ទីក្រុង Norfolk រដ្ឋ Virginia — និយាយភាសាជនជាតិដើមភាគតិចម៉ុងតាញ៉ារបស់ខ្លួនពីរឬបីឃ្លាជាមួយ VOA លោក ធឿ រ៉ាយាំង (Theo Rlayang) អាយុ ២៤ឆ្នាំ ដែលបានរត់គេចពីវៀតណាម នៅពេលដែលលោកនៅជាកុមារជាមួយគ្រួសាររបស់លោក បានឈ្នះការប្រកួតដ៏សាហាវមួយទៀត កាលពីចុងសប្តាហ៍មុន និងកំពុងសម្លឹងទៅរកការប្រកួតកម្រិតកំពូលបន្ទាប់ទៀត ដើម្បីប្រកួតប្រជែងនៅ Ultimate Fighting Championship (UFC) នៅសហរដ្ឋអាមេរិកនិងស្ថាប័នធំៗដទៃទៀត។
លោក ធឿ រ៉ាយាំង បានមកដល់សហរដ្ឋអាមេរិកតាមរយៈជំរំអង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងឆ្នាំ ២០០២ បន្ទាប់ពីបានគេចផុតពីការធ្វើទុក្ខបុកម្នេញនៅវៀតណាម។ ក្រៅពីការចូលរៀននៅមហាវិទ្យាល័យ លោកបានសិក្សាក្បាច់គុនចម្រុះ ឬហៅថា (MMA)។
លោក ធឿ រ៉ាយាំង គឺជាកីឡាករប្រដាល់ស្ម័គ្រចិត្តម្នាក់ និងបានឈ្នះការប្រកួតចំនួន ៦ លើក ជាបន្តបន្ទាប់ចេញពីការប្រកួតចំនួន ៧ លើក រហូតមកដល់ពេលនេះ ដែលក្នុងនោះរួមទាំងការប្រកួតចុងក្រោយមួយ នៅថ្ងៃទី ៦ ខែមេសាដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ ស្បាទីកា ឬហៅថា ( Spartyka Fight League) ហើយនេះជាសង្វៀនប្រកួតដែលកីឡាកររូបនេះបានប្រយុទ្ធ និងផ្តួលគូប្រជែងរបស់លោកឈ្មោះ Marshall Shermer នៅ ទីក្រុង Norfolk រដ្ឋវីជីនៀ (Virginia)។
លោកបានប្រាប់ VOA ថា៖ «ខ្ញុំបានឈ្នះពានរង្វាន់ជើងឯក ហើយខ្ញុំបានឈ្នះការប្រដាល់នេះហើយ។ ដូច្នេះផែនការបន្ទាប់របស់ខ្ញុំ គឺឈានទៅរកអាជីព និងធ្វើឱ្យខ្ញុំចាប់ផ្តើមជាអ្នកប្រដាល់អាជីព»។
លោកបាននិយាយដូច្នេះនៅក្នុងភាសាកំណើត ម៉ុងតាញ៉ា របស់លោក នៅពេលដែល កាន់ខ្សែក្រវ៉ាត់។
«ដូច្នេះជាគោល ខ្ញុំអាចបង្ហាញជាសាធារណៈថា ខ្ញុំជាអ្នកប្រដាល់អាជីពហើយឥឡូវនេះ គឺថាខ្ញុំអាចទៅប្រកួតនៅក្នុងស្ថាប័នធំៗដូចជា Bellator ឬ UFC បានហើយ។ លោកអ្នកដឹងហើយថា ខ្ញុំចាប់ផ្តើមពីទាប ហើយបន្ទាប់ទៅនឹងទៅប្រកួតនៅក្នុងកម្រិតទីនោះជាមួយនឹងជើងខ្លាំងបំផុត ព្រោះនោះហើយជាអ្វីដែលខ្ញុំចង់បាន»។
លោក ធឿ រ៉ាយាំង សឹងតែត្រូវបានដៃគូផ្តួលនៅទឹកទី១ នៅពេលដែលគូប្រជែងរបស់លោកបានក្លេ «កនិងក្បាល» លោកជាប់ ហើយវាយលើមុខរបស់លោកជាច្រើនដៃ នៅលើមុខនៅពេលលោកបានជាប់នឹងជញ្ជាំងសង្វៀន មុនពេលវាយផ្តួលដៃគូវិញ។
ប៉ុន្មានឆ្នាំកន្លងមក លោក ធឿ រ៉ាយាំង ទទួលបានពានរង្វាន់ជើងឯក ៣ ពីការប្រកួតទម្ងន់ ១៤៥ ផោន ស្មើនឹង ៦៥ គីឡូក្រាម និង ១៥៥ ផោន ឬ ៧០ គីឡូក្រាម។ ពានរង្វាន់ជើងឯក និងជ័យជម្នះទាំងអស់នោះ គឺបានមកពីការប្រកួតនៅក្នុងរដ្ឋ North Carolina ជាកន្លែងដែលកីឡាកររូបនេះរស់នៅ និងពីរទៀតមកពីរដ្ឋ Virginia។ ក្តីសុបិន្តរបស់លោក គឺដើម្បីទទួលបានខ្សែក្រវ៉ាត់ផ្សេងគ្នា ពីទម្ងន់ខុសគ្នានៅក្នុងការប្រកួតជម្រើសជើងឯកកំពូលល្បីល្បាញ។
អ្នកឲ្យទឹកនិងគ្រូបង្វឹករបស់លោក ធឿ រ៉ាយាំង មានការសប្បាយចិត្តខ្លាំងណាស់ ជាមួយនឹងការប្រកួតដ៏អស្ចារ្យរបស់លោក ដោយបានអះអាងថា លោកគឺជាអ្នកប្រយុទ្ធខ្លាំង ជាមួយនឹងបទពិសោធន៍កីឡាករបោកចំបាប់។
លោក ម៉ាទីន ស្លីឆល់ (martin Splichal) ថ្លែងថា៖
«(ខ្ញុំជួយហ្វឹកហ្វឺន) កន្លែងខ្វះចន្លោះទាំងឡាយ និងបច្ចេកទេសជាច្រើនដែលមាន គ្រោះថ្នាក់ នៅផ្នែកខាងក្រោមដែលបង្រៀនចេញពីកីឡាបោកចំបាប់ Jiu Jitsu ហើយគាត់យល់ដឹងពីទំនាក់ទំនង និងទីតាំងនិងកន្លែង ដែលរងការវាយប្រហារនៅត្រង់ណា? តើបញ្ហាដ៏ចម្បងត្រូវការពារនៅត្រង់ណា? តើកន្លែងណាដែលគ្មានបញ្ហា? ហើយនិងបញ្ហាដែលយើងមិនបានហ្វឹកហ្វឺនដទៃទៀត ឬចាប់ផ្តើមហ្វឹកហាត់»។
លោកបានបន្ថែមថា លោកបានជួយបណ្តុះបណ្តាលទាំងឡាយដោយឃើញថាកីឡាករ ធឿ រ៉ាយាំង ហាត់បានយ៉ាងល្អ។
លោក Ferdinand Goke ជាមិត្តនិងជាដៃគូហ្វឹកហាត់បាននិយាយថា៖
«វាតែងតែគួរឲ្យរំភើបក្នុងការមើលគាត់ប្រយុទ្ធ ពីព្រោះគាត់តែងតែធ្វើរឿងដូចជា អ្នកប្រយុទ្ធដទៃទៀតមិនបានធ្វើ។ គាត់ពិតជាមានគំនិតច្នៃប្រឌិត នៅពេលប្រយុទ្ធលើសង្វៀនប្រដាល់ ហើយគាត់ចូលចិត្ត ព្រោះគាត់តែងតែសប្បាយ ហើយនោះជារឿង ដែលគាត់ធ្វើបាន»។
លោកបន្ថែមថា៖ «ក្បាច់ប្រដាល់របស់គាត់គឺល្អណាស់។ គាត់មិនដែលត្រូវប្រើចំបាប់ទេ។ ដូចជាមនុស្សដែលមើលឃើញគាត់ប្រយុទ្ធនៅលើឆាក គឺថាគាត់គ្រាន់តែជាអ្នកប្រដាល់ដ៏ខ្លាំង ហើយប្រហែលអន់ខាងការបោកចំបាប់ ព្រោះអ្នកប្រដាល់នេះមិនដែលប្រើចំបាប់ទេ»។
លោក Ferdinand Goke ដែលជាជនភៀសខ្លួនមកពីប្រទេសហ្គាណា និងធ្លាប់ជាមិត្តរួមថ្នាក់ជាមួយលោក ធឿ រ៉ាយាំង នៅពេលលោករស់នៅទីក្រុង Greensboro មុនពេលផ្លាស់ទៅទីក្រុង Wilmington។
ថ្លែងមុនពេលប្រកួតចុងក្រោយលោក ធឿ រ៉ាយាំង បានបញ្ជាក់ថា លោកធ្លាប់ចាញ់ការប្រកួតលើកទី១ ហើយក៏ធ្លាប់បានគិតថា នោះជាចុងបញ្ចប់នៃជីវិតលោក។ លោកបានបន្តរៀបរាប់ពីការចង់បោះបង់ចោលកីឡាប្រដាល់ក្រោយធ្លាក់ទឹកចិត្ត ដោយសារចាញ់ ក្រោយបោះបង់ចោលការសិក្សានៅឆ្នាំទី២ ដើម្បីចាប់អាជីពប្រដាល់នេះ។
«ដូច្នេះខ្ញុំពិតជាសោកសៅ និងក្រៀមក្រំណាស់។ ក្តីសុបិន្តរបស់ខ្ញុំហាក់ដូចជាចប់ហើយ»។
លោក ធឿ រ៉ាយាំង បន្ថែមទៀតថា លោកមិនដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជ្រៅជ្រះទេ ប៉ុន្តែលោកមានសុបិន្តចង់ក្លាយជាអ្នកប្រយុទ្ធដ៏ជោគជ័យ តាំងពីលោកនៅជាកុមារ។
លោកធឿ រ៉ាយាំង ដែលបានចាប់ផ្តើមក្បាច់គុនចម្រុះរបស់លោកកាលពីប្រហែល ៣ ឆ្នាំមុន បានរៀនសូត្រជាច្រើនពីការបរាជ័យដំបូងរបស់លោក ហើយខិតខំហ្វឹកហាត់កាយសម្បទា និងផ្លូវចិត្តរបស់លោកឲ្យកាន់តែប្រសើរឡើង ជាមួយនឹងគ្រូបង្វឹកលោក John Salter ជាអ្នកចំបាប់ជើងឯកថ្នាក់ជាតិមកពីក្លឹប Salty Dog Jiu Jitsu។
លោក ភីធឺ ម៉ខ្វៃអ័រ (Peter Maguire) គឺជាអ្នកដែលបានណែនាំក្បាច់គុណបែបបោកចំបាប់ «ជឺជិតស៊ូ» ហៅថា Gracie Jiu Jitsu មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៤ ដំបូងគេ ហើយបានបង្រៀននៅទីនោះរហូតដល់ឆ្នាំ ២០០៥។ លោកបានហ្វឹកហាត់ ដល់កម្រិតខ្សែក្រវ៉ាត់ខ្មៅនៅក្នុងក្បាច់គុណ Jeet Kune Do និងខ្សែក្រវ៉ាត់ពណ៌ត្នោត នៅក្នុងក្បាច់គុណ Gracie Jiu Jitsu។
លោកថ្លែងប្រាប់ VOA ថា លោកមានការចាប់ចិត្តចំពោះកីឡាករផ្នែកប្រដាល់លោក ធឿ រ៉ាយាំង ជាជនជាតិដើមភាគតិចម៉ុងតាញ៉ា មកពីតំបន់ភ្នំខ្ពង់រាបភាគ កណ្តាលប្រទេសវៀតណាម។ លោកថា លោកបានជួយកីឡាកររូបនេះ ជាមួយនឹងការហ្វឹកហ្វឺននៅកន្លែងដែលកីឡាករនេះត្រូវការ។ លោកនិយាយថា កីឡាករប្រដាល់ ធឿ រ៉ាយាំង ជាអ្នកប្រដាល់មានទេពកោសល្យបែបធម្មជាតិ ដែលជារឿងមួយមិនគួរភ្ញាក់ផ្អើលនោះទេ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ដោយសារម៉ុងតាញ៉ា គឺជាអ្នកប្រយុទ្ធដ៏អស្ចារ្យបំផុតនៅក្នុងសង្គ្រាមវៀតណាមហើយ ដូច្នេះខ្ញុំបានសម្រេចចិត្តជួយគាត់រកគ្រូហ្វឹកហាត់ដែលមានលក្ខណៈពិសេសៗបន្ថែម ដើម្បីជួយគាត់នៅផ្នែកដែលគាត់ខ្វះខាតនៅក្នុងការប្រកួតកីឡាប្រដាល់»។
លោកបានបញ្ជាក់បន្ថែមថា៖
«ធឿ រ៉ាយាំង ស្ថិតនៅក្នុងផ្នែកដំបូងនៃអាជីពរបស់លោកនៅឡើយ ប៉ុន្តែកីឡាករនេះបានហ្វឹកហាត់ជាមួយអ្នកប្រដាល់លំដាប់ពិភពលោកដ៏អស្ចារ្យមួយចំនួន នៅក្នុងទីក្រុង Wilmington រដ្ឋ North Carolina ជាពិសេសគឺលោក John Salter នៃក្លឹប Salty Dog Jiu Jitsu ហើយលោក ចន គឺជាគ្រូបង្វឹកដែលនឹងនាំកីឡាករនេះទៅកម្រិតបន្ទាប់។ ខ្ញុំមានការស្ងើចសរសើរចំពោះវិន័យ ការតស៊ូ និងការប្តេជ្ញាចិត្តរបស់ ធឿ រ៉ាយាំង ចំពោះការបណ្តុះបណ្តាលនិងការប្រយុទ្ធរបស់គាត់»។
ធឿ រ៉ាយាំង បានរត់គេចពីវៀតណាមដើម្បីរស់នៅជំរំរបស់អង្គការសហប្រជាជាតិ នៅក្នុងខេត្តមណ្ឌលគីរី នៅភាគខាងកើតកម្ពុជានៅដើមទសវត្សរ៍ ២០០០ នៅពេលអាជ្ញាធរវៀតណាមបានធ្វើទុក្ខបុកម្នេញជនជាតិម៉ុងតាញ៉ា ដាក់កំហិតសេរីភាពសាសនា របស់ពួកគេនិងការ រំលោភដីធ្លី។
លោក ធឿ រ៉ាយាំង បានថ្លែងថា៖ «ពួកគេមើលមកយើងដូចជាជនក្បត់ជាតិ ព្រោះយើងបានជួយជនជាតិអាមេរិកក្នុងសង្គ្រាមវៀតណាម ហើយយើងបានជួយវៀតណាមខាងត្បូងផងដែរ។ យើងបានជួយពួកគេប្រយុទ្ធប្រឆាំងនឹងលទ្ធិកុម្មុយនិស្តហើយបន្ទាប់មកវៀតណាម មើលមកយើង ដូចជាខ្មាំងសត្រូវរបស់គេ។ ឥឡូវនេះបន្ទាប់ពីសង្គ្រាមវៀតណាម អាជ្ញាធរវៀតណាម មិនចូលចិត្តយើងទេ។ ប្រជាជនរបស់យើងរាប់លាននាក់ត្រូវបានសម្លាប់ ដោយសារសង្គ្រាម ហើយបន្ទាប់មកយើងត្រូវបានគេតាមព្យាបាទយ៉ាងខ្លាំងក្លាទៀត»។
លោកបានថ្លែងបន្តថា៖ «ខ្ញុំបានមកទីនេះជាជនភៀសខ្លួនពីប្រទេសវៀតណាម។ ដូច្នេះនៅដើមដំបូង វាបានកើតឡើងនៅក្នុងយប់មួយដែលឪពុករបស់ខ្ញុំបានដាស់ខ្ញុំនៅពាក់កណ្តាលយប់។ ខ្ញុំបានដេកលក់ ខ្ញុំអស់កម្លាំង ខ្ញុំមិនដឹងថា មានរឿងអ្វីកើតឡើង។ ដូច្នេះគាត់បានដាស់ខ្ញុំឱ្យភ្ញាក់ឡើង ហើយប្រាប់ខ្ញុំឱ្យមកជាមួយគាត់ ហើយបន្ទាប់មកគាត់បានអៀវខ្ញុំនៅលើខ្នងរបស់គាត់។ ខ្ញុំដូចជានៅដេកលក់ពាក់កណ្តាល នៅតាមផ្លូវ។ ហើយបន្ទាប់មកគាត់បានទៅព្រៃមួយចំនួន ហើយគាត់បានជួបជាមួយមនុស្សមួយក្រុមពីភូមិមួយ។ ពួកគេបានជួបគ្នានៅកន្លែងជាក់លាក់មួយ។ ហើយនៅពេលដែលខ្ញុំនៅលើឪពុកខ្ញុំ ខ្ញុំកត់សម្គាល់ថាគ្រួសាររបស់ខ្ញុំទាំងអស់មិនបាននៅទីនោះទេ។ បងប្អូនប្រុសនិងបងប្អូនស្រីរបស់ខ្ញុំ និងម្តាយខ្ញុំមិនបានទៅជាមួយទេ គឺមានតែខ្ញុំ និងឪពុករបស់ខ្ញុំនិងក្រុមមនុស្សមួយក្រុមតែប៉ុណ្ណោះ។ ហើយពួកគេបានសម្រេចចិត្តធ្វើដំណើរទៅប្រទេសកម្ពុជា ដោយថ្មើរជើងនៅក្នុងព្រៃ ហើយវាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអ្វីដែលឪពុកខ្ញុំបាននិយាយថា កុំស្រែក ឬយំ ព្រោះប្រសិនបើកូនយំ កូននឹងត្រូវគេចាប់ខ្លួន។ ពេលខ្លះយើងអាចត្រូវគេសម្លាប់ផងដែរ»។
លោក ធឿ រ៉ាយាំង បានពន្យល់ថា កងទ័ពវៀតណាមបានដើរល្បាតនៅតាមបណ្តោយព្រំដែនដែលពួកគេបានភៀសខ្លួន។ លោកបានបន្ថែមថា ម្តាយមីងរបស់លោកដែល ចង់ធ្វើដំណើរមកដែរ តែមានទារកកំពុងយំ ត្រូវបានគេបង្ខំឱ្យត្រឡប់ទៅភូមិវិញ ដោយខ្លាចថា កងទ័ពអាចឮនិងចាប់ខ្លួនពួកគេទាំងអស់គ្នា។ លោកក៏បាននិយាយផង ដែរថា លោកត្រូវឳពុកទុកចោល នៅក្នុងជំរំ បន្ទាប់ពីលោកបានមកដល់ ហើយក្រោយមក នៅពេលឪពុករបស់លោកត្រឡប់ទៅវៀតណាមវិញ ដើម្បីនាំសមាជិកគ្រួសារទាំងអស់មកជំរំ។
ឪពុកម្តាយរបស់លោកនិងគ្រួសារដែលនៅសេសសល់ កំពុងរស់នៅក្នុងទីក្រុង Greensboro រដ្ឋ North Carolina ។
លោកធឿ រ៉ាយាំង បានប្រាប់ VOA ថា៖ «នៅពេលអនាគតខ្ញុំចង់ទៅលេងនៅភូមិចាស់របស់ខ្ញុំ គឺត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយខ្ញុំចង់ទៅប្រទេសកម្ពុជាដើម្បីជួយផ្តល់ជំនួយខ្លះដល់សហគមន៍និងប្រជាជននៅជិតៗតំបន់នោះ ដែលជាអ្នកក្រីក្រទាំងអស់»។
លោក ធឿ រ៉ាយាំង បានជំរុញឱ្យក្រុមម៉ុងតាញ៉ារួបរួមគ្នា ហើយបានស្នើសុំឱ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ធ្វើទុក្ខបុកម្នេញក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា និងអនុញ្ញតឲ្យពួកគេរស់ក្នុងភាពយុត្តិធម៌ ភាពសុខសាន្ត និងសុខដុមរមនា៕