សាលារាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានសម្រេចមិនឲ្យក្រុមប្រជាពលរដ្ឋតំបន់បឹងកក់ដែលប្រឈមនឹងការបណ្ដេញចេញ ធ្វើការដើរហែក្បួនបាតុកម្មនៅថ្ងៃពុធស្អែកនេះឡើយ មូលហេតុដោយសារតែខ្លាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងស្ថិរភាពសង្គម នេះបើយោងតាមសេចក្ដីសម្រេចក្រោយពីកិច្ចប្រជុំរវាងតំណាងប្រជាពលរដ្ឋតំបន់បឹងកក់ចំនួនដប់នាក់ជាមួយលោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារនេះ។
ក្រុមអ្នកភូមិបឹងកក់ប្រមាណជា១.៥០០គ្រួសារ ដែលនៅសេសសល់ពីការបណ្ដេញចេញដោយបង្ខំ គ្រោងនឹងធ្វើការដើរដង្ហែជាក្បួនបាតុកម្មតាមដងផ្លូវនៅថ្ងៃស្អែកនេះ ដោយឆ្លងកាត់មុខស្ថានទូតសហរដ្ឋអាមេរិកទៅកាន់វិមានឯករាជ្យកាត់មុខព្រះបរមរាជវាំង និងវិលមកកាន់វត្តភ្នំវិញ។ គោលបំណងគឺដើម្បីជំរុញសាលារាជធានីភ្នំពេញឲ្យធ្វើការសម្រេចចេញជារូបរាងពិតប្រាកដឲ្យបានឆាប់រហ័សនូវការសន្យាស្ដីពីការធ្វើការអភិវឌ្ឈនៅនឹងកន្លែងសម្រាប់ពួកគេ។
នៅក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ សាលារាជធានីភ្នំពេញបានហាមប្រាមមិនឲ្យក្រុមប្រជាជនទាំងនេះធ្វើតាមគម្រោងរបស់ពួកគេឡើយ ប៉ុន្ដែបានកំណត់ថ្ងៃជួបជជែកដោះស្រាយជាមួយពួកគេនៅថ្ងៃសុក្រសប្ដាហ៍នេះ។
សេចក្តីរាយការណ៍អំពីការបង្ក្រាបហឹង្សារបស់ប៉ូលីសទៅលើអ្នកតវ៉ាបឹងកក់កាលពីថ្ងៃទី២១ខែមេសាកន្លងទៅនេះ៖
លោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញបញ្ជាក់តាមទូរស័ព្ទថា លោកមិនមានអ្វីបញ្ជាក់បន្ថែមលើសពីកំណត់ហេតុចំពោះមុខក្រុមប្រជាពលរដ្ឋតំបន់បឹងកក់កាលពីព្រឹកមិញនោះទេ។
«ខ្ញុំអត់អ្វីបញ្ជាក់លើសពីកំណត់ហេតុខ្ញុំបានចុះហត្ថលេខាជាមួយគាត់ទេ។ អញ្ចឹងក្នុងកំណត់ហេតុមានសរសេរអស់ហើយ»។
អ្នកស្រីទេព វណ្ណី តំណាងសហគមន៍បឹងកក់ មានប្រសាសន៍ថា ក្រុមអ្នកភូមិយល់ព្រមតាមសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ ក៏ប៉ុន្ដែក្រុមអ្នកភូមិគ្រោងនឹងទាមទារឲ្យអាជ្ញាធរក្រុងភ្នំពេញសន្យាជាក់ស្ដែងចំពោះមុខពួកគេក្នុងជំនួបខាងមុខនេះ។
«ពួកខ្ញុំជជែកអំពីបញ្ហានេះសម្រេចតែម្តង ឲ្យមានលាយលក្ខណ៍អក្សរឲ្យច្បាស់លាស់នៅក្នុងថ្ងៃនេះតែម្តង ពីព្រោះសំណើខ្ញុំដាក់ច្រើនដងហើយ។ អញ្ចឹងឯកសារអ្វីដែលប្រជាពលរដ្ឋចង់បាន គឺការទាមទាររបស់គាត់សុំនៅតំបន់បឹងកក់។ អញ្ចឹងពួកខ្ញុំចង់ឲ្យគាត់ជួបប្រជុំជាមួយសហគមន៍បឹងកក់នៅថ្ងៃទី២៧ គឺសម្រេចនូវសំណើតែម្តង»។
រាជរដ្ឋាភិបាលកម្ពុជាបានជួលដីតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុន Sukaku Inc របស់លោកឧកញ៉ាឡាវ ម៉េងឃីន និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០០៧ ដើម្បីធ្វើការអភិវឌ្ឍក្នុងតម្លៃ៧៩លានដុល្លារអាមេរិកលើផ្ទៃដីចំនួន១៣៣ ហិកតាសម្រាប់រយៈពេលជិតមួយសតវត្សគឺ៩៩ឆ្នាំ។ ចាប់ពីពេលនោះមក ប្រជាជនប្រមាណជា៤.០០០គ្រួសារបានទទួលរងការបណ្ដេញចេញជាបន្ដបន្ទាប់ ហើយការតវ៉ារបស់ពួកគេមួយចំនួនទទួលបានការរារាំង និងការបង្រ្កាបយ៉ាងហិង្សា។
កាលពីថ្ងៃទី១៦ខែឧសភានេះ ធនាគារពិភពលោក ដែលជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់ការអភិវឌ្ឍ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងភាគីអ្នកភូមិបឹងកក់ដែលកំពុងប្រឈមមុខគ្នាក្នុងជម្លោះដីធ្លីនេះ រកដំណោះស្រាយជាមួយគ្នា ហើយធនាគារពិភពលោកព្រមានថា ខ្លួននឹងតាមឃ្លាំមើលដំណើរការនេះយ៉ាងដិតដល់បំផុត៕