សំណង់និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមបណ្តោយទន្លេមេគង្គនិងដៃទន្លេមេគង្គ ជាពិសេសទំនប់ដែលត្រូវសាងសង់ដោយប្រទេសចិន បាននាំឲ្យមានភាពចម្រូងចម្រាស់ច្រើន។ ភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលបានកើតមានឡើងនៅអាស៊ីអាគ្នេយ៍និងភាគខាងត្បូងប្រទេសចិន បាននាំឲ្យមានការជជែកពិភាក្សាគ្នាថ្នាក់តំបន់អំពីបញ្ហាទំនប់វារីអគ្គិសនីនេះ។ ប៉ុន្តែខណៈដែលគេនៅមានការខ្វែងគំនិតគ្នានៅឡើយអំពីមូលហេតុដែលនាំឲ្យមានកម្ពស់ទឹកទន្លេទាបខ្លាំងបែបនោះ អ្នកជំនាញបានយល់ស្របគ្នាថា ប្រទេសចិនគួរតែចែករំលែកព័ត៌មានបន្ថែមទៀត។
លោក Richard Cronin ជាសមាជិកជាន់ខ្ពស់របស់វិទ្យាស្ថានស្រាវជ្រាវ Henry L. Stimson Center នៅទីក្រុង Washington សហរដ្ឋអាមេរិក និងជាអ្នកសរសេរចម្បងរបស់របាយការណ៍មួយ ដែលទើបចេញថ្មី ស្តីអំពីគ្រោះថ្នាក់នៃការសាងសង់ទំនប់វារីអគ្គិសនីធំៗតាមបណ្តោយទន្លេមេគង្គ ដែលមានមនុស្សរហូតដល់ ៦០លាននាក់ត្រូវពឹងអាស្រ័យទន្លេនេះ។
លោកនិយាយថា ប្រទេសនៅក្នុងតំបន់អាងទន្លេមេគង្គនេះត្រូវជំរុញឲ្យប្រទេសចិនចែករំលែកព័ត៌មានច្រើនជាងមុនអំពីការគ្រប់គ្រងរបស់ខ្លួននៅតំបន់ដើមទឹកទន្លេមេគង្គ ខណៈដែលកម្ពស់ទឹកទន្លេនេះមានកម្រិតទាបបំផុតក្នុងរយៈពេល៥០ឆ្នាំ។
«ស្ថានភាពពេលនេះគឺថា វារីងស្ងួត គឺគ្រប់គ្នាជួបប្រទះការរីងស្ងួត។ គ្រប់គ្នាកំពុងរងគ្រោះពីកង្វះខាតទឹក ប៉ុន្តែចំណោទដែលយើងត្រូវលើកឡើងនោះគឺថា ប្រទេសចិនមិនបានប្រាប់យើងថា គេកំពុងតែធ្វើអ្វីខ្លះជាមួយនឹងទំនប់ទឹកនិងអាងទឹកទាំងនោះ។ ពួកគេមិនបានប្រាប់យើងទេថា តើពួកគេបានបើកទឹកទាំងអស់ឲ្យហូរ ឬបានស្តុកទឹកទុកខ្លះ ឬ នៅមានសល់ទឹកទុកច្រើនក្នុងអាងស្តុកទឹក ដែលពួកបង្ហូរចេញដើម្បីជួយប្រទេសជិតខាងដែលនៅខ្សែទឹកខាងក្រោម។ និយាយឲ្យស្រួលគឺយើងមិនដឹងតែម្តង ព្រោះមិនមានតម្លាភាពទេ»។
ការចេញផ្សាយនៃរបាយការណ៍ដែលមានចំណងជើងថា «ចំណុចមិនអាចត្រឡប់ក្រោយនៃការប្រែប្រួលទន្លេមេគង្គ»នេះ ធ្វើឡើងព្រមពេលមានការរាំងស្ងួតដ៏ធ្ងន់ធ្ងរបានកើតមានឡើងនៅអាស៊ីអាគ្នេយ៍និងប្រទេសចិនភាគខាងត្បូង និង នៅពេលមានកិច្ចប្រជុំកំពូលមួយបានធ្វើឡើងដោយប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ដែលរួមមាន កម្ពុជា លាវ ថៃ និង វៀតណាម។
កង្វះខាតព័ត៌មានពីប្រទេសចិនបានបណ្តាលឲ្យមានការចោទប្រកាន់និងមន្ទិលសង្ស័យពីសំណាក់កសិករនិងអ្នកនេសាទនៅក្នុងបណ្តាប្រទេសទន្លេមេគង្គខាងក្រោមថា ទំនប់ទឹករបស់ចិនបានរួមចំណែកដល់កម្រិតទាបរបស់កម្ពស់ទឹកទន្លេ។
របាយការណ៍នេះក៏បានព្រមានថា ការខកខានមិនចែករំលែកព័ត៌មានគ្នារវាងប្រទេសទាំង ៦ ដែលនៅតាមបណ្តោយទន្លេដែលមានប្រវែង ៤៨៨០គីឡូម៉ែត្រនេះ នឹងធ្វើឲ្យកាន់តែលំបាកដល់ការរកដំណោះស្រាយចំពោះបញ្ហាដែលកំពុងកើតមាននេះ។
របាយការណ៍នេះបានបន្តថា ការក្លាយជាសមាជិកពេញសិទ្ធិរបស់ប្រទេសភូមា និងជាពិសេសរបស់ប្រទេសចិន នឹងជួយពង្រឹងគណៈកម្មការទន្លេមេគង្គ ហើយជួយបង្កើតតម្លាភាពទាក់ទងនឹងការគ្រប់គ្រងទន្លេនេះ។
ក៏ប៉ុន្តែ ការជំរុញឲ្យប្រទេសចិនចែករំលែកព័ត៌មានច្រើនជាងមុនអំពីការប្រើប្រាស់ទឹករបស់ខ្លួន ទាមទារឲ្យគណៈកម្មការទន្លេមេគង្គមានភាពរឹងមាំជាងមុន នេះបើតាមសម្តីរបស់អ្នកនាង Pek Koon Heng ប្រធាននៃមជ្ឈមណ្ឌលសិក្សា ASEAN ដែលទើបបង្កើតថ្មីនៅសាកលវិទ្យាល័យ American University។
អ្នកនាងនិយាយថា ភាពរាំងស្ងួតនាពេលថ្មីៗនេះបានលើកទឹកចិត្តឲ្យមានការសហការគ្នានិងបង្កើតឆន្ទៈនយោបាយច្រើនជាងមុនរវាងប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ក្នុងការចរចាដោយផ្ទាល់ជាមួយប្រទេសចិន។ អ្នកនាងនិយាយថា ការគាំទ្រពីប្រទេសប៊្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន និង សិង្ហបុរី ដែលប្រទេសទាំងនេះជាសមាជិកអាស៊ានដែរ តែមិនជាប់នឹងទន្លេមេគង្គ អាចនឹងជួយដល់កិច្ចប្រឹងប្រែងរបស់ប្រទេសទន្លេមេគង្គដែលជាសមាជិកអាស៊ានដែរ។
«គោលជំហរ ASEAN រួមមួយនឹងជួយផ្តល់កម្លាំងដល់ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ និងប្រមូលកម្លាំងទាំងមូលរបស់ ASEAN នៅក្នុងពេលមានការចរចា គឺដូចនឹងពេលចរចាពីបញ្ហាជម្លោះសមុទ្រចិនខាងត្បួង គឺបញ្ហាជម្លោះកោះ Spratly និងកោះ Paracel ដែលពេលនោះ ASEAN មានគោលជំហររួម។ ពេលនោះពួកគេអាចជំរុញប្រទេសចិនឲ្យយល់ព្រមទៅលើកិច្ចព្រមព្រៀងដោះស្រាយជម្លោះមួយ។ ដូច្នេះហើយបានជាខ្ញុំគិតថា ASEAN គួរតែគិតពីការតាក់តែងកិច្ចព្រមព្រៀងនៃការគ្រប់គ្រងការប្រើប្រាស់ទឹកទន្លេមេគង្គ។ ហើយខ្ញុំគិតថា នេះជាអ្វីដែល ASEAN គួរតែធ្វើដើម្បីឲ្យប្រទេសចិនជាប់ទាក់ទងច្រើនជាងមុន និងមានការទទួលខុសត្រូវនិងតម្លាភាពច្រើនជាងមុនដែរ ទាក់ទងនឹងសកម្មភាពរបស់ខ្លួននៅដើមទឹកទន្លេមេគង្គនោះ»។
បើតាមការអះអាងរបស់អ្នកជំនាញ ការសហការគ្នាប្រសើរជាងមុនរវាងបណ្តាប្រទេស ASEAN មានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលសហរដ្ឋអាមេរិកនៅមិនទាន់មានឥទ្ធិពលខ្លាំងក្លា នៅក្នុងតំបន់នេះនៅឡើយ។
ក្នុងឆ្នាំ២០០៩ សហរដ្ឋអាមេរិកបានផ្តួចផ្តើមគម្រោងតំបន់ទន្លេមេគង្គក្រោម ឬ Lower Mekong Initiative ដើម្បីអាចងាយធ្វើការជាងមុនជាមួយប្រទេសគណៈកម្មការទន្លេមេគង្គទាំង ៤។ គម្រោងនេះក៏រួមមានផងដែរនូវការចូលជាដៃគូរវាងគណៈកម្មការទន្លេមេគង្គ និងគណៈកម្មការទន្លេ Mississippi។
ប៉ុន្តែគម្រោងថ្មីនេះនៅមិនទាន់មានសកម្មភាពធំដុំអ្វីទេ ហើយតួនាទីរបស់សហរដ្ឋអាមេរិកទំនងជាមិនមានលើសពីការបណ្តុះបណ្តាលអ្នកជំនាញ និងលើកទឹកចិត្តឲ្យប្រទេសតាមបណ្តោយទន្លេមេគង្គអាចធ្វើការរួមគ្នាបានល្អជាងមុន នេះបើតាមសម្តីលោក Richard Cronin។
លោកព្រឹទ្ធសមាជិក Jim Webb របស់រដ្ឋ Virginia មកពីគណៈបក្សប្រជាធិបតេយ្យ ដែលមានវត្តមាននៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នាទីក្រុង Washington នោះ បានថ្លែងថា បើតាមទស្សនៈរបស់សហរដ្ឋអាមេរិក សហគមន៍អន្តរជាតិគួរត្រូវគេឲ្យចូលរួមក្នុងការរកដំណោះស្រាយអំពីបញ្ហាទន្លេមេគង្គនេះ ពីព្រោះបញ្ហានេះមានផលប៉ះពាល់ខ្លាំងក្លាដូចនឹងបញ្ហាក្នុងតំបន់ធំៗដទៃទៀតដែរ។
«វាជាបញ្ហាធ្ងន់ធ្ងរណាស់។ វាមានទ្រង់ទ្រាយជាអន្តរជាតិ។ វាមានផលប៉ះពាល់ដល់មនុស្សរាប់សិបលានអ្នក»។
លោក Richard Cronin យល់ស្របនឹងការបារម្ភនេះ ដោយលោកព្រមានថា ការខកខានក្នុងការសហការគ្នារវាងរបស់ប្រទេសតូចៗដែលនៅតាមទន្លេមេគង្គ អាចធ្វើឲ្យប្រទេសទាំងនេះចាញ់ប្រៀបខាងនយោបាយជាមួយនឹងប្រទេសចិន។
«ខ្ញុំគិតថា អ្វីដែលប្រទេសចិនចង់ធ្វើ គឺធ្វើការចរចាជាទ្វេភាគីជាមួយប្រទេសលាវ និងជាពិសេសជាមួយប្រទេសកម្ពុជា ដោយចរចាដាច់ដោយឡែកពីគ្នា ពីព្រោះប្រទេសចិនមិនចង់ចរចាជាមួយប្រទេសមួយក្រុមតែម្តងទេ»។
ទោះយ៉ាងនេះក្តី អ្នកនាង Pek Koon Heng នៅមានសុទិដ្ឋិនិយមនៅក្នុងរឿងនេះ។ នាងនិយាយថា ការភ្ញាក់ដឹងខ្លួនរបស់មេដឹកនាំប្រទេសកម្ពុជា លាវ ថៃ និង វៀតណាម អំពីសារៈសំខាន់នៃការធ្វើការរួមគ្នា និងការសម្រេចចិត្តផ្តល់ទិន្នន័យបន្ថែមរបស់ប្រទេសចិនក្នុងពេលកិច្ចប្រជុំទន្លេមេគង្គថ្មីៗនេះ ជាសញ្ញាវិជ្ជមាន។ នាងគិតថាចំណាប់អារម្មណ៍ និងការវិវត្តថ្មីៗនេះនឹងជំរុញឲ្យគេដាក់បញ្ចូលបញ្ហាទន្លេមេគង្គទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល ASEAN នៅក្នុងខែតុលាខាងមុខនេះ៕