ឧបទ្ទវហេតុលើស្ពានពេជ្របានពង្រាត់គូរសង្សារ និងសេចក្តីស្នេហារបស់យុវតីខ្មែរឥស្លាមម្នាក់ទើបនឹងស្លាប់ ដែលនាងកំពុងត្រៀមចូលរោងការ។
ក្តីស្រម័យរបស់កញ្ញា រេះ ម៉ារីណា ដែលថានឹងបានចូលរោងការនៅដើមឆ្នាំក្រោយនោះ បានកប់បាត់ទៅជាមួយនឹងរូបកាយដ៏ក្មេងខ្ចីរបស់នាងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ រេះ ម៉ារីណា បានក្លាយជាជនរងគ្រោះទី៣៥៣ហើយ ដែលបានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរពេកនៅក្នុងឧបទ្ទវហេតុ រត់ជាន់គ្នានៅលើស្ពានពេជ្រនៃមណ្ឌលកំសាន្តកោះពេជ្រនាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១០។
ជីដូន និងបងប្អូនសាច់ញាតិ បានសម្តែងក្តីសោកសង្រេងជាពន់ពេកចំពោះការបាត់បង់យុវតីខ្មែរឥស្លាមវ័យ២៣ឆ្នាំរូបនេះ បើទោះជានាងទទួលបានការព្យាបាលយ៉ាងម៉ត់ចត់ពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរុស្ស៊ី និងកាល់ម៉ែត្រនៅក្នុងរយៈពេលជិត២សប្តាហ៍កន្លងមកនេះក៏ដោយ។
អ្នកស្រី ស្តាន ម៉ារីយ៉ាន គឺជាអ៊ុំរបស់ម៉ារីណា ដែលបាននៅមើលថែទាំនាងជាប្រចាំនៅក្នុង មន្ទីរពេទ្យមុនពេលដែលនាងស្លាប់។ ដោយភ្នែកសម្លឹងទៅរករូបថតរបស់ម៉ារីណានៅលើផ្ទះឈើតូចមួយក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អ្នកស្រីមានប្រសាសន៍ទាំងទឹកភ្នែករលីងរលោងថា អ្នកស្រីមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ក្មួយជាទីស្រឡាញ់របស់អ្នកស្រីម្នាក់នេះ។ អ្នកស្រីមានប្រសាសន៍ថា៖
«មិននឹកស្មានថា ក្មួយខ្ញុំចេញមកញាក់ ដល់គេថតចុងក្រោយទៅ ឃើញនៅសល់សួតរួញទៅតូចវិញ ថតដំបូងឃើញសួតពេញ អស់តែបន្តិចទេ ប៉ុន្តែ វាសុទ្ធតែទឹក។ ក្រោយមកគេថា គេនឹងបូម ដល់គេបូមមកឡើងវ៉ល់តែម្តង។ ដល់ហើយ ពេទ្យគេក្រវីក្បាល គេមិនអាចជួយយើងបាន។»
រេះ ម៉ារីយ៉ា គឺជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ដែលឪពុកម្តាយបានស្លាប់ចោលដោយសារជម្ងឺតាំងពីពួកគេនៅតូចៗម្លេះ។ នាង និងប្អូនៗរស់នៅជាមួយនឹងជីដូន ដោយមានសប្បុរសជននិងអង្គការឥស្លាមមួយ និងអ៊ុំស្រីប្រុសជាអ្នកជួយទំនុកបម្រុងដល់ការរស់នៅនិងរៀនសូត្ររហូតមក។
លោក ពៅ គីសាន់ ត្រូវជាអ៊ុំក្មេករបស់ម៉ារីណា។ អង្គុយនៅជាប់នឹងប្រពន្ធ លោកគីសាន់ មានប្រសាសន៍ដោយដៃម្ខាងកាន់រូបថតរបស់ម៉ារីណា និងដៃម្ខាងទៀតយកកន្សែងជូតទឹកភ្នែកថា ម៉ារីណា គឺជាមនុស្សដែលគួរជាទីស្រឡាញ់សម្រាប់អ្នកផងទាំងពួង ហើយក៏ជាយុវតីដែលមានការតស៊ូព្យាយាមរៀនសូត្រ បើទោះជានាងជាក្មេងកំព្រាក៏ដោយ។ លោកបន្តថា៖
«វាមិនដែលធ្វើអ្វីមួយដែលធ្វើឲ្យសង្គមពិបាកដោយសារវា ហើយនឹងក្រុមគ្រួសារក្នុងភូមិស្រុកហ្នឹងមិនពិបាកដោយសារវា គឺថាវាចេះរស់នៅក្នុងសង្គម វាចេះបត់បែនទៅតាមកាលៈទេសៈ ដែលវាកំព្រាហើយវាអត់លុយអត់កាក់ ហើយវាតស៊ូរហូតដល់រៀនបានដល់ថ្នាក់ទី១២»។
អ្នកស្រី ម៉ារីយ៉ាន មានប្រសាសន៍ថា៖
«ស្រឡាញ់ប្អូនណាស់ ឲ្យតែប្អូនចង់បានអីសុខចិត្តខ្លួនឯងអត់ អត់ដែលឈ្លោះជាមួយប្អូន អត់ដែលស្តីឲ្យប្អូន»។
រេះ ម៉ារីណា បានដើរកំសាន្តលេងនៅលើស្ពានកោះពេជ្រជាមួយមិត្តភក្តិពីរនាក់ទៀតនាយប់ថ្ងៃកើតហេតុ បន្ទាប់ពីនាងបាននិយាយទូរស័ព្ទជាមួយគូរដណ្តឹងរបស់នាងគឺលោក ស៊ូ រ៉ាសាលី ដែលនៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ ម៉ារីណា គ្រោងនឹងរៀបការនៅដើមឆ្នាំក្រោយនេះ ប៉ុន្តែក្តីស្រម័យរបស់នាងបានស្ថិតក្នុងផ្នូរជាមួយនាងទៅហើយនាពេលនេះ។
លោក ពៅ គីសាន់ និងអ្នកស្រីស្តាន ម៉ារីយ៉ាន មានប្រសាសន៍ថា លោក និងអ្នកស្រីព្រមទាំងសមាជិកគ្រួសារផ្សេងទៀតនៅតែមិនអស់ចិត្តចំពោះការស្លាប់របស់ម៉ារីណាទាំងវ័យក្មេងបែបនេះ។ លោកបន្តថា៖
«មិននឹកស្មានថា អាយុវាខ្លីដល់ថ្នាក់ហ្នឹង ទើបនឹងមានគូដណ្តឹង ថានឹងរៀបចំការរៀបចំអី។ ទីបំផុតវាស្លាប់ ដោយស្តាយមិនបានរៀបការ។ គូរដណ្តឹងវា យំឡើងបោកខ្លួន គ្នានៅមើលថែផ្ទាល់។ រត់តាំងពីម៉ាឡេមក ដើម្បីមកមើលគូដណ្តឹង។ ទីបញ្ចប់គូដណ្តឹងស្លាប់ចោល។ ទាំងគេទាំងយើង អាណោមអាធម៌ណាស់»។
លោក ស៊ូ រ៉ាសាលី វ័យ២៣ឆ្នាំ បានទិញសំបុត្រយន្តហោះ វិលត្រឡប់មកកម្ពុជាវិញភ្លាម បន្ទាប់ពីទទួលដំណឹងថា គូដណ្តឹងខ្លួនបានរងរបួសធ្ងន់នៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នានៅលើស្ពានពេជ្រនោះ។
លោក ស៊ូ រ៉ាសាលី បាននៅមើលថែគូដណ្តឹងរបស់លោកជាប់ជាប្រចាំនៅមន្ទីរពេទ្យ ហើយហាក់មានសង្ឃឹមថា លោកនឹងបានរួមរស់ជាប្តីប្រពន្ធជាមួយគូរដណ្តឹងរបស់លោក បន្ទាប់ពីឃើញស្ថានភាពរបួសរបស់ម៉ារីណា ហាក់ដូចជាល្អប្រសើរឡើងវិញបន្តិចហើយនោះ។ ប៉ុន្តែ ក្តីសង្ឃឹមរបស់លោក ស៊ូ រ៉ាសាលីនេះ បាននៅត្រឹមតែជាស្រមោលតែប៉ុណ្ណោះ។ លោករ៉ាសាលី និយាយអមដោយសំឡេងយំខ្សឹកខ្សួលថា៖
«បើទោះជាខ្ញុំមិនបានរៀបការជាមួយវាក៏ដោយ ក៏ខ្ញុំនៅតែរាប់ប្អូនវា ជាប្អូនថ្លៃខ្ញុំរហូត»។
សាច់ញាតិរបស់ម៉ារីណា បានបញ្ជាក់ថា ពេលនេះ លោក ស៊ូ រ៉ាសាលី នៅតែគេងឱបសំលៀកបំពាក់របស់ម៉ារីណាជារៀងរាល់យប់ ដោយសារលោកនៅតែមិនទាន់អស់អាល័យថា តើហេតុអ្វីបានជាគូដណ្តឹងរបស់លោកត្រូវចាកចោលលោកជារៀងរហូតទៅបែបនេះ៕