នៅថ្ងៃច័ន្ទនេះ ប្រជាពលរដ្ឋខ្មែរ បានអបអរសាទរចំពោះមរណភាពរបស់មេភេរវកម្មអូសាម៉ាប៊ិនឡាដិន ដោយពិពណ៌នាការសម្លាប់ប៊ិនឡាដិនថា ជាជ័យជម្នះដ៏ធំធេងនៃយោធាអាមេរិកក្នុងការឆ្ពោះទៅរកការធ្វើឲ្យវិនាសសាបសូន្យដល់អំពើភេរវកម្មអន្តរជាតិ។
ប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសេតវិមាននៅរដ្ឋធានីវ៉ាស៊ីនតោន និងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលត្រូវបានរំលំដោយអំពើភេរវកម្មរបស់អូសាម៉ា ប៊ិន ឡាដិន ដើម្បីអបអរសាទរការសម្លាប់មេភេរវកម្ម អូសាម៉ា ប៊ិន ឡាឌិននេះ។ ប្រជាពលរដ្ឋខ្មែរបានចូលរួមជាមួយប្រជាពលរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍នេះផងដែរ។
លោក អេស សុះ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បាននិយាយថា ការស្លាប់របស់អូសាម៉ា ប៊ិន ឡាដិន គឺជាសញ្ញាវិជ្ជមានមួយសម្រាប់បញ្ចប់ការភ័យខ្លាចអំពើភេរវកម្មនៅជុំវិញពិភពលោក ហើយសង្គ្រាមភេរវកម្មដែលកំពុងកើតមាននៅអ៊ីរ៉ាក់ ប៉ាគីស្ថាន អាហ្កានីស្ថាន និងកន្លែងដទៃទៀតនឹងថយចុះ។
លោក សុះ បានបញ្ជាក់ថា ការប៉ះបោររបស់អ្នកកាន់សាសនាអ៊ិស្លាមដើម្បីលទ្ធិប្រជាធិបតេយ្យនៅមជ្ឈឹមបូព៌ា និងការសម្លាប់ ប៊ិន ឡាដិន មិនមែនមានសារៈសំខាន់សម្រាប់តែខ្មែរអ៊ិស្លាមទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពអ្នកកាន់សាសនាអ៊ិស្លាមក្នុងការបង្កើនជំនឿជឿជាក់ទៅវិញទៅមកក្នុងចំណោមសាសនាផ្សេងៗកាន់ខ្លាំងឡើង។
លោក រ៉ូនី អាតាម អាយុ២៦ និស្សិតខ្មែរអ៊ិស្លាម នៅសាកលវិទ្យាល័យព្រះកុសមៈ បាននិយាយថា លោកស្វាគមន៍ដំណឹងអំពីមរណភាពរបស់ ប៊ិន ឡាដិន ហើយនេះជាដំណឹងល្អសម្រាប់ពិភព លោកទាំងមូលដែលនឹងអាចរួចផុតពីការគំរាមគំហែងភេរវកម្មអន្តរជាតិនេះ។ លោក អាតាម បានបន្តថា អាមេរិកបានបង្ហាញកិត្យានុភាព និងសមត្ថភាពនៃអំណាចយោធាក្នុងការសម្លាប់ ប៊ិន ឡាដិន និងបង្កើនកេរ្តិ៍ឈ្មោះអាមេរិកនៅក្នុងពិភពលោកទាំងមូល។ លោកអាតាម ថ្លែងដូច្នេះថា៖
«អំពើភេរវកម្មក្រោមការដឹកនាំរបស់អូសាម៉ា ប៊ិនឡាដិន អាចកាត់បន្ថយ ឬសាបសូន្យនៅពេលមេភេរវករ អូសាម៉ា ប៊ិន ឡាដិនត្រូវបានសម្លាប់ ហើយអង្គការភេរវកម្មរបស់គាត់អាចនឹងសាបសូន្យទៅ តាមជីវិតរបស់គាត់។ ធ្វើអ្វីៗត្រូវតែមានមេដឹកនាំ។ បើមេដឹកនាំស្លាប់ហើយ អំពើនោះនឹងត្រូវបញ្ចប់»។
លោកស៊ុន ដារា អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថាអាមេរិក និងប្រជាពលរដ្ឋអាមេរិកពិតជារីករាយ ខណៈដែលអូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់ដោយកងទ័ពអាមេរិកនេះ។ លោកបន្តទៀតថា៖
«សហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិកមានការសប្បាយចិត្តណាស់ នៅពេលដែលគាត់បានឈ្នះ និងបានការសម្លាប់អូសាម៉ា ប៊ិន ឡាដិន។ ពិភពលោកមានសប្បាយចិត្តដោយសារតែមេដឹកនាំ ម្នាក់នេះត្រូវបានសម្លាប់។ ប៉ុន្តែរឿងមួយទៀតដែលយើងមានការព្រួយបារម្ភ ហើយយើងគួរយកចិត្ត ទុកដាក់ឱ្យមែនទែន។ ថ្វីត្បិតតែអូសាម៉ា ប៊ិនឡាដិន ត្រូវបានស្លាប់មែន តែក្រុមអាល់ កៃដា មួយចំនួនទៀត ដែលមានកំហឹងនឹងបន្តធ្វើអំពើភេរវកម្មកើនឡើងទៀត»។
លោក ឈិត តក់ អាយុ២៤ឆ្នាំ និស្សិតនៅសកលវិទ្យាល័យមេគង្គកម្ពុជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា អាមេរិក និងពិភពលោកបានសាទរប្រវត្តិសាស្ត្រថ្មីមួយនៃការសម្លាប់អូសាម៉ា ប៊ិន ឡាដិន ហើយវាជាយុត្តិធម៌ពិតសម្រាប់អាមេរិក និងពិភពលោក ដែលបានទទួលរងគ្រោះនៃអំពើភេរវកម្មរបស់ប៊ិន ឡាដិន ។ លោក ឈិត តក់ និយាយថា៖
«ខ្ញុំគិតថា សង្គ្រាមភេរវកម្មបានកើតឡើងខ្លាំងក្លាមែនទែននៅក្នុងសម័យអូសាម៉ាប៊ិនឡាដិន ប៉ុន្តែ ក្រោយពីអូសាម៉ាប៊ិនឡាដិនស្លាប់ សង្គ្រាមភេរវកម្មនឹងត្រូវកាត់បន្ថយច្រើន»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា ការស្លាប់របស់ ប៊ិន ឡាដិន អាចធ្វើឱ្យចលនាភេរវកម្មអន្តរជាតិអាល់ កៃដា ចុះខ្សោយ។លោក វណ្ណារិទ្ធ បានបញ្ជាក់ថា អាមេរិកនឹងអាចបន្ថយការរិះគន់ពីការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ កាលពី១០ឆ្នាំមុន បន្ទាប់ពី ប៊ិន ឡាដិន ត្រូវបានសម្លាប់។ លោក វណ្ណារិទ្ធ បានប្រាប់វីអូអេខ្មែរថា៖
«ភេរវកម្មអន្តរជាតិដែលដឹកនាំដោយអូសាម៉ា ប៊ិនឡាដិន នឹងមិនមែនជាការគំរាមគំហែងធំដល់សហរដ្ឋអាមេរិកទៀតទេ។ ដូច្នេះខ្ញុំគិតថា សហរដ្ឋអាមេរិកប្រហែលជាអាចមានការបន្ធូរបន្ថយទាក់ទងនឹងសិទ្ធិផ្នែកអ៊ិនធើណែត និងផ្នែកទូរស័ព្ទ។ ចំពោះករណី Quantamo Bay ខ្ញុំនឹងពិបាកយល់ ប៉ុន្តែខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមានការគោរពសិទ្ធិមនុស្សបន្ថែមទៀត»។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងយ៉ាងដូច្នេះថា៖
«ពីមុនសហរដ្ឋអាមេរិក បានរិតត្បិតសិទ្ធិសេរីភាពមួយចំនួនដោយសារភេរវកម្ម និងបក្ខពួករបស់អូសាម៉ា ប៊ិន ឡាដិន ហើយឥឡូវបន្ទាប់ពីអូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់ ខ្ញុំគិតថាសហរដ្ឋអាមេរិក នឹងបើកសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទូលំទូលាយឡើងវិញ»។
មេភេរវកម្មអូសាម៉ា ប៊ិន ឡាដិន បាននៅពីក្រោយការបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងបូរីញូវយ៉កដែលសម្លាប់មនុស្សជាង៣.០០០នាក់កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានតាមប្រមាញ់អូសាម៉ា ប៊ិន ឡាឌិន ជារៀងរហូតមក៕