នៅថ្ងៃព្រហស្បតិ៍នេះសមាគមសិទ្ធិមនុស្សអាដហុកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនប្រជាពលរដ្ឋប្រមាណ១២៤នាក់ក្នុងរឿងជម្លោះដីធ្លីជាមួយមន្ត្រីមានអំណាច និងថៅកែក្រុមហ៊ុននៅដើមឆ្នាំ២០១១នេះ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សបានថ្លែងថា តាមការស៊ើបអង្កេតរបស់សមាគមអាដហុកបានរកឃើញថា ការចោទប្រកាន់ពីបទព្រហ្មទណ្ឌរបស់តុលាការធ្វើឡើងដោយអយុត្តិធម៌ទៅលើអ្នកភូមិក្រីក្រស្លូតត្រង់ ដែលពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារខ្លួនតាមផ្លូវច្បាប់។ លោកមានប្រសាសន៍ថា៖
«គិតពីដើមឆ្នាំ២០១១រហូតដល់បច្ចុប្បន្ន សមាគមសិទ្ធិមនុស្សអាដហុកបានរកឃើញថា យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋក្រីក្រក្នុងទំនាស់ដីធ្លីចំនួន១២៤នាក់ដែរ ដែលត្រូវបានតុលាការចេញដីកាកោះ និងចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក្នុងនោះមាន៣៦នាក់ត្រូវបានចាប់ខ្លួន ១៨នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ និង៨៨នាក់កំពុងរត់គេចខ្លួនពីការតាមចាប់របស់តុលាការ»។
សមាគមសិទ្ធិមនុស្សអាដហុកបានកត់សម្គាល់ឃើញថា អ្នកភូមិដែលទទួលរងការចោទប្រកាន់ភាគច្រើនជាម្ចាស់ដី។ ពួកគេបានកាន់កាប់ដីផ្ទះសម្បែងស្របច្បាប់ដែលមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ តែអ្នកមានអំណាច និងថៅកែក្រុមហ៊ុនបានចូលទន្ទ្រានយកដីស្រែចម្ការពីអ្នកភូមិ។ នៅពេលដែលអ្នកភូមិទាមទារ និងតវ៉ាការពារដីស្រែចម្ការរបស់ពួកគាត់ៗត្រូវទទួលរងការចោទប្រកាន់ និងចាប់ឃុំខ្លួនពី សំណាក់កងកម្លាំងប្រដាប់អាវុធ និងតុលាការទៅវិញ។
លោក នី ចរិយា បានថ្លែងថា សមាគមអាដហុកបានវិភាគការផ្តល់យុត្តិធម៌ដោយប្រព័ន្ធតុលាការនានា។ ពាក្យបណ្តឹងរបស់អ្នកភូមិដែលទាមទារដីធ្លី ការពារកម្មសិទ្ធិ និងទប់ទល់នឹងការឈូសឆាយទ្រព្យសម្បត្តិពីសំណាក់អ្នកមានអំណាច ឬក្រុមហ៊ុនឯកជន មិនត្រូវបានចាត់ការ ឬចាត់ការដែរ តែមិនទាន់ពេលវេលា។
ជនរងគ្រោះក្នុងរឿងជម្លោះដីធ្លីចំនួនជាង៥០នាក់មកពីខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិសាត់ កំពង់ធំ ព្រះសីហនុ ព្រៃវែង ព្រះវិហារ កោះកុង បាត់ដំបូង បន្ទាយមានជ័យ ក្រចេះ និងកំពង់ស្ពឺ បានប្រមូលផ្តុំគ្នានៅទីស្នាក់សមាគមសិទ្ធិមនុស្សអាដហុកដើម្បីធ្វើញត្តិជូនលោកស៊ូរីយ៉ា ប្រាសាដ ស៊ុបិឌី (Surya Prasad Subedi) ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលនឹងបញ្ចប់ទស្សនកិច្ចជាផ្លូវការលើកទី៥នៅថ្ងៃសុក្រស្អែកនេះ។
លោកហោ ជា អាយុ៣៥ឆ្នាំ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននិយាយថា តុលាការបានចេញដីកាកោះហៅអ្នកភូមិរបស់លោកចំនួន១៩នាក់ និងអ្នកភូមិពីរនាក់ត្រូវបានចាប់ខ្លួន។ លោកបានមានប្រសាសន៍ថា៖
«សព្វថ្ងៃនេះ ខ្ញុំសូមឱ្យប្រព័ន្ធតុលាការសូមឱ្យរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋយើងខ្ញុំ កុំឱ្យមានទំនាស់ដីធ្លីនេះចាប់ចងប្រជាពលរដ្ឋយើងខ្ញុំតទៅទៀត។ ខ្ញុំសូមឱ្យប្រព័ន្ធតុលាការជួយរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋដែលប្រជាពលរដ្ឋសុំតែការពារដីប្រជាពលរដ្ឋយើងខ្ញុំ»។
អ្នកស្រី ហែម សុខុន អាយុ៣៨ឆ្នាំ ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង បានថ្លែងថា អ្នកស្រីក្នុងចំណោមអ្នកភូមិ១៤៥គ្រួសារបានទទួលរងនូវភាពអយុត្តិធម៌ក្នុងរឿងជម្លោះដីធ្លីជាមួយអាជ្ញាធរឃុំ ដែលតុលាការកំពុងតាមចាប់អ្នកស្រី និងអ្នកភូមិប្រាំនាក់ទៀត ខណៈដែលអ្នកភូមិពីរនាក់កំពុងជាប់ពន្ធនាគារអំពីបទប៉ះពាល់កម្មសិទ្ធិឯកជន។ លោកស្រីបានថ្លែងថា៖
«យើងឡើងទៅតុលាការដើម្បីកុំឱ្យល្មើសនឹងច្បាប់ពីព្រោះយើងអត់មានបានប៉ះពាល់អ្វីទេ។ ដីកានេះគេដាក់ថាសាកសួរ។ ដល់ពេលឡើងទៅដល់តុលាការមិនទាន់បាននិយាយអ្វីផងស្រាប់តែចៅក្រមដាក់ខ្នោះប្រជាពលរដ្ឋជាមួយខ្ញុំទៅបាត់។ ដល់ពេលរសៀលម៉ោងពីរត្រូវដល់វេនខ្ញុំៗអត់ហ៊ានចូលខ្លួនទៅជួបតុលាការទេ ។ ខ្ញុំឃើញតុលាការអយុត្តិធម៌បែបហ្នឹង។ តុលាការអត់ហៅយើងទៅសាកសួរតាមដីកាទេ។ ហៅយើងទៅដាក់ខ្នោះ។ ត្រង់ហ្នឹងហើយដែលតុលាការអយុត្តិធម៌បំផុត។ អ្នកភូមិបួននាក់ទៀតត្រូវបានតាមចាប់ខ្លួន ហើយខ្ញុំក៏ត្រូវបានតាមចាប់ខ្លួនដែរ»។
លោក អ៊ិន វ៉ានវិបុល ប្រធានតុលាការខេត្តបាត់ដំបងបានថ្លែងថា សាលាដំបូងខេត្តបាត់ដំបងមិនដែលចេញដីកាចាប់ខ្លួនប្រជាពលរដ្ឋអំពីរឿងជម្លោះដីធ្លីទេ។