ក្រុមហ៊ុន ស៊ូកាកូអ៊ីន របស់សមាជិកព្រឹទ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា លោកឧកញ៉ាឡៅ ម៉េងឃីន បានបន្តបូមដីដើម្បីចាក់បំពេញផ្ទៃបឹងកក់ទៅតាមគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ ក៍ប៉ុន្តែ ប្រជាពលរដ្ឋនៅតែប្រឈមមុខនិងការលិចលង់ផ្ទះសម្បែង ហើយបានទាមទារឲ្យមានការបញ្ឈប់បូមដីនេះជាបន្ទាន់ ។
យ៉ាងតិចមានប្រជាពលរដ្ឋចំនួនបួនគ្រួសារ ដែលកំពុងរស់នៅលើគោកក្បែរមាត់បឹងកក់ បានប្រឈមមុខនិងការកប់ភក់ល្បាប់ ដែលបានបូមចេញពីទុយយោបូមខ្សាច់។
អ្នកស្រីឃុន សេរី អាយុ៥៣ឆ្នាំ ដែលបានអះអាងថា ផ្ទះរបស់អ្នកស្រីប្រមាណ៥០%ហើយបានកប់នៅក្នុងដីនោះ។
អ្នកស្រីបានផ្តល់បទសម្ភាសន៍ជាមួយនឹង VOA សំឡេងសហរដ្ឋអាមេរិកថា អ្នកស្រីពុំអាចរស់នៅក្នុងផ្ទះនេះបានតទៅទៀតទេ ដោយសារតែការបូមដីចាក់បំពេញផ្ទៃបឹងកក់របស់ក្រុមហ៊ុនស៊ូកាកូអ៊ីន។
«ឥឡូវលិចហើយអូន ព្រោះអី្វសប្តាហ៍មុនហ្នឹងគ្រាន់តែថា បូមខ្សាច់ ហើយនិងទឹកចូល ហើយក្រោយមកក៍បានស្រកទៅវិញ។ ហើយខ្ញុំក៍លាងផ្ទះលាងអីចូលទៅនៅវិញទៀត តែពីរថ្ងៃនេះបូមមក ឥឡូវខ្សាច់ខ្ពស់ពីក្តារមួយតឹកហើយ»។
ក្រុមហ៊ុនស៊ូកាកូអ៊ីន បានផ្តល់សំណងសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹកក្នុងបឹងកក់ ក្នុងមួយគ្រួសារទទួលបានប្រាក់ជាង២.០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការចាកចេញ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួន ដែលប្រកមមុខរបរទទួលទាននៅជាប់តំបន់បឹងកក់នោះបានជំទាស់។
អ្នកស្រីទី ពិសី អាយុ២៨ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានម្លប់ដូងបឹងកក់ ដែលបានបើកតាំងពីឆ្នាំ២០០៤ បាននិយាយថា អ្នកស្រីបានទាមទារឲ្យក្រុមហ៊ុនស៊ូកាកូអ៊ីន ផ្តល់សំណងចំនួនមួយតូប១.០០០ដុល្លារសហរដ្ឋអាមេរិក។
ភោជនីយដ្ឋានម្លប់ដូងបឹងកក់នេះ មានតូបសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តនៅលើផ្ទៃទឹកបឹងកក់ ចំនួន១៧តូប។
អ្នកស្រីពិសី បានរៀបរាប់ទៀតថា ឥឡូវនេះតូបរបស់អ្នកស្រី ត្រូវបានកប់ខ្សាច់ជាបណ្តើរហើយ ហើយការប្រកបអាជីវកម្មលក់ដូរ ក៏មិនបានផលចំណេញដូចមុនដែរ ។
«យើងដើរអត់កើត យើងលក់ដូរអីអត់កើតទេ ហើយអំឡុងពេលដែលគាត់បូមរយៈពេលជាមួយអាទិត្យ ពីរអាទិត្យហ្នឹង គឺធ្វើឲ្យខ្ញុំបាត់បង់ភ្ញៀវៗខ្ញុំ ភាគច្រើនគេលែងមក ហើយខ្ញុំបាត់ចំណូលស្ទើរតែ ៧០%។ ដូចថា ខ្ញុំលក់មួយដថ្ងៃ បានប្រាំមួយទៅប្រាំពីរលានរៀល អញ្ចឹង ខ្ញុំលក់បាននៅសល់តែមួយលានជាង យ៉ាងអស់ក្បាច់ គឺពីរលានរៀល»។
ទុយយោបូមខ្សាច់ធំៗ ចំនួនពីរដែលមានមុខកាត់ប្រមាណជិតមួយម៉ែត្រ បានតម្រង់ចំផ្ទះប្រជាពលរដ្ឋ និងភោជនីយដ្ឋាន ដែលនៅក្បែរៗនោះ។
ផ្ទៃខ្សាច់ ដែលបានលាតសន្ធឹងស្ទើរពេញបឹង លាយឡំទៅនឹងទឹកភក់ បានហូរចូលផ្ទះរបស់អ្នកស្រុក ប្រសិនណាបើពុំមានវិធានការទប់ស្កាត់នោះទេ។ ទឹកដែលមានលាយខ្សាច់នោះ អាចហូរចូលផ្ទះ អ្នកស្រុកបានដោយងាយ។
ប្អូនប្រុសសួស តូនី អាយុ២៣ឆ្នាំ ជាបុគ្គលិកនៅភោជនីយដ្ឋានម្លប់ដូងបឹងកក់ កំពុងតែជីកខ្សាច់ច្រកបាវ ដើម្បីយកមកទប់ទឹក ហើយបាននិយាយថា បើការបូមខ្សាច់នៅតែបន្ត ពួកគេនឹងបាត់បង់ការងារធ្វើ ។
«ខ្ញុំចង់ស្នើសុំកុំឲ្យបូមលិចខ្លាំងពេកបង ព្រោះអីកន្លែងខ្ញុំធ្វើការអញ្ចឹងហើយ បើសិនជាបូមមកវាលិច អញ្ចឹង អត់មានការងារអីធ្វើទៀតទេ ខ្ញុំជាប្រជាពលរដ្ឋ អត់មានការងារអី អត់មានចំណេះដឹងអីធំផង ប្រសិនជាបាត់បង់ការងារអស់ទៅ ខ្ញុំក៏មិនដឹងទៅធ្វើអី នៅផ្ទះធ្វើតែស្រែ ហើយធ្វើស្រែខាតទៀត»។
តំណាងក្រុមហ៊ុនស៊ូកាកូអ៊ីន របស់លោកឧកញ៉ាឡៅ ម៉េងឃីន ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ នៅថ្ងៃពុធនេះ។
ក្រុមហ៊ុនស៊ូកាកូអ៊ីន បានចុះកិច្ចសន្យាព្រមព្រៀងជាមួយនឹងសាលាក្រុងភ្នំពេញ ដើម្បីជួលដីបឹងកក់ចំនួន៩៩ឆ្នាំ នៅលើផ្ទៃដីជាង១២៦ហិចតា។
ក្រុមហ៊ុននេះ មានគម្រោងអភិវឌ្ឍទៅជាតំបន់ពាណិជ្ជកម្មទំនើបៗ សណ្ឋាគារ និងផ្ទះល្វែង។
ប្រជាពលរដ្ឋ បាននិយាយថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាកូអ៊ីននេះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋរាប់ពាន់គ្រួសារទទួលរងនូវផលប៉ះពាល់ ដែលទាមទារឲ្យមានការផ្តល់សំណងសមរម្យ៕