ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​រៀបចំ​សន្និសីទ​លើក​ទី១១​នៃ​រដ្ឋភាគី​អនុសញ្ញា​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើក​ទី​១១​នៃ​រដ្ឋ​ភាគី​អនុសញ្ញា​​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​​ប្រឆាំង​នឹង​មនុស្ស (អនុសញ្ញា​អូតាវ៉ា) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១១។

ប្រទេស​កម្ពុជា​ទើប​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី​១១​នៃ​សន្និសីទ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស។ ​កិច្ច​ប្រជុំ​នេះ​ស្នើ​ឱ្យ​មាន​ការប្តេជ្ញា​ជាថ្មី​ពី​ប្រទេស​ម្ចាស់​ជំនួយ​គាំទ្រ​ដល់​ការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​និង​សុំ​ឱ្យ​មាន​ការ​ជួយ​ដោះមីន​និង​ជួយ​ដល់​ជន​រងគ្រោះ។

តទៅ​នេះ​សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​កាលពីថ្ងៃច័ន្ទ​ទី២៨ វិច្ឆិកា​រវាង​លោក​ម៉ែន គឹមសេង​ នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជាមួយ​លោក Kerry Brinkert ​នាយក​នៃ​អង្គភាព​គាំទ្រ​ការ​អនុវត្ត​អនុសញ្ញា​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដូច​តទៅ៖

សំណួរ​ទី​១៖ នេះ​ជា​សន្និសីទ​លើក​ទី១១​ស្តីពី​ការ​ហាមឃាត់​ការប្រើប្រាស់​គ្រាប់​មីន។​ តើ​លោក​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​សន្និសីទ​នេះ​នឹង​ផ្តោត​លើ​អ្វី​ ហើយ​តើ​លោក​សង្ឃឹម​ថា​ សន្និសីទ​នេះ​នឹង​ផ្តល់​លទ្ធផល​យ៉ាង​ណា​ខ្លះ?

ចម្លើយ​ទី​១៖ នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី១១​របស់​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាម​ឃាត់​ការប្រើប្រាស់​មីន​ប្រឆាំង​នឹង​មនុស្ស​ហើយ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​គឺ​នឹង​វាយ​តម្លៃ​ការ​រីក​ចម្រើន​ថែម​ទៀត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែងដើម្បី​បញ្ចប់​ការ​ឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស។ ​នោះ​គឺ​ជា​ការ​វាយតម្លៃ​ដោយ​ផ្អែក​លើ​បរិបទ​នៃ​កិច្ច​ខិតខំ​លើក​កម្ពស់​និង​ពង្រឹង​ការហាមឃាត់​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​ ដើម្បី​ពិនិត្យ​មើល​ថា ការរក្សា​ទុក​ដែល​កំពុង​មាន​នឹង​ត្រូវ​បំផ្លាញ​ចោល​ តំបន់​ទាំង​អស់​ដែល​មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នឹង​ត្រូវ​បោស​សម្អាត​ ហើយ​ជន​រងគ្រោះ​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ។

ទាំង​ការ​រីកចម្រើន​និង​បញ្ហា​ប្រឈម​នឹង​ត្រូវ​កំណត់​ដោយ​យោល​ទៅ​តាម​គោល​បំណង​សំខាន់ៗ​ទាំង​នេះ​និង​បន្ទាប់​មក​សង្ឃឹម​ថា​ កិច្ច​ប្រជុំ​នេះ​នឹង​ជា​ចំណុច​ឈាន​ទៅ​រៀបចំសកម្ម​ភាព​បន្ថែម​ទៀត​ ព្រោះ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ​ឃើញ​មាន​ឧទាហរណ៍​ថ្មីៗ​ក្នុង​ការ​ប្រើ​មីន​ប្រឆាំង​មនុស្ស​ គឺ​មិនមែន​ដោយ​រដ្ឋ​ជាភាគី​នៃ​អនុសញ្ញា​នេះ​ទេ​ ប៉ុន្តែ​ដោយ​រដ្ឋ​ដែល​មិន​មែន​ជា​ភាគី​នៃ​អនុសញ្ញា​នេះ ​ដោយ​រួម​ទាំង​ប្រទេស​ស៊ីរី ​និងដោយ​កងកម្លាំង​លោក​ហ្កាដាហ្វី​នៅ​ក្នុង​ប្រទេស​លីប៊ី។ ​ដូច្នេះ​នឹង​មាន​ការថ្លែង​ថ្កោល​ទោស​ខ្លាំងៗ​ចំពោះ​សកម្មភាព​ទាំង​នេះ។​ យើង​ក៏​នឹង​ឃើញ​ផង​ដែរ​ថា ​ចលនា​នេះ​នឹង​បន្តរីក​កាន់តែធំ​ជាង​មុន​ ខណៈ​ពេល​ដែល​រដ្ឋ​ថ្មី​ជាងគេ​បំផុត​មួយ​គឺ​ស៊ូដង់​ខាង​ត្បូង​បាន​ចូលរួម​ក្នុង​អនុសញ្ញា​នេះ​កាលពី​ពេល​ថ្មីៗ​នេះ​ ហើយ​យើង​សង្ឃឹម​ថា​នឹង​មានការប្រកាស​កម្រិត​រដ្ឋមន្ត្រី​ពី​ប្រទេស​ហ្វាំង​ឡង់​ដែល​អាច​នឹង​ក្លាយ​ជា​រដ្ឋ​ថ្មី​ដែល​នឹង​ចូលរួម​ក្នុង​អនុសញ្ញា​នេះ។ ការងារ​លំបាក​ជាងគេ​ទាក់​ទង​នឹងការ​យក​មក​អនុវត្ត​អនុសញ្ញា​ទាក់ទង​នឹង​ការ​ដោះមីន​នៅតំបន់​នានា ​និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ ហើយ​ទាំង​នេះ​គឺ​ជា​កាតព្វកិច្ច​របស់​ប្រទេស​ ដូច​ជា​កម្ពុជា ​នឹងត្រូវ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​យូរ។​ ដូច្នេះ​ចំណុច​មួយ​ដែល​យើង​សង្ឃឹម​ថា​នឹង​សម្រេច​បាន​ពី​អនុសញ្ញា​នេះ​គឺ​ការ​ប្តេជ្ញាចិត្ត​និង​ការ​បញ្ជាក់​ឡើងវិញ​ ពី​ការ​គាំទ្រ​ដល់​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ការ​ជំនួយ។ ​ការប្តេជ្ញាចិត្តមួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដែល​សូម្បី​តែ​ក្នុង​បរិបទ​នៃ​វិបត្តិ​ហិរញ្ញ​វត្ថុ​កំពុង​កើត​មាន​ឡើង​ក្នុង​ផ្នែក​ខ្លះ​នៃ​ពិភព​លោក​គឺ​ថា ​នៅ​ពេល​រដ្ឋ​ណាមួយ​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ​គឺ​ពួកគេ​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រម​ព្រៀង​ថា ​ពួកគេ​នឹង​សហការ​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ និង​ថា​ជំនួយ​ឧបត្ថម្ភ​នៅ​តែ​ត្រូវ​ការ​ឱ្យ​បាន​ហូរ​ចូល​ទៅ​ប្រទេស​ដូច​ជា​កម្ពុជា​នេះ។

សំណួរ​ទី​២៖ មើល​ទៅ​ វាហាក់​ដូច​ជា​ការវិល​មួយ​ជុំ​អញ្ចឹង​ប្រសិនបើ​យើង​ក្រឡេក​មើល​ពី​ទី​ដែល​ចលនា​នេះ​បាន​ចាប់ផ្តើម​កាល​ពីជាងមួយ​ទសវត្សរ៍​កន្លង​មកនេះ​ ហើយ​ឥឡូវ​វា​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ ​ហេតុអ្វី​បាន​ជា​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ?

ចម្លើយ​ទី​២៖ នេះ​គឺ​ជា​សំណួរ​មួយ​ល្អណាស់។ ​មាន​ហេតុផល​ថា​ ហេតុអ្វី​បាន​ជា​កិច្ច​ប្រជុំ​នៃ​អនុសញ្ញា​នេះ​ធ្វើ​ឡើង​នៅ​ក្រៅ​ទីក្រុង​ហ្សឺណែវ។ ​យើង​ត្រូវ​ចងចាំ​ថា ​ការប្រឈម​មុខ​ពិតប្រាកដ​ដែល​បណ្តា​ប្រទេស​និង​សហគមន៍​រងគ្រោះ​ដោយ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​ទទួល​រង​នោះ​គឺ​កើត​មាន​នៅ​ឆ្ងាយ​ពីបន្ទប់​ប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ។​ តំបន់​ទាំងនោះ​ស្ថិត​នៅ​ក្នុង​កសិដ្ឋាន ​និង​វាលស្រែ​នៃ​ប្រទេស​កម្ពុជា​និង​ផ្នែក​ជាច្រើន​ទៀត​នៃ​ពិភពលោក។

ហើយ​ដោយឡែក ​ករណី​ប្រទេស​កម្ពុជា​គឺ​មាន​លក្ខណៈ​ពិសេស​ដោយ​សារ​តែ​នេះ​គឺ​ជា​ទីកន្លែង​មួយ​ដែល​ចលនា​នៃ​ការប្រឆាំង​នឹង​ការប្រើប្រាស់​គ្រាប់​មីន​បាន​កើត​មាន​ឡើង។ ​គឺ​កាលពី​ប្រហែល​ពីរ​ទសវត្សរ៍​មុន ​នៅ​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជាពិសេស​អ្នក​ដែល​ធ្វើការ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​និង​ថៃ​ បាន​លើកឡើងពី​ការ​ព្រួយបារម្ភ​អំពី​អ្វី​ដែល​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​បាន​បង្ក​ចំពោះ​ជីវិត​មនុស្ស​និង​ជន​ស៊ីវិល ​ហើយ​ក្រោយ​មក​អង្គការ​ទាំងនោះបាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​យុទ្ធនាការ​មួយ​ដើម្បី​ហាម​ឃាត់​ការប្រើ​ប្រាស់​គ្រាប់​មីន។ ​ក្រោយ​មក​ទៀត​ ចលនា​នេះ​បាន​ទទួល​ជ័យលាភី​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​១៩៩៧។

ដូច្នេះ​ក្នុង​ន័យ​មួយ​យើង​អាច​និយាយ​បាន​ថា ​អនុសញ្ញា​នេះ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ គឺ​ជា​ប្រទេស​មួយ​ដែល​បាន​ផ្តល់​កំណើត​ឱ្យ​ចលនា​នេះ​ដែរ។ ​ដូច្នេះ​ការប្រជុំនៅ​ប្រទេស​កម្ពុជា​នេះ​នឹង​ជាការ​ប្រារព្ធ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈ​ពេល​ពីរ​ទសវត្សរ៍​របស់​ចលនា​នេះ​ គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​នឹក​រលឹក​ដល់​ពេល​ចាប់​ផ្តើម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ការ​ដក​ស្រង់​មេរៀន​ពី​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លងមក​ ហើយ​ដែល​អាច​នៅ​តែ​យក​មក​អនុវត្ត​បាន​សម្រាប់​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ​ទៀត។

សំណួរទីបី៖ ដូច​ប្រសាសន៍​ខាងដើម​របស់លោក​គឺ​ការប្រើប្រាស់​គ្រាប់​មីន​នៅ​តែ​បន្ត​កើត​មាន​ ដូច​ជា​ក្នុង​ករណី​ប្រទេស​លីប៊ី ដែល​យើង​បាន​ឃើញ​ការប្រើប្រាស់​គ្រាប់​មីន​ក្នុង​ពេល​ដែល​កើត​មាន​ការបះបោរ​និង​បាន​បំផ្លាញ​អាយុ​ជីវិត​មនុស្ស​ជាច្រើន​ ហើយ​នៅតែ​បន្ត​ការគំរាម​ដល់​អាយុ​ជីវិត​រហូត​ដល់​ពេល​សព្វថ្ងៃ​នេះ។ ​តើ​លោក​នឹង​បញ្ចុះ​បញ្ចូល​ប្រទេស​ដូច​ជា​លីប៊ី​ឱ្យ​ឈប់​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​យ៉ាងម៉េច​បាន?

ចម្លើយ​ទី​បី៖ ករណី​ប្រទេស​លីប៊ី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​ ដោយសារ​តែចាប់​តាំង​ពី​ដំបូង​ទី ​ក្នុង​ពេល​កើត​មាន​ជម្លោះ​នេះ ​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​អាជ្ញាធរ​អន្តរកាល​បាន​យល់​ច្បាស់​ថា ការ​ប្រើប្រាស់​មីន​គឺ​ជា​ទង្វើ​មួយ​ដែល​សហគមន៍​អន្តរជាតិ​ភាគច្រើន​យល់​ឃើញ​ថា​ ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ ហើយ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​និយាយ​ថា ​កងកម្លាំង​ក្រោយ​ការ​គ្រប់​គ្រង​របស់​ខ្លួន​នឹង​មិន​ប្រើ​ប្រាស់​គ្រាប់​មីន​ទេ។ ឥឡូវ​អាជ្ញាធរ​នេះ​បាន​ក្លាយ​ជា​រដ្ឋាភិបាល​លីប៊ីហើយ។ ​ដូច្នេះ​វា​នឹង​ក្លាយ​ជា​ការខិតខំ​ប្រឹង​ប្រែង​មួយ​ទៀត​ដើម្បី​មើល​ថា​ តើ​ប្រទេស​លីប៊ី​អាច​ចូល​ក្នុង​សហគមន៍​យើង​បាន​ឬ​ទេ​ គឺ​ក្លាយ​មក​ជា​ភាគីមួយ​នៃ​អនុសញ្ញា​នេះ។

យ៉ាងណា​ក៏​ដោយ​ការប្រើ​ប្រាស់​គ្រាប់​មីន​ដោយ​កងកម្លាំង​ហ្កាដាហ្វី​គឺ​ជា​អ្វី​មួយ​ដែល​យើង​នឹង​ប្រើប្រាស់​ជា​អំណះ​អំណាង​វាយបក​វិញ​ចំពោះ​ប្រទេស​ទាំង​ឡាយ​ណា​ដែល​បន្ត​ចង់​ប្រើ​ប្រាស់​អាវុធ​នេះ។ ​ការប្រើ​ប្រាស់អាវុធ​ប្រភេទ​នេះ​ដោយ​កងកម្លាំង​ហ្កាដាហ្វី​មិនបាន​ធ្វើ​ឱ្យ​មាន​ការ​ខុសប្លែក​ទេ​ ទាក់​ទង​នឹង​ជម្លោះ​នៅ​ប្រទេស​លីប៊ី​ ប៉ុន្តែ​វា​បាន​នាំ​ឱ្យ​មាន​តំបន់​យ៉ាង​ធំ​សម្បើម​ក្នុង​ប្រទេស​លីប៊ី​មាន​គ្រោះ​ថ្នាក់​ដែល​ជា​លទ្ធផលនៃការប្រើប្រាស់​អាវុធ​នេះ។​ ដូច្នេះ​អ្នកដែល​ប្រើប្រាស់​អាវុធ​ទាំង​នេះ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ​ពួកគេ​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ខុសប្លែក​អ្វី​ទេ​ទាក់ទង​នឹង​លទ្ធផល​ចុងក្រោយ​នៃ​ជម្លោះ​នេះ​ ប៉ុន្តែ​វានឹង​បង្ក​ជា​ឧបសគ្គ​យ៉ាង​ធំ​សម្បើម​ដល់​ការ​កសាង​ប្រទេស ​ហើយ​គ្មាន​អ្នក​ណា​ចង់​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង​នៅ​ប្រទេស​របស់​ពួកគេ​ទេ។

សំណួរ​ទី​៤៖ តើ​លោក​មាន​អ្វី​ជា​សារ​ចុងក្រោយ​អំពី​សន្និសីទ​នេះ​ឬ​ក៏​ទាក់​ទង​នឹង​ចលនា​ហាម​ឃាត់​គ្រាប់មីន​ទេ?

ចម្លើយ​ទី​៤៖ បញ្ហា​គ្រាប់​មីន​ត្រូវបាន​គេ​យក​មក​និយាយ​ច្រើន​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​១៩៩០​ ហើយ​មនុស្ស​ជាច្រើន​គិត​ថា​ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​រួចហើយ​នៅ​ពេល​ដែល​អនុសញ្ញា​ហាម​ឃាត់​ការប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​នេះ​ត្រូវបាន​អនុម័ត។ ​នៅពេលដែល​យុទ្ធនាការ​អន្តរជាតិ​ហាម​ឃាត់​គ្រាប់​មីន​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ គឺ​សម្រាប់​ប្រទេស​ដូ​ចជា​កម្ពុជា​និង​ប្រទេស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក ​បញ្ហា​នេះ​នៅ​តែ​ជា​បញ្ហា​ដែល​នៅ​ជាប់​នឹង​ពួកគេ​ប្រចាំ​ថ្ងៃ​ ហើយ​នឹង​បន្ត​មាន​រហូត។ ​ដូច្នេះ​សន្និសីទ​សប្តាហ៍​ក្រោយ​នេះក្នុង​ទីក្រុង​ភ្នំពេញ​គឺពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​ណាស់​ដើម្បី​រំលឹក​ពិភពលោក​ថា​ ការងារ​នៅ​បន្ត​មាន ​ប៉ុន្តែ​មិន​មែន​ដោយ​មិន​មាន​ក្តី​សង្ឃឹម​ទេ។​ គឺ​យើង​មាន​ពន្លឺ​នៅ​ចុង​ម្ខាង​ទៀត​ ហើយ​ប្រទេស​កម្ពុជា​គឺ​ពិតជា​ករណី​ពិត​ប្រាកដ​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ថា​ មាន​អ្វី​ដែល​បាន​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​នៃ​ចលនា​នេះ​ ហើយ​ថា​តើ​យើង​នឹង​ត្រូវ​ធ្វើ​ដំណើរ​ប៉ុណ្ណា​ទៀត៕

XS
SM
MD
LG