ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រកបាន​ក្រុម​ហ៊ុន​បោះពុម្ភផែនទី​ព្រំដែន​ជាមួយ​វៀតណាម


គេហទំព័រ​មួយ​របស់​ក្រុមហ៊ុន BLOM Geomatics AS ដែល​ជា​ក្រុមហ៊ុន​ដាណឺម៉ាក និង ណ័រវ៉េ​ដែល​បាន​ទទួល​សិទ្ធិ​បោះ​ពុម្ព​ផែនទី​​ព្រំដែន​កម្ពុជា​-វៀតណាមដ៏​មាន​ទំនាស់។
គេហទំព័រ​មួយ​របស់​ក្រុមហ៊ុន BLOM Geomatics AS ដែល​ជា​ក្រុមហ៊ុន​ដាណឺម៉ាក និង ណ័រវ៉េ​ដែល​បាន​ទទួល​សិទ្ធិ​បោះ​ពុម្ព​ផែនទី​​ព្រំដែន​កម្ពុជា​-វៀតណាមដ៏​មាន​ទំនាស់។

ប្រទេស​កម្ពុជា​និង​វៀត​ណាម​បាន​សម្រេច​នៅ​ថ្ងៃសុក្រនេះជ្រើសរើស​យក​ក្រុមហ៊ុន​មកពី​ប្រទេស ណ័រវេស្ស៍ ​សម្រាប់​បោះពុម្ព​ផែនទី​ដើម្បី​កំណត់​ព្រំប្រទល់​នៃ​ប្រទេស​ទាំងពីរ​ដែល​តែងតែ​មាន​ជម្លោះ។ ប៉ុន្តែ​មន្ដ្រី​គណបក្ស​ជំទាស់​លើក​ឡើងថា​ការ​បោះពុម្ព​ផែនទី​ថ្មី​គឺជា​ការមិន​ចាំបាច់​ហើយ​អាច​បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ក្នុង​សង្គម​ទៀតផង។

ក្រុមហ៊ុន​ BLOM Geomatics AS​ បាន​ឈ្នះ​នៅក្នុង​ការដេញថ្លៃ​បោះពុម្ព​ ផែនទី​សម្រាប់​កំណត់​ព្រំដែន​រួម​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម​ដែលប្រទេស​ទាំង​ពីរមាន​គោលដៅបញ្ចប់ជម្លោះ​ព្រំដែន​រ៉ាំរ៉ៃ​អស់ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

លោក​វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ល្ងាចនេះ​ថា ​ក្រុមហ៊ុន​ BLOM Geomatics AS​ ដែល​ជា​ក្រុមហ៊ុន​រួម​របស់​ប្រទេស​ដាណឺម៉ាក​ និង​ប្រទេស​ណ័រវេស្ស៍​បាន​ដាក់​តម្លៃ​សម្រាប់​រ៉ាប់រង​ការបោះពុម្ព​ផែនទី​ទាប​ជាងគេ​ គឺ​ក្នុង​តម្លៃ ​១.៥០០.០០០​ ដុល្លារ​អាមេរិក ​ខណៈ​ពេល​ដែល​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ការដេញ​ថ្លៃ​ដែល​មាន​ក្រុមហ៊ុន​ចំនួន​ប្រាំ​ចូលរួម​កើន​រហូត​ទៅ​ដល់​៤.៥០០.០០០​ដុល្លារអាមេរិក។

«ជា​លទ្ធផល ​គឺ​ក្រុមហ៊ុន ​BLOM Geomatics AS​ របស់​ប្រទេស​ដាណឺម៉ាក ​និង​ប្រទេស​ណ័រវេស្ស៍​បាន ជាប់​លេខ​នៃ​ការជម្រើស​របស់​យើង​សម្រាប់​ធ្វើ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម»។

លោក​ង្វៀន ហុងថាវ ​អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​វៀត​ណាម​-កម្ពុជា​មកពី​ខាង​ភាគី​វៀត ណាម​ បាន​ថ្លែងថា​ការបោះពុម្ព​ផែនទី​ថ្មី ​និង​ជួយ​ទៅដល់​ការគ្រប់គ្រង​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឲ្យបាន​ល្អ។

«តាមពិត​បោះពុម្ព​ផែនទី​នៃ​ប្រទេស​ទាំងពីរ​ ដើម្បី​ការជួយ​ក្នុង​ការ(កំណត់)​ខណ្ឌ​បង្គោល​សីមា​បង្គោល​ព្រំដែន។ ហើយ​ក៏​ជួយ​នៅ​ក្នុង​ការគ្រប់គ្រង​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ ជំហាន​ក្នុង​ការ(កំណត់)​ខណ្ឌ​សីមា ​និង​ការបោះបង្គោល​ព្រំដែន​ជាក់ស្តែង​ ហើយ​នឹង​សាងសង់​ខ្សែ​ព្រំដែន​មួយ ​គឺខ្សែ​ព្រំដែន​សន្តិភាព​ មិត្តភាព​ហើយ​នឹង​សាមគ្គី​យូរអង្វែង»។

ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​មាន​ព្រំដែន​រួម​ជាប់​ជាមួយ​គ្នា​ប្រវែង​១.២៧០​គីឡូម៉ែត្រ​ហើយ​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ថា​នឹង​ត្រូវ​បោះបង្គោល​កំណត់​ព្រំដែន​រួម​សរុប​ចំនួន​៣៧៥​បង្គោល​រហូត​ទៅ​ដល់​បំណាច់​ឆ្នាំ​២០១២។ រីឯ​ការបោះពុម្ព​ផែនទី​ថ្មី​ដើម្បី​កំណត់​ទីតាំង​ព្រំដែន​រួម​នោះ​និង​ត្រូវ​បញ្ចប់​នៅ​ខែ​កក្កដា​ឆ្នាំ២០១២។

លោក​សុន ឆ័យ​ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​របស់​គណបក្ស​ជំទាស់​សម​ រង្ស៊ី ​បញ្ជាក់ថាការបោះពុម្ព​ ផែនទី​ថ្មី ​គឺជា​ទង្វើ​ខុសច្បាប់។

«ការបោះពុម្ព​ផែនទី​ថ្មី ​វា​ជា​សកម្មភាព​ខុសច្បាប់​ផ្ទុយ​អំពី​គោលការណ៍​រដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាល​គួរ​តែ ផ្អាក​សកម្មភាព​នេះ​ហើយ​ទុក​ឲ្យ​មាន​ការពិនិត្យ​ជា​ទូទៅ​លើ​ស្ថានភាព​នៃ​ការបោះ​បង្គោល​នេះ»។

ផ្ទុយ​ទៅវិញ​លោក​វ៉ា គឹមហុង ​មាន​ប្រសាសន៍​ថា​ ការបោះពុម្ព​ផែនទី​ថ្មីនោះ​មិនមែន​ជា​ការខុស​ច្បាប់​នោះ​ឡើយ។

«អ្វី​ដែល​យើង​ធ្វើ​នេះ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​សុទ្ធ​សាធ​ផែនទី​នេះ​ដែល​យើង​ធ្វើ​ខាង​មុខ​នេះ​គឺថា​ជា​ផែនទី​ដើម្បី​នឹងយក​ទៅ​ជំនួស​ផែនទី​ចាស់​ដែល​វា​ខ្នាត​តូច​វា​ពិបាក​នឹង​យកប្រើ។ មួយ​ទៀត​យើង​អត់​ខុស​ពី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ គឺថា​ វា​ធ្វើ​ដើម្បី​ឲ្យ​ព្រំដែន​វា​ច្បាស់លាស់​តែប៉ុណ្ណឹង»។

ប្រទេស​កម្ពុជា​ដែល​ទន់ខ្សោយ​បាន​តម្កល់​ផែនទី​ជាផ្លូវការ​របស់​ខ្លួន​ដែល​គាំទ្រ​ដោយ​ប្រទេស​ជិត​ខាង​កាល​ពី​ពេល​មុន​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​អំឡុង​ទសវត្សរ៍​៦០​ហើយ​ផែនទី​ទាំង​នោះ​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង​នៅក្នុង​អំឡុង​ទសវត្សរ៍​៥០។

ទំនាស់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​ធ្វើ​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​និង​មន្រ្តី​គណបក្ស​ជំទាស់​ត្រូវបាន​ចាប់​ខ្លួន​និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ហូរហែ។ ការចាប់​ខ្លួន​និង​ការផ្តន្ទា​ទោស​ទាំងនោះ​ត្រូវបាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង៕

XS
SM
MD
LG