ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​អនុក្រឹត្យ​ស្តីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​


កសិករ​ខ្មែរ​កំពុង​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​ក្នុង​រដូវ​ច្រូត​កាត់​នៅ​តំបន់​សាលា​គំរូ ខេត្ត​ពោធិ៍សាត់។
កសិករ​ខ្មែរ​កំពុង​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​ក្នុង​រដូវ​ច្រូត​កាត់​នៅ​តំបន់​សាលា​គំរូ ខេត្ត​ពោធិ៍សាត់។

កសិករ​ខ្មែរ​មាន​កិច្ចសន្យា​ថ្មី​មួយ​អំពីផលិតផល​កសិកម្ម​ដើម្បី​ធានា​ដល់​ការ​ផលិត​ ​តម្លៃ​និង​ទីផ្សារ​សម្រាប់​លក់​ផលិត​ផល​កសិកម្ម​ដែល​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​គ្រោងនឹង​នាំ​ចេញអង្ករ​ឱ្យ​បាន​មួយ​លានតោន​នៅ​ក្នុង​ឆ្នាំ​២០១៥។​ អនុក្រឹត្យ​ស្តីពី​ផលិត​ផល​កសិកម្ម​តាម​កិច្ចសន្យា​ថ្មី​នេះ​សំដៅបង្កើន​ការ​ផលិត​ ​ការ​កែ​ច្នៃ​ ​និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ ​ដើម្បី​ចូល​រួម​ចំណែក​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​ជាតិ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ ​ស្របតាម​គោល​នយោបាយ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​រាជ​រដ្ឋាភិបាល។

គណៈ​រដ្ឋមន្ត្រី​បាន​អនុម័ត​អនុក្រឹត្យ​ស្តីពី​ផលិត​កម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដ៏​មាន​សារៈសំខាន់​ថ្មីមួយ​សំដៅ​ជួយ​កសិករ​ស្វែង​រក​ដៃគូ​វិនិយោគ ​និង​ទីផ្សារ​សម្រាប់​លក់​ផលិត​ផល​កសិកម្ម​របស់​កសិករ។

អនុក្រឹត្យ​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​សុក្រដើម្បី​ផ្តល់​តួនាទី​ដ៏សំខាន់​ដល់​ក្រសួង​កសិកម្ម​សម្រាប់​ ផលិត​កម្ម​កសិកម្ម​តាម​កិច្ច​សន្យា​នេះ។

គណៈ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ​អនុក្រឹត្យ​ស្តីពី​ផលិត​កម្មក​សិកម្ម​តាម​កិច្ចសន្យា​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​កសិករ​ជា​អ្នក​ផលិត​ដែល​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​បច្ចេក​ទេស​ ​ដើម​ទុន ​និង​ទីផ្សារ​ ​ហើយ​ក្រុមហ៊ុន​ឯកជន​មាន​លទ្ធភាព​ធនធាន​ថវិកា​ ​និង​បច្ចេក​ទេស​ ​ប៉ុន្តែ​ត្រូវការ​ធនធាន​មូលដ្ឋាន​នៃ​ផលិត​កម្ម​ ​ដូច​ជា​ដីធ្លី ​និង​ពលករ​ ​សំដៅ​ធានា​បាន​នូវ​តម្លៃ​ ​ការ​ប្រមូល​ទិញ​ ​និង​ការ​ផ្គត់ផ្គង់​ផលិត​ផល​កសិកម្ម​ ​ទាំង​បរិមាណ​ និង​គុណភាព។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា​ ​អនុក្រឹត្យ​នេះ​សំដៅ​បង្កើន​ការ​ផលិត​ ​ការ​កែ​ច្នៃ ​និង​ការ​នាំ​ចេញ​ ផលិត​ផល​កសិកម្ម​ ​ដើម្បី​ចូល​រួម​ចំណែក​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ ប្រជា​ពលរដ្ឋ​ ​ស្របតាម​គោល​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​រាជ​រដ្ឋាភិបាល។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា​ ​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​អាជីវ​កម្ម​ផលិត​កម្ម​កសិកម្ម​ តាម​កិច្ច​សន្យាគ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ម៉ៅ សុភារ៉េត​ ​ប្រធាន​នាយក​ដ្ឋាន​កសិឧស្សាហ​កម្ម​នៃ​ក្រសួង​កសិកម្ម​ បាន​ថ្លែង​ថា​ ​អនុក្រឹត្យ​នេះ​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​រវាង​អ្នក​ទិញ ​និង​កសិករ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ ​និង​លុប​បំបាត់​ឈ្មួញ​កណ្តាល​ ​និង​នាំយក​អ្នកវិនិយោគ​ទៅ​ជួប​កសិករ​ ​ឬសមាគម​កសិករ​ដោយ​ផ្ទាល់។

កសិករ​តែងតែ​រអ៊ូ​រទាំ​អំពី​តម្លៃ​ថោក​ចំពោះ​ផលិតផល​កសិកម្ម​របស់​ពួក​គេ​ ​ខណៈ​ដែល​ឈ្មួញ​កណ្តាល​ទទួល​បាន​តម្លៃ​ទីផ្សារ​យ៉ាង​ល្អ​ប្រសើរ។ ​ប៉ុន្តែ​ដោយ​គ្មាន​យន្តការ​ដើម្បី​ជួយ​កសិករ​ ​វាអាច​ជា​ការ​ពិបាក​សម្រាប់​កសិករ​ស្វែង​រក​ទីផ្សារ​សម្រាប់​លក់​ផលិតផល​កសិកម្ម​របស់​ខ្លួន​ឱ្យ​បាន​តម្លៃ​ថ្លៃ។​ ប្រទេស​កម្ពុជា​គ្រោង​នឹង​នាំ​ចេញ​អង្ករ​ឱ្យ​បាន​មួយ​លាន​តោន​នៅ​ឆ្នាំ​២០១៥។

លោក​នូវ សីហា​ ​អ្នក​សេដ្ឋ​កិច្ច​ប្រចាំ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ផលិត​កម្ម​កសិកម្ម​តាម​កិច្ចសន្យា​នេះ​គឺ​ជា​គោល​ដៅ​គ្រឹះ​នៃ​ការ​ជំរុញ​កំណើន​ផលិត​ផល​កសិកម្ម​របស់​កសិករ។ ​ប៉ុន្តែ​ក្រុម​អ្នក​សេដ្ឋ​កិច្ច​ព្រួយ​បារម្ភ​អំពី​តម្លៃ​ស្រូវ​ឡើង​ចុះ​ ​និង​ការ​ស្តុក​ទុក​ស្រូវ​បាន​តិច​ដោយកសិករ​នៅ​ពេល​ដែល​ពួកគាត់​ប្រមូល​ផលិត​ផល​កសិកម្ម​របស់​ពួក​គាត់។

លោក​នូវ សីហា​បាន​បន្ថែម​ថា​ ពួក​ឈ្មួញ​ថៃ ​និង​វៀតណាម​ ​ដែល​អត់​មាន​ផលិត​កម្ម​កសិកម្ម​តាម​កិច្ច​ សន្យា​ ​បាន​ដើរ​ទិញ​ស្រូវ​នៅ​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ដោយ​ឲ្យ​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ផលិត​កម្ម​កសិកម្ម​តាម​កិច្ច​សន្យា។

«ឈ្មួញ​វៀតណាម​ និង​ថៃ​ដែល​អត់​មាន​ផលិត​កម្ម​កសិកម្ម​តាម​កិច្ច​សន្យា​ ​បាន​ដើរ​ទៅ​ដល់​ផ្ទះ​កសិករ​ ឱ្យ​ថ្លៃ​ស្រូវ​ខ្ពស់​ជាង​អ្វី​ដែល​មាន​នៅ​ក្នុង​ផលិត​កម្ម​កសិកម្ម​តាម​កិច្ច​សន្យា​នេះ។​ កសិករ​មួយ​ចំនួន​បាន​ លក់​ផលិត​ផល​ស្រូវ​របស់​គាត់​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម​ និង​ថៃ។ ​ផលិត​កម្ម​កសិកម្ម​តាម​កិច្ច​សន្យា​អត់ ​ដើរ​ទេ​ ក្នុង​រយៈពេល​មុនៗ។​ តាមខ្ញុំ​ដឹង​មាន​ការ​ប្រកួត​ប្រជែង​មែនទែន​ទាក់ទង​នឹង​តម្លៃ​ផលិត​ផល​របស់​គាត់»។

លោក​យ៉ង់ សាំងកុមារ​ ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​ ​បាន​ថ្លែង​ថា​ ​អនុក្រឹត្យ​នេះ​ បាន​ផ្តល់​ផល​ប្រយោជន៍ដ៏​ល្អ​សម្រាប់​កសិករ​ ​និង​អ្នក​ទិញ​ ​ដោយ​ផ្អែក​ទៅ​លើ​កិច្ចសន្យា។

លោក​យ៉ង់ សាំងកុមារ​បាន​បញ្ជាក់​ថា​ ​កសិករ​មាន​កិច្ច​សន្យា​ច្បាស់លាស់​អំពី​ទីផ្សារ​ ​អំពីបរិមាណ​គុណភាព​និង​អំពី​ស្តង់ដារ​ ជាមួយ​អ្នក​ទិញ។ ​ក្រុមហ៊ុន​មាន​ការ​បញ្ជាក់​សម្រាប់​ការ​ទិញ​ផលិត​ផល​របស់​កសិករ​ ​ស្របតាម​គុណភាព​ ​បរិមាណ​ ​និង​ស្តង់ដារ៕

XS
SM
MD
LG