អ្នកជំនាញផ្នៃកព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសកម្ពុជា បានសម្តែងការសោកស្តាយបន្ទាប់ពីមរណភាពរបស់លោក ស្ទីវ ចបស៍ (Steve Jobs)សហស្ថាបនិករបស់ក្រុមហ៊ុនអេបផល (Apple)។ ក្រុមហ៊ុននេះ បានជ្រៀតចូលផ្នែកទីផ្សារព័ត៌មានវិទ្យា និងអេឡិចត្រូនិកនៅក្នុងពិភពលោក និងនៅកម្ពុជាក្នុងរយៈពេលទសវត្សរ៍ចុងក្រោយនេះ។
លោក ស្ទីវ ចបស៍ បានស្លាប់កាលពីថ្ងៃពុធសប្តាហ៍មុន ដោយសារជំងឺមហារីកលំពែង ក្នុងជន្មាយុ ៥៦ឆ្នាំ ដែលជាការស្លាប់វ័យក្មេងសម្រាប់ប្រទេសលោកខាងលិច។
លោក សំ ផៃ នាយកគ្រប់គ្រងនៃក្រុមហ៊ុនលក់កុំព្យូទ័រ ដែលជាផលិតផលរប់ក្រុមហ៊ុនអេបផល មានឈ្មោះថា យូនីយាំងតិចណូឡូជី។ លោកគឺជាអ្នកជំនាញ និងជាអ្នកលក់យ៉ាងទូលំទួលាយ នូវផលិតផលរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិចមួយនេះ។
«គ្រាន់តែឃើញដំណឹងហ្នឹងភ្លាមធ្វើឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារបាត់បង់មនុស្សសំខាន់ម្នាក់នៅក្នុងពួកផលិតផល អេបផល ហ្នឹង របស់ក្រុមហ៊ុន អេបផលតែម្តង។ ហើយយើងជាអ្នកដែលមានជំនាញទាក់ទងនឹងផលិតផលហ្នឹង ធ្វើឲ្យមានការរន្ធត់ខ្លាំងណាស់ ដោយសារតែមិនដឹងថាអាចមានការប្រែប្រួលយ៉ាងម៉េចទៀត។ គឺគាត់មានគំនិត Creative (ច្នៃប្រឌិត) ហើយគាត់ជាទូទៅគឺជាមនុស្សមួយដែលពូកែ។ មិនទាន់ឃើញអ្នកណាម្នាក់ដែលជំនួសគាត់បានទេ»។
លោក ស្ទីវ ចបស៍ គឺជាអ្នកបង្កើតកុំព្យូទ័រ ម៉ាក Macintosh មុនគេ សម្រាប់ក្រុមហ៊ុន អេបផល ហើយក្រោយមកទៀត លោកបានឆ្នៃប្រឌិតបច្ចេកវិទ្យាព័ត៌មានវិទ្យាឈានមុខគេបំផុតនៅក្នុងពិភពលោកដែលបង្កើតជាម៉ាស៊ីនចាក់ភ្លេងដែលអាចយកតាមខ្លួនបានឈ្មោះថា អៃផដ (iPod) បង្កើតទូរស័ព្ទដៃ ដែលប្រើការចុចបញ្ជានៅលើអេក្រង់ម៉ាក អៃហ្វូន (iPhone) ប្រកបដោយស៊េរីប្រដេញយ៉ាងច្រើន និងការច្នៃប្រឌិតបង្កើតកុំព្យូទ័រយកតាមខ្លួនបានស៊េរីចុងក្រោយគេ ដោយធ្វើការចុចបញ្ជាគ្រប់យ៉ាងនៅលើផ្ទៃអេក្រង់តែម្តង។ នោះគឺជាកុំព្យូទ័រមួយប្រភេទដែលឈ្មោះថា iPad។
លោកឃោ សៅវរៈ ជាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អធិប្បាយថា មរណភាពរបស់លោក ស្ទីវ ចបស៍ គឺជាការបាត់បង់យ៉ាងធំ សម្រាប់វិស័យបច្ចេកវិទ្យា។
«ការស្លាប់របស់លោក ស្ទីវ ចបស៍ គឺជាការបាត់បង់មួយដ៏ធំ សម្រាប់វិស័យបច្ចេកវិទ្យាក៏ថាបាន ពីព្រោះដោយសារលោកស្ទីវ ចបស៍ជាមនុស្សម្នាក់ដែលបានបង្កើតនូវ Products (ផលិតផល) យ៉ាងច្រើន ដែលធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងការប្រើប្រាស់នៅក្នុងឧបករណ៍អេឡិកត្រូនិកជាច្រើន ឧទាហរណ៍នូវការប្រើប្រាស់នូវ Smart Phone ផងដែរ»។
លោក សៅវីរៈ ដែលបានទៅបំពេញការសិក្សានៅទ្វីបអ៊ីរ៉ុបធ្លាប់បានតាមដានស្តាប់សុន្ទរកថា របស់លោក ចបស៍ ហើយលោកចាត់ទុកថានោះគឺជាសុន្ទរកថាដ៏មានអត្ថន័យបំផុតសម្រាប់កូនខ្មែរ។
«ខ្ញុំធ្លាប់ស្តាប់ Speech (សុន្ទរកថា) របស់គាត់នៅពេលបញ្ចប់ការសិក្សានៅស្ទែនហ្វ៊ត (សាកលវិទ្យា Stanford) ជាសុន្ទរកថាមួយដែលលើកទឹកចិត្តដល់និស្សិតយ៉ាងខ្លាំងពីព្រោះអ្វីដែលជាគោលគំនិតរបស់គាត់ជារឿងរាល់ថ្ងៃ គាត់តែងតែសួរខ្លួនឯងថា ឧបមាថាថ្ងៃហ្នឹងជាថ្ងៃដែលរស់ជាថ្ងៃចុងក្រោយ តើគាត់ត្រូវតែធ្វើអ្វីខ្លះ? អញ្ចឹងគឺជា Idea (គំនិត) មួយដែលធ្វើឲ្យមនុស្សយើងយកចិត្តទុកដាក់នឹងការងាររបស់ខ្លួនឯង និងធ្វើវាឲ្យអស់ពីសមត្ថភាព ជារឿងរាល់ថ្ងៃអញ្ចឹងហើយ។ ជាចំណុចមួយដែលធ្វើឲ្យគាត់មានគំនិតច្នៃប្រឌិតយ៉ាងច្រើនក្នុងការបង្កើតផលិតផលល្បីឲ្យមនុស្សប្រើប្រាស់បានយ៉ាងល្អដូចសព្វថ្ងៃ។ អញ្ចឹងខ្ញុំគិតថា កូនខ្មៃរយើងម្នាក់ៗគួរចាប់អារម្មណ៍គោលគំនិតរបស់មនុស្សល្បីៗដូច្នេះ ដូចជាស្ទីវ ចបស៍ ដូចជាអ្នកល្បីៗពីមុនមក អាយស្តាញ ឬអ្នកណាផ្សេងទៀត ហើយយកគោលគំនិតនោះមកអនុវត្ត»។
ផលិតផលព័ត៌មានវិទ្យា និងអេឡិចត្រូនិចរបស់ក្រុមហ៊ុនអេបផលថ្វីត្បិតតែប្រកបដោយគុណភាពខ្ពស់និងមានភាពល្បីល្បាញ ក៏ប៉ុន្តែវាមានតម្លៃខ្ពស់ ដែលធ្វើឲ្យទំហំបញ្ជ្រាបនៅក្នុងទីផ្សារកម្ពុជានៅ
មានកម្រិតនៅឡើយ។ កុំព្យូទ័រម៉ាក Macintosh ត្រូវគេប្រើប្រាស់មួយចំនួនសម្រាប់ការគូរប្លង់ ឬសម្រាប់ប្រើការបោះពុម្ពជាដើម ក៏ប៉ុន្តែលោក សោម ផៃ នាយករបស់ក្រុមហ៊ុនលក់កុំព្យូទ័រយូនីយាំងតិចណូឡូជី មានប្រសាសន៍ថាមានការប្រើប្រាស់នូវឧបករណ៍ព័ត៌មានវិទ្យារបស់ក្រុមហ៊ុន អេបផល បានទូលំទូលាយជាងមុននៅកម្ពុជាសព្វថ្ងៃនេះ។
លោក សុខ រិទ្ធី ប្រធានអង្គនាយកនៃការបោះពុម្ព និងការចែកផ្សាយរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលជាគ្រឹះស្ថានបោះពុម្ពរបស់លោកប្រើប្រាស់កុំព្យូទ័រម៉ាក Macintosh ចំនួនជិតដប់គ្រឿងសម្រាប់ការបោះពុម្ពសំខាន់ៗ។ លោក សុខ រិទ្ធី បានចែករំលែកនូវមរណទុក្ខរបស់លោក ស្ទីវ ចបស៍។
«មិនថានៅក្នុងប្រទេសកម្ពុជាទេ គឺទូទាំងពិភពលោក មានមនុស្សម្នាជាច្រើននាក់ណាស់ដែលរួមមរណទុក្ខរបស់គាត់ ដោយសារគាត់ជាអ្នកបង្កើតកុំព្យូទ័រ បង្កើត Software ជាច្រើនដែលយកមកជួយឲ្យយើងយកមកប្រើប្រាស់ តាមការងារបានច្រើនមុខណាស់។ ការបាត់បង់គាត់ គឺជាការបាត់បង់ដ៏ធំ។ ខ្ញុំសុំចូលរួមសម្តែងមរណទុក្ខ និងសោកស្តាយរូបគាត់ជាខ្លាំង»។
iPhone, iPod ឬក៏ iPad សុទ្ធតែជាឧបករណ៍អេឡិកត្រូនិកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលអាចរកទិញបាន។
កញ្ញា សុខ ឡេង និស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាអ្នកប្រើប្រាស់ទូរស័ព្ទដៃ iPhone ម្នាក់។ កញ្ញា សុខ ឡេង ចាត់ទុកថា ការស្លាប់របស់ស្ទីវ ចបស៍ គឺជាការបាត់បង់ជីវិតដែលមិនអាចជៀសរួច ក៏ប៉ុន្តែ សុខ ឡេង គិតថាលោក ស្ទីវ ចបស៍ បានបន្សល់ទុកស្នាដៃជាច្រើន។
«នេះជារឿងសាមញ្ញ ក៏ប៉ុន្តែអ្វីដែលគាត់បន្សល់ទុកគឺអស្ចារ្យមែនទែន ដែលគាត់បានបន្សល់ទុកស្នាដៃផលិតផលរបស់គាត់ហ្នឹងឲ្យយើងទាំងអស់គ្នាសម្រាប់ប្រើប្រាស់។ ដូចថា Apple, iPhone, iPad នាងខ្ញុំគិតថាមានសារៈសំខាន់បំផុត វាលឿនក្នុងការ Check អ៊ីម៉ែលក៏ដូចជាការប្រើប្រាស់អ៊ីនធឺណិតផងដែរ»។
ក្រុមអ្នកជំនាញកម្ពុជា កំពុងតែរងចាំកត់សម្គាល់ទៅលើការអភិវឌ្ឍបច្ចេកវិទ្យារបស់ក្រុមហ៊ុន អេបផល ជាបន្តទៅទៀត បន្ទាប់ពីការបាត់បង់លោក ស្ទីវ ចបស៍៕