ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុង ​Los Angeles ​ស្វះស្វែង​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ខ្មែរ​ឲ្យ​បាន​ច្រើន​

  • ជាង សុភីណារ័ត្ន

ពលរដ្ឋ​ខ្មែរអាមេរិកាំង​ស្បថ​ចូល​សញ្ជាតិ​ថ្មីៗ​ សប្បាយ​ចិត្ត ​ហើយ​ចុះ​ឈ្មោះ​បោះឆ្នោត
Los Angeles​៖ កាលពី​ថ្ងៃអង្គារ​នេះ​គឺជា​ថ្ងៃចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។​ វាជា​ឱកាស​ល្អ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត ស្វែង​រក​អ្នក​ដែល​មាន​សិទ្ធិចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ជុំវិញ​សហ​រដ្ឋអាមេរិក ​ជា​ពិសេស​នៅតំបន់ Los Angeles​ រដ្ឋ​កាលីហ្វញ៉ា ដែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅមាន​កម្រិត​តិច​នៅ​ឡើយ។​

អ្នកស្ម័គ្រចិត្ត​និយាយ​ថា​ ថ្ងៃបោះឆ្នោត ​ទី៦​ខែ​វិច្ឆិកា​គឺជា​ឱកាស​សម្រាប់​ខ្មែរ​អាមេរិកាំង​បញ្ចេញ​សំឡេង​របស់ខ្លួន​លើ​បញ្ហា​ជាច្រើន​ផ្សេង​ទៀត ​មិនមែន​តែ​ការ​ជ្រើសរើស​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ទេ។ ​

អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង ​Long Beach ​កាលពី​ថ្ងៃ​អង្គារ​ព្យាយាម​ស្វែង​រក​នូវ​អ្នក​បោះ​ឆ្នោត​បន្ថែម​ទៀត សម្រាប់​ការ​បោះឆ្នោត​សហ​រដ្ឋ​អាមេរិក​ដែល​នឹង​មក​ដល់​នាពេល​ឆាប់ៗ​នេះ។​ នៅឯ​តង់​មួយ​នេះ​នៅ​ខាង​ក្រៅ​ភោជនីយ​ដ្ឋាន​មួយ​នៅ​ទីក្រុង ឡងប៊ិច គេ​បាន​រក​ឃើញ​អ្នក​បោះឆ្នោត​ថ្មី​ប្រមាណ​ជាង២០​នាក់។ ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​មាន​លោក​គីម ដារា​ ម្ចាស់​ភោជនីយដ្ឋាន។​ លោក​បាន​ធំ​ដឹង​ក្តី​នៅ​ប្រទេស​កម្ពុជា។​

«តែ​ឥឡូវនេះ​ ខ្ញុំ​ជា​ពលរដ្ឋ​អាមេរិកាំង។​ ហើយក្នុងនាម​ជា​ប្រជាជន​អាមេរិកាំង​ដើម​កំនើត​ខ្មែរ​ ហេតុនេះខ្ញុំចង់បោះឆ្នោតឥឡូវៗ​នេះ»។​

ពលរដ្ឋណា​ក៏ដោយ​ ឲ្យ​តែមាន​អាយុពី​១៨​ឆ្នាំ​ឡើង​ទៅ​ គិត​ត្រឹម​ថ្ងៃបោះ​ឆ្នោត​ ហើយ​មាន​សញ្ជាតិ​អាមេរិកាំង​ អាច​មាន​សិទ្ធិ​បោះឆ្នោត​ ដរាប​ណា​ពួក​គេ​មិនមែន​ជា​អ្នក​ទោស​ ឬ​អ្នកដែលត្រូវ​គេ​ដោះលែង​មុន​កំណត់។​ការ​បោះឆ្នោត​នៅ​សហ​រដ្ឋ​អាមេរិក​មិន​ត្រឹមតែជ្រើស​រើស​យក​ប្រធានាធិបតី​ទេ តែ​បញ្ហា​ប្រចាំតំបន់​ផ្សេងៗ​ទៀត​ក៏​នឹង​ត្រូវ​បាន​សម្រេចនៅ​ពេល​បោះ​ឆ្នោត​នោះ​ដែរ។​

ចាន់អូ បាសិន ដែល​ជា​ប្រធាន​នៃ​គណៈ​កម្មការ​ក្រុងខ្មែរ ​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ជួយ​រក​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត និយាយ​ថា ​អំណាច​ពិត​អាច​នឹង​ទទួល​បានតាម​រយៈ​ការ​បោះឆ្នោត​លើ​បញ្ហា​ប្រចាំ​តំបន់​ផ្សេងៗ។​

«សាលា​ក្រុង​ក៏​គេ​ស្តាប់​យើង​ តែ​កាលណា​គេ​ដឹង​ថា​ ខ្មែរ​យើង​ចុះ​ឈ្នោះ​បោះឆ្នោត​ច្រើន​ អាច​បោះឆ្នោត​បាន។ ​គេ​ពិត​ជា​ស្តាប់​យើង»។​

អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​ក៏​បាន​ពន្យល់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពីសិទ្ធិ​ផ្ទាល់​ខ្លួនរបស់​ពួក​គេ​ក្នុង​ការ​បោះឆ្នោត។​ ក្នុងនោះ​មាន​បញ្ជាក់​ទាំង​សិទ្ធិ​ធ្វើការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​និង​គ្មាន​ការ​បំភិត​បំភ័យ ​សិទ្ធិ​ទទួល​បាន​សម្ភារៈ​បោះ​ឆ្នោត​ជា​ភាសាខ្មែរ ​និង​សិទ្ធិ​រាយ​ការណ៍​ទៅ​គណៈ​កម្មាការ​បោះឆ្នោត​ពី​សកម្ម​ភាព​មិន​ស្រប​ច្បាប់​និង​ការ​ក្លែង​បន្លំ​ផ្សេងៗ។

អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​ស្វែង​រក​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​ សុទ្ធតែ​បាន​រៀន​ពី​របៀប​ចុះឈ្មោះ​បោះឆ្នោតត្រឹមត្រូវ​កាល​ពី​ថ្ងៃច័ន្ទ។ កិច្ចការ​របស់​គេ​គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មាន​អ្នក​បោះឆ្នោត​ជនជាតិ​ខ្មែរ​ឲ្យ​បាន​ច្រើន​ឡើង​ក្នុង​ចំណោមក្រុង​ទាំង​៨៨​នៅ​ក្រុង​ Los​ Angeles។​ អ្នក​ដែល​ចង់បោះ​ឆ្នោត​អាច​បំពេញ​ពាក្យ​សុំចុះ​ឈ្មោះ​និង​ទទួល​បាន​សម្ភារៈ​ផ្សេងៗ​ទៀត​ ជា​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​និយាយ​ភាសា​ខ្មែរ​នៅ​ឯទី​កន្លែង​បោះ​ឆ្នោត​ផង​ដែរ។​ចំណែក​ឯ​ការចុះ​ឈ្មោះ​ក៏អាច​ធ្វើបាន​តាម​វិធី​ម្យ៉ាង​ទៀត​គឺប្រព័ន្ធ​ អ៊ីនធឺណែត​ LA។ ​បន្ទាប់ពី​បាន​ចុះឈ្មោះ​ គេអាច​ធ្វើការ​បោះឆ្នោត​តាម​រយៈ​ការផ្ញើ​ជា​សំ​បុត្រ ឬ​ទៅបោះ​ឆ្នោត​នៅ​ទីស្នាក់​ការ​កណ្តាល​ មុន​ពេល​បោះឆ្នោត​ ឬគេ​អាច​ទៅ​បោះ​ឆ្នោត​នៅថ្ងៃ​កំណត់​បោះឆ្នោតជាតិ​នៅ​សហ​រដ្ឋ​អាមេរិក​គឺ​ថ្ងៃ ៦វិច្ឆិកា។

អ្នក​ស្ម័គ្រ​ចិត្ត​មួយ​រូបទៀត ឈ្មោះ​ចន្ទ ណារ័ត្ន បាន​ធំ​ដឹងក្តី​នៅ​រដ្ឋ ​Washington ​ប៉ុន្តែ​នាង​ទើប​តែទទួល​បាននូវ​សញ្ជាតិ​អាមេរិកាំង ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។​ សម្រាប់​នាង​វា​ជា​ឱកាសសម្រាប់​បញ្ចេញ​សំឡេង។​

«ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ ខ្ញុំនៅ​ក្រៅ​សៃវៀន​នៃ​ប្រទេស​នេះ​ ដូច្នេះ​ខ្ញុំ​ព្យាយាម​ឲ្យ​ទៅ​ជាផ្នែក​មួយ​នៃ​ប្រទេស​នេះ។​ ខ្ញុំ​មាន​អារម្មណ៍​រំជួល​ចិត្ត​ ពី​ព្រោះ​យើង​ត្រូវ​បាន​គេ​ទុក​ចោល​ ហើយ​យើង​ត្រូវ​តស៊ូ​សម្រាប់​អ្វី​គ្រប់យ៉ាង។​ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ ការ​បោះ​ឆ្នោត​វាមាន​តម្លៃ​ណាស់។​
អ្នក​ស្ម័គ្រ​ចិត្ត​ទាំងនេះ​នឹង​ស្វែងរក​អ្នក​បោះឆ្នោត​បន្ត​ទៀត​រហូត​ដល់​ថ្ងៃទី​២២​តុលា​ដែល​ជា​ថ្ងៃចុងក្រោយ​នៃថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត៕
XS
SM
MD
LG