ការខិតខំរបស់អ្នកជំនួញអចលនទ្រព្យខ្មែរអាមេរិកាំងគឺលោក Mony Nop ដើម្បីកាន់តំណែងជាចៅហ្វាយក្រុង Livermore ក្នុងរដ្ឋ California មិនបានទទួលជោគជ័យក្រោយពីអតីតចៅហ្វាយក្រុងគឺលោក John Marchand បានឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។
លោក Mony Nop បានអបអរលោក John Marchand កាលពីថ្ងៃសុក្រក្រោយពីលទ្ធផលឆ្នោតបង្ហាញថាគូប្រកួតបាននាំមុខដោយសំឡេងច្រើន។ នៅត្រឹមថ្ងៃអង្គារនេះលោក Marchand បាននាំមុខរហូត ដល់ជាង២.០០០សំឡេង ដោយលោកMony ទទួលបានសំឡេងគាំទ្រសរុបជាង១៥.០០០សំឡេង ដែលត្រូវជា៤៦,៧៦%នៃសន្លឹកឆ្នោតដែលបានរាប់ហើយ។
លោក Mony Nop បានប្រាប់វីអូអេថា៖ «លទ្ធផលមិនល្អយើងបានចាញ់គេ ប៉ុន្តែអរគុណបងប្អូនទាំងអស់គ្នាបានជួយមកពីពិភពលោកទាំងអស់បានជួយ។ សូមអរគុណច្រើន»។
លទ្ធផលឆ្នោតដំបូងៗមានលក្ខណៈប្រកៀកប្រកិតគ្នានិងផ្លាស់ប្តូរការនាំមុខម្តងម្នាក់ប៉ុន្តែនៅត្រឹមចុងសប្តាហ៍មុនសំឡេងគាំទ្ររបស់លោក John Marchand បាននាំមុខជារៀងរហូត។ នេះបើតាមលទ្ធផលឆ្នោតដែលបង្ហាញតាមគេហទំព័ររបស់ស្រុក Alameda ដែលគ្រប់គ្រងលើក្រុង Livermore។ រដ្ឋCalifornia ទុកពេលឱ្យមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ស្រុករហូតដល់ថ្ងៃទី៨ ខែធ្នូដើម្បីបញ្ជាក់លទ្ធផលចុងក្រោយ។
លោក Mony បានរៀបរាប់ពីយុទ្ធនាការលើកនេះថា៖ «នៅពេលដែលមើលការបោះឆ្នោតគឺលោកត្រូវមើលមនុស្សនៅក្នុងស្ថាប័នជាយូរមកហើយនិងអ្នកចូលថ្មី។ អ្នកនៅក្នុងស្ថាប័នមានប្រៀបច្រើនជាង ទោះបីជាពួកគេនិយាយថាម៉េចក៏ដោយពីព្រោះការស្គាល់ឈ្មោះជារឿងសំខាន់។ ដូច្នេះហើយវាពិតជាលំបាកខ្លាំងណាស់»។
លោកJohn Marchand ធ្លាប់កាន់តំណែងជាចៅហ្វាយក្រុង Livermore ពីឆ្នាំ២០១១ដល់២០២០រហូតដល់លោកសម្រាករយៈពេល២ឆ្នាំតាមច្បាប់តម្រូវហើយលោកបានមកប្រកួតប្រជែងលើកនេះជាថ្មី។លោកក៏ទទួលបានការគាំទ្រពីចៅហ្វាយក្រុងបច្ចុប្បន្នផងដែរ។
អ្នកស្រី Sophaline Mao ដែលជាភរិយារបស់លោក Mony និងជាអ្នកទទួលបន្ទុកផ្នែកផ្សព្វផ្សាយនៃយុទ្ធនាការឃោសនានេះក៏បានថ្លែងថា អ្នកស្រីមានមោទនភាពនិងការខិតខំប្រឹងប្រែងនិងការគាំទ្ររបស់សហគមន៍ខ្មែរនិងអ្នកនៅក្នុងទីក្រុងនេះ។
អ្នកស្រីបន្ថែមថា៖ «នាងខ្ញុំសូមផ្តាំទៅបងប្អូនជនជាតិខ្មែរយើងកុំឱ្យមានការភ័យខ្លាចត្រូវតែក្លាហានក្នុងការចង់បានអ្វីមួយបើសិនជាយើងនៅក្នុងសហគមន៍ណាមួយហើយយើងជឿជាក់ថាមានចំណុចអ្វីដែលខ្វះខាតឬក៏មានចំណុចអ្វីមួយដែលយើងអាចផ្តល់សង្គមហ្នឹងប្រសើរជាងគឺយើងត្រូវតែងើបឈរ យើងត្រូវតែមានសំឡេង»។
នេះគឺជាការចូលប្រកួតលើកទី២របស់លោក Mony ដើម្បីដណ្តើមតំណែងចៅហ្វាយក្រុងដែលមានពលរដ្ឋជាង៩០.០០០នាក់។ ក្នុងការប្រកួតលើកទី១នៅឆ្នាំ២០២០ លោកបានចាញ់លោក Bob Woerner ប៉ុន្តែនៅអាណត្តិនេះលោកចៅហ្វាយក្រុងមិនឈរឈ្មោះបន្តទៀតដោយសារបញ្ហាសុខភាព។
វីអូអទាក់ទងយុទ្ធនាការឃោសនារបស់លោក Mony Nop៖
លោក Mony Nop ជាអតីតមន្ត្រីប៉ូលិសនៅក្នុងទីក្រុង Livermore រយៈពេល១៧ឆ្នាំមុនពេលលោកលាលែងនៅឆ្នាំ២០១២មកប្រកបរបរជាអ្នកជំនួញអចលនទ្រព្យ។ លោកបានគូសបញ្ជាក់ពីផែនការទៅមុខទៀតក្នុងការជួយលើកកម្ពស់សហគមន៍មិនមែនស្បែកសនៅក្នុងទីក្រុងនិងសហគមន៍ខ្មែរអាមេរិកាំង។
ក្នុងចំណោមសកម្មភាពទាំងនោះរួមមានការរៀបចំការស្រាវជ្រាវពីធនធានមនុស្សដែលសហគមន៍ខ្មែរអាមេរិកាំងមាននិងបញ្ហាប្រឈមរបស់ពួកគេដើម្បីអាចតស៊ូមតិជាមួយនឹងអ្នកតាក់តែងគោលនយោបាយឱ្យយកចិត្តទុកដាក់កាន់តែខ្លាំង។ សកម្មភាពមួយទៀតគឺការរៀបចំសន្និសីទខ្មែរអាមេរិកាំងដ៏ធំមួយនៅខែសីហាឆ្នាំ២០២៣ដោយមានអ្នកចូលរួមគ្រប់ប្រភេទ។
អ្នកស្រី Sophaline Mao បានបន្ថែមថា៖ «ដោយសារយើងចង់ស្វែងយល់អំពីសហគមន៍របស់យើង។ បើសិនយើងអត់មានព័ត៌មានជាក់លាក់។ បើសិនជាយើងអត់មានការស្រាវជ្រាវដែលផ្តោតលើហ្នឹងក៏យើងពិបាកធ្វើការងារទៅមុខដូចជាការធ្វើគោលនយោបាយ ដូចជារៀបសន្និសីទដើម្បីយើងអាចជួបជុំគ្នាជាកូនខ្មែរ»។
មានពលរដ្ឋខ្មែរជាង៣០ម៉ឺននាក់រស់នៅជាសហគមន៍តូចៗនៅតាមរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក។ រដ្ឋ California មានខ្មែរអាមេរិកាំងរស់នៅប្រហែល៧០.០០០នាក់។ ប៉ុន្តែក្នុងរដ្ឋនេះមិនទាន់មានខ្មែរអាមេរិកាំងណាបានជាប់ឆ្នោតជាចៅហ្វាយក្រុងនៅឡើយទេ៕