ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​ទទួល​យក​ការ​កាត់ទោស​អតីត​មេដឹកនាំ​ដោយ​ស្ងប់ស្ងៀម


ទិដ្ឋភាព​​មួយ​នៃ​សវនាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​​ក្នុង​ថ្ងៃ​ដំបូង​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។
ទិដ្ឋភាព​​មួយ​នៃ​សវនាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​​ក្នុង​ថ្ងៃ​ដំបូង​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។

ក្រុមអតីត​កម្មាភិបាល​និងយោធា​ខ្មែរក្រហមបញ្ចេញ​ប្រតិកម្ម​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការចាប់ផ្តើម​ជំនុំជម្រះ​ទោស​មេដឹកនាំ​ខ្មែរក្រហម​ចំនួន​៤នាក់​ក្នុងសំណុំ​រឿងលេខ​០០២ ​ដោយ​អះអាងថា​ការ​ជំនុំជម្រះ​ទោស​នេះ​ជារឿង​អនុវត្ត​ច្បាប់។

សវនាការ​ជំនុំជម្រះ​ទោស​ជា​បឋម​ចំពោះ​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​នៃរបប​ខ្មែរ​ក្រហមមាន ​នួន ជា​ ខៀវ សំផន​ អៀង សារី​ និង​អៀង ធីរិទ្ធ​បាន​ឈានដល់​ថ្ងៃ ទី៣​ហើយ​មកដល់ថ្ងៃ​ពុធនេះ។​ តែ​ការ​លើកលែងទោស ការសន្យា​របស់រដ្ឋា​ភិបាល​ជាង​១០​ឆ្នាំ​ថាមិន​យកទោស​ពៃរ៍​ដល់អ្នក​ដែលចុះចូល​ពេល​សមាហរណ​កម្ម​នោះ​ ត្រូវគេ​គិតថា​ហាក់ដូច​ជាអស់​សុពលភាព​សម្រាប់​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​មួយចំនួន​ដែរ។​ ទោះជា​យ៉ាងណា​ក៏ដោយ​ក្រុមមន្ត្រី​កម្មាភិបាល​ខ្មែរ​ក្រហម​មួយចំនួន​ បានថ្លែង​ថា​ ការកាត់ទោស​នេះ​ជា​តម្រូវការ​ផ្នែកច្បាប់​និង​ជា​កិច្ចការ​របស់​រដ្ឋាភិបាល។

លោកឧត្តម​សេនីយ៍ទោ​ សុខ ភាព​ជា​អនុប្រធាន​នៃគណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​នៃក្រសួង​ការពារ​ជាតិ​បន្ទាប់ពី​បានធ្វើ​សមាហរណកម្ម​នៅឆ្នាំ​១៩៩៦។ ​លោក​ធ្លាប់ជា​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​តំបន់​ភ្នំ​ម៉ាឡៃ។​ លោក​បាន​ថ្លែង​ថា ​លោក​បាន​តាមដាន​មើល​ដំណើរ​ការកាត់ទោស​ពួកអតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ប៉ុន្មាន​ថ្ងៃនេះ​ដែរ។ លោក​ សុខ ភាព​ បានអះអាង​ថា​លោកពុំ​មានអ្វី​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ ព្រោះ​រឿង​នេះជារឿង​រដ្ឋាភិបាល។​ ហើយរឿង​រក​យុត្តិធម៌​បាន​ឬមិនបាន​យ៉ាងណា​គឺអាស្រ័យ​លើតុលាការ​ ដែលកំពុង​ធ្វើកិច្ចការ។

«ប្រទេស​ជាតិ​តម្រូវធ្វើ​តាមច្បាប់​អញ្ចឹង​ហើយ ​គឺធ្វើ​តាម​ហ្នឹង​ទៅ។​ រឿង​សន្យា​រឿងអី​ ជារឿង​ផ្សេង​ទៀត​ ប៉ុន្តែ​រឿង​ប្រជាជន​គេប្តឹង​អញ្ចឹង​ធ្វើម៉េច?»

លោក​ យឹម ផាន់ណា​ អភិបាល​ស្រុក​អន្លង់វែង​ ខេត្តឧត្តរ​មានជ័យ។ ​ហើយ​ជា​មេបញ្ជាការ​ទ័ព​ផ្តាច់ខ្លួនចុងក្រោយ​នៅតំបន់​អន្លង់វែង​បានថ្លែងថា​លោកបាន តាមដានមើល​ពី​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ដែរ​ តែលោក​បញ្ជាក់​ថា ការកាត់ទោស​នេះមិន​ធ្វើឲ្យ​មាន​ការភ្នាក់ផ្អើល​ពី​ពលរដ្ឋ​ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម​ទេ។

«ចំពោះ​ខ្ញុំ​គិតថា​អានេះ​វាជា​រឿង​ធម្មតា​ទេ​ដែល​ថ្នាក់​កំពូល​គាត់​ត្រូវតែ​ហ៊ាន​ទទួល​នូវ​អ្វី​ដែល​កើត​ឡើង​ក្នុង​របប​ដែល​ដឹកនាំ​ដោយ​គាត់ ​អញ្ចឹង​គឺថា​វាត្រូវ​តែ​ហ៊ាន ប្រឈម​មុខ​នឹង​ច្បាប់​ហើយ​មិន​ត្រូវតូច​ចិត្ត​ទេ»។

លោកថ្លែង​ថា​ពលរដ្ឋ​ដែលជា​បងប្អូន​អតីត​ខ្មែរក្រហម​ផ្តាច់ខ្លួន​មិនមាន​ការភ្ញាក់​ផ្អើល​ទៅនឹង​ការកាត់ទោស​ទេ​ដោយសារ​ពួកគាត់​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ជ្រកក្រោម​រដ្ឋធម្មនុញ្ញ​តែ​មួយ​ទៅ​ហើយ​នោះ។​ លោកអះអាង​ថា​ពលរដ្ឋ​គិតតែ ពី​បញ្ហា​ជីវភាព​របស់​ពួកគេ​ហើយ​ម្យ៉ាង​គឺបាន​យល់​ច្បាស់​ថា​នេះ​ជា​ដំណើរការ តម្រូវ​ដោយ​ច្បាប់​ដែល​ថា ​ត្រូវនាំ​ខ្លួន​មេដឹកនាំ​ជាន់ខ្ពស់​ប៉ុន្មាន​នាក់​យកទៅ​កាត់ ទោស។

ក្រុមអតីត​កម្មាភិបាល​ខ្មែរក្រហម​និង​ប្រជាជនរាប់ម៉ឺននាក់​នៅតំបន់​នានា​ដូចជា ភាគពាយព្យ​ប្រទេស​ ភាគខាងជើង​ និង​តំបន់​ផ្សេងៗ​ទៀត​បានធ្វើ​សមាហរណ កម្ម​ជាមួយ​រដ្ឋាភិបាល​ជាង១០ឆ្នាំ​ហើយ​ដើម្បីបញ្ចប់​សង្រ្គាមស៊ីវិល​ជាច្រើន​ទសវត្សរ៍។​ ជាថ្នូរ​នឹង​សន្តិភាព​រដ្ឋាភិបាលបានសន្យាថា​មិនយក​ទោសពៃរ៍​ដល់ ក្រុមខ្មែរ​ក្រហម​ដែលបាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ទេ។

ក្រៅពី​ការអំពាវនាវ​មិនឲ្យ​សាលាក្តី​ខ្មែក្រហម​បន្ថែម​ការចោទ​ប្រកាន់​ទោស​លើ កម្មាភិបាល​ខ្មែរក្រហម​បន្ថែម​ទៀត​ទេ​ ដោយចាត់​ទុកថា​ជា​កិច្ចការ​ដែលនាំ​ឲ្យ មាន​ការស្មុគស្មាញ​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ទើប​ទទួល​បាន​សន្តិភាព។​ កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ ដែល​ធ្លាប់​ធ្វើការ​ក្រោមបង្គាប់​មេដឹកនាំ​ខ្មែរក្រហម​ ទាំងបួន​រូប​បានថ្លែង​ប្រាប់​វីអូអេ​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ​ប្រាប់ឈ្មោះ​ថា៖ ការជំនុំ​ជម្រះទោស​ឲ្យបាន​ឆាប់​ជារឿង​ចាំបាច់។ ការថ្លែង​យ៉ាងដូច្នេះ​ដោយ​យោង​ថា​ការណ៍​ពិតខ្លះៗ​អាចនឹង​រកឃើញ​មុនពេល​ដែល​ មេដឹកនាំ​ ចំណាស់ៗ​អាយុ​ ជិត៨០​ និង​ជាង៨០​ឆ្នាំនោះ​ អាចស្លាប់​បាត់បង់​ជីវិត។

លោក ​ហ៊ុយ វណ្ណៈ ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បានអះអាង​ថា​ឆ្លង​តាមរយៈ ការជំនុំ​ជម្រះ​ទោស​នេះ​ សាលាក្តី​រំពឹង​ថា​នឹង​ផ្តល់​ការណ៍​ពិត​នៃ​អំពើ​ឃាតកម្ម​ ដែល​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ១៩៧៩​ ហើយធ្វើ​ឲ្យ ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជិត​២លាន​នាក់​ស្លាប់បាត់​បង់ជីវិត។

«តាម​រយៈ​តុលាការ​នេះអាចធ្វើឲ្យ​មនុស្ស​ស្វែងយល់​ពីអ្វី​ដែលជា​អំពើ​ដែល បានកើត​ឡើង​ពី​អតីតកាល​ ហើយ​ក៏ជា​ដំណើរការ​មួយ​ស្វែងរក​សន្តិភាព​និង ការផ្សះផ្សា​ជាតិ​នៅ​កម្ពុជា»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប​បានចោទ​ប្រកាន់​មេដឹកនាំ​ទាំង​៤រូប​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ និង​បទឧក្រិដ្ឋ​មួយចំនួន​ទៀត។​ មេដឹកនាំ​ទាំង​នោះ​មាន នួន ជា​បងធំ​ទី២​ ខៀវ សំផន​ ប្រមុខរដ្ឋ​ អៀង សារី​ រដ្ឋមន្ត្រី​ការបរទេស​ និង ​អៀង ធីរិទ្ធ​ រដ្ឋមន្ត្រី​សង្គមកិច្ច៕

XS
SM
MD
LG