បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីលា្ងចថ្ងៃព្រហស្បតិ៍ ដោយប៉ូលិសខេត្តកណ្ដាលពីបទសង្ស័យថា បានប្លន់សម្លាប់ជំទប់ឃុំម្នាក់របស់គណបក្សជំទាស់សម រង្ស៊ី។ នេះបើយោងតាមសេចក្ដីអះអាងរបស់មន្រ្ដីជាន់ខ្ពស់ប៉ូលិសខេត្តកណ្ដាល នៅថ្ងៃសុក្រនេះ។
លោកអ៊ុក ឆន្ទៈ អាយុ៦៤ឆ្នាំ ជំទប់ទី២ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី នៅឆ្នាំ ២០១២ ត្រូវបានសម្លាប់កាលពីយប់ថ្ងៃពុធទី១ ខែមិថុនាឆ្នាំ២០១១នេះ នៅខណៈដែលលោកធ្វើដំណើរចេញពីយាមប្រចាំការនៅក្នុងឃុំរបស់លោក។ គណបក្ស សម រង្ស៊ី បានហៅអំពើហិង្សានោះ ថាជាឃាតកម្មនយោបាយ។
លោកឧត្តមសេនីយ៍ អ៊ាវ សំរើន ស្នងការនគបាលខេត្តកណ្ដាលបានបញ្ជាក់ថា បុរសកូនពីរ លឹម វាសនា អាយុ ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមសមត្ថកិច្ចបានតាមស្វែងរកជនសង្ស័យយ៉ាងប្រកិត។ លោកស្នងការនគរបាលដដែលមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យចំនួនពីរនាក់ផ្សេងទៀត។ លោកបានប្រាប់វីអូអេខ្មែរយ៉ាងដូច្នេះថា៖
«វាបានឆ្លើយហើយ ប៉ុន្ដែឥឡូវយើងកំពុងបន្ដថែមទៀតពីព្រោះ គ្នាវាបីនាក់។ ខ្ញុំក៏ប្រឹងប្រែងធ្វើដែរ ពីព្រោះលោកចាន់ ចេង បាននិយាយថា រឿងនេះទាក់ទងនឹងឃាតកម្មនយោបាយ។ អញ្ចឹងយើងចង់ឲ្យអ្នកទាំងអស់គ្នាដឹងតើវាយ៉ាងម៉េច»។
លោកចាន់ ចេង តំណាងរាស្ដ្រ និងជាប្រធានក្រុមការងាររបស់គណបក្សសម រង្ស៊ី ប្រចាំខេត្តកណ្ដាលនៅតែអះអាងថា លោកមានហេតុផលដែលអាចបញ្ជាក់បានថា ជនរងគ្រោះត្រូវបានសម្លាប់ដោយបញ្ហានយោបាយ។ លោកថ្លែងថា៖
«គេចង់បំភាន់ថា មិនមែនជានយោបាយទេ។ រឿងនេះ គឺជារឿងចោប្លន់។ ពីមុនមកគឺថាឲ្យតែចាប់បានចំលើសកម្មជនគណបក្សសម រង្ស៊ី ប៉ូលីសតែងតែថា គឺជារឿងចោប្លន់ ឬក៏គំនុំ ឬក៏អាបធ្មប់។ គាត់មិនដែលឆ្លើយចំថា នយោបាយឬស្អីទេ។ ក៏ប៉ុន្តែអ្នកដែលស្លាប់ គឺជាអ្នកនយោបាយ។ គណបក្សសម រង្ស៊ីនឹងតាមដានរឿងហ្នឹងយ៉ាងយកចិត្តទុកដាក់ ហើយជំរុញឲ្យសមត្ថកិច្ចចាប់ឃាតករពិត និងអ្នកនៅពីក្រោយខ្នងយកមកកាត់ទោសទៅតាមផ្លូវច្បាប់»។
លោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានតាមស៊ើបអង្កេតលើបញ្ហានេះលើកឡើងថា មានទឡ្ហីករណ៍មួយចំនួនដែលបង្ហាញថា អំពើឃាតកម្មអាចកើតឡើងដោយសារអំពើប្លន់ដោយចៃដន្យ។ លោកសំអាត បានប្រាប់វីអូអេខ្មែរថា៖
«ក្រុមទាំងអស់សុទ្ធតែចាត់ទុកថា សមាសភាពមិនល្អ ផឹកស៊ី ហើយមានការប្រើប្រាស់គ្រឿងញៀនទៀតផង។ ការប្លន់នេះប្រហែលជារឿងចៃដន្យ ដែលទាំងអស់បានជួបនឹងជនរងគ្រោះ ហើយធ្វើការវាយដំយកម៉ូតូ និងសម្ភារៈរបស់គាត់ ហើយដោយសារតែជនរងគ្រោះ និងអ្នកទំាងអស់ស្គាល់គ្នាបានជារឿងនេះទៅជារឿងសម្លាប់ជនរងគ្រោះ ដើម្បីបំបិតដាន»។
យ៉ាងណាក៏ដោយលោកអំ សំអាត បញ្ជាក់ថា អង្គការរបស់លោកនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត។
កម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១២។ អំពើហឹង្សាលើសកម្មជនគណបក្សសម រង្ស៊ី ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះមុននឹងលោកសុរិយា ប្រាសាដ ស៊ូបិឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបញ្ចប់បេសកកម្មរយៈពេលប្រាំថ្ងៃរបស់ខ្លួននៅកម្ពុជា។ លោកស៊ូបិឌី ដែលត្រូវពិនិត្យមើលឡើងវិញនូវបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា សេរីភាពបញ្ចេញមតិ និងទំនាស់ដីធ្លីជាដើម។
នៅក្នុងសន្និសីទព័ត៌មាននៅល្ងាចនេះ លោកស៊ូបិឌី មានប្រសាសន៍ថា លោកបានទទួលដំណឹងអំពីការសម្លាប់សកម្មជននយោបាយរបស់គណបក្សសម រង្ស៊ី ក៏ប៉ុន្ដែលោកមិនបានធ្វើសេចក្ដីអត្ថាធិប្បាយលើបញ្ហានេះទេដោយសារតែលោកគិតថា គេត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទៅលើបញ្ហានេះជាបន្ថែមទៀត៕