ​ញុំបាយ​ពេលល្ងាច​ ​ហើយ​បាន​ណែនាំ​នាង​ទៅ​ឲ្យ​បុរស​ចំណាស់​ម្នាក់​ ​ដើម្បី​ឲ្យ​នាង​ទៅ​រួមភេទ​ជាមួយ​បុរស​នោះ​ ជា​ថ្នូរ​យក​លុយ​ ​នៅពេល​ដែល​នាង​កំពុង​ខ្វះខាត។​ នាង​ក៏​បាន​យល់ព្រម។

«មាន​ពួកម៉ាក​ខ្ញុំ​ម្នាក់​ ​ពួកម៉ាក​ស្រី​ ​បាន​សួរ​ខ្ញុំ​ថា ​ឯង​ភ្លើ​ម្ល៉េះ។ ​ខូច​ខ្លួនជា​មួយ​គេ​អញ្ជឹង​អត់​បានលុយ​មួយ​រៀល​សោះ​ ​អញ្ជឹង​តាម​អញ។​ អញ​ស្គាល់​គេ។​ គេហៅ​ខ្ញុំ​ទៅ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គេ។​ ដល់​ពេល​ចេញ​ពី​ខារ៉ាអូខេ​ទៅ​ ​ពួក​ខ្ញុំ​នៅ​ជាមួយ​គ្នា​ ​ ហើយ​ព្រឹក​ឡើង​ ​គាត់​ឲ្យ​លុយ​ខ្ញុំ​ធម្មតា​ ​ពីព្រោះ​គ្រួសារ​ខ្ញុំ​ក៏​គេ​គ្រាន់​បើ​ដែរ។ ​គេ​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ដែរ។ ​តែ​យើង​វា​តម្រូវការខ្ពស់​ពេក​អញ្ជឹង​មាន​តែ​យើង​តាម​ផ្លូវ​នេះ​ដែរ​តែ​លក្ខណៈ​លាក់​មុខ»។

បន្ទាប់ពី​ថ្ងៃនោះ​ មក​នាង​បាន​ទៅ​គេង​ជាមួយ​បុរស​ប្លែក​មុខ​ជាញឹក​ញាប់ ដើម្បី​យក​លុយ​មក​ចាយ​វាយ​សម្រាប់​ការ​សប្បាយ​មួយ​ចំនួន​ ដូច​ជាការ​ផឹកស៊ី​ ការ​រាំរែក​ និង​ច្រៀង​ខារ៉ាអូខេជាដើម រហូត​នៅ​ពេលខ្លះ នាង​ចាយ​មួយ​យប់​អស់​ប្រហែល​ជា​៣០០ដុល្លា​ឬច្រើន​ជាងនេះ​ក៏មាន។

នៅពេល​នេះ​ ម៉ានី មិន​ត្រឹមតែ​ជា​សិស្ស ​ដែល​ប្រកប​មុខ​របរ​លួចលាក់​នេះដោយ​ខ្លួន​ឯងនោះ​ទេ នាង​ពោល​ដោយ​ឥត​លាក់លៀមថា សិស្សា​នុសិស្ស ​ដែល​បាន​ស្គាល់​នាង​មួយ​ចំនួន​តូច​ទៀត​ ដែល​កំពុង​រៀន​ជាប់​ជា​ប្រចាំ​ប្រហែល​ជា៦នាក់​ តែងតែ​មក​រក​នាង ដើម្បី​ឲ្យ​ជួយ​រក​ភ្ញៀវឲ្យ​ពួគគេ ដោយសារ​ពួក​គេចង់​បាន​លុយ​សំរាប់​ចាយវាយ​ហើយ​មាន​សិស្ស​សាលា ​ដែល​ចូល រៀន​មិន​ជាប់​លាប់​ប្រហែល​ជាង​៣០នាក់​ផ្សេង​ទៀត​ ក៏បាន​មក​រក​នាង​ ដើម្បី​ទៅ​ក្រៅ​ជាមួយ​ភ្ញៀវ​បែប​នេះ​ដែរ។

ម៉ានី ​បញ្ជាក់​បន្ថែម​ថា​ សិស្ស​សាលា ដែល​បាន​មក​ទាក់ទង​នាង​ឲ្យ​រក​ម៉ូយ​ដាក់​ឲ្យនោះ សុទ្ធ​តែមាន​រូបរាង​ស្អាតៗ​ភាគ​ច្រើន មាន​អាយុ​ពី១៦​ទៅ​១៨ឆ្នាំ​រៀន​នៅ​ថ្នាក់ចន្លោះ​ពី​ទី៩​ដល់​ទី១២​ ក្នុងទីក្រុង​ភ្នំពេញ។

ម៉ានី បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា សិស្ស​ទាំងនោះ​ តែងតែ​បាន​ទទួល​កម្រៃចន្លោះ​ពី៥០​ទៅ​៣០០ ដុល្លា​ក្នុង​ការ​ទៅ​គេង​ជាមួយ​ភ្ញៀវ​ម្តងៗ។

នាង​បាន​បញ្ជាក់​ថា សិស្ស​ដែល​លក់​ខ្លួន​ទាំង​នេះ​មិនមែន​សុទ្ធតែ​ជា​កូនអ្នក​មាន​ជីវភាព​ក្រីក្រ​ទាំង​អស់​នោះ​ទេ មាន​អ្នកខ្លះ​ឪពុក​ ម្តាយ​ ជាអ្នក​មាន​ហើយ​មាន​ថានៈ​ខ្ពង់ខ្ពស់​ក្នុង​ជួររ​ដ្ឋាភិបាល​ទៀត​ តែ​ដោយសារ​តែ​តម្រូវ​ការ​ចាយ​វាយ​ខ្ពស់​ហួសហេតុ​ ​ដូចជា​រក​ប្រាក់​ដើម្បី​ផ្គាប់​ចិត្ត​សង្សារ។ ​ដូច្នេះ​ទោះ​បី​ជា​ប្រាក់​ ដែល​ឪពុក​ម្តាយ​ឲ្យ​ចាយ​ច្រើន​យ៉ាងណា​ក៏​មិន​គ្រាប់គ្រាន់​ ​ជាហេតុបណ្តាល​ឲ្យ​ពួកគេ​ត្រូវ​ជ្រើសរើស​ដើរ​ផ្លូវ​នេះ​ ដោយ​ការ​ស្ម័គ្រចិត្ត​ ​ដែល​ឪពុក​ម្តាយ​មិន​បាន​ដឹង​ទាល់តែ​សោះ​អំពី​រឿង​នេះ។

ម៉ានី ​បាន​សារភាព​ដោយ​ត្រង់​ថា​ ទាំង​រូបនាង​និង​សិស្ស​សាលា​មួយ​ចំនួន​ទៀត​ទៅ​គេង​ជា​មួយ​បុរស​ប្លែកមុខដើម្បី​យក​លុយ​នេះ​ គឺ​ដោយសារ​តែ​មាន​ការ​អូសទាញ​ពី​មិត្តភ័ក្រ្ក​ឲ្យ​សប្បាយ​ភ្លើតភ្លើន​ ​ភ្លេច​ខ្លួន​ រហូតដល់​ប្រើគ្រឿងញឿន​ ​ហើយ​អ្នក​ទាំងនោះ​សុទ្ធតែ​មាន​សង្សារ​ ​បាន​ជ្រុល​ជ្រួសនៅ​ជាមួយ​គ្នា​ ​ហេតុ​ដូច្នេះ​ ​ពួកគេ​គិត​ថា​ ​ពេល​ទៅ​នៅ​ជាមួយ​អ្នកណា​ផ្សេងទៀត​ក៏​មិនមាន​អ្វី​ខាត​បង់​ទៀត​ដែរ។

ក៏​ប៉ុន្តែ​ ​ទោះបី​ជា​យ៉ាងណា​ ​ម៉ានីបាន​សំដែង​ការ​សោកស្តាយ​ជាខ្លាំងនៅពេល​ដែល​នាង​បាន​ជ្រើស​រើស​ផ្លូវ​ខុស​បែប​នេះ​ ​តែ​នាង​បាន​ឲ្យ​ដឹង​ថា​ ​នាង​មិន​អាច​ត្រឡប់​ថយ​ក្រោយ​បាន​នោះទេ ​ដោយសារ​នាង​មិនអាច​បោះបង់​ទម្លាប់​ការសប្បាយ​របស់​នាង​ដែល​ធ្លាប់​មាន​កន្លងមក​បាន​ឡើយ។

ជាមួយ​គ្នានេះ​ដែរ​ សុច័ន្ទ​ ​ឈ្មោះ​ដែល​អ្នកនិពន្ធ​ដាក់​ឲ្យ​ គឺជា​និស្សិត​ឆ្នាំ​ទី១​ផ្នែក​ភាសា​អង់គ្លេស​ នៅ​សកល​វិទ្យាល័យ​ឯកជន​មួយ​ក្នុង​ក្រុង​ភ្នំពេញ។

នាង​បាន​រៀបរាប់​ថា​ ​ការ​អូសទាញ​ពី​មិត្តភ័ក្រ្ក​ ​ដើរ​លេង​សប្បាយ​ភ្លើតភ្លើន​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ស្តី​បន្ទោស​ជាខ្លាំង​ ​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ចាក​ចេញ​ពីផ្ទះ​អស់​រយៈ​ពេល​ជាង​២​ខែ​កន្លង​មក​ ហើយដោយ​ជួល​ផ្ទះ​នៅ​ជាមួយ​សង្សារ​និងមិត្ត​ភ័ក្រ្ក​ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សង្សារ​របស់​នាង។​សុច័ន្ទមាន​អាយុ​១៨ឆ្នាំ។​ នាង​មាន​សប្បុរ​ខ្មៅ​ស្រអែម​ ​ភ្នែក​ធំៗ​និង​មាន​ច្រមុះ​ខ្ពស់​ស្រួច។

ជា​ញឹកញាប់​ ​សុច័ន្ទ​តែងតែ​យក​ដៃ​ខ្ទប់​មុខ​ ​ហើយ​និយាយ​រអាក់​រអួល​បន្តិច​ ដោយ​សារ​ការ​ខ្មាស់អៀន។​ នាង​បាន​ឲ្យ​ដឹង​ថា​ ​នៅថ្ងៃ​មួយ​ ​ ដោយសារ​តែ​អស់​លុយ​មែនទែន​ ​នាង​ដាច់​ចិត្ត​ទៅ​គេង​ជាមួយបុរស​ម្នាក់ ​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ ​ ​តាម​ការ​ណែ​នាំ​ពី​មិត្ត​ភ័ក្រ្ក​ ​ដោយ​បាន​កម្រៃ៥០​ដុល្លារ​អាមេរិក។ ហើយ​រហូត​មក​ដល់​ពេល​នេះ នាង​ទើប​តែ​ចេញ​ទៅ​ជាមួយ​ភ្ញៀវ​បាន​តែ​២នាក់​ប៉ុណ្ណោះ។

«និយាយ​រួម​ថា ដើរ​លេង​ជាមួយ​មិត្តភ័ក្រ្ក​ ​១ថ្ងៃ​២ថ្ងៃ​ ចាំ​ចូល​ផ្ទះ។ ​យ៉ាង​ច្រើន​ត្រូវ​មាត់​តែប៉ុណ្ណោះ។ ដើរលេង​ជ្រុល​ ​ដល់​អស់​របស់​លែង​ហ៊ាន​ចូល​ផ្ទះ។ ​មូលហេតុ​ទទួល​ភ្ញៀវ​ដោយសារ​ថ្ងៃនោះ​អត់​លុយ​ បាន​ទៅ​ដាច់​ចិត្ត​ថា​ ​អត់​លុយ​បាន​ទៅ​ ​ទៅនោះ​ភ័យៗ។ ​យើង​ចេះ​តែ​ខ្លាច។​ ខ្លាចជួប​អ្នក​ស្គាល់​ម៉ាក់​ប៉ា។ ហើយ​ខ្លាច​គេ​ស្គាល់​បងខ្មាសគេ​។ ​ម៉ាក់​ ប៉ា​ប៉ុណ្នឹងៗ​ដែរ​ ​យើង​ដើរ​ធ្វើអញ្ជឹងៗ»។

ភាព​ភ្លើតភ្លើន​បាន​ជំរុញ​ឲ្យ​សិស្ស​ និស្សិតមួយ​ចំនួន​បាន​ជ្រើសរើស​ផ្លូវ​ខុស ​ជា​ហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ជាច្រើន​ដល់​សង្គម​ ​ជាពិសេស​ដល់អនាគត​សិស្ស​ទាំងនោះ។

លោក​ ឡុង រឹម ជា​គ្រូ​បង្រៀន​ប្រវត្តិវិទ្យា​ថ្នាក់​ទី១០​និង ទី១១​នៃ​វិទ្យាល័យ​ហ៊ុន សែន​ ប៊ុនរ៉ានី ​វត្ត​ភ្នំ​ បាន​ឲ្យ​ដឹង​ថា​ គ្រូ​ទាំងអស់​ ​នៅពេល​កំពុង​បង្រៀន តែងតែ​ព្យាយាម​ពន្យល់​ណែនាំ​ដល់​សិស្ស ​ជានិច្ច​ក្នុង​ការ​ប្រតិបត្តិ​ខ្លួន​ឲ្យ​ល្អ​ ​ក៏ប៉ុន្តែ​សង្គម​បរិយាកាស​ខាងក្រៅ​មាន​កន្លែង​សប្បាយ​ច្រើន​ពេក​ដូចជា​ខារ៉ាអូខេ​ ​ក្លឹប​រាំកម្សាន្ត ជាដើម ​ដែល​ជា​កន្លែង​ងាយ​ទាក់ទាញ​ឲ្យ​កូន​សិស្ស​ទៅ​រក​ផ្លូវ​មិន​ល្អ។

«យើង​ត្រូវតែ​រួម​ទាំងអស់​គ្នា​តាំងពី​សង្គម​គ្រួសារ ​តាំងពី​សង្គម​បរិយាកាស​ជុំវិញ​ខ្លួន​យើង​ ​មាន​ន័យ​ថា​ នៅក្នុង​ទី​សាធារណៈ​ ​នៅក្នុង​សហគមន៍​មូលដ្ឋាន​ទាំងអស់​នេះ​ ​ក៏​ដូចជាសាលា គឺ​ត្រូវ​រួមគ្នា​ទាំងអស់​ ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងអស់​នេះ​ ​ហើយ​មួយ​ទៀតការ​ដែរ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស​ជ្រុល​ហួស​ហេតុ​ពេក​ក៏​មិនមែន​ជា​ការ​ល្អ​ដែរ»។

លោក​ចេង ចំរើន ​ជា​ប្រជា​ពលរដ្ឋ​រស់​នៅក្រុង​ភ្នំពេញ​ ដែល​មាន​កូន​កំពុង​សិក្សា​នៅ​វិទ្យាល័យ ​បាន​ឲ្យ​ដឹងថា​ ​វាជា​រឿង​មួយ​គួរ​ឲ្យ​រន្ធត់​ ​និង​ស្ទើរតែ​មិន​ជឿ​ ​នៅ​ពេល​ដែល​បាន​ដឹង​ថា​ ​មាន​កូន​សិស្ស​សាលា​មួយ​ចំនួន​បាន​លក់​ខ្លួន​បែប​នេះ​ ​ហើយ​ភាគច្រើន​ ​ឪពុក​ ម្តាយ​មិន​បាន​ដឹងថា​ ​កូន​ទៅ​ធ្វើ​ដូច្នេះ​ទេ​ គឺ​គា្រន់តែ​ដឹង​ថា​ ​ កូន​របស់​ខ្លួន​ទៅ​រៀន​តែ​ប៉ុណ្ណោះ។

«ឪពុក​ ម្តាយ​ក៏​មិន​ដឹង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដែរ​ ​បើ​ឥទ្ធិពល​សង្គម​វា​ជះ​មក​ខ្លាំង​អញ្ជឹង។​ បន​ បារ​ ​ផឹក​ស៊ី​ ​វា​ភ្លើតភ្លើន​ច្រើន។ ​និយាយ​រួម​សំភារៈ​និយម​ ​វា​អូសទាញ​ច្រើន។ បើ​យើង​មិន​មាន​វិធានការទប់ស្កាត់​ ​ទាំង​រដ្ឋាភិបាល​ ទាំង​ឪពុកម្តាយ​ទេ​ ​នោះ​បញ្ហា​នេះ​ ក្មេងវា​កាន់តែ​ភ្លើតភ្លើន​កាន់​តែ​ខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ខូច​វប្បធម៌​សង្គម​ ​ធ្វើ​ឲ្យ​ខូច​ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​យើង»។

នៅ​ពុំទាន់​មាន​ការ​សិក្សា​ណា​មួយ​ធ្វើឡើង​ទៅលើ​ក្របខណ្ឌ​នេះ​ ដែល​សិស្សា​នុសិស្ស​និង​និស្សិត​មួយ​ចំនួន ​ដែល​បាន​ធ្លាក់​ខ្លួន​ក្នុង​របប​ពេស្យា​កម្ម​ ដោយ​លួចលាក់​នោះ​ទេ។ ​ហើយ​ក៏​មិន​មាន​តួលេខ​ ណា​មួយ​បង្ហាញ​ពី​តួលេខ​ពិត​ប្រាកដអំពី​ពួក​គេនោះ​ដែរ។

លោកស្រី​ស៊ី​ឌេហ្វីន​ រដ្ឋលេខា​ធិការ​នៃ​ក្រសួង​កិច្ចការ​នារី​ ​បាន​មាន​ប្រសាសន៍​ថា​ ​សិស្ស​ដែល​ភ្លើតភ្លើន​រហូតដល់​មាន​ការ​លក់​ខ្លួន​បែប​នេះ​ គឺ​ប្រហែល​ជា​មាន​ចំនួន​តិចតួច​បំផុត​ ​បើ​ប្រៀបធៀប​ទៅនឹង​សិស្ស​ទាំងអស់។

លោកស្រី​បាន​បន្ត​ថា ​ទង្វើ​សិស្ស​សាលា​ធ្វើ​បែប​នេះ​ ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​វប្បធម៌ ​ប្រពៃណី​ ​សីលធម៌​សង្គម​ខ្មែរ។​ ដូច្នេះ​ដើម្បី​ទប់ស្តាត់​នូវ​អំពើ​ទាំងនេះ​ គឺ​ត្រូវ​មាន​ការ​ចូលរួម​ទាំងអស់​គ្នាពី​សំណាក់​សិស្ស ​ឪពុក ​ម្តាយ​ គ្រូបង្រៀន​ និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់។

«មិនមែន​សិស្ស​ទាំងអស់​គាត់​ដើរ​ទៅ​លើ​ផ្លូវ​ខុស​ហ្នឹង​ទេ។ ​ខ្ញុំ​យល់​ថា​ ​វា​មាន​មួយ​ចំនួន​តូច​ទេ​ ​ពីព្រោះ​ថា​ ​យុវនារី​របស់​យើង​បច្ចុប្បន្ន​នេះ​ ក៏​គេ​មាន​ការ​យល់ដឹង​ច្រើន​ដែរ ​ដោយសារ​ក្រសួងកិច្ចការ​នារី​ក្តី​ទាំង​ផ្នែក​ក្រសួង​អប់រំ​ក្តី​ ទាំង​មាតា​ បិតាក្តី​ ​គេ​សុទ្ធតែ​ខិតខំ​ប្រៀន​ប្រដៅ​និង​ពន្យល់​ផ្សព្វផ្សាយ​ឲ្យ​បាន​យល់​ច្រើន​ពី​អ្វីដែល​អាក្រក់​ ​អ្វី​ដែល​ល្អ​ដូច​ក្នុង​សីលធម៌​សង្គម​យ៉ាង​ដូច្នោះ​ដែរ។

អ្នកស្រី​កែវ ថា ​អ្នក​សម្រប​សម្រួល​បណ្តាញ​ការងារ​ស្រី្ត​រួបរូម​គ្នា​ ដែល​ជា​សមាគម​មួយ​ជួយ​អប់រំ ​សុខភាព​ដល់​ស្រ្តី​រកស៊ី​ផ្លូវភេទ​ ​បាន​ទទួល​ស្គាល់​ថា​ ​មាន​កូន​សិស្ស​មួយ​ចំនួន​បាន​រកស៊ី​ផ្លូវភេទ​មែន​ ​ តែ​មិនមាន​តួលេខ​ឲ្យ​ពិត​ប្រាកដ​ថា​ ​មាន​ប៉ុន្មាន​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​ ​នៅពេល​ដែល​ក្រុម​យុវ​សិស្ស​ខាង​លើ​បាន​ចូល​ប្រឡូក​ក្នុង​មុខរបរ​ជា​អ្នក​លក់​ខ្លួន​នោះ​ ​ពួកគេ​ច្រើន​តែ​មិនសូវ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​ទេ​។ ​ហើយ​ពួកគេ​ស្វែងរក​សេរីភាព​ផ្ទាល់ខ្លួន​ ដោយ​រស់នៅ​ជា​ក្រុម​ ឬ​រស់នៅ​ជាមួយ​គូ​សង្សារ​ ​ហើយ​ភ្លើតភ្លើន​ក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ។​ ​ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀតនោះ​ ​ពួកគេ​ងាយ​នឹង​ធ្លាក់​ខ្លួន​ក្នុង​បណ្ដាញ​ប្រើប្រាស់​គ្រឿង​ញៀន៕

XS
SM
MD
LG