ក្រុមរដ្ឋមន្ត្រីនៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តបន្តកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គទៅកាន់ដំណាក់កាលទីពីរសម្រាប់រយៈពេល១០ឆ្នាំខាងមុខសំដៅស្វែងរកទុនវិនិយោគសម្រាប់ការអភិវឌ្ឍគម្រោងនានាក្នុងតំបន់។
កម្មវិធីដំណាក់កាលទីពីរនេះ បានផ្តោតគោលដៅជាសំខាន់ទៅលើការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ ដាក់បញ្ចូលការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធពហុវិស័យដែលផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍក្នុងតំបន់ទីក្រុងនិងជនបទ ហើយផ្តោតខ្លាំងជាងមុខលើទុនដែលចាំបាច់សម្រាប់បង្កើនភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពនៃ
ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងហេដ្ឋារចនាសម្ព័ន្ធដែលនឹងបង្កើតឡើងនាពេលអនាគត ក៏ដូចជាសម្រាប់ដោះស្រាយក្តីកង្វល់រួមផ្នែកសង្គម និងបរិស្ថាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
លោកចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់សន្និសីទកាសែតថាការប្រជុំនេះសម្រេចបានលទ្ធផលល្អ ហើយប្រទេសមហាអនុតំបន់ទន្លេមេគង្គបានសម្រេចយកក្របខណ្ឌយុទ្ធសាស្រ្តដំណាក់កាលទីពីរសម្រាប់ការអភិវឌ្ឍមហាអនុតំបន់ទន្លេមេគង្គចាប់ពីឆ្នាំ២០១២ទៅដល់ឆ្នាំ២០២២។
ប្រទេសមហាអនុតំបន់ទន្លេមេគង្គរួមមានប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសភូមា និងប្រទេសចិន។
លោកចម ប្រសិទ្ធិ បានបញ្ជាក់ថាកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គដំណាក់កាលទីពីរនេះគ្រាន់តែជាការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រនិងទិសដៅសម្រាប់អនុវត្តប៉ុណ្ណោះប៉ុន្តែមិនទាន់កំណត់ទឹកប្រាក់ដែលនឹងត្រូវប្រើប្រាស់នៅឡើយទេ។
លោកចម ប្រសិទ្ធិ បានថ្លែងថាកាលណាប្រទេសកម្ពុជាមានក្របខណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបៀបនេះ គឺនឹងអាចទាក់ទាញបាននូវជំនួយឧបត្ថម្ភមកពីប្រទេសជាដៃគូរអភិវឌ្ឍន៍និងស្ថាប័នអន្តរជាតិផ្សេងៗសម្រាប់
អនុវត្តគម្រោងអភិវឌ្ឍន៍ទាំងឡាយដែលប្រទេសកម្ពុជាកំណត់នៅក្នុងយុទ្ធសាស្ត្រនេះ។
«ធម្មតាទេ កម្ពុជាយើង ការប្រឈមមុខគឺនៅត្រង់ យើងមានធនធានអត់គ្រប់ទេ ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ការប្រឈមមុខ យើងទាមទារនូវការចាយប្រាក់ច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែរឿងមួយទៀត ការប្រឈមមុខធំគឺកង្វះខាងផ្នែកធនធានមនុស្ស»។
លោកចម ប្រសិទ្ធិ បានបន្តថាការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជិតខាងបានជំរុញវិស័យពាណិជ្ជកម្មកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិកាន់តែលឿន។
លោកចម ប្រសិទ្ធិ បានថ្លែងថាការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គដំណាក់កាលទីពីរនេះ គឺដើម្បីទាក់ទាញជំនួយពីសហគមន៍អន្តរជាតិ ហើយប្រទេសចិនដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើជាដៃគូអភិវឌ្ឍន៍ផង និងជាអ្នកឱ្យខ្ចីប្រាក់ផង។
លោកប៊ីនដូ ឡូហានី (Bindu Lohani) អនុប្រធានទទួលបន្ទុកក្រុមប្រតិបត្តិការទី២នៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃមហាអនុតំបន់ទន្លេមេគង្គថាកម្មវិធីមហាអនុតំបន់ទន្លេមេគង្គបានរីកចម្រើនដល់កម្រិតចាស់ទុំនៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ កម្មវិធីនេះបានរីកចម្រើនយ៉ាងរលូន ដោយបានសម្រេចនូវសមិទ្ធិផល និងមានបទពិសោធជាច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ជាការណ៍ពិត កម្មវិធីនេះបានបង្កើតនូវមូលដ្ឋានសម្រាប់បង្កើនសន្ទុះកម្មវិធីសហប្រតិបត្តិការថ្នាក់តំបន់ស្រដៀគ្នាដទៃទៀត។ ប៉ុន្តែ ក្នុងនាមជាកម្មវិធីនីមួយៗ នៅពេលដែលកម្មវិធីថ្នាក់តំបន់មួយរីកចម្រើនដល់កម្រិតចាស់ទុំ ភាពចាំបាច់ និងបំណងប្រាថ្នារបស់កម្មវិធីនោះ ក៏មានការផ្លាស់ប្តូរផងដែរ។
ក្រុមរដ្ឋមន្ត្រីមហាអនុតំបន់ទន្លេមេគង្គក៏បានស្វែងរកវិធីលើកកម្ពស់ការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រថ្មីនេះដោយផ្តួចផ្តើមគំនិតឱ្យមានដំណើរការមួយសម្រាប់រៀបចំផែនការមេថ្នាក់តំបន់ ហើយក្របខណ្ឌយុទ្ធសាស្ត្រថ្មីនេះនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក អនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលនៃមហាអនុតំបន់ទន្លេមេគង្គនៅក្នុងខែធ្នូខាងមុខនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍៕