ភ្នំពេញ៖ ក្រុមអាជីវករនៅជុំវិញពហុកីឡាដ្ឋានជាតិអូឡាំពិក បានស្នើសុំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ ជួយធ្វើអន្តរាគមន៍ពន្យាពេលពីរឆ្នាំ ចំពោះការរុះរើតូបលក់ដូរបស់ពួកគាត់ ដែលនឹងផុតកំណត់នៅថ្ងៃទី ១៩ខែតុលានេះ។ រាជរដ្ឋាភិបាល បានសម្រេចយកទីតាំងនោះមកធ្វើជាការអភិវឌ្ឍផ្សេងៗវិញ ជាពិសេស វិស័យកីឡា។ ក្រុមអាជីវករបាននិយាយថាពួកគាត់បានខ្ចីប្រាក់ពីធនាគារដោយដាក់បញ្ចាំផ្ទះ និងដីធ្លីនៅធនាគារ ដើម្បីយកមកធ្វើដើមទុនសម្រាប់ការលក់ដូរ។ សាលាក្រុងភ្នំពេញ បានទទួលយកសំណើរបស់អាជីវករទៅពិចារណា។
អាជីករលក់ដូរជិត៣០០នាក់នៅជុំវិញពហុកីឡាដ្នានជាតិអូឡាំពិក បានប្រមូលផ្តុំគ្នានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ ដើម្បីទាមទារឱ្យពន្យាពេល ការធ្វើអាជីវកម្មបន្តរយៈពេលពីរឆ្នាំបន្ថែមទៀត ចំពោះឱសានវាទនៃការបណ្តេញពួកគាត់ចេញពីទីតាំងនៅថ្ងៃអង្គារ៍ស្អែកនេះ។
សាលាក្រុងភ្នំពេញ បានជូនដំណឹងដល់អាជីវករទាំងអស់ដែលកំពុងប្រកបរបរអាជីវកម្មផ្នែកខាងកើត និងខាងជើងនៃពហុកីឡាដ្ឋានជាតិអូឡាំពិក ឱ្យធ្វើការរុះរើសំណង់ ស្តង់ តូបលក់ដូរ និងកន្លែងធ្វើអាជីវកម្មផ្សេងៗ ដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី៤ ខែតុលានេះ។ ក្នុងករណីរឹងរូសមិនព្រមអនុវត្តតាមការជូនដំណឹងនេះ សាលាក្រុងភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលរុះរើចេញដោយមិនទទួលខុសត្រូវចំពោះសំណងការខូចខាត ឬ បាត់បង់ទ្រព្យសម្បត្តិឡើយ។
ក្រុមអាជីវករបាននិយាយថា តូបលក់ដូរជាង១០០០ នៅជុំវិញពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវប្រឈមនឹងការបណ្តេញចេញនៅថ្ងៃទី១៩ ខែតុលានេះ ប៉ុន្តែអាជ្ញាធរខណ្ឌ៧មករា បានបញ្ជាក់ថា តូបលក់ដូរប្រមាណ ១៧០បានរុះរើតាមការជូនដំណឹង។
ក្រុមអាជីវករបានបញ្ជាក់នៅក្នុងលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៨ ខែតុលានេះថា អាជីវករទាំងអស់ស្នើសុំការអន្តរាគមន៍ពីលោក ហ៊ុន សែន សូមពន្យាពេលរុះរើតូបលក់ដូររបស់ពួកគាត់ និងសុំធ្វើអាជីវកម្មបន្តរយៈពេលពីរឆ្នាំទៀត។
ក្រុមអាជីវករ បានរអ៊ូរទាំថា ពួកគាត់បានទទួលរងការបង់ខាតដើមទុនជាច្រើនដែលមិនទាន់បានស្រង់ដើមមកវិញនៅឡើយ ពីព្រោះពួកគាត់បានលក់ទំនិញបណ្តាក់ឱ្យអតិថិជននៅតាមបណ្តាខេត្ត និងពុំអាចនឹងទារប្រាក់បំណុលពីអតិថិជនបានមកវិញទេ បើការរុះរើផ្សារត្រូវបានធ្វើឡើងក្នុងរយៈពេល១៥ ថ្ងៃនោះ។
អ្នកស្រី សុខ សម្បត្តិ អាជីវករលក់សំលៀកបំពាក់ បាននិយាយថា អ្នកស្រីបានខ្ចីប្រាក់ពីធនាគារ ដោយដាក់បញ្ចាំផ្ទះ និងដីធ្លី ដើម្បីយកមកធ្វើជាដើមទុនសម្រាប់ការលក់ដូរ។
«បើអាជ្ញាធរពន្យាការរុះរើផ្សារដូចអ្វីដែលនាងខ្ញុំបានសុំនោះ នាងខ្ញុំមានលទ្ធភាពរកប្រាក់សងទៅធនាគារ ដើម្បីបានប្លង់ផ្ទះយកមកវិញ។ អញ្ចឹង ពួកខ្ញុំចាកចេញពីកន្លែងទៅដោយមិនជាប់បំណុលគេ ហើយបើអាជ្ញាធររុះរើផ្សារវិញ នៅពេលដែលខ្ញុំបាត់បង់កន្លែងលក់ដូរ ខ្ញុំបានបាត់បង់អ្វីៗទាំងអស់»។
អ្នកស្រីហួន ស្រីមុំ អាជីវករលក់សំលៀកបំពាក់ បានបញ្ជាក់ថា បើអ្នកស្រីរុះរើតូបលក់ដូរ អ្នកស្រីមិន អាចរកកន្លែងលក់ថ្មីភ្លាមៗសម្រាប់របរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយការបង្វិលប្រាក់សម្រាប់សងធនាគារ នឹងត្រូវអាក់ខាន និងនាំទៅការប្តឹងរឹបអូសយកផ្ទះសម្បែង និងដីធ្លីពីធនាគារ។
«ខ្ញុំជំពាក់ប្រាក់គេច្រើនណាស់។ ក្នុងមួយថ្ងៃៗ គេមកទារប្រាក់គ្រប់គ្នា។ អញ្ចឹង យើងខ្ញុំគ្រាន់តែសុំពន្យាពេលពីរឆ្នាំ។ យើងខ្ញុំមិនជំទាស់នឹងការអភិវឌ្ឍល្អណាស់។ ទីមួយ យើងខ្ញុំស្វែងរកកន្លែងលក់ដូរ មិនទាន់បាន និងទីពីរ គេតាមទារប្រាក់។ អាជ្ញាធរផ្តល់ឱកាសតែពីរឆ្នាំ។ ខ្ញុំក៏អស់ចិត្តដែរ ពីព្រោះខ្ញុំ លក់ឥវ៉ាន់ខាតប៉ុណ្ណាក៏លក់ដែរ ដើម្បីយកប្រាក់សងគេ»។
លោកគង់ ចំរើន ជំនួយការខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអាជីវករថា ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនសំណើសុំពន្យាពេលពីរឆ្នាំ ទៅសាលាក្រុងភ្នំពេញពិនិត្យ។
លោក ហួរ ហុកលីម តំណាងសាលាក្រុងភ្នំពេញ បានមកទទួលយកសំណើរបស់អាជីវករតាមរយៈខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងដោះស្រាយ៕