ក្រុមគ្រូពេទ្យចំនួនបួនរូបចុងក្រោយទំនងជាបានរកឃើញថា សុខភាពរបស់ អៀង ធីរិទ្ធមានសភាពធ្ងន់ធ្ងរ ហើយនឹងមិនអនុញ្ញតឲ្យរូបគាត់ចូលរួមសវនាការដែលគេរំពឹងថាអាចនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងឆ្នាំ២០១២។
កាលពីចុងខែសីហា លោកសាស្ដ្រាចារ្យ ចន ខាំបែល (John Campbell) គ្រូពេទ្យជំនាញផ្នែកជំងឺមនុស្សចាស់បានបញ្ជាក់នៅក្នុងសវនាការលើសុខភាព អៀង ធីរិទ្ធ និងនួន ជា ថា លោកបានរកឃើញថា អៀង ធីរិទ្ធ មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខួរក្បាលរបស់ជនជាប់ចោទក្នុងសំណុំរឿង ០០២ អាយុ ៧៩ ឆ្នាំរូបនេះ សមានភាពច្របូកច្របល់ក្នុងខួរក្បាល បាត់ការចងចាំ ព្រមទាំងពិបាកក្នុងការចោទជាសំណួរលើរូបគាត់នៅក្នុងសវនាការ ហើយគាត់ថែមទាំងមិនអាចចូលរួមសវនាការតាមរយៈវីដេអូភ្ជាប់ចូលទៅកាន់បន្ទប់គាត់បានទៀតផង។
លោក ចន ខាំបែល ក៏បានផ្ដល់យោបល់ឲ្យសាលាក្ដីខ្មែរក្រហមផ្ដល់ឱកាសឲ្យគ្រូពេទ្យជំនាញថ្មីទៀតដើម្បីពិនិត្យសុខភាពអៀង ធីរិទ្ធ ម្ដងទៀត។ គ្រូពេទ្យថ្មីចំនួនបួនរូប ក្នុងនោះគ្រូពេទ្យកម្ពុជាចំនួនពីររូបបានធ្វើការវិភាគលើសភាពសុខភាពរបស់ជនជាប់ចោទវ័យចាស់ជរារូបនេះរយៈពេលពីរថ្ងៃ គឺកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍មុន។
យោងតាមប្រភពដែលស្និទ្ធនឹងសាលាក្ដីខ្មែរក្រហមបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ក្រុមគ្រូពេទ្យបាន បញ្ចប់ការវិភាគពីបញ្ហាសុខភាពលើ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចខ្មែរក្រហមខាងលើរួចហើយ ហើយបានធ្វើសេចក្ដីសន្និដ្ឋានដូចលោកសាស្ដ្រាចារ្យចន ខាំបែល ដែរ។ ប្រភពដដែលនោះបញ្ជាក់ថា ការរកឃើញបែបនេះគឺនឹងតម្រូវឲ្យ អៀង ធីរិទ្ធ ស្ថិតនៅក្រៅការកាត់ក្ដីបាន។
សហមេធាវីកម្ពុជា លោក ផាត់ ពៅស៊ាង ការពារក្ដីឲ្យអៀង ធីរិទ្ធ បានអះអាងថា ការធ្វើកោសល្យវិច័យផ្នែកសុខភាពកូនក្ដីរបស់លោកបានចប់សព្វគ្រប់ហើយ ក៏ប៉ុន្ដែលោកមិនបានដឹងពីលទ្ធផលនោះនៅឡើយដោយសារតែក្រុមគ្រូពេទ្យត្រូវប្រគល់របាយការផ្លូវការណ៍របស់ខ្លួនជូនអង្គជំនុំជម្រះសាលាដំបូងនៅក្នុងដំណាច់ខែកញ្ញានេះ។
«គឺគេពិនិត្យព្រឹកផង ល្ងាចផង! ហើយ ដ៏អញ្ចឹង វាចប់តាំងពីសប្តាហ៍មុនហើយ។ របាយការណ៍តាមការកំណត់ ចៅក្រមយ៉ាងយូរថ្ងៃ៣០ ខែ៩»។
ក៏ប៉ុន្ដែលោកផាត់ ពៅស៊ាង បានបង្ហើបថា លោកនឹងមិនជំទាស់នឹងមិនធ្វើការជំទាស់អ្វីនោះឡើយប្រសិនបើការរកឃើញរបស់ក្រុមគ្រូពេទ្យនឹងផ្ដល់ផលប្រយោជន៍កូនក្ដីរបស់លោក។
បើផ្អែកតាមប្រភពមួយផ្សេងទៀតដែលស្នើសុំលក្ខខណ្ឌអនាមិកបានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានបិទបញ្ចប់ការពិនិត្យសុខភាពអៀង ធីរិទ្ធ មែនក៏ប៉ុន្ដែពួកគេនៅបន្ដពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងការវាយតម្លៃលើស្ថានភាពសុខភាពអៀង ធីរិទ្ធ រួមទាំងការប្រើប្រាស់ថ្នាំពេទ្យពីពេលកន្លងមកផងដែរ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃនេះដែរថា គ្រូពេទ្យជំនាញទាំងបួនរូបមានរយៈពេលពីរសប្ដាហ៍សម្រាប់បំពេញការងាររបស់ខ្លួនលើស្ថានភាពសុខភាពរបស់អៀង ធីរិទ្ធ ហើយលោកមិនទាន់បានទទួលព័ត៌មានពីការវាយតម្លៃថ្មីៗ របស់ក្រុមគ្រូពេទ្យទេ។
មន្ដ្រីអ្នកនាំពាក្យដដែលនេះ ក្រុមគ្រូពេទ្យនៅបន្ដការងាររបស់ពួកគេបន្ដទៀត។
«អ្នកទាំងបួននាក់ ដែលត្រូវបានអង្គជំនុំជម្រះ សាលាដំបូងតែងតាំងក្នុងការវាយតម្លៃបន្ថែមលើផ្នែកវេជ្ជសាស្រ្ត ឮហ្នឹង ទៅលើជនជាប់ចោទ អ្នកស្រី អៀង ធីរិទ្ធ ហ្នឹង គឺ កំពុងបន្តការងាររបស់ខ្លួន»។
ដោយឡែកលោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមានប្រសាសន៍ថា លោកគ្រាន់តែអាចបញ្ជាក់ពីការចាប់ផ្ដើមវាយតម្លៃលើស្ថានភាពសុខភាពជនជាប់ចោទអៀង ធីរិទ្ធ ដោយគ្រូពេទ្យមួយក្រុមថ្មីតែប៉ុណ្ណោះ។
អៀង ធីរិទ្ធ រួមជាមួយនឹងជនជាប់ចោទបីនាក់ផ្សេងទៀតក្នុងសំណុំរឿង០០២ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ដែលនាំឲ្យស្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
យោងតាមក្រឹត្យក្រមនៃតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ជនជាប់ចោទដែលត្រូវនាំខ្លួនយកមកកាត់ទោសត្រូវមានកាយសម្បទាពេញលេញសម្រាប់ចូលរួមសវនាការកាត់សេចក្ដីចំពោះការចោទប្រកាន់លើរូបខ្លួន។ ដូច្នេះប្រសិនបើសាលាក្ដីខ្មែរក្រហមទទួលស្គាល់សម្បទាមិនគ្រប់គ្រាន់របស់អៀង ធីរិទ្ធ ជនជាប់ចោទរូបនេះអាចនឹងត្រូវបញ្ជូនទៅការព្យាបាលក្នុងមន្ទីរពេទ្យដោយមានការឃ្លាំមើល ឬអាចស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះក្រោមការឃ្លាំមើលរបស់តុលាការ៕