កងទ័ពនៃប្រទេសកម្ពុជានិងប្រទេសថៃ បានបើកការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំលើកដំបូងនៅម៉ោងប្រមាណជាង៣:០០រសៀលថ្ងៃសុក្រនេះ ដែលជាបច្ច័យនៃជម្លោះព្រំដែនដ៏តានតឹងជាមួយគ្នាអស់ រយៈពេលជាងពីរឆ្នាំមកនេះ។
យោងតាមក្រុមមន្រ្តីកម្ពុជាបានឲ្យដឹងថា ការបាញ់គ្នានៃកងទ័ពសត្រូវនឹងគ្នា បានបន្តរហូតទៅដល់ម៉ោងប្រមាណជា៥:៤០នាទីល្ងាចនេះ គឺអស់រយៈពេលប្រមាណជាពីរម៉ោងកន្លះ។
តួលេខនៃការស្លាប់បាត់បង់ជីវិតជាបឋមបង្ហាញថា កងទ័ពថៃមានរបួស និងស្លាប់មួយចំនួនក៏ប៉ុន្តែគេនៅមិនទាន់ ដឹងចំនួនពិតប្រាកដនៅឡើយ ហើយផ្ទះក្រហមដែលជាទីតាំងស្ថិតនៅក្នុងដីរបស់ថៃទល់មុខនឹងប្រាសាទព្រះវិហារបានទទួលរងការខូចខាត។ ចំណែកឯខាងភាគីកងទ័ពកម្ពុជា ត្រូវគេរំពឹងថា បានទទួលរងគ្រោះដូចគ្នា ក៏ប៉ុន្តែពុំទាន់មានការប៉ាន់ស្មាននៅឡើយ។
វត្ថកែវសិក្ខាគីរីស្វារៈ និងប្រាសាទព្រះវិហារដ៏ចំណាស់របស់ខ្មែរ បានទទួលរងគ្រាប់កាំភ្លើងធំ របស់ថៃ ហើយបានបណ្តាលឲ្យមានការខូចខាតមួយចំនួន។
ក្រុមមន្រ្តីរដ្ឋាភិបាលខ្មែរ និងមន្រ្តីយោធាខ្មែរ បានអះអាងថា ការប្រយុទ្ធគ្នារយៈពេលជាងពីរ ម៉ោងនេះ ភាគីទាំងសងខាង បានប្រើកំាភ្លើងផ្លោងនិងកាំជ្រួចហ្វូងធុន BM21។ ក៏ប៉ុន្តែភាគីជម្លោះបាន ចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបង្កហេតុ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ ថាកងទ័ពថៃ បានរុលចូលមកកាន់ទឹកដីខ្មែរជាច្រើនរយម៉ែត្រ ហើយបានបើកការវាយប្រហារជាមុន។
«នៅថ្ងៃនេះ ម៉ោងបីជាងបន្តិចបន្តួច ថៃបានដើរចូលហើយបាញ់រំលោភមកលើទាហានខ្មែរ ដែលនៅ ឈរលាន[វាល]ឥទ្រ្ទី។ ហើយបន្ទាប់មកការផ្ទុះអាវុធមាន៦កន្លែង ដូចជាយើងរាប់ពីមុខប្រាសាទព្រវិហារ បន្ទាប់មកងាកមកខាងលិច សំបុកឃ្មុំ បន្ទាប់មកភ្នំទ្រព្យ មានអូរតាស៊ឹម ហើយនិងអូរច្រាក់ច្រែង។ បើយើងគិតជាប្រវែងប្រហែល៦ទៅ៨គីឡូម៉ែត្រ»។
ចំណែកឯលោក Panitan Wattanayagorn អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តីថៃ Abhisit Vejjajiva បានលើកឡើងថា ភាគីកម្ពុជា បានបាញ់ផ្លោងចូលទឹកដីរបស់ប្រទេសថៃជាមុន។
«យើងមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ ក៏ប៉ុន្តែយើងបានកត់សម្គាល់ឃើញថា ខាងអាជ្ញាធរកម្ពុជា បានបាញ់ឆ្លងព្រំដែនចូលមកទឹកដីរបស់យើង។ យើងក៏បានជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់សុវត្ថិភាព។ ស្ថានភាពបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងបាន»។
ប្រទេសកម្ពុជានិងប្រទេសថៃបានចាប់ផ្តើមមានទំនាស់ព្រំដែនយ៉ាងតានតឹងនឹងគ្នានៅជុំវិញតំបន់ប្រាសាទព្រះវិហារចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៨មកម្លេះ។
បន្ទាប់ពីប្រទេសថៃបានជំទាស់ទៅនឹងការដាក់ប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភណ្ឌពិភពលោកមិនបានសម្រេច។
នេះគឺជាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាលើកទីបួន បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលខ្លីៗ កាលពីបីលើកមុន។
ការប្រយុទ្ធគ្នាលើកនេះធ្វើឡើងដំណាលគ្នានឹងពេលដែលរដ្ឋមន្រ្តីការបរទេសកម្ពុជានិងថៃ បានអង្គុយប្រជុំជាមួយគ្នានៅក្នុងខេត្តសៀមរាប ដើម្បីជជែកគ្នាអំពីសហប្រតិបត្តិការទ្វេភាគី។
កាលពីដើមសប្តាហ៍នេះ ប្រទេសទាំងពីរបានសង្គ្រឹតធ្មេញដាក់គ្នា ដោយមិនខ្លាចញញើតអំពី ការបើកសង្គ្រាមវាយប្រហារគ្នាទៅវិញទៅមកនោះទេ។
លោកឧបនាយករដ្ឋមន្រ្តីខ្មែរ ហោ ណាំហុង បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅល្ងាចនេះថា ប្រទេសថៃ បានបាញ់ផ្លោងចូលមកជ្រៅនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជា ហើយកម្ពុជានឹងប្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងយូរបំផុតនៅថ្ងៃសៅរ៍ស្អែកនេះ។