តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះលោកឧត្តមសេនីយឯកមឹក តារា អតីតមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចំនួន៣៨ករណីពាក់ព័ន្ធនឹងការស៊ីសំណូក និងការជួញដូរគ្រឿងញៀន ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
លោក មឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោក ជា ឡេង អតីតអនុប្រធានការិយាល័យមន្ទីរប្រឆាំងនៃក្រសួងមហាផ្ទៃត្រូវប្រឈមនឹងការចោទប្រកាន់ករណីពាក់ព័ន្ធនឹងការស៊ីសំណូក និងការជួញដូរគ្រឿងញៀនចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។ ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅក្នុងខែមករា ឆ្នាំ២០១១។ ជនជាប់ចោទទី៣ លោក ម៉ម ឌឿន មន្ត្រីប្រឆាំងគ្រឿងញៀនដែលបានរត់គេចខ្លួននឹងត្រូវបានកាត់ទោសកំបាំងមុខចំពោះការចោទប្រកាន់ចំនួន៣៨ករណីដូចគ្នានេះដែរ។
សាក្សី បាននិយាយថា កងសន្តិសុខប្រដាប់ដោយអាវុធជាង១០០នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណតុលាការខេត្តបន្ទាយមានជ័យដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដល់ដំណើរការជំនុំជម្រះករណីគ្រឿងញឿននេះ។
លោក អ៊ិត សម្ជស្ស ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការខេត្តបន្ទាយមានជ័យបានថ្លែងនៅក្នុងសវនាការថា សំណុំរឿងចំនួន៣៨ករណីប្រឆាំងនឹងលោក មឹក តារា នេះនឹងត្រូវប្រើរយៈពេល៧៥ថ្ងៃចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១២។ នៅក្នុងសវានាការនេះ មានវត្តមានសាក្សីយ៉ាងតិច១២០នាក់រួមមាននគរបាលចំនួន៣៧នាក់ និងទណ្ឌិតចំនួន៨៣នាក់។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងកាលពីថ្ងៃអង្គារថា លោក មឹក តារា គ្រាន់តែសំណុំរឿងពីរប៉ុណ្ណោះអាចជាប់ពន្ធនាគារអស់មួយជីវិត ពីព្រោះលោកបានយកមន្ទីរប្រឆាំងគ្រឿងញៀនធ្វើជារចនាសម្ព័ន្ធ នៃការជួញដូរគ្រឿងញៀន។
លោក ស៊ុំ ចាន់គារ មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងថា ការកាត់សេចក្តីអំពើពុករលួយ និងការជួញដូរគ្រឿងញៀនចំពោះអតីតមន្ត្រីនគរបាលជាន់ខ្ពស់ ដូចលោកមឹក តារា នេះ គឺជាការព្រមានដល់មន្ត្រីរដ្ឋាភិបាល មន្ត្រីនគរបាល និងមន្ត្រីយោធាកុំឱ្យប្រព្រឹត្តបទល្មើសបែននេះតទៅទៀត។
«ការកាត់សេចក្តីនេះ គឺជាការកាត់សេចក្តីមួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារគ្រឿងញៀន និងដល់សង្គមជាតិដែលមន្ត្រីខិលខូច បានធ្វើឱ្យខាតបង់ថវិកាជាតិ ហើយជាការពង្រឹងនៅក្នុងការអនុវត្តច្បាប់។ នេះគឺជាការព្រមានដល់មន្ត្រីផ្សេងៗទៀតកុំឱ្យប្រព្រឹត្តបទល្មើសតូចតាចណាក៏ដោយ ក៏មិនគួរណាប្រព្រឹត្ត។ បើប្រព្រឹត្តឡើងគេនឹងយកមកបើកសវនាការកាត់សេចក្តី ដូចលោកមឹក តារានេះដែរ»។
លោក អ៊ុង សុមិទ្ធិ មន្ត្រីសម្របសម្រួល នៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បើការកាត់ទោសនេះ មានយុត្តិធម៌ត្រឹមត្រូវតាមផ្លូវច្បាប់នោះ ប្រទេសកម្ពុជាអាចរួចផុតពីអំពើពុករលួយ និងជួញដូរគ្រឿងញៀន។
«ការព្យាយាមរបស់រាជរដ្ឋាភិបាលខិតខំកាត់ទោសមន្ត្រីពុករលួយ និងមន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀន។ យើងគិតថានេះជាជំហ៊ានមួយឆ្ពោះទៅរកដំណើរការល្អ ដែលអាចកាត់បន្ថយ ឬ អាចបំបាត់ទាំងស្រុងនូវអំពើជួញដូរគ្រឿងញៀន និងកាត់បន្ថយអំពើពុករលួយបានផងដែរ»។
កាលពីថ្ងៃអង្គារ តុលាការខេត្តបន្ទាយមានជ័យ បានកាត់ទោសលោកហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំ និងពិន័យចំនួន៣២០.០០០ដុល្លារអាមេរិកចំពោះការទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀនចំនួនពីរដងក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១០ ហើយសហសេវឹកបួននាក់របស់លោកឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួនបីឆ្នាំ៕