ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ទំនប់​មេ​ទន្លេ​មេគង្គ​អាច​គម្រាម​ដល់​វិស័យ​ជលផល​តំបន់


ការធ្លាក់​ចុះនា​ពេល​ថ្មីៗ​នេះ​នូវ​កម្ពស់​ទឹក​ទន្លេមេគង្គដល់កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេលជាច្រើន​ទសវត្ស​ បាន​នាំ​ឲ្យ​មាន​ការ​រិះ​គន់កាន់​តែ​ច្រើន​ដល់ទំនប់​ទឹក​របស់​ប្រទេស​ចិន​ពី​សំណាក់​ប្រជាជន​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​នេះ ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន និងពី​រដ្ឋាភិបាល​បណ្តា​ប្រទេស​ដែល​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម។ ក៏​ប៉ុន្តែ​ការ​រិះ​គន់​ចំពោះ​ទំនប់​វារីអគ្គិសនី​របស់​ចិន​នេះ​ ​មិន​បាន​រារាំងប្រទេស​កម្ពុជា ថៃ និង​លាវ​ ពី​គម្រោង​ការ​សាង​សង់​ទំនប់​មេ​តាម​បណ្តោយ​ទន្លេ​មេគង្គចំនួន១១​ទៀតនោះ​ទេ។

លោក​បណ្ឌិត​ Richard Cronin ជាអ្នក​សរសេរ​របាយការណ៍​អំពី​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​មេគង្គ ដែល​បានចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ Henry L. Stimson Center បាន​និយាយ​ថា​គម្រោង​សាងសង់​ទំនប់​ទឹក​មេ​នៅ​ក្នុង​ខេត្ត​ក្រចេះរបស់​ប្រទេស​កម្ពុជា​ និង​គម្រោងទំនប់​មួយ​ទៀត​នៅ​ក្នុង​តំបន់​ល្បាក់​ខោន​ភាគ​ខាង​ត្បូង​ប្រទេសលាវ​ ជា​គម្រោង​ទំនប់​ពីរ​ដែលអាចនឹង​មាន​គ្រោះ​ថ្នាក់​បំផុត។

«កាល​បើ​គេ​សាង​សង់​ទំនប់​ទឹក​កាន់​តែ​ចុះ​ក្រោម​តាម​បណ្តោយ​ទឹក​ នោះ​វា​កាន់​តែ​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​វិស័យ​ជលផល​ ហើយ​តាម​ពិត​ទៅ​វា​ទទួល​បាន​អគ្គិសនី​កាន់​តែ​តិច​ទៅ​វិញ​ទេ។ ​ទំនប់មេ​តាម​ទន្លេ​មេគង្គទាំង​អស់​ដែល​សាង​សង់​ចាប់​ពី​ក្រុង​វៀង​ច័ន្ទន៍​ចុះ​ក្រោម​នឹង​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ច្រើន​ជាង​តម្លៃ​អគ្គិសនី​ដែល​បាន​មក​វិញ​»។

លោក​បណ្ឌិត​ Cronin បាន​ពន្យល់​ថា​ នៅ​រដូវ​ប្រាំង​ត្រី​ជា​ច្រើន​ប្រភេទ​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​ តែង​តែ​ហែលឡើងទៅពង​កូន​នៅតាម​ដៃ​ទន្លេ​និង​ហែល​ឡើង​រហូត​ដល់​ប្រទេស​លាវ​ មុន​នឹងមេ​និង​កូន​ហែល​ចុះ​មក​វិញ​តាម​ទឹកជំនន់ក្នុង​រដូវ​វស្សា​ដើម្បី​មក​ធំ​ធាត់​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ​តំបន់​បឹង​ទន្លេ​សាប និង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម​។ របាយការណ៍​របស់​លោក​បណ្ឌិត​ Cronin បាន​ព្រមាន​ថា​ទំនប់​ទាំង​ពីរ​នេះ​នឹងបិទ​ផ្លូវ​ទឹក ឬ​គម្រាម​កំហែន​ដល់​ផ្លូវ​ធ្វើដំណើរ​របស់ប្រភេទ​ត្រីដែល​មាន​តម្លៃទី​ផ្សារ​ខ្ពស់​ជាង​គេ​ចំនួន​ដល់​ទៅ​៧០​ភាគ​រយ។

ការ​នេសាទទឹក​សាបជា​វិស័យ​ដ៏​សំខាន់​មួយ​នៅ​ក្នុងសេដ្ឋកិច្ច​តំបន់​ទន្លេ​មេគង្គ ដែលស្ថិត​នៅ​ក្នុង​ចំណោម​តំបន់ទាំង​ឡាយ​ដែលសម្បូរ​ត្រី​ទឹក​សាប​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​វិស័យ​នេសាទ​នេះ​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា។ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៦​លាននាក់​ ឬ​៤៥​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​សរុប​ ​ត្រូវ​ពឹង​ផ្អែកទៅ​លើ​ការ​នេសាទ​ ឬ​សកម្មភាព​ដែល​មាន​ទាក់​ទង​នឹង​ការ​នេសាទ ហើយ១០​ភាគ​រយ​នៃពលរដ្ឋ​កម្ពុ​ជាមាន​មុខរបរ​ជា​អ្នក​នេសាទ។ ផល​នេសាទ​ទឹក​សាប​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ ៤ សែន​តោន​ក្នុង​មួយ​ឆ្នាំ​ដែល​មាន​តម្លៃ​ទី​ផ្សារ​ប្រមាណ ៥០០​លាន​ដុល្លារ។

លោក សំ នៅ អនុប្រធាន​នាយកដ្ឋាន​ជលផលនៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​និយាយ​ថា​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពីកម្រិត​នៃ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​របស់​គម្រោង​ទំនប់​ទឹក​សម្បូរ​ទៅ​លើ​វិស័យ​ជលផល​របស់ប្រទេស​កម្ពុជា​ទេ​ដោយ​លោក​មិនទាន់​បាន​អាន​របាយការណ៍​របស់វិទ្យាស្ថាន Stimson ឬ​របាយការណ៍​ការ​សិក្សា​ទៅ​លើ​ទំនប់​សម្បូរ។

ក៏​ប៉ុន្តែ​ក្នុង​នាម​លោក​ជា​អ្នក​ជំនាញ​ខាង​វិស័យ​ជលផល​ហើយ​មាន​ការ​យល់​ដឹង​អំពី​ទំនប់​ទឹក​មេ លោក​បាន​ទទួល​ស្គាល់​ថា​ជា​ទូទៅ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនីមេ​ តែង​តែ​នាំ​មក​នូវ​ផល​ប៉ះ​ពាល់​ដល់​ជលផល គឺ​វា​ជា​ការ​ជ្រើស​រើស​រវាង​អគ្គិសនី​និងការរក្សា​ត្រី​ ដោយ​លោក​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៨៥​ភាគរយ​ដែល​ជា​កសិករ ក៏​ពឹង​ផ្អែក​លើ​ការ​នេសាទ​ជា​របរ​បន្ទាប់​បន្សំ ហើយពលរដ្ឋ​ប្រហែល​ ៨០​ភាគរយ​ពឹង​ផ្អែក​លើ​ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​សំខាន់​។

គេ​រំពឹង​ថា​ទំនប់​សម្បូរ​នឹង​អាច​ផលិត​អគ្គិសនី​បាន​ជាង​ ២​ពាន់​មេហ្គាវ៉ាត់ ហើយ​ទំនប់​ Don Sahong នៅល្បាក់​ខោន​ប្រទេស​លាវ​ អាច​ផលិតបាន​ប្រហែល​៣៦០​មេហ្គាវ៉ាត់ ដែលតាម​ទស្សនៈ​លោក​បណ្ឌិត​ Cronin បរិមាណអគ្គិសនី​នេះ​មិន​សម​ស្រប​នឹង​ការ​ខាត​បង់​ផ្សេង​ទៀត​ដែល​នឹង​កើត​ឡើង​ទេ។

«រឿង​នោះ​គឺ​ថា ដើម្បី​បាន​អគ្គិសនី​ចំនួន​តិច​តួច​សោះ រដ្ឋាភិបាល​ទាំង​ពីរ​នេះ​សុខ​ចិត្ត​បំផ្លិច​បំផ្លាញវិស័យជលផល​ដែល​មាន​ប្រជាជន​រាប់សិប​លាន​អ្នកត្រូវ​ពឹង​ផ្អែកជា​ប្រភព​អាហារ​និង​ជីវភាព​រស់​នៅ ហើយប្រជាជន​ទាំង​នោះ​នឹង​មិន​មាន​ប្រភព​អាហារ​និង​ប្រាក់​ចំណូល​ណាផ្សេង​ទៀត​ទេ។ ម៉្យាង​ទៀត​បញ្ហា​នេះ​វា​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រទេស​ជិត​ខាង​ទៀត»។

ក៏​ប៉ុន្តែ​តាម​ការ​អះ​អាង​របស់​លោក​ អ៊ិត​ ប្រាំង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល ថាមពលអគ្គិសនី២​ពាន់​មេហ្គាវ៉ាត់​មិន​មែន​ជា​បរិមាណ​តិច​តួច​ទេ​សម្រាប់​ប្រទេស​ដ៏ក្រី​ក្រ​ដូច​កម្ពុជានោះ​ ដោយ​លោក​បញ្ជាក់​ថា​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​ទូទាំង​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ត្រឹម​ប្រមាណ ៥០០​មេហ្គាវ៉ាត់ ហើយ​ទំនប់​នោះ​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ទូទាំង​ប្រទេស​បាន។ យ៉ាង​នេះ​ក្តី​ លោកមិន​បាន​ប្រមើល​មើល​ថាតម្រូវ​ការ​អគ្គិសនី​នៅ​កម្ពុជានឹង​មាន​ការ​កើន​ឡើង​ខ្លាំង​ក្លា​នោះ​ទេ​ក្នុងអនាគត​ឆាប់ៗ​ខាង​មុខ​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​សម្លឹង​មើល​ប្រភព​ថាមពល​ផ្សេង​ទៀត​ដែរ។

គម្រោង​ទំនប់​វារីអគ្គិសនី​សម្បូរ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សិក្សាវាយតម្លែ​ដោយក្រុមហ៊ុន​ចិន China Southern Power Grid Co. សម្រាប់​ឲ្យ​ក្រសួង​ឧស្សាហកម្ម រ៉ែ​ និង ថាមពល។ ព័ត៌មានដែល​វីអូអេ​ខ្មែរ​ទទួល​បាន​ពី​មន្ត្រី​រដ្ឋាភិបាល​មិន​ស្រប​គ្នា​ទេ​អំពី​ថា​តើ​មាន​ការ​សម្រេច​ថា​នឹង​បន្ថយ​ទំហំ​នៃ​ទំនប់ ឬ​ការ​សាង​សង់​ទំនប់​ដែល​អាច​ឲ្យ​ត្រី​ហែល​ឆ្លង​កាត់​បាន​នោះ។

ក៏​ប៉ុន្តែ​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​ភាសាខ្មែរ លោក​ អ៊ិត ប្រាំង ដែលលោកជាប់​ទាក់​ទង​ផ្ទាល់​នៅ​ក្នុង​កិច្ចពិភាក្សារបស់​ក្រសួង​ឧស្សាហកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​នោះ​ បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​ចិន​បាន​ដាក់​ជូន​នូវ​ការ​សិក្សា​បឋម​មួយ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ហើយរហូត​មក​ដល់​ពេ​ល​នេះ ​មិនទាន់​មាន​ការ​សិក្សាបន្ត​ទៀត​ទេ។

ក្នុង​ចំណោម​ជម្រើស​នៃ​ការ​សាង​សង់​នានាដែល​មាន​នៅ​ក្នុង​ការ​សិក្សា​នេះ​ រួម​មាន​ការ​សាង​សង់​តាម​បែប​ run-of-the-river ដែល​មិន​ធ្វើ​កាត់​ទន្លេ​ទាំង​មូល​ទេ​ហើយ​អាច​ឲ្យ​ត្រី​ហែល​ឆ្លង​កាត់​បាន។ ក៏​ប៉ុន្តែ​លោក​ អ៊ិត​ ប្រាំង​ បាន​បញ្ជាក់​ថា​ គេនៅ​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ទៅ​លើ​រចនាសម្ព័ន្ធរបស់​ទំនប់​នេះ​នៅ​ឡើយ​ទេ ដោយ​នៅ​រង់​ចាំ​ការ​សិក្សា​លម្អិត​ទៀត​និង​ការ​ពិគ្រោះ​ជាមួយ​ផ្នែក​ឯកជន​និង​សាធារណៈជន។

លោក​បាន​ពន្យល់​ថាការ​យឺត​យ៉ាវ​ក្នុង​ការ​សិក្សា​នេះ​បណ្តាល​មក​ពីកិច្ចការ​នេះ​មាន​ការ​លម្អិត​ខ្លាំង​ណាស់​ ហើយ​រដ្ឋាភិបាល​ចង់​ឲ្យមាន​ការ​វាយតម្លៃ​អំពីផល​ប៉ះ​ពាល់​វិជ្ជមាន​និង​អវិជ្ជមាន​ទាំង​អស់។ លោក​និយាយ​ថា​គម្រោងសាង​សង់​នេះ​នឹង​មិនអាច​ដំណើរការ​ទៅ​មុខ​ទេ​ប្រសិន​បើ​ការ​សិក្សា​នេះ​រក​ឃើញ​ថាមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពេក។

លោក ស៊ិន នីនី អនុប្រធាន​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា​បាន​ទទួល​ស្គាល់ថាដើម្បី​បាន​ថាមពល​អគ្គិសនី គឺ​ត្រូវ​តែ​មាន​ការ​ខាត​បង់​នៅ​ក្នុង​វិស័យ​ណា​មួយ​ទៀតនោះហើយ តែលោក​ថាប្រសិន​បើ​ប្រទេស​កម្ពុជា​ចង់ផ្គត់​ផ្គង់​តម្រូវការ​អគ្គិសនី​របស់​ខ្លួន​ក្នុង​ពេល​អនាគត​បាន នោះ​គេ​ត្រូវ​តែ​ធ្វើ​ការ​សម្រេចដែលនឹងនាំ​ឲ្យមាន​ការ​ថយ​ចុះផល​ត្រី​ខ្លះ។

លោក សំ នៅ បាន​យល់​ស្រប​នឹង​ទស្សនៈនេះ​ដោយលោក​បន្ថែម​ថា កម្រិត​នៃ​មធ្យោបាយ​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​ទំនប់​នេះ ​នឹង​មាន​សារៈ​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​ឬ​មិន​គួរ​សាង​សង់​ទំនប់​នេះ។

«ខាង​ខ្ញុំ​នេះ​ចង់​បាន​ត្រី ធ្វើ​ម៉េច​ឲ្យ​មាន​ត្រី​នៅ​តាម​ទន្លេ​ ហើយ​បើ​សង់​តាម​ទន្លេ​មេ គួរ​តែ​មាន​វិធានការ​ម៉េច​ឲ្យ​ត្រី​ធ្វើ​ចរាចរ​ណ៍​បាន»។

វិធានការ​ទាំង​នេះ​រួម​មាន​ការ​សាង​សង់​បន្ទប់​លើកត្រីឡើង ​ជា​វិធីសាស្ត្រមាន​តម្លៃ​ថ្លៃ​ដែល​គេ​ប្រើ​នៅលោក​ខាង​លិច ការ​សាង​សង់ជណ្តើរឲ្យ​ត្រី​ខ្លះ​អាច​ហែល​ឡើង ការ​សង់ទន្លេ​វាង​ឲ្យ​ត្រី​ហែល​ឆ្លង​កាត់​បាន​ ការ​បង្កើត​កន្លែង​សិប្បនិម្មិត​ឲ្យ​ត្រី​អាច​ពង​កូន​បាន និង​វិធានការ​លើក​តម្កើង​ការ​ចិញ្ចឹម​ត្រី​ជំនួស​វិញ។ លោក​ សំ នៅ មិន​បាន​បញ្ជាក់​ទេ​ថា​តើ​ការ​ចិញ្ចឹម​ត្រី​នេះ​អាច​ជំនួស​ឲ្យការ​ខាត​បង់​ផល​ត្រីដែល​នឹង​កើត​មាន​នៅ​ទូទាំង​ប្រទេស​ដោយ​សារទំនប់​ទឹក​មេ​នេះ។

លោក Jeremy Bird, ជា​អគ្គនាយក​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍​ប្រទេស​លាវ​ បាន​បង្ហាញ​នូវ​គោល​ជំហរ​ស្រដៀង​នឹង​មន្ត្រី​រដ្ឋាភិបាល​ថា​ វា​មិន​ទាន់​ដល់​ពេលគេ​អាច​សម្រេចអំពីតុល្យភាព​រវាង​ការខូច​ខាត​និង​ផលចំណេញ​ទាក់​ទង​នឹងការ​សាង​សង់​ទំនប់​មេ​នៅ​តាម​ទន្លេ​មេគង្គ​នេះ​បាន​ទេ​ ដោយ​សារ​អ្នក​ដែល​ត្រូវធ្វើ​ការ​សម្រេច​នៅ​ក្នុង​រឿង​នេះនៅ​រង់​ចាំ​របាយការណ៍​វាយតម្លៃ​បរិស្ថានទៅ​លើ​ទំនប់មេ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​គេ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ក្នុង​ពាក់​កណ្តាល​ខែ​ឧសភា​នេះ។

លោក​បាន​សង្កត់​ធ្ងន់​ថា​ តួនាទី​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​គឺ​ធានា​ឲ្យ​បាន​ថាអ្នក​តាក់​តែង​គោល​នយោបាយពី​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ខាង​ក្រោម​ទាំង​៤ ​បាន​យល់​ដឹង​ច្បាស់​ពី​ការ​វាយតម្លៃទាំង​មូល​អំពី​ទំនប់មេ​នានា​នៅតាម​បណ្តោយ​ទន្លេ​មេគង្គ​ ក៏​ដូច​ជាទំនប់​ក្នុង​ប្រទេស​និមួយៗ ផល​ប៉ះពាល់​របស់​វា​ក្នុង​ប្រទេស​និងក្នុង​តំបន់​ទន្លេ​មេគង្គ ប្រភព​ផលិតថាមពលផ្សេង​ទៀត និង​ជម្រើន​ចែក​រំលែក​ថាមពល​ក្នុង​តំបន់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទាំង​នេះ​អាច​សម្រេច​ថា​ខ្លួន​គួរ​ឬ​មិន​គួរ​សាង​សង់​ទំនប់ទាំង​នោះ។

លោក​ពន្យល់​ថា​ មួយ​ចំណែក​នៃបញ្ហា​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នេះ​គឺ​ថា ​ប្រភព​ថាមពល​ផ្សេង​ទៀត​ដូច​ជា​ថាមពល​កកើត​ឡើង​វិញ​មិន​ទាន់​អាច​ជំនួសឲ្យ​សក្តានុពល​ធំធេងដែលថាមពល​វារីអគ្គិសនីអាច​ផ្តល់​ឲ្យ​នៅ​ឡើយ។

ការ​សិក្សា​មួយសម្រាប់​ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឈន៍​អាស៊ី ដែល​ចេញ​ក្នុង​ឆ្នាំ ២០០៤ ស្តី​អំពី​ទិដ្ឋភាព​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​បានសន្និដ្ឋាន​ថា​ការ​សាង​សង់​ទំនប់​មេ​តាម​ទន្លេ​មេគង្គ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពេក​ដល់​វិស័យ​ជលផល​តំបន់ ហើយ​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​អភិវឌ្ឈ​ដោយ​តុល្យភាព​បាន​ទេ។

លោក​បណ្ឌិត Richard Cronin មាន​សុទិដ្ឋិនិយម​ថា​ ការ​យល់​ដឹង​អំពី​គ្រោះ​ថា្នក់​នៃ​ទំនប់​ទឹក​មេ និង​ការ​បញ្ជាក់ច្បាស់​បន្ថែម​ទៀត​នៅ​ក្នុង​របាយ​ការណ៍​គណៈកម្មការ​ទន្លេ​មេគង្គ​ នឹង​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជា​និង​លាវ​សម្រេច​មិន​សាង​សង់​ទំនប់​ទាំង​ពីរ​នេះ ហើយ​ស្វែង​រកថាមពល​ពី​ប្រភព​ផ្សេង​ទៀត រួម​ទាំងពី​ប្រភព​ប្រេង​កាត​សមុទ្រ​ផង។ នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ក្នុង​ពេល​ថ្មីៗ​នេះ លោក​ Cronin ថា​ប្រសិន​បើ​ព័ត៌មាន​មិន​ច្បាស់​ការ​ដែល​ថា​គេ​គ្រោង​នឹង​បន្ថយ​ទំហំ​ទំនប់​សម្បូរ ជា​ការ​ពិត​នោះ វា​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ពី​ការកាន់​តែយល់​ដឹង​ពី​បញ្ហា​នេះ។

លោក​ Cronin ​ទទួល​ស្គាល់​ថា​ការ​ផ្គត់​ផ្គង់​តម្រូវ​ការ​ថាមពល​អគ្គិសនីជា​ការ​សំខាន់ ក៏​ប៉ុន្តែ​លោក​ថា​ជាញឺក​ញាប់​ ​អ្នក​ដែល​ទទួល​រង​ដោយ​ផ្ទាល់​ពី​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​ជា​សហគមន៍​ទន់​ខ្សោយដែល​មិន​បាន​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​អគ្គិសនី​ដែល​គេ​ផលិត​បាន​នោះ​វិញ​ទេ។

«ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ចង់​កាត់​បន្ថយ​ភាព​ក្រីក្រមែន​នោះ គេ​គួរ​ជួយ​ប្រជាជន​ឲ្យ​មាន​ជីវភាព​ប្រសើរ​ជាង​មុននៅ​នឹង​មូលដ្ឋាន​ដែល​ពួក​គាត់​កំពុង​រស់​នៅ​នោះ​ស្រាប់​។ ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ធំៗ​បែបនេះ ជា​គំនិត​នៃ​ការ​អភិវឌ្ឍកាល​ពី​ទស្សវត្ស ១៩២០ និង ១៩៣០។»

លោក​ថា «​គេ​មិន​ធ្លាប់​ឃើញ​មាន​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅច្រើន​កុះ​ករនិង​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ទន្លេ​ដូច​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​នេះ​ទេ»។

XS
SM
MD
LG