ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ទំនប់សាយ៉ាប៊ូរី​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត


បុរសជាតិឡាវម្នាក់នេះ ជិះកង់​​​​កាត់ពី​មុខ​ទីកន្លែង​ដែល​​មន្រ្តី​គណៈ​កម្មការ​​ទន្លេ​​មេគង្គពីប្រទេសកម្ពុជា ថៃ វៀតណាម​ និងឡាវ ពិភាក្សាគ្នាអំពីគម្រោង​​សាង់​សង់​ទំនប់​​វារីអគ្គិសនី​សាយ៉ាប៊ូរី​របស់​ប្រទេស​ឡាវដ៏​ចម្រូងចម្រាស់​​កាលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១១។
បុរសជាតិឡាវម្នាក់នេះ ជិះកង់​​​​កាត់ពី​មុខ​ទីកន្លែង​ដែល​​មន្រ្តី​គណៈ​កម្មការ​​ទន្លេ​​មេគង្គពីប្រទេសកម្ពុជា ថៃ វៀតណាម​ និងឡាវ ពិភាក្សាគ្នាអំពីគម្រោង​​សាង់​សង់​ទំនប់​​វារីអគ្គិសនី​សាយ៉ាប៊ូរី​របស់​ប្រទេស​ឡាវដ៏​ចម្រូងចម្រាស់​​កាលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១១។

ក្រុម​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ថា ​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាង់​សង់​ទំនប់វារីអគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ ​ឬ​យ៉ាង​ណា​នោះ​ទេ។​ ការ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​នេះគឺ​ដោយសារប្រទេស​នីមួយៗ​មានជំហរ​ផ្សេង​គ្នា​ទៅ​លើ​គម្រោង​ទំនប់​ដ៏​ចម្រូង​ចម្រាស់​នោះ។

ប្រទេស​ជាសមាជិក​ទាំង​បួន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​គឺ​ថៃ​ កម្ពុជា ​វៀតណាម​ និង​ឡាវមិន​បាន​សម្រេច​យល់​ព្រម​គ្នា​ទៅ​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរីនោះ​ទេ​ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ពួក​គេ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទ​ នៅ​ថ្ងៃ​អង្គារ​ទី​១៩​ ខែ​មេសា​នេះ។

លោក​តែ​ ណាវុធ ​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​កម្ពុជា​និង​ជា​ប្រធាន​កិច្ច​ប្រជុំ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំនេះ​ថា​ ការ​បរាជ័យ​មិន​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​នេះ​គឺ​ដោយ​សារ​ប្រទេស​នីមួយៗ​យល់​ខុស​គ្នា​ទៅ​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី​នោះ។

«ដោយ​សារ​គណៈ​កម្មាធិការ​រួម​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ ឬ​ការ​សម្រេច​ចិត្ត​រួម​គ្នា​មួយបាន គណៈ​កម្មាធិការ​នេះនឹង​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​បន្ទាប់​ទៀត​ ដែល​តំណាង​ដោយរដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ ធនធាន​ធម្មជាតិ​ ឬ​ធនធាន​ទឹក​និង​ឧតុនិយម​នៃ​ប្រទេស​ជា​សមាជិក​ទាំង​បួន»។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ប្រទេស​ឡាវ​ទទូច​ថា​ ដំណើរ​ការពិគ្រោះ​យោបល់​ជា​មុន​ទៅ​លើ​គម្រោង​សាងសង់​ទំនប់​របស់​ខ្លួន​នោះ​គួរ​តែ​បញ្ចប់​ត្រឹម​ពេល​នេះ​ ប៉ុន្តែ​បណ្តា​ប្រទេស​ន្លេ​មេគ្រោង​ក្រោម​បី​ផ្សេង​ទៀត​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សិក្សា​ និង​ពិភាក្សា​ជា​សាធារណៈ​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ឆ្លង​ព្រំដែន​ដែល​អាច​បណ្តាល​មក​ពីការ​សាងសង់​ទំនប់​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​នោះ​ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ដែល​បាន​ចេញ​ផ្សាយក្រោយ​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​រយៈ​ពេល​១​ថ្ងៃ​នោះ។

ប្រទេស​វៀតណាម​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេលសាងសង់​ទំនប់នោះ​ យ៉ាងតិច​ឲ្យ​បាន​១០​ឆ្នាំ​ទៀត។​ ចំណែក​ប្រទេស​កម្ពុជា​វិញក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​ពិគ្រោះ​យោបល់បន្ថែម​ទៀត​ ប៉ុន្តែ​មិន​បាន​កំណត់​អំពី​រយៈ​ពេល​ជាក់លាក់​នោះ​ទេ។

ដោយ​ឡែក​ប្រទេស​ថៃ​ក៏​ចង់​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ទៅ​លើ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ដែរ​ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​បញ្ជាក់​អំពី​គោល​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់​ថា​ តើ​ខ្លួន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេលបន្ថែម​ទៀត​ ឬ​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​នោះ​ នេះ​បើ​ផ្អែក​តាម​លោក​តែ ណាវុធ។

បើ​តាម​គម្រោង​ ​ទំនប់​សាយ៉ាបូរី​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​នឹង​ត្រូវ​សាងសង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​Ch Karnchang ​ដោយ​គ្រោង​ផលិត​ថាមពល​អគ្គិសនីកម្រិត​១២៦០​មេហ្គាវ៉ាត់។​ ៩៥%​នៃ​ថាមពល​អគ្គិសនី​ដែល​ទំនប់​របស់​ឡាវផលិត​បាន​នេះ នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)។

របាយ​ការណ៍​ក៏​បង្ហាញ​ផង​ដែរថា​ ទំនប់​សាយ៉ា​បូរី ដែល​ជា​ទំនប់​ដំបូង​គេ​ក្នុង​ចំណោម​ទំនប់​វារីអគ្គិសនី​ធំៗ​យ៉ាង​តិច​ចំនួន​១១ដែល​គេ​គ្រោង​នឹង​សាងសង់​លើ​ដង​ទន្លេមេគង្គ​ក្រោម​នេះ នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ីនិង​ជីវចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គជា​រៀង​រហូត​ ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន​នោះ​ ហើយ​វា​ក៏នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ ដូចជា​ពូជ​ត្រី​រាជជា​ដើម​ផង​ដែរ។

ការ​បាត់​បង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់​លាន​នាក់​ ជា​ពិសេស​ប្រជាជន​កម្ពុជា​ដែលរស់​នៅ​ពឹង​អាស្រ័យទៅ​លើ​ទន្លេ​មេគង្គនេះ។

សហគមន៍ អង្គការ​និង​សកម្មជនការពារ​បរិស្ថាន​ទាំង​ថ្នាក់​ជាតិ​ តំបន់​និង​អន្តរ​ជាតិ​បាន​ជំទាស់​ទៅ​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​នេះ​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​លុប​ចោល​គម្រោង​ទំនប់​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ។

ប៉ុន្តែ​បណ្តាញ​សារព័ត៌មានថៃបាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​នេះ​បាន​ចាប់​ផ្តើម​រួច​ទៅ​ហើយ​ គឺធ្វើ​តាំង​ពី​មុន​មាន​កិច្ច​ប្រជុំ​ដើម្បី​សម្រេច​ជា​ផ្លូវការ​ ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​នេះ​ម៉្លេះ។

មន្ត្រី​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ឡាវ​មិន​អាច​ទាក់​ទងដើម្បី​ស្នើ​សុំ​ការ​បញ្ជាក់ណាមួយ​បាន​ទេ ​ហើយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ក៏​មិន​អាច​ផ្តល់​ការ​បញ្ជាក់​បាន​ដែរនៅ​ថ្ងៃ​អង្គារ​នេះ​ចំពោះ​របាយ​ការណ៍​ព័ត៌មាន​អំពី​ការ​ចាប់​ផ្តើម​សាងសង់​ទំនប់​សាយ៉ាបូរី​នោះ។

ទោះជាយ៉ាង​នេះ​ក្តី​ លោក​តែ ណាវុធ​ ប្រធាន​អង្គ​ប្រជុំ​នៃ​គណៈ​កម្មាធិការ​រួម​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ មាន​ប្រសាសន៍​ថា​ តំណាង​ប្រទេស​ទាំង​បួន​នឹង​រាយ​ការណ៍អំពី​ការ​យល់​ផ្សេង​គ្នា​ទៅ​លើ​គម្រោង​ទំនប់​សាយ៉ាបូរី​នេះ​ជូន​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ដែល​ជាស្ថាប័ន​កំពូល​ តំណាង​ដោយ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​បួន​ ដើម្បី​សម្រេច​ ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ទៀត​ទាក់​ទង​នឹង​គម្រោង​សាងសង់​ទំនប់​លើ​ដង​ទន្លេ​មេគង្គ​នេះ។

លោក​តែ ណាវុធ​មាន​ប្រសាសន៍​ថា ​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គនេះ​ ជា​ធម្មតា​គ្រោងនឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខែ​តុលា​ ឬ​វិច្ឆិកា​ឆ្នាំ​នេះ៕

XS
SM
MD
LG