ក្រុមអ្នកភូមិជនជាតិដើមភាគតិចនៅក្នុងខេត្តរតនៈគីរីលើកឡើងថា ពួកគេកំពុងរងគ្រោះដោយការឈូសឆាយដីចម្ការនិងដីព្រៃសហគមន៍របស់ពួកគេដោយក្រុមហ៊ុនដែលទទួលបានសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ប៉ុន្តែអាជ្ញាធរខេត្តអះអាងថា ខ្លួនកំពុងតែព្យាយាមទប់ស្កាត់បញ្ហានេះហើយ។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីខេត្តរតនៈគីរីជូនដូចតទៅ៖
មានសម្បុរខ្មៅស្រអែមនិងសក់រួញ លោក ផែង ក្រុង ជនជាតិប្រូវ វ័យ៣៧ឆ្នាំ កំពុងអង្គុយអារឈើនៅអែបផ្ទះឈើរបស់លោកក្នុងភូមិតាងាចនៃស្រុកតាវែងចម្ងាយជាង៥០គីឡូម៉ែត្រពីទីរួមខេត្តរតនៈគីរី។
លោក ផែង ក្រុង មានប្រសាសន៍ថា បច្ចុប្បន្នលោកនិងប្រជាពលរដ្ឋទាំង៣៦គ្រួសារក្នុងភូមិលែងចង់ដាំដុះផលដំណាំអ្វីទៀតហើយ ដោយសារតែមានការគំរាមឈូសឆាយដីស្រែចម្ការរបស់ពួកគេពីសំណាក់ក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
“ខ្ញុំជាប្រជាពលរដ្ឋលែងកសាង អានេះ ដីនេះលែងកាប់លែងត្រួសត្រាយ ព្រោះអីអារម្មណ៍យើងមិន អាចរស់នៅទីនេះបាន។ យើងធ្វើនាំតែខាតពេលដដែលៗហ្នឹង។ អាដំណាំដាំដុះអីហ្នឹងប្រជាពលរដ្ឋក្នុងភូមិថា គេលែងរវីរវល់។ គេមិនធ្វើអីទៀតទេ”។
បញ្ហាដែលលោក ផែង ក្រុងកំពុងប្រឈរមុខនេះមិនបានកម្រិតនៅត្រឹមតែភូមិរបស់លោកប៉ុណ្ណោះទេ តែវាក៏កើតមានផងដែរនៅក្នុងភូមិជាច្រើនទៀតនៅក្នុងខេត្តនេះ។
លោក រមាំង ទីង តំណាងអ្នកភូមិជនជាតិចារាយចំនួន៤១គ្រួសារនៅក្នុងភូមិលោម ក្នុងស្រុកអណ្តូងមាសដែលមានព្រំប្រទល់ជាប់នឹងស្រុកតាវែងនេះ មានប្រសាសន៍ថា អ្នកភូមិរបស់លោកក៏កំពុងជួបប្រទះនូវការលំបាកដោយសារតែការឈូសឆាយរបស់ក្រុមហ៊ុនឯកជនមកលើដីស្រែចម្ការរបស់អ្នកភូមិជនជាតិដើមភាគតិចរបស់លោកផងដែរ។
“ក្រុមហ៊ុនគេចុះមកដល់ គេសុំពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍កៅស៊ូ អញ្ចឹង។ ដល់ពេលអញ្ចឹងទៅ គេមកឈូសឆាយ។ ដល់ពេលឈូសឆាយទៅចំដីសហគមន៍យើងដែលបង្កបង្កើនផល។ ដល់ពេលអញ្ចឹងទៅ សហគមន៍យើងតវ៉ាទៅថា ដីហ្នឹងជាដីដែលសហគមន៍ធ្លាប់បង្កបង្កើនផល។ ដល់អញ្ចឹងគេថា អត់ទេ ដីហ្នឹងរដ្ឋសម្បទានឱ្យក្រុមហ៊ុនជាដីរបស់ក្រុមហ៊ុនហើយ”។
ប្រជាពលរដ្ឋនៅក្នុងខេត្តរតនៈគីរីមានចំនួនជិត១៥ម៉ឺននាក់។ ភាគច្រើននៃប្រជាជនទាំងនេះគឺជាជនជាតិដើមភាគតិច រួមមានជនជាតិព្នង ចារាយ កាចក ប្រូវ តាវែត គ្រឹង លន់និងទំពួនជាដើម។
ជនជាតិដើមភាគតិចទាំងនេះមានជំនឿទៅលើអារុក្ខអារក្សអ្នកតាព្រៃភ្នំ ហើយរស់នៅពឹងផ្អែកទៅលើធនធានធម្មជាតិ ជាពិសេសគឺផលនិងអនុផលព្រៃឈើតែម្តង។
អ្នកស្រី ដាំ ចន្ធី នាយិកាសមាគមន៍ខ្មែរលើ ឬHighlander's Association ដែលធ្វើការងារអប់រំអំពីសិទ្ធិដី ធ្លីដល់សហគមន៍ជនជាតិភាគតិចនៅក្នុងខេត្តរតនៈគីរីនេះ មានប្រសាសន៍ថា ការឈូសឆាយរបស់ សម្បទានិក ឬក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ ព្រៃបម្រុងទុកសម្រាប់ការរកទទួលទានជាលក្ខណៈប្រពៃណីរបស់ជនជាតិដើមភាគតិចទាំងនេះនិងធ្វើឱ្យប៉ះពាល់ដល់ចម្ការវិលជុំរបស់ពួកគេផងដែរ។
“ការធ្វើចម្ការវិលជុំ វាត្រូវនៅសល់ដីខ្លះសម្រាប់គាត់វិលចុះវិលឡើង។ ដល់ពេលដែលក្រុមហ៊ុនទៅ អញ្ចឹងទៅ អត់មានការឯកភាពអត់អីហ្នឹង គាត់កំពុងប្រឈមមុខខ្លាំងហើយរាល់ថ្ងៃនេះ”។
យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនឯកជនចំនួន១៤ដែរ ដែលបានដាក់ពាក្យស្នើសុំដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្ម ជាពិសេសគឺដំណាំកៅស៊ូនៅក្នុងខេត្តរតនៈគីរីនេះ នេះបើយោងតាមអាជ្ញាធរខេត្ត។ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនតែមួយគត់ គឺក្រុមហ៊ុន Heng Brothers ដែលត្រូវបានចុះបញ្ជីជាសម្បទានិកស្របច្បាប់ ដោយសារក្រុមហ៊ុន នេះបានបំពេញគ្រប់លក្ខខណ្ឌនៃដំណើរការស្នើសុំដីសម្បទានសេដ្ឋកិច្ច នេះបើផ្អែកតាមការបញ្ជាក់របស់អភិបាលខេត្តរតនៈគីរី លោក ប៉ាវ ហមផាន។
ប៉ុន្តែក្រុមអ្នកភូមិជនជាតិដើមភាគតិចលើកឡើងថា ក្រុមហ៊ុនភាគច្រើនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចនេះមិនបានធ្វើការអភិវឌ្ឍដូចដែលពួកគេបានអះអាងនោះទេ តែផ្ទុយទៅវិញគឺគ្រាន់តែយកលេស "អភិវឌ្ឍន៍"នេះដើម្បីបានឱកាសកាប់ឈើប្រណិតដែលមានតម្លៃយកទៅលក់តែប៉ុណ្ណោះ។
“ដាំកៅស៊ូ ឃើញដាំ ប៉ុន្តែអត់ថែ។ គេចូលព្រៃឈើ កាប់ឈើយកទៅហ្នឹង ប្រើសុទ្ធតែអាអ៊ិច។ គេយក ឈើធ្នង់ អាត្រង់ៗ តាំងពី២តឹកឡើងទៅយកទាំងអស់”។
ក្នុងចំណោមព្រៃឈើប្រមាណជា៨០ភាគរយ ដែលគ្រប់ដណ្តប់លើផ្ទៃដីជាង១ម៉ឺនគីឡូម៉ែត្រក្រឡារបស់ខេត្តរតនៈគីរីនេះ យ៉ាងហោចណាស់ក៏មានព្រៃឈើរាប់ម៉ឺនហិកតាដែរ ដែលត្រូវបានកាប់បំផ្លាញដោយខុសច្បាប់ នេះបើយោងតាមការប៉ាន់ប្រមាណរបស់មន្រ្តីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តរតនៈគីរីនេះ។
ផ្អែកតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨៥ដែលបានទទួលសម្បទានដីសេដ្ឋកិច្ចនៅលើផ្ទៃដីសរុបជាង៩៥ម៉ឺនហិកតាសម្រាប់អភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្ម នៅក្នុងខេត្តចំនួន១៦ទូទាំងប្រទេសកម្ពុជា រួមមានត្រួសៗ ខេត្តក្រចេះ ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ ពោធិសាត់ ស្ទឹងត្រែង និងខេត្តរតនៈគីរីនេះជាដើម។
របាយការណ៍ស្តីពីសម្បទានដីសេដ្ឋកិច្ចឆ្នាំ២០០៧របស់ការិយាល័យនៃឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា សម្បទានដីសេដ្ឋកិច្ចទាំងនេះដែលរួមបញ្ចូលទាំងដីសម្បទានសេដ្ឋកិច្ចចំនួនជាង៥ម៉ឺនហិកតានៅក្នុងខេត្តរតនៈគីរីនេះផងដែរ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តទាំងនោះ ជាពិសេសគឺខេត្តមណ្ឌលគីរីនិងខេត្តរតនៈគីរីនេះតែម្តង ដែលសម្បូរទៅដោយជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ។
លោក ប៉ាវ ហមផាន អភិបាលខេត្តរតនៈគីរី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយកាល ពីពេលថ្មីៗនេះថា អាជ្ញាធរខេត្តព្រមទាំងរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ការឈូសឆាយដីដែល ធ្វើឱ្យប៉ះពាល់ដល់ដីស្រែចម្ការ និងព្រៃសហគមន៍របស់ជនជាតិដើមភាគតិច ហើយតាមរយៈការកាត់ចេញនូវដីព្រៃណាដែលជាការកាន់កាប់ស្របច្បាប់របស់សហគមន៍ជនជាតិដើមភាគតិចចេញពីដីសម្បទានជាដើម។
“ជួនកាលគេស្នើមក១ម៉ឺនហិកតាអញ្ចឹង។ ប៉ុន្តែចុងក្រោយទៅកាត់នៅសល់ ក្រុមហ៊ុនខ្លះនៅសល់ត្រឹម៤ពាន់។ ក្រុមហ៊ុនខ្លះនៅសល់ត្រឹម៦ពាន់។ អញ្ចឹងត្រង់ហ្នឹងដែលថា ការគិតគូររបស់រាជរដ្ឋាភិបាលនៅ ក្នុងការថែរក្សានិរន្តរភាពព្រៃឈើ។ កន្លែងណាល្អគឺយើងមិនឱ្យសិទ្ធិទៅក្រុមហ៊ុនប៉ះពាល់ទេ។ អាហ្នឹងត្រូវកាត់ចេញពីរង្វង់ផ្តល់ឱ្យ ហើយឱ្យក្រុមហ៊ុនហ្នឹងថែរក្សាឱ្យទៀត”។
នៅក្នុងលក្ខខណ្ឌនៃការវិនិយោគដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជននេះសម្បទានិកអាចកាប់ឈើបានដើម្បីរានដីសម្រាប់ការដាំដុះដំណាំកសិឧស្សាហកម្មរបស់ខ្លួន ប៉ុន្តែពួកគេត្រូវបង់សួយសារ ឬពន្ធជូនរដ្ឋចំពោះការកាប់ឈើប្រណិតដែលមានតម្លៃថ្លៃទាំងនោះ។
លោក ប៉ាវ ហមផាន មានប្រសាសន៍ថា ការបាត់បង់ព្រៃឈើ ដែលរួមទាំងព្រៃសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺមិនមែនកើតឡើងតែពីការឈូសឆាយរបស់ក្រុមហ៊ុនដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែការបាត់បង់នេះក៏ជាលទ្ធផលនៃការកាប់រានដីព្រៃដើម្បីពង្រីកចម្ការដោយប្រជាកសិករខ្លួនឯងផ្ទាល់ផងដែរ ដោយសារតែតម្រូវការដីដាំដុះកាន់តែកើនឡើង នៅពេលដែលមានកំណើនសមាជិកក្នុងគ្រួសារនីមួយៗនោះ។
“ព្រៃមានសត្រូវច្រើន រួមទាំងប្រជាពលរដ្ឋយើងហ្នឹង។ មុខព្រួញរបស់គាត់គឺប្រុងតែពង្រីកចម្ការហ្នឹង ហើយ។ ហើយតែពង្រីកគឺប៉ះពាល់ដល់ព្រៃហើយ។ អញ្ចឹងហើយបានថា យើងត្រូវតែប្រឹងប្រែងខិតខំ ទប់ស្កាត់ ទី១គឹចង់ឱ្យគាត់ប្រែប្រួលក្នុងការបង្កបង្កើនផលហ្នឹងឯង គឺថា ធ្វើស្រែក៏ស្រែទៅ។ ប៉ុន្តែមកធ្វើជាស្រូវស្រែយើងវិញ វាមិនព្រួយនឹងកាប់ព្រៃរាល់ឆ្នាំផង ហើយវាថិតថេរបាន”។
តែទោះជាយ៉ាងនេះក្តី លោក ប៉ែន ប៊ុណ្ណារ៍ អ្នកសម្របសម្រួលសមាគមន៍អាដហុកប្រចាំខេត្តរតនៈគីរី មានប្រសាសន៍ថា ការដែលអ្នកភូមិជនជាតិដើមភាគតិចខ្លះបានកាប់ឆ្ការព្រៃរានយកដីធ្វើស្រែចម្ការនេះ ពីព្រោះពួកគេបានបាត់បង់ដីចម្ការវិលជុំរបស់ពួកគេ ដោយសារតែការឈូសឆាយរបស់ក្រុមហ៊ុនឯកជនដែលទទួលបានសម្បទានដីសេដ្ឋកិច្ចពីរដ្ឋាភិបាល។
ដូច្នេះ លោក ប៉ែន ប៊ុណ្ណារ៍ បានសង្កត់បញ្ជាក់ថា រដ្ឋាភិបាលគួរតែចាប់ផ្តើមអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីរក្សា និងការពារដីព្រៃរបស់អ្នកភូមិជនជាតិដើមភាគតិចទាំងនេះ ហើយដើម្បីធានាថា ព្រៃឈើ នៅក្នុងប្រទេសកម្ពុជាអាចនៅគង់វង្សស្ថិតស្ថេរយូរអង្វែងសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយទៀត។
ពីខេត្តរតនៈគីរី ខ្ញុំ ពេជ្រ សំណាង VOAសម្លេងសហរដ្ឋអាមេរិក៕