កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៨ ឧសភា ២០២០

១
ស្ត្រីម្នាក់ពាក់ម៉ាស់ការពារ ក្នុងពេលចែកអាហារ នៅពេលដែលប្រទេសអាហ្វ្រិកខាងត្បូងចាប់ផ្ដើមបន្ធូរវិធានការបិទប្រទេសផ្នែកខ្លះ នៃការបិទប្រទេសទាំងមូល នៅទីក្រុង Diepsloot ជិតទីក្រុង Johannesburg។

២
លោក Terry Livesey ពាក់មាស់មុខរូបមហាក្សត្រីអង់គ្លេស Elizabeth II កំពុងហាលថ្ងៃនៅក្នុងសួនរបស់គាត់ នៅក្រុង Portslade ភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ផ្ទះរបស់គាត់ព្យួរទៅដោយទង់ជាតិ ដើម្បីប្រារព្ធខួប ៧៥ ឆ្នាំនៃថ្ងៃជ័យជម្នះនៅទ្វីបអឺរ៉ុប ដែលជាការបញ្ចប់សង្គ្រាមលោកលើកទី២ នៅអឺរ៉ុប។

៣
ទិដ្ឋភាពពីលើអាកាសបង្ហាញពីកម្មករនៅលើវាលចម្ការទំពាំងបារាំង នៅក្រុង Grevenbroich ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់។

៤
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងស្ត្រីទីមួយ Melania Trump ទប់ខ្លួនទៅនឹងខ្យល់បក់ខ្លាំង ក្នុងពេលប្រារព្ធខួបទី ៧៥ នៃទិវាជ័យជម្នះនៅអឺរ៉ុប ដែលធ្វើឡើងនៅវិមានរំឭកការចងចាំសង្គ្រាមលោកលើកទី២ នៅរដ្ឋធានីវ៉ាស៊ីនតោន។

៥
សិស្សសាលាបឋមសិក្សា ដែលបម្រុងនឹងរៀនតាមអនឡាញនៅលើទូរស័ព្ទរបស់ពួកគេ កំពុងដើររកកន្លែងមានសេវាអ៊ីនធឺណិត នៅក្នុងភូមិ នៅតំបន់កូនភ្នំ Temulawak ក្នុងទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។

៦
សាមណេរពុទ្ធសាសនាកំពុងអុជគោមក្រដាសនៅថ្ងៃវិសាខបូជា ដើម្បីរំឭកដល់ថ្ងៃព្រះពុទ្ធសមណគោតម ប្រសូត្រ ត្រាសដឹង និងចូលបរិនិព្វាន នៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Dekanduwala Bhikkhuni ក្នុងទីក្រុង Horana ប្រទេសស្រីលង្កា។

៧
បុគ្គលិកម្នាក់កំពុងវាស់សីតុណ្ហភាពឆ្មាមួយក្បាល នៅថ្ងៃបើកហាងកាហ្វេ Caturday Cat Cafe ឡើងវិញ ដែលត្រូវបានបិទបណ្ដោះអាសន្ន ដោយសារតែការបារម្ភពីការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងបាងកក។

៨
មន្ត្រីប៉ូលិសម្នាក់កាន់កាំភ្លើងខ្លីក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយពួកបាតុករដែលដុតកង់ឡាន នៅតំបន់សំណង់មិនទាន់រៀបរយ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេយ៉ា។ មនុស្សនៅតំបន់នេះនាំគ្នាបាតុកម្មប្រឆាំងនឹងការកម្ទេចផ្ទះរបស់ពួកគេពីសំណាក់រដ្ឋាភិបាល នៅតំបន់ដែលមានមនុស្ស ៧ ពាន់នាក់រស់នៅ។

៩
ស្ត្រីម្នាក់កំពុងរត់ហាត់ប្រាណនៅក្បែរគ្រឿងយន្តជើង៤ ដែលគេដាក់ឈ្មោះថា Spot ដែលមានបំពាក់សារសំឡេងដាស់តឿនមនុស្សឲ្យរក្សាគម្លាតពីគ្នា ដើម្បីជាវិធានការទប់ទល់នឹងការរាលដាលជំងឺកូវីដ១៩ នៅប្រទេសសិង្ហបុរី។

១០
ក្រុមអ្នកកាន់សាសនាឥស្លាមកំពុងអនុវត្តវិធានការនៅឆ្ងាយពីគ្នា ដើម្បីការពារការចម្លងជំងឺកូវីដ១៩ នៅពេលពួកគេគោរពពិធីសាសនាឥស្លាម សម្រាប់ថ្ងៃសុក្រ ក្នុងរដូវកាលរ៉ាម៉ាដន នៅព្រះវិហារឥស្លាមមួយ ក្នុងស្រុក Chana ខេត្ត Songkla ប្រទេសថៃ។

១១
គូស្រករមួយគូសម្លឹងមើលមកពីចម្ងាយក្នុងវាលដាំផ្កា Carlsbad ក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងពេលប្រទេសនេះបន្តរាលដាលជំងឺកូវីដ១៩។