នៅថ្ងៃព្រហស្បត៍នេះ ក្រសួងមហាផ្ទៃបានស្តីបន្ទោសដល់កង្វះខាតនៃកិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល ថាជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
ការលើកឡើងនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយដែលមានអ្នកចូលរួមប្រមាណ៨០នាក់ដែលជាមន្ត្រីរដ្ឋាភិបាលតាមក្រសួង ខេត្តចំនួនប្រាំមួយ និងមន្ត្រីអង្គការសង្គមស៊ីវិល។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្សទាមទារឱ្យមានកិច្ចសហការរួមគ្នាពីគ្រប់ស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យប្រជាពលរដ្ឋរួចផុតពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្សនេះ។
«កន្លងមកការធ្វើសកម្មភាពនៅរាយប៉ាយ មិនមានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ និងគ្មានការសម្របសម្រួលបណ្តាលឱ្យមានការជាន់ភារកិច្ចគ្នា ជាហេតុធ្វើឱ្យមានចំណុចអវិជ្ជមានមួយចំនួននិងគ្មានប្រសិទ្ធិភាពនៅឡើយ ដែលធ្វើឱ្យខាតបង់នូវធនធាន និងផលប្រយោជន៍ថែមទៀតផង»។
លោក ស ខេង បានស្នើឱ្យស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលត្រូវប្រើ ធនធាននិងជំនាញរបស់ខ្លួនឱ្យចំទិសដៅក្នុងការលុបបំបាត់ចំណុចអវិជ្ជមាន កិច្ចការត្រួតគ្នា និងកង្វះកិច្ចសហការនេះ ហើយត្រូវបង្កើនការយល់ដឹងអំពីនីតិវិធីច្បាប់ សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ សមត្ថភាព នៃអ្នកផ្តល់សេវា គុណភាពនៃសេវា ពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់អំពីបញ្ហាដទៃទៀត ដែល អាចជាធាតុផ្សំនៃបទល្មើសនិងឧបសគ្គទាំងឡាយដែលធ្វើឱ្យរាំងស្ទះដល់ការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដឹកនាំការបង្ក្រាបការជួញដូរមនុស្ស បានថ្លែងនៅក្នុងការបិទសិក្ខាសាលានេះថាយុទ្ធសាស្ត្រចំនួនបីចំណុចទាក់ទងនឹងការអប់រំ ការផ្តល់ជម្រើស និងការគាំទ្រផ្លូវច្បាប់ត្រូវបានបង្កើតឡើងដែលអាចមានប្រសិទ្ធភាពក្នុងការបង្ការគ្រោះថ្នាក់នៃការជួញដូរសម្រាប់ប្រជាពលរដ្ឋខ្មែរ។
«យុទ្ធសាស្ត្ររួមចំនួនបីចំណុច ដើម្បីបង្ការទប់ការជួញដូរមនុស្ស គឺមានការអប់រំផ្សព្វផ្សាយល្អ ការផ្តល់ជម្រើសក្នុងការរស់នៅ និងការគាំទ្រផ្នែកច្បាប់។ នេះគឺជាយុទ្ធសាស្ត្របី ដែលយើងគិតថា អាចជួយឱ្យ ប្រជាពលរដ្ឋរួចផុតពីភាពរងគ្រោះបានកាន់តែច្រើន»។
លោកស្រី លឹម មុន្នី ប្រធានផ្នែកសិទ្ធិស្ត្រីនៃសមាគមសិទ្ធិមនុស្ស អាដហុក បានថ្លែងថា លោកស្រីគាំទ្រយុទ្ធសាស្ត្រទាំងបីចំណុចនេះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ប៉ុន្តែលោកស្រីនៅតែព្រួយបារម្ភខ្លាចក្រែងយុទ្ធសាស្ត្រមិនអាចដំណើរការទៅបាន។
«បើគ្មានឆន្ទៈនយោបាយក្នុងការអនុវត្តឱ្យបានហ្មត់ចត់ និងឱ្យបានត្រឹមត្រូវ វានៅអត់ប្រយោជន៍ និងគ្មានលទ្ធផលជាវិជ្ជមានផ្តល់ឱ្យសង្គមយើង»។
លោកស្រី សាលី ប្រាសាដ (Shally Prasad) នាយិកាផ្នែកកិច្ចការប្រជាធិបតេយ្យ និងអភិបាលកិច្ចនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកបានថ្លែងថាយើងត្រូវធ្វើកិច្ចការបីយ៉ាងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការបង្ការ ក្នុងនោះមានការបង្កើនការយល់ដឹង ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងការកាត់បន្ថយចំណាកស្រុកដែលគ្មានសុវត្ថិភាព។
របាយការណ៍ឆ្នាំ២០១០របស់គណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរមនុស្ស បានបញ្ជាក់ថា មានករណីចំនួន១៦០ទាក់ទងនឹងបទល្មើសជួញដូរមនុស្ស និងបទល្មើសអាជីវកម្មផ្លូវភេទ និងចាប់ខ្លួនជនល្មើសបានចំនួន២៤២នាក់។ ក្នុងចំណោមបទល្មើសទាំងនេះ រួមមាន៦៥ករណីជាប់ពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ដោយមានជនល្មើសចំនួន១០២នាក់ និងចំនួន៩៥ករណីជាប់ទាក់ទងនឹងអាជីវកម្មផ្លូវភេទ ដោយមានជនល្មើសចំនួន១៤០ នាក់។
របាយការណ៍នេះ បានបន្ថែមថាមានជនរងគ្រោះចំនួន៦៨៦នាក់ រួមមានក្មេងមិនទាន់គ្រប់អាយុចំនួន ២៩៧នាក់ និងមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងទៅមានចំនួន៤៨៩នាក់៕