អង្គការយូនីសេហ្វ (UNICEF) បានចេញផ្សាយរបាយការណ៍មួយដែលបារម្ភអំពីកំណើនចំនួនកុមារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា ដែលកុមារភាគច្រើនមានម្តាយ ឬឪពុក។ អង្គការយូនីសេហ្វឲ្យដឹងថា ជំហ៊ានបន្ទាប់របស់ខ្លួនត្រូវធ្វើការជាមួយក្រសួងសង្គមកិច្ច និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីដោះស្រាយកង្វល់នេះ។
ក្រុមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិនានេះថា អាជ្ញាធរកម្ពុជាកំពុងធ្វើការត្រួតពិនិត្យមជ្ឈមណ្ឌលកុមារកំព្រានៅទូទាំងប្រទេស បន្ទាប់ពីអង្គការយូនីសេហ្វ បានសម្តែងកង្វល់ចំពោះកំណើនចំនួនក្មេងកំព្រានិងមជ្ឈមណ្ឌលក្មេងកំព្រោនៅកម្ពុជា។
របាយការណ៍របស់អង្គការយូនីសេហ្វ បានចេញផ្សាយនៅដើមសប្តាហ៍នេះថា កុមារចំនួន១២.០០០នាក់ នៅមណ្ឌលកុមារកំព្រាក្នុងប្រទេសកម្ពុជាតាមពិតមិនមែនជាក្មេងកំព្រោទេ។ ប្រមាណ៣ភាគ៤នៃក្មេងទាំងនោះមានម្តាយឬឪពុក។ ចំនួនក្មេងនៅក្នុងមជ្ឈមណ្ឌលថែរក្សាមានចំនួនកើនឡើងជាងទ្វេដងនៅក្នុងរយៈពេលប្រាំឆ្នាំ។
របាយការណ៍របស់អង្គការយូនីសេហ្វ នេះ បានបន្ថែមថា មជ្ឈមណ្ឌលកុមារកំព្រាមួយចំនួនមានការកើនឡើងជិតទ្វេដងរហូតដល់២៦៩កន្លែងនៅក្នុងរយៈពេលដូចគ្នា។ ក្នុងនោះមានតែមជ្ឈមណ្ឌលកុមារកំព្រាចំនួន២១ ប៉ុណ្ណោះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ មជ្ឈមណ្ឌលទាំងនោះត្រូវបានផ្តល់មូលនិធិ និងគ្រប់គ្រងដោយប្រទេសផ្តល់ជំនួយ និងអង្គការសម្បុរសធម៌។
លោក ម៉ាក វ៉ឺរហ្ការ៉ា (Marc Vergara) ប្រធានផ្នែកទំនាក់ទំនង អង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់វីអូអេខ្មែរថា ជំហ៊ានបន្ទាប់របស់អង្គការយូនីសេហ្វ ត្រូវធ្វើការជាមួយក្រសួងសង្គមកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីដោះស្រាយកង្វល់នេះឆ្ពោះទៅរកការថែរក្សា និងបរិស្ថានល្អ សម្រាប់កុមារ។ លោកបន្តថា៖
«យើងផ្តល់អត្ថប្រយោជន៍យ៉ាងប្រពៃដល់កុមារជាគំនិត និងបច្ចុប្បន្ន យើងជឿជាក់ថាមជ្ឈមណ្ឌលកុមារកំព្រាជាច្រើនមិនបានវិនិយោគនៅក្នុងផលប្រយោជន៍របស់កុមារទាល់តែសោះ»។
លោកលឹម អ៊ែលឌ្យូរ៉ាដូ អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានថ្លែងថា មជ្ឈមណ្ឌលកុមារកំព្រាទាំងអស់ ត្រូវពង្រឹងស្របតាមបទដ្ឋាន និងគោលនយោបាយរបស់ក្រសួង ហើយក្រសួងត្រូវធ្វើការត្រួត ពិនិត្យនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីឱ្យប្រាកដថាតើមជ្ឈមណ្ឌលណាបានគ្រប់គ្រងកុមារកំព្រា បានត្រឹមត្រូវតាមច្បាប់។ លោកលឹម អ៊ែល ឌ្យូរ៉ាដូ បានព្រមានថា បើមជ្ឈមណ្ឌលកុមារកំព្រាណាមិនបានគ្រប់គ្រងកុមារកំព្រាស្របតាមគោលការណ៍របស់ក្រសួងទេ មជ្ឈមណ្ឌលនោះអាចនឹងប្រឈមនឹងការបិទទ្វា ឬក៏ទទួលការណែនាំបន្ថែម។ លោកបន្ថែមថា៖
«បើមជ្ឈមណ្ឌលកុមារកំព្រាណាបើកដោយគ្មានការទទួលស្គល់ពីក្រសួង និងគ្មានចុះកិច្ចព្រមព្រៀងជាមួយក្រសួងទេ តែបើគាត់ (មជ្ឈមណ្ឌលកុមារកំព្រា) ធ្វើល្អក្រសួងនឹងណែនាំគាត់ឱ្យធ្វើកិច្ចព្រមព្រៀងជាមួយក្រសួង។ ប៉ុន្តែបើគាត់ធ្វើមិនគ្រប់គោលការណ៍របស់ក្រសួង យើងប្រហែលជានឹងមិនរក្សាទុកគាត់ទេ ពីព្រោះវាធ្វើឱ្យការគ្រប់គ្រងកុមារមិនទៅតាមគោលនយោបាយរបស់យើង»។
លោក លឹម អ៊ែល ឌ្យូរ៉ាដូ បានបញ្ជាក់ថា របាយការណ៍របស់អង្គការយូនីសេហ្វ នេះបានជួយរួមវិភាគទាន ដល់ក្រសួងសង្គមកិច្ច ដើម្បីពង្រឹងមជ្ឈមណ្ឌលកុមារកំព្រាឱ្យសម្រេចដល់គុណភាពនៃការអប់រំ និងការថែរក្សា។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ការស៊ើបអង្កេតទៅលើរបាយការណ៍របស់អង្គការយូនីសេហ្វនេះ គឺស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ក្រសួងសង្គមកិច្ច ប៉ុន្តែ ក្រសួងមហាផ្ទៃត្រៀមលក្ខណៈជួយធ្វើការស៊ើបអង្កេតនៅក្នុងករណីនេះ បើក្រសួងសង្គមកិច្ចស្នើសុំជំនួយ និងអន្តរាគមន៍ពីក្រសួងមហាផ្ទៃ៕