ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប​ឱ្យ​កម្ពុជា​និង​ថៃ​អត់​ធ្មត់​ហើយ​ដោះស្រាយ​តាម​យន្តការ​អាស៊ាន


លោក​ ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រោយ​កិច្ច​ពិគ្រោះ ​ជាមួយ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​​ញូវយ៉ក​អំពី​បញ្ហា ​ជម្លោះ​​យោធា​នៅ​ព្រំដែន​ខ្មែរ​ថៃ។ ក្រុម​ប្រឹក្សា​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ប

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប) ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ភាគី​ថៃ​និង​កម្ពុជា​ចាំ​បាច់​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ត្រូវ​ដោះស្រាយ​តាម​យន្តការ​សមាគម​អាស៊ាន​ ហើយ​ឈរ​លើ​ដំណោះស្រាយ​ដោយ​សន្តិភាព។​ លទ្ធផល​ដូច្នេះ​គឺ​បាន​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា​និង​ថៃ​បាន​រាយការណ៍​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ទី​ក្រុង​ញូវយ៉ក​ អំពី​ឧបទ្ទវហេតុ​ដែល​បាន​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា​នៅ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​៤ថ្ងៃ​ រហូត​ដល់​មាន​ការ​ស្លាប់​ របួស​ទាំង​សង​ខាង​ ខូចខាត​ប្រាសាទ​និង​ធ្វើ​ឲ្យ​អ្នក​ស្រុក​ទាំង​ពីរ​ប្រទេស​ជា​ច្រើន​ពាន់​គ្រួសារ ​ភៀស​ខ្លួន​ ចេញ​ពី​ផ្ទះ​សម្បែង​ជា​ដើម។

លោក​បណ្ឌិត​ឈាង​ វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រត្តិបត្តិការ​និង​សន្តិភាព​បាន​ថ្លែង​ថា ដំណោះស្រាយ​របស់​អ.ស.ប​មិន​បាន​ជួយ​ពេញលេញ​ដល់​ជម្លោះ​ថៃ​និង​កម្ពុជា​ទេ។

«ដូច្នេះ​អ្វី​ដែល​កម្ពុជា​សង្ឃឹម​នោះ​គឺ​សង្ឃឹម​ឲ្យ​អ.ស.ប​ជា​ពិសេស​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​បង្កើត​ក្រុម​ការងារ​មួយ​ក៏​ដូច​ជា​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​កងទ័ព​ថែរក្សា​សន្តិភាព​អន្តរជាតិ​ចូល​មក​ដោះ​ស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ដោយ​បង្កើត​ជា​តំបន់​ទ្រនាប់​ដើម្បី​កុំ​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ហ្នឹង​ប៉ះ​ទង្គិច​គ្នា»។

លទ្ធភាព​មួយ​ផ្សេង​ទៀត​ដែល​ជា​បំណង​របស់​កម្ពុជា​ផង​នោះ​គឺ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​គួរ​ស្នើ​ឲ្យ​តុលាការ​អន្តរជាតិ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។​នេះ​ជា​ការ​អះអាង​របស់​លោក​ វណ្ណារិទ្ធ។

«គឺ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ហ្នឹង​អាច​កោះ​ហៅ​អ្នក​តំណាង​មក​ពី​តុលាការ​អន្តរជាតិ​ដើម្បី​ធ្វើការ​បក​ស្រាយ​លើ​សាលក្រម​តុលាការ​អន្តរជាតិ​ឆ្នាំ​១៩៦២​ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​មិន​បាន​ធ្វើ​ករណី​ហ្នឹង​ទេ​ដូច្នេះ​ហ្នឹង​គឺ​ជា​ការ​សោកស្តាយ​មួយ»។

ក៏​ប៉ុន្តែ​លោក​ ហង្ស​ ឆៃយ៉ា ​នាយក​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ យល់​ឃើញ​ផ្ទុយ​គ្នា។ លោក​អះអាង​ថា​ការ​សម្រេច​របស់​អ.ស.ប​ទំនង​ជា​រឿង​មួយ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ពិចារណា​ឃើញ​ថា​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នេះ​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ ​មាន​កង​កម្លាំង​រក្សា​សន្តិសុខ​ចូល​រួម​ពាក់​ព័ន្ធ​ទេ​ឬ​យល់​ថា​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​ក្នុង​ថ្នាក់​តំបន់​គឺ​អាស៊ាន។

«ម៉្លោះ​ហើយ​រឿង​នេះ​គឺ​ថា​អ.ស.ប​ទាមទារ​ហ្នឹង​មិនមែន​ជា​រឿង​ហួស​ហេតុ​ពីអ្វី​ដែល​យើង​បាន​ស្មាន​ទេ។​ ហើយ​គេ​ចង់​ឲ្យ​ឃើញ​នៅ​ក្នុង​តំបន់​នេះ ​ដូច​ជា​ សមាគម​អាស៊ាន​ហ្នឹង​ឲ្យ​មាន​តួនាទី​សំខាន់»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​អ.ស.ប​ទំនង​ជា​យល់​ពី​ស្ថានការណ៍​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​ហើយ​នឹង​ត្រូវ​ចំណាយ​ច្រើន​ប្រសិន​បើ​ដាក់​កងកម្លាំង​អ.ស.ប​មក​កម្ពុជា​ម្តង​ទៀត។ លោក​បាន​លើក​យក​ឧទាហរណ៍​ពី​ការ​ចំណាយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​គឺ​២ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ចការ​ការពារ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ ដើម​ទសវត្សរ៍១៩៩០​ របស់​កងទ័ព​អ.ស.ប​ដែល​ហៅ​កាត់​ថា​អ៊ុនតាក់។

ទាំង​គណបក្ស​ជំទាស់​និង​អ្នក​វិភាគ​បាន​ចាត់​ទុក​ថា​បញ្ហា​ព្រំដែន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផុយស្រួយ​ដោយសារ​ក្រោយ​ពេល​បញ្ចប់​ការ​វាយ​ប្រហារ​គ្នា​កាល​ពី​ថ្ងៃ​ទី៧​ខែកុម្ភៈ​មុន​ពេល​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​អ.ស.ប​អំពី​រឿង​ព្រំដែន​មក​ទល់​ពេល​នេះ​ កងទ័ព​កម្ពុជា​និង​ថៃ​រាប់ពាន់​នាក់​កំពុង​ត្រៀម​លក្ខណៈ​ខ្ពស់​នៅ​ឡើយ​ ជា​ពិសេស​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​អន្តរជាតិ​និង​កម្ពុជា​មាន​ភារកិច្ច​ការពារ។​ ទោះ​ជា​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ពី​ការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ក៏​ដោយ ​ក៏​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ត្រូវ​បាន​ដក​ចេញ​ពី​តំបន់​ជម្លោះ​នៅ​ឡើយ​ដែរ។

ដំណោះ​ស្រាយ​របស់​អ.ស.ប​ត្រូវ​កម្ពុជា​និង​ថៃ​ចាត់​ទុក​ថា​ជា​ជោគជ័យ​រៀងៗ​ខ្លួន។ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ជំទាស់​កម្ពុជា​ចាត់ទុក​ថា​មិនមែន​ជា​ជោគជ័យ​នៅ​ឡើយ​ទេ។

លោក ​កឹម ​សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ជា​គណបក្ស​ជំទាស់ ​បាន​អះអាង​ថា​ភាគី​ទាំងពីរ​មិន​បាន​ជោគ​ជ័យ​ដូចគ្នា​ក្នុង​ដំណោះ​ស្រាយ​ព្រំដែន​នៅ​ឯ​អ.ស.ប​ នេះ។ ​លោក​ កឹម សុខា​ បញ្ជាក់​ថា​កម្ពុជា​ត្រូវ​ប្រឹង​ប្រែង​តទៅ​ទៀត។

«ខ្ញុំ​ថា​អត់​ទាន់​បាន​ទទួល​លទ្ធផល​អី្វ​ទាំង​អស់។ ​ទាំងពីរ​ ទាំង​សង​ខាង​ហ្នឹង​ នៅ​តែ ​មាន​រឿង​ទំនាស់​ដដែល។ ហើយ​អត់​មាន​នរណា​ទទួល​ជោគ​ជ័យ​លើ​នរណា​ទេ។ ហើយ​អន្តរជាតិ​គេ​បង្ហាញ​ការ​គាប​សង្កត់​មួយ​ដែល​ស្រាល​បំផុត​សិន​ក្នុង​ជំហាន​ទី​មួយ​ហ្នឹង។ តែ​ដល់​ពេល​ណា​មាន​បញ្ហា​តទៅ​ទៀត​ បាន​គេ​លើក​មួយ​កម្រិត​ទៀត»។

លោក​ កឹម​ សុខា​ បាន​អះអាង​ថា​លោក​ពុំឃើញ​ក្រុម​ប្រឹក្សា​អ.ស.ប​ដាក់​ ទណ្ឌកម្ម​ប្រទេស​ថៃ​ ឬ​ធ្វើអ្វី​មួយ​នោះ​ទេ។ ​លោក ​ថ្លែង​ថា​រឿង​សំខាន់​គឺ​ការ​លើក​ទឹកចិត្ត​ កងទ័ព​របស់​កម្ពុជា​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹកដី​ ហើយ​រដ្ឋា​ភិបាល​ខ្លួន​ឯង ក៏​ត្រូវ​ប្រកាន់​យក​ការ​ជំរុញ​យក​យន្តការ​អ.ស.ប​និង​ពហុភាគី​តទៅ​ទៀត​ មិន​ត្រូវ​នៅ​ស្ងៀម​ និង​មិន​ត្រូវ​រា​ថយ​ទៅ​រក​កិច្ច​ចរចា​ទ្វេ​ភាគី​ទៀត​ទេ។

លោក ​យឹម ​សុវណ្ណ​មន្ត្រី​នាំ​ពាក្ស​គណបក្ស​ជំទាស់​ដែរ​គឺ​គណបក្ស ​សម រង្ស៊ី​បាន ថ្លែង​ថា​ស្ថានភាព​កម្ពុជា​ធ្ងន់​ធ្ងរ​ដោយ​សារ​មាន​ការ​រំលោភ​បំពាន​មិន​ត្រឹម​តែ​ច្បាប់ កម្ពុជា​ទេ​គឺ​ច្បាប់​អន្តរជាតិ​ផង​ដែរ។ រឿងនេះ​តម្រូវ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​រួមគ្នា​ទាំង​អ.ស.ប​និង​អាស៊ាន​តែ​ម្តង។ ​«អញ្ចឹង​ហើយ​ភាគី​ណា​ក៏​ដោយ​ដែល​បាន​រំលោភសេចក្តី​សម្រេច​របស់​ UNESCO​ រំលោភក្របខណ្ឌ​ច្បាប់​ ផែនទី ​សាល​ក្រម​តុលាការ​ទីក្រុង​ឡាអេ ​រំលោភ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​ភាគី​នោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ។ តែ​ខ្ញុំ​យល់​ថា​នេះ​ជា​ជំហាន​ទី​មួយ​ទេ។​ នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ»។

លោក ​ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ជា​រដ្ឋលេខា​ធិការ​ បាន ​អះអាង​ថា​ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ជា​ សេចក្តី​សម្រេច​ដែល​កម្ពុជា​ចង់​បាន​ គឺ​ឈប់​បាញ់​គ្នា​ជា​អចិន្រ្តៃយ៍​ ដោះ​ស្រាយ​ដោយ​សន្តិវិធី​ និង​តាម​យន្តការ​អាស៊ាន​ដែល​ជា​ភាគី​ទី៣។

លោក​អះអាង​ថា​ការ​ចរចា​ទ្វេ​ភាគី​រឿង​ព្រំដែន​កន្លង​មក​ភាគី​ថៃ​មិន​ដែល​យក​ទៅ​ពិចារណា​ទេ​ គឺ​ទុក​ចោល​នៅរដ្ឋាភិបាល​និង​រដ្ឋសភា។ ​ដូច្នេះ​បើ​មាន​ភាគី​ទី៣​ចូលរួម​ លោក​ផៃ ​ស៊ីផាន​បាន​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កត់​ត្រា​ជា​លាយ​លក្ខណ៍​អក្សរ ​និង​មាន​អ្នក​សង្កេត​ការណ៍​សម្របសម្រួល។

ជាមួយ​នឹង​ការ​ទទូច​ឲ្យ​រដ្ឋា​ភិបាល​ត្រូវពង្រឹង​កម្លាំង​ទ័ព​ប្រទេស​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ដែល​មាន​គំនិត​មិន​ល្អ​ខណៈ​ពេល​ដែល​មាន​ការ​ចរចា​នោះ លោក ​យឹម ​សុវណ្ណ​ បាន​បញ្ជាក់​ថា​ការដោះ​ស្រាយ​ព្រំដែន​ខាង​កើត​ជាមួយ​ ប្រទេស​វៀតណាម​ក៏ត្រូវ​ដោះ​ស្រាយ​ដែរ​នៅ​ក្នុង​ពេល​ដែល​អន្តរជាតិ​ចូលរួម​នេះ។

«យ៉ាង​ណា​ម៉ិញ​ នៅ​ព្រំដែន​ខាង​កើត​ក៏​ដូច​គ្នា​ដែរ​យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់​ចត់​នូវ​ការបោះ​បង្គោល​ព្រំដែន។ បើ​សិន​ជា​មាន​ការ​ប៉ះ​ទង្គិច​ទៅ​លើ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​ស្រប​ពេល​ដែល​អ.ស.ប​ និង​សមាគម​អាស៊ាន​កំពុង​តែ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ​យើង​ក៏​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ទាំង​ព្រំដែន​ខាង​កើត​ ទាំង​ព្រំដែន​ខាង​លិច​រួម​ជា​មួយ​គ្នា​ផង​ ដើម្បី​បញ្ចប់​បញ្ហា​ក្នុង​ពេល​តែ​មួយ​តែ​ម្តង»។

កម្ពុជា​និង​វៀត​ណាម​ កំពុង​ដំណើរការ ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​ នៅ​ឆ្នាំ​២០១២ ​ទោះបី​ក្រុម​គណបក្ស​ជំទាស់​កម្ពុជា​បាន​ចោទ​ប្រកាន់​ថា​ព្រំដែន​កម្ពុជា​ ត្រូវ​មាន​ការ​រំលោភ​បំពាន​ពី​ប្រទេស​ប្រទេស​វៀត ​ណាម​ក្តី ​តែ​ប្រទេស​វៀតណាម​បាន​បដិសេធ​អំពី​រឿង​នេះ​ដោយ​លើក​ឡើងថា​ប្រទេស​ទាំង​ពីរ​មាន​គណៈ​កម្មា​ធិការ​ព្រំដែន​ដែល​កំពុង​បន្ត​កិច្ចការ​ព្រំ​ដែន។

អាស៊ាន​ធ្លាប់​បាន​ខកខាន​ក្នុង​ការផ្សះ​ផ្សារ​ជម្លោះ​ព្រំដែន​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​កម្ពុជា​ជា​ច្រើន​លើក។ ការ​ខក​ខាន​នេះទំនង​ជា​បង្ក​ពី​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​សមាជិក​ ទាំង​១០​ប្រទេស​នោះ។ បទ​ពិសោធន៍​នេះ​ ធ្វើ​ឲ្យ​មាន​សំណួរ​ថា​តើ​អាស៊ាន​និង​ដោះ​ស្រាយ​យ៉ាង​ណា​ ពេល​អ.ស.ប​បាន​ផ្ទេរភារកិច្ច​ មក​ឲ្យ​អាស៊ាន​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​និង​ថៃ។

លោក ​បណ្ឌិត ​ឈាង​ វណ្ណារិទ្ធ​បាន​អះអាង​ថា​តួនាទីរបស់​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​គឺ​ជា​របត់​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​របស់​អាស៊ាន​ ហើយ​អាស៊ាន​គួរ​ប្រុងប្រៀប​ដើម្បី​ផ្លាស់​ប្តូរ​គោល​ការណ៍​របៀប​របប​នីតិ​វិធី​របស់​ខ្លួន។ បើ​ពុំ​ដូច្នោះ​ទេ​នឹង​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​បាន​ទេ។

«ដូច្នេះ​ខ្ញុំ​គិត​ថា​អាស៊ាន​ត្រូវ​តែ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា​របស់​ខ្លួន​ក៏​ដូច​ជា​លក្ខន្តិកៈ​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ដើម្បី​ធ្វើ​អន្តរាគមន៍​ដោះ​ស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អាស៊ាន​នឹង​ប្តូរ​ទាក់ទិន​នឹង​គោល​នយោបាយ​នេះ»។

សមាគម​អាស៊ាន​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ខាង​មុខ​ក្នុង​ទី​ក្រុង​ចាការតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ពិភាក្សា​បញ្ហា​នានា​ជា​ពិសេស​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ រួម​នឹង​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​និង​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ដ៏​រ៉ាំរ៉ៃ​នោះ​ផង។ សមាជិក​អាស៊ាន​មាន​១០​ប្រទេសរួម ​កម្ពុជា​ ថៃ​ វៀតណាម​ ឡាវ ​ភូមា ​សិង្ហបូរី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី៕

XS
SM
MD
LG