ក្រសួងសង្គមកិច្ចប្រកាសឲ្យទប់ស្កាត់សកម្មភាពរៃអង្គាសប្រាប់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ដោយនិយាយថា សកម្មភាពទាំងនោះជាទង្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសង្គម។
នេះបើតាមសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់សកម្មភាពរៃអង្គាសប្រាក់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ដែលចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា នៅថ្ងៃទី១ ខែមីនានេះ។ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ក្រសួងសង្គមកិច្ចសង្កេតឃើញថា កន្លងមកមានជនជាតិខ្មែរ និងបរទេសមួយចំនួន ដែលរស់នៅ និងបម្រើការងារផ្សេងៗនៅកម្ពុជា បានដើររៃអង្គាសប្រាក់ដោយមិនមានការអនុញ្ញាតពីស្ថាប័នរដ្ឋ ឬអង្គការជាតិ និងអន្តរជាតិណាមួយឡើយ។ សកម្មភាពទាំងនោះមានដូចជា ការស្លៀកពាក់បែបព្រះសង្ឃនៃជនជាតិដទៃ ការស្លៀកពាក់បែបដូនជី ការប្រើប្រាស់កុមារ មនុស្សចាស់ និងជនពិការជាដើម។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ក្នុងន័យដើមថា៖
«សកម្មភាពទាំងអស់នេះជាទង្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ពិសេសប៉ះពាល់ដល់ជនរងគ្រោះ ដែលត្រូវបានក្រុមជនទាំងនោះយកទៅប្រើប្រាស់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមរបស់ខ្លួន។
ក្រសួងសង្គមកិច្ចបានដាក់ចេញវិធានការឲ្យអង្គការ សមាគម ឬក្រុមផ្សេងៗដែលធ្វើសកម្មភាពរៃអង្គាសប្រាក់ក្រោមរូបភាពទាំងនោះ ត្រូវបញ្ឈប់ជាបន្ទាន់ និងបានអំពាវនាវឲ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ និងសាធារណជន ត្រូវសហការក្នុងការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ ដោយរាយការណ៍ទៅក្រសួងសង្គមកិច្ចតាមរយៈលេខទូរស័ព្ទ ០១២ ៥៣៨ ១១៨ និងលេខ០១២ ៤២៧ ១៦៨ និងលេខ ០៦៦ ៥១៧ ៥១៧៕