ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជនជាតិភាគតិចជួបជុំ​ពិភាក្សា​ស្វែងយល់​ពី​សាលាក្តីខ្មែរក្រហម


​អៀង ធីរិទ្ធ និង អៀង សារី ​ ​ឋិតនៅក្នុងរឿងក្តី​ករណី ០០២​។
​អៀង ធីរិទ្ធ និង អៀង សារី ​ ​ឋិតនៅក្នុងរឿងក្តី​ករណី ០០២​។

ភ្នំពេញៈ ជនជាតិ​ភាគតិច​ចំនួន​ជាង ៣០០នាក់​ មកពី​ខេត្ត​ផ្សេងៗ ​បាន​ជួបជុំ​គ្នា​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃពុធនេះ ​ដើម្បី​ស្វែងយល់​ពី​ដំណើរការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ និង​ដើម្បី​សិក្សា​ បន្ថែម​ទៀត​ពី​បទ​ចោទប្រកាន់​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍។ បទ​ចោទ​នេះ ​ដែល​ទាក់ទង​ទៅនឹង​ ការធ្វើ​ទុក្ខ​បុកម្នេញ​លើ​ជនជាតិ​ភាគតិច។

ជនជាតិ​មិល​ ក្រោល ​កួយ ​ភ្នង ខ្មែរ​អ៊ីស្លាម ​និង​ខ្មែរ​កម្ពុជា​ក្រោម​សរុប​ចំនួន​ ៣៤០ នាក់ ​បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃពុធនេះ​ ក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​ស្វែងយល់​ពី​ដំណើរការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​បន្ដ​ និងក៏ដើម្បីស្វែងយល់​ពី​ទ្រឹស្ដី​នៃ​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​។ បទ​ចោទនេះ​ ត្រូវបាន​អនុវត្ត​ចំពោះ​ជន​ជាប់ចោទ​ ដែល​ជា​អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២ ​មាន​ នួន ជា ​ខៀវ សំផន​ អៀង សារី ​និង​អៀង ធីរិទ្ធ ​ទាក់ទងទៅនឹង​ការសម្លាប់​ និង​ការធ្វើ​ទុក​បុកម្នេញ​ទៅលើ​ជនជាតិ​ចាម វៀតណាម​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម។ ជន​ជាប់ចោទ​ទាំងបួន​នាក់ ត្រូវគេរំពឹងថា ​នឹងត្រូវ​កាត់ទោស​នៅដើម​ឆ្នាំ​ក្រោយ។

ជនជាតិ​ភាគតិច​ខាងលើ​បាន​មកពី​ខេត្តសៀមរាប ​ព្រះវិហារ​ ក្រចេះ ​បន្ទាយមានជ័យ​ តាកែវ ​កំពង់ចាម ​កំពង់ធំ កំពង់ឆ្នាំង​ ពោធិ៍សាត់ ​រតនៈគិរី ​មណ្ឌលគិរី ​ព្រះសីហនុ ​ព្រៃវែង​ កោះកុង​ និង ទីក្រុង​ភ្នំពេញ​។

លោក​ វ៉ាន់ថាន់ ពៅតារា ​នាយក​រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​បានរៀបចំ​សិក្ខាសាលា​ស្ដីពី​បទ​ល្មើស​ប្រល័យ​ពូជសាសន៍​សម្រាប់ជនជាតិ​ភាគតិច​ទាំងនោះ ​មាន​ប្រសាសន៍​ថា ការយល់ដឹង​ពី​បទ​ប្រល័យ​ពូជសាសន៍​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​កម្ពុជា​ អាចនឹង​ជួយ​ទៅដល់​ការទប់ស្កាត់​នៃ​អំពើ​នេះ​មិនឱ្យកើតឡើង​សារជាថ្មី​ម្ដងទៀត​នៅ​កម្ពុជា។

“យើងចង់​ឲ្យ​គាត់​ទទួល​បាន​នូវ​ការយល់ដឹង​នូវ​ពាក្យនេះ ​ឲ្យ​បាន​ទូលំទូលាយ​ ហើយ​តាមរយៈ​ការ​យល់​ដឹង​នេះ​ឯង​គឺជា​ការទប់ស្កាត់​ដ៏មាន​ប្រសិទ្ធិភាព ​ដើម្បី​កុំឲ្យ​អំពើ​ប្រល័យពូជសាសន៍​កើតមាន​ជា​ថ្មី​ម្ដងទៀត"។

លោក​ វីលៀម ស្មីត​ សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​បាន​ពន្យល់​នៅក្នុង​សិក្ខា​សាលានោះ​ថា ​អំពើ​ប្រល័យ​ពូជសាសន៍ ​គឺជា​សកម្មភាព​ទាំងឡាយ​ណា ​ដែល​មាន​ចេតនា​ ប្រព្រឹត្ត​ឡើង​នៅក្នុង​គោលបំណង​បំផ្លិចបំផ្លាញ​ទាំងស្រុង​ ឬ​ក៏មួយ​ផ្នែក​នូវ​ក្រុម​ជាតិ ​ជាតិពន្ធុ ​ក្រុម​ពូជសាសន៍ ឬ​សាសនា​ណាមួយ​។

ក្នុង​ចំណោម​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​របប​ខ្មែរក្រហម​ចន្លោះពី ​១,៧ លាន​ នាក់ ទៅ​ ២,២ លាននាក់ ជនជាតិ​ខ្មែ​រអ៊ីស្លាម​ត្រូវគេ​ជឿថា ​បាន​ស្លាប់​បាត់បង់​ជីវិត​ប្រមាណជា​ ៥០០.០០០ នាក់។ ដោយឡែក​ជនជាតិ​វៀតណាម​ និង​ឈ្លើយសឹក​វៀតណាម​ ជា​ច្រើន​រយនាក់ ទៀត​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​ចោល ​និង​មាន​ជនជាតិ​ខ្មែរ​កម្ពុជាក្រោម​ជាច្រើន​ទៀត​បាន​ទទួល​រង គ្រោះផងដែរ​។ រីឯ​ជនជាតិ​ភាគតិច​ខ្មែរ​តំបន់​ភ្នំ ​ក៏បាន​ទទួល​រង​នូវ​ការធ្វើទុក​បុកម្នេញ ​និង​សម្លាប់​ចោល ផងដែរ ​។

លោក​រ៉ុន សឹម​ ជនជាតិ​ខ្មែរ​ឥស្លាម​ អាយុ​៦២ឆ្នំា​ មកពី​ខេត្ត​តាកែវ ​មាន​ប្រសាសន៍​ថា​ ពួក​ខ្មែរ​ក្រហម មាន​ចេតនា​ផ្តាច់​ពូជ​សាសន៍​ជនជាតិ​ភាគតិច​របស់​គាត់​ ហើយ​គាត់​ ត្រូវការ​តាមដាន​ ដំណើរការ​កាត់ ទោស​ពួក​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ។

«ស្វែង​យល់ថា​ កាត់​ទោស​ពួក​ខ្មែរ​ក្រហម​ ប្រឆាំង ​និង​មេដឹកនាំ​ខ្មែរ​ក្រហម ​ជំនាន់​៣ឆ្នាំ ​៨ខែ​ វា​ធ្វើ​បាប​ ជនជាតិ​យើង​ខ្ញុំ​ខ្លាំង​ណាស់ ​បង្ខំ​ឲ្យ​ធ្វើការ​ខ្លាំង​ឲ្យ​ហូបតិច​ បែកបាក់​គ្រួសារ ​គោរព​ប្រពៃណី​ក៏​ មិន​ឲ្យ គោរព ​កន្លែង​ណា​ហូម​មិនកើត ​គឺវា​បង្ខំ​ឲ្យ​ហូប​កន្លែង​ហ្នឹង។ វា​ធ្វើ​សង្រ្គាម​ត្រជាក់ ​ដើម្បី​ឲ្យ​ជនជាតិ​យើង​ ខ្ញុំ​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន»។

ដោយឡែក ​លោក​ ធិន ធាម​ ជនជាតិ​ក្រោល ​មកពី​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ ​ក៏បាន​លើកឡើង​ដែរថា ​លោក​ត្រូវការ​យុត្តិធម៌​សម្រាប់​ជនជាតិ​ផងខ្លួន​។

«ដើម្បី​រក​យុត្តិធម៌ ​កាត់ទោស​ខ្មែរ​ក្រហម ​ចង់ដឹង​ពី​កាត់ទោស​ខ្មែរ​ក្រហម​»។

ទោះជា​យ៉ាងណា​ក៏ដោយ​ ជនជាតិ​ភាគតិច​ ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​ មិនបាន​ចោទ​សួរ ច្រើន​ទៅលើ​បទល្មើស​ ដែល​ទាក់ទង​ទៅ នឹង​ឧក្រិដ្ឋកម្ម​នៃ​បទ​ប្រល័យ​ពូជសាសន៍​នោះទេ ​បើទោះបី​ជា ​មាន​ការបកស្រាយ​យ៉ាង​ពិស្តារ​យ៉ាងណា​ក៏ដោយ​ពី​សហ​ព្រះរាជអាជ្ញារង​ជាតិ ​និង​អន្តរជាតិ​ និង​ពី​អ្នក ជំនាញ​ផ្នែក​អក្សរសាស្រ្ត​ខ្មែរ​ក៏ដោយ៕

XS
SM
MD
LG