ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ពី​បទ​ចាប់​ខ្លួន​ភេរវករ


មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទិ្ធមនុស្ស​ក្នុង​ស្រុក​ចំនួន​ពីរ​រូប​ បាន​ទទូច​ដល់​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល​ ខ្មែរ​ឱ្យ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ទាក់​ទិន​ទៅ​នឹង​ការ​ចាប់​ខ្លួន​ជន​បរទេស​ពីរ​រូប​ ពី​បទ​ប្រឆាំង​ភេរវកម្ម​ បន្ទាប់​ពី​បាន​ផ្ញើ​សារ​គំរាម​កំហែង​ប្រឆាំង​ស្ថានទូត​អាមេរិក​ អង់គ្លេស​ និង​ អូស្ត្រាលី​។

លោក​ ហេង រស្មី រាយការណ៏​ជូន​ដូច​ត​ទៅ ។

មន្រ្តី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​រូប​ ដែល​រួម​មាន​សមាគម​សិទ្ធិ​មនុស្ស ADHOC​ និង​ អង្គការ​សិទ្ធិ​មនុស្ស LICADHO​ នៅ ​ថ្ងៃ​ចន្ទ​នេះ​ បាន​ទទួច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្គេតបន្ថែម​ទៀត​ មុន​នឹង​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ជន​ជាតិ​បរទេស​ពីរ​រូប​ពី​បទ​ភេរវកម្ម ។

កាល​ពី​សប្តាហ៍​មុន​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​លោក DT Taudyal​ ហៅ DIP​ អាយុ​៤៤​ឆ្នាំ​ ជន​ជាតិ​នេប៉ាល់​ និង​លោក Rafqul Islam​ ហៅ KALAM​ អាយុ​៤២​ឆ្នាំ​ ជន​ជាតិ​បង់ក្លាដេស​ពី​បទ​ភេរវកម្ម​ដោយ​ប្រើ​អំពើ​ហឹង្សា​ និង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក​ ចាន់ សុវ៉េត​ មន្រ្តី​ផ្នែក​ស៊ើប​អង្គេត​របស់​សមាគម​សិទ្ធិ​មនុស្ស ADHOC​ បាន​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​ជន​ជាតិ​បរទេស​ទាំង​ពីរ​រូប​ពី​បទភេរវកម្ម​ គឺ​ជា​ទង្វើ​ល្អ​មួយ​ដែល​បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ប្រយុទ្ឋ​ ប្រឆាំង​និង​អំពើ​ភេរវកម្ម ។

ក៏ប៉ុន្តែ​លោក​ ចាន់ សូវ៉េត​ បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត មិន​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ភស្តុតាង​បន្តិច​បន្តូច​នោះ​ទេ ។

"ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ចាប់​សួរ​នៃ​ក្តី​នេះ​ គួរ​តែ​អនុវត្ត​ឲ្យ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ ថា​តើ​ភស្ថុតាង​ នឹង​អាច​ចង្អុល​បង្ហាញ​ថា​ អ្នក​ហ្នឹង​ ពិត​ជា​បាន​ធ្វើ​អញ្ចឹង​មែន​ ឬ​ក៏​យ៉ាង​ម៉េច​ ឬ​ក៏​ការ​ចាប់​ខ្លួន​នេះ​ គ្រាន់​ តែ​ថា​សំដែង​អំពី​មហិទ្ធិឫទ្ធិ"។

លោក​ អំ សំអាត​ មន្រ្តី​ផ្នែក​ស៊ើប​អង្គេត​របស់​អង្គការ​សិទ្ធិ​មនុស្ស LICADHO​ វិញ​ បាន​មាន​ ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន​ជន​ជាតិ​បរទេស​ទាំង​ពីរ​រូប​នេះ​ គឺ​ជា​បញ្ហា​ដ៏​ស្មុគ​ស្មាញ​មួយ ។

លោក​បាន​លើក​ឡើង​ទៀត​ថា​ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ណា​មួយ​ លុះ​ត្រា​តែ​យើង​រក​ភស្ថុតាង​ ឲ្យ​បាន​៥០%​ នៃ​ធាតុ​ផ្សំ​របស់​បទ​ល្មើស​នីមួយៗ​ដែល​បាន​កើត​ឡើង ។

"អា​នេះវា​ពាក់​ព័ន្ធ​ដល់​ជន​បរទេស​ ជន​អី​ផង​ បាទ​អញ្ចឹង​ទៅ​ គឺ​ទាម​ទារ​ដាច់​ខាត​នូវ​តម្លាភាព​ ដែល​យើង​ត្រូវ​រក​ឲ្យ​ឃើញ​ភស្ថុតាង​ទាំង​ឡាយ​ដែល​ស៊ី​សង្វាក់​ ថា​អ្នក​ហ្នឹង​បាន​ប្រព្រឹត្ត​នូវ​បទ​លើ្មស​ ទាំង​អស់​ហ្នឹង"។

លោក ​ឧត្តមសេនីយ​ឯក​ គាត ចន្ទ័ឋារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​មាន​ ប្រសាសន៍​ថា​ ករណី​នេះ​ប៉ូលីស​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។​ ហើយ​រាល់​ធ្វើ​ការ​ស៊ើប​អង្គេត​ អាស្រ័យ​ ទៅ​លើ​តុលាការ​តែ​ប៉ុណ្ណោះ ។

លោក ​ កែ សាខន​ ចៅក្រម​ស៊ើប​អង្គេត​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​ សំណុំ​ រឿង​នេះ​ ទើប​តែ​មក​ដល់​តុលាការ​កាល​ពី​សប្តាហ៍​មុន​តែ​ប៉ុណ្ណោះ ។

លោក​បាន​មាន​ប្រសាសន៍​ថា​ យើង​និង​ហៅ​សមត្ថកិច្ច​មក​សាក​សួរ​បន្ថែម​ទៀត​ជុំ​វិញ​ការ​ចាប់​ខ្លួន​នេះ ។

កាល​ពី​ថ្ងៃ​ទី​២​កន្លង​ទៅ​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​ខ្មែរ​បាន​ចាប់​ខ្លួន​លោក DT Taudyal​ ជន​ជាតិ​នេប៉ាល់​នៅ​ផ្ទះ​របស់​លោក​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខណ្ឌ​ចំការមន​ និង​លោក Rafqul​ Islam​ ជនជាតិ​បង់ក្លាដេស​ នៅ​ភោជនីយដ្ឋាន​ឥណ្ឌា​មួយ​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ ខណ្ឌ​ ដូន​ពេញ ។

ការ​ចាប់​ខ្លួន​ជនជាតិ​បរទេស​ទាំងពីរ​រូប​នេះ​ បាន​កើត​មាន​ឡើង​ ដោយ​សារ​តែ​ពួក​គេ​បាន​សរសេរ​លិខិត​មួយ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ អូស្រ្តាលី​ និង​អង់គ្លេស​ ដោយ​បាន​និយាយ​នៅ​ក្នុង​ខ្លឹមសារ​ថា​ មាន​ជន​ជាតិ​បស្ចឹម​ប្រទេស​ចំនួន​៤​រូប​ កំពុង​រៀប​ចំ​ផែនការ​សកម្មភាព​បំផ្លិច​បំផ្លាញ​ប្រឆាំង​និង​ ស្ថានទូត​ទាំង​៣​នេះ ។​ ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ ដែល​បាន​ហៅ​ជន​បរទេស​ទាំង​៤​រូប​ នេះ​មក​សាក​សួរ​ បាន​អះ​អាង​ថា​ ជា​ព័ត៌មាន​មិន​ពិត​ទេ ។

XS
SM
MD
LG