នៅថ្ងៃសុក្រនេះ អ្នកតំណាងប្រមាណ៥០នាក់មកពីបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលជំរុញការប្រើជំនួយផ្នែកច្បាប់ជួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងការផ្តន្ទាទោសឧក្រិដ្ឋកម្មជួញដូរមនុស្សឆ្លងកាត់ព្រំដែន។
អនុសាសន៍នេះបានធើ្វឡើងស្របពេលដែលបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គគឺមានប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម កំពុងតែប្រឈមនឹងការជួញដូរស្រ្តី និងកុមារច្រើនរាប់រយពាន់នាក់ក្នុងមួយឆ្នាំៗ ដែលត្រូវគេជួញដូរសម្រាប់គោលដៅបម្រើផ្លូវភេទ និងពលកម្ម។
អនុសាសន៍ទាំងនេះរួមមាននីតិវិធីពង្រឹងការអនុវត្តច្បាប់ប្រឆាំងការជួញដូរមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការក្រៅផ្លូវការរវាងនគរបាលក្នុងតំបន់ ចៅក្រម និងព្រះរាជអាជ្ញា ដែលត្រូវយល់ដឹងពីការវិវត្តក្នុងការប្រើជំនួយផ្នែកច្បាប់សម្រាប់ជួយគ្នាទៅវិញទៅមក ដើម្បីផ្តន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្ស ហើយភ្នាក់ងារអនុវត្តន៍ច្បាប់ និងភ្នាក់ងារជួយជនរងគ្រោះត្រូវការពារផលប្រយោជន៍របស់ជនរងគ្រោះ។
លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អនុសាសន៍នេះគឺជាប្រភពដ៏សំខាន់មួយនៃការណែនាំ និងអំណាចសម្រាប់ធើ្វការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។
«យើងទាំងអស់គ្នាបានចូលរួមនៅក្នុងការបង្កើតឲ្យមានអនុសាសន៍សំខាន់ៗដែលត្រូវបានយល់ព្រមដោយគណៈប្រតិភូទាំងអស់គ្នានៅថ្ងៃរសៀលនេះ។ អនុសាសន៍សំខាន់ៗទាំងនេះគ្របដណ្តប់ផ្នែកសំខាន់បី៖ ទី១ កិច្ចសហប្រតិបតិ្តការក្រៅផ្លូវការរវាងនគរបាល និងនគរបាលនៃបណ្តាប្រទេសទាំងប្រាំមួយនៅក្នុងមហាអនុតំបន់មេគង្គ។ ទី២ កិច្ចសហប្រតិបតិ្តការផ្លូវការផ្នែកច្បាប់ ជាពិសេសស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមក រួមទាំងការធើ្វបត្យាប័នផងដែរ។ ទី៣ កិច្ចសហប្រតិបត្តិការទាក់ទងនឹងទីភ្នាក់ងារយុត្តិធម៌ព្រហ្មទណ្ឌ និងទីភ្នាក់ងារជួយជនរងគ្រោះក្នុងករណីជួញដូរមនុស្ស»។
លោក Douglas Broderick អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងនៅក្នុងការបិទសិក្ខាសាលាថា អនុសាសន៍ទាំងនេះគឺជាកម្លាំងដ៏ខ្លាំងប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ដែលតម្រូវឲ្យមានការឆ្លើយតបដោយការផ្តន្ទាទោសជាទម្ងន់។
«ការវិវត្តនៅក្នុងការឆ្លើយតបនឹងយុត្តិធម៌ព្រហ្មទណ្ឌចំពោះការជួញដូរមនុស្សគឺពិតជាមានសារៈសំខាន់។ អស់លោកកំពុងធ្វើការរួមគ្នាដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែប្រសើរ ដែលជាការចាំបាច់លុបបំបាត់ឧក្រិដ្ឋកម្មដ៏រន្ធត់នេះ»។
លោកស្រី សាន អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងបិទសិក្ខាសាលានេះថា អស់លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងប្រទេសរបស់អស់លោក និងក្នុងតំបន់។
លោកស្រីបានលើកឡើងថា បើអនុសាសន៍ទាំងនេះត្រូវបានគាំទ្រ អស់លោកនឹងមានតួនាទីដ៏ធំមួយក្នុងការអនុវត្តអនុសាសន៍ទាំងនេះឲ្យទៅជាសកម្មភាពជាក់ស្តែង។ ខ្លឹមសារនៃអនុសាសន៍ទាំងនេះនឹងត្រូវដាក់ជូនក្រុមមេដឹកនាំនៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គដើម្បីសុំការយល់ព្រម៕