ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍នេះលោក ងួន ញ៉ិល អនុប្រធានរដ្ឋសភាកម្ពុជា បានទទូចដល់រដ្ឋសភាថៃឱ្យអនុម័តកិច្ចព្រមព្រៀងព្រំដែនដ៏មានសារៈសំខាន់មួយចំនួនរបស់គណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ដើម្បីឈានទៅបោះបង្គោលព្រំដែនរវាងប្រទេសជាតិទាំងពីរឱ្យបានឆាប់រហ័ស។
ការទទូចនេះបានធ្វើឡើងនៅក្នុងពេលជំនួបពិភាក្សាការងាររវាងលោកងួន ញ៉ិល អនុប្រធានរដ្ឋសភាកម្ពុជា និងគណៈប្រតិភូសភាថៃដឹកនាំដោយលោក គីទិភុត វិរីយ៉ារុថ (Gittipot Viriyaroj) ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាថៃ។
គណៈប្រតិភូសភា និងព្រឹទ្ធសភាថៃបានមកធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក កាសិត ភីរម្យ (Kasit Pirumya) រដ្ឋមន្ត្រីការបទេសនិងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-ocha) អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ។
លោកងួន ញ៉ិល អនុប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់គណៈប្រតិភូសភាថៃនៅក្នុងជំនួបនៅរដ្ឋ សភាថាអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងថៃជួយដោះស្រាយបញ្ហាជម្លោះព្រំដែននិងការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។
«តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថៃនេះ យើងសូមអំពាវនាវនិងសំណូមពរដល់សភា របស់ព្រះរាជាណាចក្រថៃអនុម័តនូវពិធីសារស្តីពីបញ្ហាព្រំដែនដើម្បីលុបបំបាត់ការរលាកចិត្តរវាង ប្រជាជាតិនិងប្រជាពលរដ្ឋរបស់យើងទាំងពីរដោយយើងកសាងព្រំដែនសន្តិភាពនិងមិត្តភាព»។
លោកគីទិភុត វិរីយ៉ារុថ បានដឹកនាំគណៈប្រតិភូសភាថៃដែលមានសមាជិក១៣រូបមកទស្សនកិច្ច រយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជាសំដៅពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លោក គីទិភុត វិរីយ៉ារុថ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាថៃ និងជាប្រធានក្រុមសភា មិត្តភាពថៃ-កម្ពុជាបានថ្លែងថា លោកនឹងជួយជំរុញសភាថៃឱ្យអនុម័តឯកសារព្រំដែនរបស់គណៈ កម្មការព្រំដែនរួមថៃ-កម្ពុជា។ លោកក៏បានបន្ថែមថាលោកនឹងជួយជំរុញដំណោះស្រាយព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រទេសទាំងពីរមានគោលបំណងតែមួយដើម្បីនាំយកការអភិវឌ្ឍ និងភាពរីកចម្រើនដល់ប្រទេសរៀងៗខ្លួននិងព្យាយាមធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាជាតិរបស់ប្រទេសទាំងពីរ។
លោកគីទិភុត វិរីយ៉ារុថ បានបញ្ជាក់ថា បើប្រទេសទាំងពីរមានការយល់ច្រឡំ ឬការខ្វែងគំនិតគ្នាលើបញ្ហាអ្វីមួយ ប្រទេសទាំងពីរត្រូវតែព្យាយាមរកមធ្យោបាយដោះស្រាយបញ្ហានោះ។
ក្នុងពេលជាមួយគ្នានេះ លោកស្រី ភីខុកែវ ក្រៃរីក (Pikukaew Krairiksh) ប្រធានគណៈកម្មការកិច្ចការបរទេសដែលបានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាថៃ១៥រូបមកធ្វើទស្សនកិច្ចនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ទេព ងន អនុប្រធានព្រឹទ្ធសភាកម្ពុជាសំដៅពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
បើទោះបីជាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានវិលមករកភាពប្រក្រតីក៏ដោយ ក៏ប្រទេសកម្ពុជានិងប្រទេសថៃនៅតែប្រឈមនឹងបញ្ហាជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ។
ប្រទេសកម្ពុជា និងប្រទេសថៃ បានប្រមូលផ្តុំកម្លាំងកងទ័ពច្រើនរាប់ពាន់នាក់នៅក្បែរប្រាសាទព្រះវិហារ ចំណាស់ជាង៩០០ឆ្នាំរបស់ប្រទេសកម្ពុជា និងបានវាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានធ្វើឱ្យកងទ័ពស្លាប់យ៉ាងតិចប្រាំបីនាក់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ Unesco នៅក្នុងខែកក្កដា ឆ្នាំ២០០៨៕